ក្រសួងមហាផ្ទៃសម្រេចផ្អាកសកម្មភាពបណ្ដោះអាសន្នរបស់សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា
2017.10.31

ក្រសួងមហាផ្ទៃ បានចេញបម្រាមមិនអនុញ្ញាតឲ្យសមាគម សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ធ្វើសកម្មភាពណាមួយឡើយ។ ការផ្អាកជាបណ្ដោះអាសន្ននេះ ដោយចោទប្រកាន់ថា សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា អនុវត្តរំលោភច្បាប់ស្ដីពីអង្គការ សមាគមមិនមែនរដ្ឋាភិបាល និងបទបញ្ជាផ្ទៃក្នុងរបស់សមាគមនេះដែរ។
អង្គការមិនមែនរដ្ឋាភិបាល ដាក់ការព្រួយបារម្ភថា នេះជារឿងដែលគ្រោះថ្នាក់បំផុតសម្រាប់សង្គមស៊ីវិលធ្វើការជិតដិត នឹងរឿងនយោបាយ ដែលអាចអោយរដ្ឋាភិបាលងាយនឹងទាញភ្ជាប់សំណុំរឿងទាំងនោះ ចូលទៅក្នុងហេតុផលនយោបាយ និងចុងក្រោយបិទទ្វារអង្គការយកតែម្ដង។
ពុំមានប្រតិកម្មណាមួយពីលោក ឡេង សេងហុង ប្រធានអង្គការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា នៅឡើយទេមកដល់ពេលនេះ ស្របពេលដែលរដ្ឋាភិបាលដែលរងការរិះគន់ថា កំពុងដឹកនាំប្រទេសទៅរករបបផ្ដាច់ការ បានសម្រេចផ្អាកសកម្មភាពរបស់សមាគមក្នុងស្រុកមួយថ្មីទៀតហើយ នៅក្រោយពេលដែលក្រសួងមហាផ្ទៃ បានបិទអង្គការ-សមាគមមួយចំនួនបានជោគជ័យ ក្នុងពេលកន្លងទៅ។
នៅថ្ងៃទី៣១ ខែតុលា នេះ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះហត្ថលេខា លើលិខិតជូនដំណឹងរបស់ខ្លួន ដោយផ្អាកមិនឲ្យសមាគម ដែលជាស្ថាប័នមិនរកប្រាក់កម្រៃក្រៅរដ្ឋាភិបាល របស់លោក ឡេង សេងហុង ដំណើរការ។ ការបិទសកម្មភាពបណ្ដោះអាសន្ននេះ ត្រូវបានលោក ស ខេង ហៅថានេះជាការអនុវត្តច្បាប់។
ការបញ្ចេញសាច់ដុំ និងដាវអាជ្ញាសឹករបស់រដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃនេះ គេដឹងថាធ្វើឡើងស្របពេលលោក ឡេង សេងហុង ប្រកាសធ្វើបាតុកម្មអហិង្សាសំដែងការមិនពេញចិត្ត ប្រសិនបើតុលាការកំពូល រំលាយគណបក្សសង្គ្រោះជាតិ នាពេលខ្លីខាងមុខនេះ។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពកម្ពុជា យល់ឃើញថា ចាប់ពីពេលនេះទៅ ការធ្វើសកម្មភាពណាមួយ របស់ក្រុមអង្គការ និងសមាគមមិនមែនរដ្ឋាភិបាល ត្រូវបានឃ្លាំមើលពីកំហុសជានិច្ច របស់ក្រសួងមហាផ្ទៃ។ លោកបន្តថា ច្បាប់ស្ដីពីអង្គការ-សមាគមនេះ បានក្លាយជាឧបសគ្គខ្លាំងបំផុត សម្រាប់ការបំពេញកិច្ចការរបស់ក្រុមអង្គការក្រៅរដ្ឋាភិបាល ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសកិច្ចការណាដែលទាក់ទងនឹងរឿងនយោបាយ។ លោកបន្តថា នេះជាសករាជមួយថ្មីទៀតហើយ សម្រាប់នយោបាយនៅកម្ពុជា ដែលក្រុមសង្គមស៊ីវិលបានក្លាយជាគោលដៅបង្ក្រាបរបស់រដ្ឋាភិបាល។
