បក្សប្រឆាំងថា ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ជាក្រុមបំផ្លាញថវិកាជាតិ
2024.12.04
រដ្ឋាភិបាលថា ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានលើកយកបញ្ហានានាដាក់ទៅកាន់រដ្ឋាភិបាលដើម្បីដោះស្រាយ។ ទោះជាយ៉ាងណា មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលរិះគន់ថាឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មិនបានជួយដល់ពលរដ្ឋរងគ្រោះនោះទេ ប៉ុន្តែពួកគេជាអ្នកដាក់បន្ទុកបន្ថែមទៅលើពលរដ្ឋតាមរយៈប្រាក់ខែដែលទទួលបាន។
ប្រធានលេខាធិការដ្ឋាន ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក ឈឹម ផលវរុណ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៣ ខែធ្នូ លើកឡើងថា ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកឡើងនូវបញ្ហានានាមកកាន់នាយករដ្ឋមន្ត្រីដោយផ្ទាល់ ហើយក្នុងរយៈពេល ៦ខែមកនេះនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ អញ្ជើញរដ្ឋមន្ត្រីចំនួន ៣ រួមមានរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងរដ្ឋមន្ត្រីក្រសួងកសិកម្មមកឆ្លើយបំភ្លឺតាមការស្នើសុំរបស់ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។
លោក ឈឹម ផលវរុណ ថា សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានលើកយកចំណុចអសកម្មរបស់រដ្ឋាភិបាលរួមមានបញ្ហាដីធ្លី ការផ្សព្វផ្សាយគ្រឿងស្រវឹង និងភាពអសកម្មរបស់មន្ត្រីរាជការជាដើម។ ទោះជាយ៉ាងណា លោកថា សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់អាចលើកយកចំណុចរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ ហើយពួកគេក៏មិនមានសិទ្ធិបង្ខំឱ្យរដ្ឋាភិបាលធ្វើតាមការលើកឡើងនោះទេ។
លោក ឈឹម ផលវរុណ៖ «អ៊ីចឹងហើយប្រទេសខ្លះដែលគេ អនុវត្តប្រជាធិបតេយ្យរាប់សិបឆ្នាំមកហើយគេអាចឈានទៅដល់ប្រជាធិបតេយ្យអាចតតាំងគ្នាបាន តែកម្ពុជាផ្អែកទៅលើប្រវត្តិសាស្ត្រ និងវប្បធម៌នយោបាយរបស់អ្នកនយោបាយរបស់អ្នកនយោបាយ យើងមិនទាន់ឈានទៅដល់ប្រជាធិបតេយ្យអាចតតាំងគ្នាទេ តែយើងចាំបាច់ដើម្បីធានាដើម្បីស្ថិរភាព និងសន្តិភាពគឺយើងត្រូវមានប្រជាធិបតេយ្យមានសណ្ដាប់ធ្នាប់»។
ការលើកឡើងរបស់លោក ឈឹម ផលវរុណ គឺក្រោយពីកិច្ចប្រជុំឆមាសទី២របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដឹកនាំអង្គប្រជុំ។
ទាក់ទងនឹងករណីនេះ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន លើកឡើងថា ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បង្កើតឡើងមិនបានផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែលកំពុងត្រូវការនោះទេ។ លោកថា គណបក្សកម្លាំងជាតិដែលមិនបានចូលរួមជាមួយឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ក៏មានសិទ្ធិលើកយកបញ្ហារបស់ពលរដ្ឋទៅឱ្យរដ្ឋាភិបាលដោះស្រាយរួមទាំងការដឹកនាំធ្វើបាតុកម្ម និងកូដកម្មផងដែរ។
