លោក សម រង្ស៊ី ថា​តុលាការ​ប្រទេស​បារាំង​សើរើ​សំណុំ​រឿង​គប់​គ្រាប់​បែក​នៅ​ឆ្នាំ​១៩៩៧

ដោយ ថា កិត្យា
2016.03.30
ខួប​គប់​គ្រាប់​បែក ២០១៦ ៨៥៥ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​តាម​វីដេអូ​ខនហ្វើរ៉ែន (Video Conference) ក្នុង​ពិធី​ប្រារព្ធ​ខួប ១៩​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​វាយ​ប្រហារ​គប់​គ្រាប់​បែក​ដៃ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ នា​អតីត​អគារ​រដ្ឋសភា ក្បែរ​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Tha Kitya
RFA/Tha Kitya

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ថា សំណុំ​រឿង​គប់​គ្រាប់​បែក​លើ​ក្រុម​បាតុករ​នៅ​មុខ​អតីត​រដ្ឋសភា ក្បែរ​ព្រះបរមរាជវាំង កាល​ពី​ឆ្នាំ​១៩៩៧ ត្រូវ​បាន​តុលាការ​ប្រទេស​បារាំង បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ។

ការ​អះអាង​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​បង្សុកូល​រំឭក​វិញ្ញាណក្ខន្ធ​ជូន​ជន​រងគ្រោះ​គម្រប់​ខួប ១៩​ឆ្នាំ នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា។ រីឯ​មន្ត្រី​ក្រសួង​មហាផ្ទៃ អះអាង​ថា ការ​ស៊ើប​អង្កេត​ករណី​បោក​គ្រាប់​បែក​នេះ មិន​មាន​ការ​ជឿន​លឿន​ទៅ​មុខ​នោះ​ទេ តែ​សំណុំ​រឿង​នេះ​មិន​ទាន់​បិទ​នៅ​ឡើយ។

ដូច​រាល់​ឆ្នាំ​ដែរ គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល បន្ត​បើក​ការ​ស៊ើប​អង្កេត​ដោយ​ស្មោះ​ត្រង់ ដើម្បី​នាំ​យក​អ្នក​បញ្ជា និង​ឃាតក​ពិត​ដែល​បាន​វាយ​ប្រហារ​ដោយ​គប់​គ្រាប់​បែក​ដៃ​កាល​ពី ១៩​ឆ្នាំ​មុន​នោះ មក​ផ្ដន្ទាទោស​ឲ្យ​បាន​ឆាប់។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​ថ្លែង​តាម​វីដេអូ​ខនហ្វើរ៉ែន (Video Conference) នៅ​ចំពោះ​មុខ​ក្រុម​គ្រួសារ​រងគ្រោះ និង​អ្នក​ចូលរួម​ប្រមាណ ១០០​នាក់​ក្នុង​ពិធី​បង្សុកូល នៅ​ចេតិយ​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្បែរ​ព្រះបរមរាជវាំង​ថា តុលាការ​ប្រទេស​បារាំង បាន​សម្រេច​សើរើ​សំណុំ​រឿង​នេះ​ឡើង​វិញ​ហើយ ដើម្បី​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ៖ «កន្លង​គេ​គ្រាន់​តែ​ព្យួរ​មួយ​រយៈ​ទេ តែ​ឥឡូវ​នេះ គេ​បាន​បើក​សំណុំ​រឿង​នេះ​ឡើង​វិញ​ឲ្យ​ដំណើរ​ការ​ទៅ​មុខ ដោយ​សកម្ម ស៊ើប​អង្កេត​ដោយ​តុលាការ​ជំនាញ ឯករាជ្យ មាន​វិជ្ជាជីវៈ​ខ្ពស់ គេ​មិន​ខ្លាច​នរណា​ទេ។ គេ​នឹង​ជំរុញ​ឲ្យ​មាន​ការ​លាត​ត្រដាង​ការ​ពិត ដើម្បី​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ»

ទន្ទឹម​គ្នា​នេះ លោក សម រង្ស៊ី បាន​ហៅ​ព្រឹត្តិការណ៍​នៃ​ការ​គប់​គ្រាប់​បែក​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ថា​ជា​អំពើ​ភេរវកម្ម​ដោយ​រដ្ឋ​អំណាច ដែល​នៅ​តែ​ស្ថិត​ក្នុង​ការ​ចងចាំ​របស់​លោក និង​ប្រជាពលរដ្ឋ​ខ្មែរ​ជានិច្ច។ លោក សម រង្ស៊ី បន្ត​ថា រឿង​នេះ​អាច​រក​ឃាតក​ឃើញ ទាល់​តែ​មាន​ការ​ផ្លាស់ប្ដូរ​អំណាច​គ្រប់គ្រង​បែប​ផ្ដាច់ការ​បច្ចុប្បន្ន​នេះ​ចេញ។

