មន្ត្រីរដ្ឋាភិបាល៖ ការរិះគន់របស់សមាជិកព្រឹទ្ធសភាអាមេរិកគ្មានឥទ្ធិពលលើកម្ពុជា
2016.02.12
មន្ត្រីរដ្ឋាភិបាលលើកឡើងថា ការរិះគន់ពីការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក គ្មានឥទ្ធិពលមកលើរដ្ឋាភិបាលកម្ពុជា ឡើយ។
ការលើកឡើងដូច្នេះរបស់មន្ត្រីរដ្ឋាភិបាល គឺបន្ទាប់ពីសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ចំនួន ៧រូប កាលពីថ្ងៃទី១១ ខែកុម្ភៈ បានផ្ញើលិខិតទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្ដែងការបារម្ភពីស្ថានការណ៍នយោបាយ ការរំលោភសិទ្ធិមនុស្សនានា នៅកម្ពុជា។
មន្ត្រីរដ្ឋាភិបាលចាត់ទុកការរិះគន់របស់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក មកលើកម្ពុជា នៅពេលនេះថា គ្រាន់តែជាការយល់ឃើញរបស់សមាជិកព្រឹទ្ធសភាអាមេរិក មួយក្រុមតូច ដែលមិនមែនជាជំហររួមរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក ទាំងមូលនោះទេ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដែលអះអាងថា បានឃើញលិខិតរបស់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក រួចហើយនោះ មានប្រសាសន៍ថា លិខិតនោះមិនមានតម្លៃផ្លូវច្បាប់ដែលរដ្ឋាភិបាលត្រូវព្រួយបារម្ភនោះទេ។ លោកថ្លែងថា អ្វីដែលសមាជិកព្រឹទ្ធសភាអាមេរិក លើកឡើងក្នុងលិខិត គឺពួកគេមិនបានដឹងច្បាស់ពីស្ថានភាពពិតប្រាកដនៅកម្ពុជាឡើយ។ លើសពីនេះ លោកយល់ថា អ្វីដែលសមាជិកព្រឹទ្ធសភាអាមេរិកធ្វើ គឺដើម្បីបំពេញចិត្តអ្នកបោះឆ្នោតគាំទ្រពួកគេនៅអាមេរិកប៉ុណ្ណោះ។ ជាងនេះទៀត លោក ផៃ ស៊ីផាន ថា ស្ថានទូតកម្ពុជា ប្រចាំនៅសហរដ្ឋអាមេរិក មិនបានទទួលយកលិខិតរបស់សមាជិកព្រឹទ្ធសភាទាំងនោះទេ ហើយបានបញ្ជូនត្រឡប់ទៅឲ្យម្ចាស់ដើមវិញ ដោយស្ថានទូតយល់ថា លិខិតនោះគ្មានសារប្រយោជន៍អ្វីឡើយ។
លោក ផៃ ស៊ីផាន៖ «គ្មានអ្វីដែលជាឥទ្ធិពល ហើយគ្មានអ្វីដែលជាការយកចិត្តទុកដាក់ដោយសារចំណងមិត្តភាពរបស់កម្ពុជា និងសហរដ្ឋអាមេរិក ស្ដែងចេញតាមឯកឧត្ដម ចន ឃែរី (John Kerry) លោកបាននិយាយច្បាស់ណាស់ លោកបានវាយតម្លៃ ទី១ គឺការជឿនលឿនរបស់កម្ពុជា ទី២ គឺចង់បង្កើនទំនាក់ទំនងឲ្យរឹតតែល្អទៅទៀត។ ដូច្នេះខ្ញុំយល់ឃើញថា ទំនាក់ទំនងកម្ពុជា-អាមេរិក នៅល្អ ហើយអ្វីដែលលើកឡើងរបស់សមាជិកព្រឹទ្ធសភាមួយចំនួនតូចនេះ គ្រាន់តែជាព័ត៌មានប៉ុណ្ណោះ មិនមានតម្លៃច្បាប់ ឬការដាក់សម្ពាធនោះទេ»។