លោក រ៉ុង ឈុន ថា ប្រសិនរដ្ឋាភិបាលចង់ទទួលយកនូវមតិយោបល់ពីសំឡេងពលរដ្ឋ និងគណបក្សប្រឆាំងមែន ដូច្នេះរដ្ឋាភិបាលគួរបញ្ឈប់ការចោទប្រកាន់ និងការចាប់ខ្លួនទៅលើអ្នករិះគន់ដែលប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិនោះ។
លោក រ៉ុង ឈុន៖ «យើងប្រទេសមួយប្រកាន់នូវរបបប្រជាធិបតេយ្យសេរីពហុបក្សត្រូវអនុវត្តទៅតាមច្បាប់ឱ្យបានពេញលេញ ហើយយើងគោរពរដ្ឋធម្មនុញ្ញ ត្រូវទទួលយកសំឡេងបក្សប្រឆាំងទៅរិះរកដំណោះស្រាយជូនជាតិ ជូនប្រជាពលរដ្ឋវាចំណេញជាងការចេះតែលើកឡើងហើយចោទប្រកាន់ញុះញង់ៗ»។
ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ត្រូវបានបង្កើតឡើងដោយលោក ហ៊ុន សែន កាលពីឆ្នាំ២០១៨ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ហើយគណបក្សប្រឆាំងដែលពលរដ្ឋគាំទ្រច្រើនជាងគេត្រូវបានរំលាយ។ សមាជិកនៃឧត្ដមក្រុមប្រឹក្សានេះ បានក្លាយជាឯកឧត្ដម លោកជំទាវ តាមការតែងតាំងដោយអនុក្រឹត្យ មានឋានៈស្មើទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី។ ចំណែកក្នុងនីតិកាលទី៧ នេះមានគណបក្សក្រៅរដ្ឋាភិបាលចំនួន២៩រួមមាន គណបក្សខ្មែររួបរួមជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យជាដើមបានចូលរួមក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ទទួលបានប្រាក់ខែពីប្រជាពលរដ្ឋដែលខិតខំធ្វើការបង់ពន្ធឱ្យ ខណៈដែលលោកកត់សម្គាល់ឃើញថា កន្លងមកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មិនបានទៅចុះជួបប្រជាពលរដ្ឋរងគ្រោះនៅឡើយទេ។ លោកថាឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់គួរបង្ហាញភាពសកម្មរបស់ខ្លួនក្នុងការជំរុញឱ្យរដ្ឋាភិបាលដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋ ហើយរដ្ឋាភិបាលត្រូវតែធានាថាប្រជាពលរដ្ឋ និងអ្នកនយោបាយគ្រប់រូបអាចប្រើសិទ្ធិរិះគន់ទៅលើភាពអសកម្មរបស់រដ្ឋាភិបាល។
លោក នី សុខា៖ «មតិរិះគន់ ឬមតិប្រឆាំងហ្នឹងឯងដែលជាមតិមួយដែលស្ថាបនា មិនមែនន័យថារិះគន់ដើម្បីវាយកម្ទេច ឬបង្ហិនបង្ហោច ឬធ្វើឱ្យខូចខាតទៅដល់ជាតិទេ គឺថាមតិរិះគន់បែបស្ថាបនាក៏មិនមែនសំដៅទៅលើការបញ្ចើចបញ្ចើ ការលើកជើង ឬក៏លើកសរសើរពីគុណសម្បត្តិ ឬគុណតម្លៃដែរគឺថាយើងត្រូវនិយាយអ្វីអំពីការពិត»។
កន្លងមក ពលរដ្ឋ និងមន្ត្រីគណបក្សប្រឆាំង ដែលមិនស្ថិតក្រោមឥទ្ធិពលរបស់គណបក្សកាន់អំណាចរិះគន់ថា ក្រុមគណបក្សនយោបាយណា ដែលចូលរួមជាសមាជិកឧត្ដមក្រុមប្រឹក្សា និងផ្ដល់យោបល់នេះ គឺជាក្រុមចង់បានលាភសក្ការៈ ខណៈរដ្ឋាភិបាលលោក ហ៊ុន សែន កំពុងខ្ជះខ្ជាយថវិកាជាតិ តែការពារអំណាចរបស់គ្រួសារខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។