រដ្ឋាភិបាល​បិទទ្វារ​វិទ្យាស្ថាន​NDI​របស់​អាមេរិក​និង​បណ្ដេញ​បុគ្គលិក​ចេញ​ពី​កម្ពុជា

ដោយ អ៊ុង សេរីវុទ្ធ
2017.08.23
NDI ២០១៧ ៦២២ ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ៕
screenshot

រដ្ឋាភិបាល​សម្រេច​បញ្ឈប់​សកម្មភាព​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា NDIរបស់​អាមេរិក និង​បណ្ដេញ​បុគ្គលិក​បរទេស​របស់​វិទ្យាស្ថាន​នេះ ចេញ​ពី​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​៧​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី២៣ សីហា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី២៣ សីហា ថា ការ​សម្រេច​បញ្ឈប់​សកម្មភាព​វិទ្យាស្ថាន​នេះ ក្នុង​គោល​បំណង​ធានា​ការ​អនុវត្ត​យ៉ាង​ត្រឹមត្រូវ និង​ប្រសិទ្ធភាព​នូវ​ច្បាប់​នានា និង​ដើម្បី​ពង្រឹង​នីតិរដ្ឋ និង​ការ​គោរព​អធិបតេយ្យភាពរបស់​ ​កម្ពុជា។

ក្រសួង​ការបរទេស​អះអាង​ថា បន្ទាប់​ពី​មាន​ការ​ពិចារណា និង​ការ​ពិភាក្សា​គ្នា​យ៉ាង​ហ្មត់ចត់ ក្នុង​កិច្ច​ប្រជុំ​ជា​បន្ត​បន្ទាប់​មក អាជ្ញាធរ​​កម្ពុជា​​​ឈាន​ដល់​សម្រេច​បែប​នេះ ដោយ​ចោទ​NDI ថា មិន​​អនុវត្ត​ច្បាប់​របស់​កម្ពុជា។

កាល​ពី​ពេល​ថ្មីៗ​នេះ សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល ហ្វ្រែសញូវ (Fresh News) បាន​ផ្សព្វផ្សាយ​ថា NDI បាន​រៀបចំ​យុទ្ធសាស្ត្រ​ជួយ​បក្ស​ប្រឆាំង​ដើម្បី​ផ្ដួល​រំលំ​បក្ស​កាន់អំណាច

ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​នេះ NDI បដិសេធ​ថា ខ្លួន​មិន​បាន​លំអៀង​ទៅ​រក​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​នៅ​កម្ពុជា។ NDI អះអាង​ថា ពួកគេ​ជា​ស្ថាប័ន​ឯករាជ្យ មិន​លំអៀង និង​ជា​ដៃគូ​របស់​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ មិន​ថា​បក្ស​កាន់​អំណាច ឬ​បក្ស​ប្រឆាំង​ឡើយ។

លិខិត​ក្រសួង​ការបរទេស​ដដែល បញ្ជាក់​ថា ក្រៅ​ពី​អនុវត្ត​ចំពោះ NDI អាជ្ញាធរ​កម្ពុជា​ក៏​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច ក្នុង​ការ​ចាត់​វិធានការ​បែបនេះ ចំពោះ​សមាគម ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ណា ដែល​មិន​គោរព​តាម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ហើយ​និង​ច្បាប់​ផ្សេងៗ​ទៀត របស់​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។