ក្នុងលិខិតផ្ញើទៅកាន់លោក ហ៊ុន សែន សមាជិកព្រឹទ្ធសភាអាមេរិកទាំង ៧រូប សម្ដែងការបារម្ភពីស្ថានការណ៍រំលោភបំពានសិទ្ធិមនុស្សនានានៅកម្ពុជា ដូចជាការវាយដំលើតំណាងរាស្ត្របក្សប្រឆាំង ការរំលោភបំពានដីធ្លីពលរដ្ឋ និងការជួញដូរមនុស្សជាដើម។ ពួកគេជំរុញឲ្យរដ្ឋាភិបាលដោះលែងសកម្មជនបក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា ដែលមានសញ្ជាតិអាមេរិកាំង ចេញពីពន្ធនាគារ និងឲ្យនាំខ្លួនជនប្រព្រឹត្តបទឧក្រិដ្ឋរំលោភបំពានដីធ្លីពលរដ្ឋមកកាត់ទោសតាមច្បាប់។ ការទទូចនេះ ធ្វើឡើង ៤ថ្ងៃប៉ុណ្ណោះមុនពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរចាកចេញពីកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក។
អ្នកស្រាវជ្រាវឯករាជ្យផ្នែកសង្គម និងនយោបាយ លោកសាស្ត្រាចារ្យ ហេង ស្រ៊ាង មានប្រសាសន៍ថា រដ្ឋាភិបាលគួរមើលពីកំហុសឆ្គងរបស់ខ្លួនឲ្យបានច្រើន ជាជាងរង់ចាំតែច្រានចោលការរិះគន់របស់អ្នកដទៃ។ លោកថា រដ្ឋាភិបាលក៏មិនត្រូវមើលស្រាលចំពោះការបារម្ភរបស់សមាជិករដ្ឋសភា និងព្រឹទ្ធសភាអាមេរិក ចំពោះស្ថានការណ៍នៅកម្ពុជា នោះដែរ។ លោកថា នៅក្នុងសង្គមប្រជាធិបតេយ្យដូចសហរដ្ឋអាមេរិក សមាជិករដ្ឋសភា និងព្រឹទ្ធសភា មានឥទ្ធិពលខ្លាំងលើរដ្ឋាភិបាល។ ពួកគេអាចជំរុញទៅរដ្ឋាភិបាលអាមេរិក ឲ្យពិនិត្យមើលឡើងវិញនូវគោលនយោបាយអាមេរិក ចំពោះកម្ពុជា ដែលលោកថា ពេលនោះហើយដែលនឹងធ្វើឲ្យមានឥទ្ធិពលលើកម្ពុជា។
សហរដ្ឋអាមេរិក គឺជាប្រទេសមហាអំណាចមួយដែលតែងហ៊ានរិះគន់ពីការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ កាលពីចុងឆ្នាំ២០១៥ ក្រោយពេលដែលតំណាងរាស្ត្របក្សប្រឆាំង ២រូប ត្រូវបានបាតុករគាំទ្របក្សកាន់អំណាចវាយឲ្យរបួស និងក្រោយពេលប្រធានបក្សប្រឆាំងលោក សម រង្ស៊ី ត្រូវបានតុលាការចេញដីកាតាមចាប់ខ្លួន សមាជិកសភាអាមេរិក ក៏បានចេញលិខិតអំពាវនាវឲ្យបក្សកាន់អំណាចឈប់ធ្វើទុក្ខបុកម្នេញលើបក្សប្រឆាំង។
ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា កាលពីចុងខែមករា បើទោះជារដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ចន ឃែរី កត់សម្គាល់ពីការរីកចម្រើនមួយចំនួននៅកម្ពុជា ក្តី ប៉ុន្តែលោកថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់ខ្លាំងពីការគោរពសិទ្ធិមនុស្ស ការគោរពសេរីភាពពលរដ្ឋ និងអភិបាលកិច្ចល្អ ដែលលោកថា ទាំងអស់នេះជាកត្តាសំខាន់ក្នុងការកំណត់នូវទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក៕