អាស៊ីសេរីពុំអាចសុំប្រតិកម្ម ជុំវិញវិធានការរបស់ក្រសួងមហាផ្ទៃនេះបានទេ នៅថ្ងៃទី៣១ ខែតុលា។ប៉ុន្តែ លោក ឡេង សេងហុង ធ្លាប់ប្រកាសជំហរមិនបោះបង់គម្រោងធ្វើបាតុកម្ម ប្រឆាំងការរំលាយគណបក្សសង្រ្គោះជាតិនេះទេ ក្នុងពេលដែលព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញ លោក សៀង សុខ ចេញដីកាឲ្យចូលបំភ្លឺនៅអគ្គស្នងការសន្តិសុខកណ្ដាលយុត្តិធម៌ នៃក្រសួងមហាផ្ទៃ។
កាលពីដើមខែកញ្ញា រដ្ឋាភិបាលសម្រេចបិទទ្វារ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI ដោយចោទប្រកាន់ថា វិទ្យាស្ថានដែលគាំទ្រថវិកាពីសហរដ្ឋអាមេរិកនេះ នៅពីក្រោយខ្នង នៃបេសកកម្មរៀបចំបដិវត្តពណ៌ប្រឆាំងនឹងរដ្ឋាភិបាល របស់គណបក្សសង្គ្រោះជាតិ។ នៅថ្ងៃទី១៥ ខែកញ្ញា លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានចេញប្រកាសលប់ឈ្មោះ អង្គការមាតាធម្មជាតិ ចេញពីបញ្ជីឈ្មោះអង្គការ សមាគមមិនមែនរដ្ឋាភិបាល។ ហើយការប្រើកណ្ដាប់ដៃចុងក្រោយ របស់ក្រសួងមហាផ្ទៃ គឹផ្អាកសកម្មភាពបណ្ដោះអាសន្ន របស់អង្គការសមធម៌កម្ពុជា កាលពីថ្ងៃទី២៨ ខែកញ្ញា។ ការបិទទ្វារ និងការផ្អាកសកម្មភាពបណ្ដោះអាសន្ន ប្រឆាំងនឹងក្រុមសង្គមស៊ីវិលទាំងនេះ ក្រោមហេតុផលអះអាងតែម្យ៉ាងគត់ គឺអនុវត្តផ្ទុយទៅនិងច្បាប់ស្ដីពីអង្គការ-សមាគមមិនមែនរដ្ឋាភិបាល។
បើទោះជាបែបណា រដ្ឋធម្មនុញ្ញដែលជាកំពូលរបស់ប្រទេស មាត្រា ៣៥ ចែងថា ពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេស។ សេចក្ដីស្នើរបស់ប្រជាពលរដ្ឋ ត្រូវទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ស្ថាប័នរដ្ឋ។ ប៉ុន្តែ អ្នកវិភាគសង្គមយល់ឃើញថា លោក ហ៊ុន សែន ដើម្បីចង់រក្សាអំណាច ព្យាយាមគំរាមពលរដ្ឋដែលអនុវត្តតាមស្មារតីរដ្ឋធម្មនុញ្ញ ថា ជារឿងខុសច្បាប់ទៅវិញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណៈនៅក្នុងខែតុលានេះថា លោកនឹងបន្តកាត់ដៃកាត់ជើង សង្គមស៊ីវិលផ្សេងទៀត ដែលលោកចោទថា ប្រឆាំងនឹងលោកក្រៅពីគណបក្សសង្គ្រោះជាតិ។
យ៉ាងនេះក្ដីលោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពកម្ពុជា យល់ឃើញថា ការសម្រេចចិត្តយ៉ាងតក់ក្រហល់បែបនេះ របស់ក្រសួងមហាផ្ទៃ ដែលភ្ជាប់ការអំពាវនាវរបស់លោក ឡេង សេងឡុង ថាជាយុទ្ធសាស្ត្របម្រើឲ្យនយោបាយនោះ វាហាក់ដូចជាលឿនពេកណាស់ ចំពោះការសន្និដ្ឋាននេះ។ លោកបន្តថា ដើម្បីឲ្យមានយុត្តិធម៌ គូជម្លោះទាំងពីរភាគីត្រូវដោះស្រាយតទល់មុខគ្នាជាមុនសិន ទើបជាជម្រើសដ៏ល្អ។
អ្នកវិភាគនយោបាយ មើលឃើញថា វិធានការក្ដៅប្រឆាំងសំឡេងសង្គមស៊ីវិល និងក្រុមអ្នកអ្នករិះគន់របស់ក្រសួងមហាផ្ទៃនៅពេលនេះ ប្រយោជន៍ដើម្បីបើកផ្លូវអាចជួយឲ្យគណបក្សកាន់អំណាច មានលទ្ធភាពគ្រប់គ្រងប្រទេសកម្ពុជាបន្តទៀតប៉ុណ្ណោះ៕