ព្រឹត្តិការណ៍​បោក​គ្រាប់​បែក​ដៃ ៤​គ្រាប់​ទៅ​លើ​ក្រុម​បាតុករ​ដឹក​នាំ​ដោយ លោក សម រង្ស៊ី នៅ​មុខ​មន្ទីរ​រដ្ឋសភា​ចាស់ ដើម្បី​ទាមទារ​រក​យុត្តិធម៌​សង្គម លក្ខខណ្ឌ​ការងារ​របស់​ក្រុម​កម្មករ និង​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ បាន​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ១៦​នាក់ និង​ជិត ២០០​នាក់​បាន​រង​របួស ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ជន​ប្រព្រឹត្តិ​មិន​ត្រូវ​បាន​គេ​ចាប់​ខ្លួន​មក​ផ្ដន្ទាទោស​ឡើយ។

ការ​ទន្ទឹង​រង់ចាំ​យុត្តិធម៌​នេះ ទាំង​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​គ្រួសារ​ជន​រងគ្រោះ បាន​ទម្លាក់​កំហុស​ទៅ​លើ​រដ្ឋាភិបាល ក្រសួង​មហាផ្ទៃ និង​ប្រព័ន្ធ​យុត្តិធម៌ ថា​មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ដោយ​ឯករាជ្យ និង​អព្យាក្រឹត្យ​នោះ​ទេ។ ពួក​គេ​ថា ប្រសិន​បើ​អាជ្ញាធរ​ពិត​ជា​មាន​ឆន្ទៈ​នោះ រឿង​នេះ​មិន​អូស​បន្លាយ​រាប់​សិប​ឆ្នាំ​ដូច្នេះ​ទេ ប៉ុន្តែ​ដោយសារ​អាជ្ញាធរ​គ្មាន​ឆន្ទៈ​ស្វែងរក​ការ​ពិត បាន​ត្រឹម​តែ​និយាយ​សន្យា​ឲ្យ​គ្រួសារ​ជន​រងគ្រោះ​ស្ងប់​ចិត្ត និង​ឲ្យ​ល្អ​មើល​ប៉ុណ្ណោះ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦ នេះ​ថា ក្រសួង​មហាផ្ទៃ មិន​ទាន់​បិទ​សំណុំ​រឿង​នេះ​នៅ​ឡើយ​ទេ។ លោក​អះអាង​ថា កន្លង​មក រដ្ឋាភិបាល​បាន​រក​ឃើញ​ជន​សង្ស័យ​ម្នាក់​ឈ្មោះ ប្រ៊េស៊ីល តែ​ក្រោយ​មក​ជន​សង្ស័យ​រូប​នោះ​បាន​បាត់​ខ្លួន​ទៅ។ ក្នុង​រយៈពេល ១៩​ឆ្នាំ​កន្លង​មក​នេះ នៅ​ពេល​ដល់​ថ្ងៃ​រំឭក​ខួប​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​នេះ​ម្តងៗ គេ​កត់​សម្គាល់​ឃើញ​ថា មន្ត្រី​ក្រសួង​មហាផ្ទៃ មិន​ដែល​មាន​អ្វី​ថ្មី​និយាយ​ឲ្យ​លើស​ពី​នេះ​ទេ។ ស្ថាប័ន​ដែល​មាន​តួនាទី​វែក​មុខ​ឃាតក​នេះ តែង​និយាយ​ថា រដ្ឋាភិបាល​មិន​ដែល​ព្រងើយ​កន្តើយ​ក្នុង​ការ​តាម​រក​ជន​ដៃ​ដល់​ម្ដង​ណា​ឡើយ ប៉ុន្តែ​ការ​ស្រាវជ្រាវ​នោះ​មិន​ទាន់​ឆ្ពោះ​ទៅ​មុខ ព្រោះ​បាត់​តម្រុយ៖ «ថា​អី​ថា​ទៅ ស្រេច​តែ​គេ​ថា​ទៅ ព្រោះ​យើង​រក​មិន​ឃើញ​មែន បើ​រក​ឃើញ​គេ​ក៏​ឈប់​ថា​ហើយ កាល​មុន​រក​ឃើញ​បាន​តែ​ត្រឹម​ហ្នឹង យើង​ខំ​រក​ដែរ។ ករណី​នេះ​មិន​ទាន់​បិទ​នៅ​បើក​ចំហ​រហូត»

ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​លើ​ក្រុម​បាតុករ​កាល​ណោះ ក៏​ធ្លាប់​ត្រូវ​ការិយាល័យ​សហព័ន្ធ​ស៊ើប​អង្កេត​របស់​អាមេរិក ឬ អេហ្វ.ប៊ី.អាយ (FBI) មក​ធ្វើ​ការ​ស៊ើប​អង្កេត​ដែរ តែ​បាន​បញ្ឈប់​បេសកកម្ម​របស់​ខ្លួន​វិញ​មុន​កំណត់ ក្រោម​ហេតុផល​ថា អាជ្ញាធរ​កម្ពុជា មិន​សហការ​ស្វែងរក​ភស្តុតាង​ទាំង​នោះ​ឡើយ។

ករណី​បោក​គ្រាប់​បែក​នេះ លោក សម រង្ស៊ី ក៏​ធ្លាប់​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែរ ក៏ប៉ុន្តែ​ដោយសារ​កត្តា​នយោបាយ​មិន​អំណោយ​ផល​សម្រាប់​បុគ្គល​លោក បាន​ជំរុញ​ឲ្យ លោក សម រង្ស៊ី ដក​ពាក្យ​បណ្ដឹង​នេះ​វិញ ដែល​គេ​ដឹង​ថា ការ​ដក​ពាក្យ​បណ្ដឹង​របស់ លោក សម រង្ស៊ី កាល​ណោះ​ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​របស់ លោក ហ៊ុន សែន ឲ្យ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ខណៈ​លោក​កំពុង​និទ្ទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​នោះ។

របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៥ បាន​លើក​ឡើង​ចំណុច​ជាច្រើន​ពាក់ព័ន្ធ​ដល់​ការ​ប្រើប្រាស់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ដើម្បី​រក្សា​តំណែង​ចាប់​តាំង​ពី​ពេល​លោក​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​កាល​ពី​ឆ្នាំ​១៩៨៥។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា ដែល​បន្ត​ការងារ​ពី​រដ្ឋ​កម្ពុជា ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប៉ុនប៉ង​សម្លាប់​ក្រុម​នយោបាយ​ប្រឆាំង​ចំនួន​ជិត ៤០​ករណី និង​ពលរដ្ឋ​ជា​ជន​ស៊ីវិល​ជាង ២០​ករណី​ទៀត​នៅ​មុន​ពេល​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​១។ របាយការណ៍​បន្ត​ទៀត​ថា ការ​រំលោភ​បំពាន​ទាំង​នោះ ប្រព្រឹត្ត​ដោយ​កង​កម្លាំង​នគរបាល និង​យោធា​ដែល​អនុវត្ត​ក្រោម​បញ្ជា​របស់​ភ្នាក់ងារ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រៅ​ពី​នេះ គេ​បាន​បង្កើត​ក្រុម​កង​កម្លាំង​ជាច្រើន មាន​ទាំង​ក្រុម​ចំហ និង​ក្រុម​សម្ងាត់។ ក្រុម​ប្រភេទ​នេះ មាន​ទាំង​នៅ​ថ្នាក់​ក្រសួង បណ្ដា​ក្រុង និង​ខេត្ត។

អ្នក​ធ្វើ​ការ​តាម​ក្រុម​ទាំង​នោះ អាច​នឹង​ត្រូវ​គេ​ជ្រើស​រើស​ចេញ​ពី​កង​កម្លាំង​រក្សា​សន្តិសុខ។ ភាគ​ច្រើន​នៃ​ក្រុម​ទាំង​នោះ ត្រូវ​បង្កើត​ក្នុង​គោលដៅ​វាយ​ប្រហារ​ក្រុម​ប្រឆាំង។ ក្នុង​ចំណោម​ក្រុម​ទាំង​នោះ​មាន​ក្រុម​មួយ​ដែល​ទំនង​ជា​ក្រុម​ដែល​ក្រោយ​មក បាន​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​លើ​ក្រុម​បាតុករ​ក្នុង​ឆ្នាំ​១៩៩៧ និង​ការ​រំលោភ​បំពាន​ផ្សេង​ទៀត ហើយ​ក្រោយ​មក ក្រុម​នេះ​បាន​ប្ដូរ​ឈ្មោះ​ថ្មី គឺ​កងពល​តូច​ង​៧០ ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​កង​កម្លាំង​ផ្ទាល់​របស់ លោក ហ៊ុន សែន។

របាយការណ៍​ដដែល​បន្ត​រៀបរាប់​ថា ការ​វាយ​ប្រហារ​គប់​គ្រាប់​បែក​ដៃ​ទៅ​លើ​ក្រុម​បាតុករ ភាគ​ច្រើន​ជា​កម្មករ​រោងចក្រ យុវជន និង​និស្សិត​កាល​ណោះ គឺ​ក្រុម​ប៉ូលិស​ដែល​ឋិត​នៅ​ទីនោះ បាន​រារាំង​មិន​ឲ្យ​សង្គ្រោះ​អ្នក​រងគ្រោះ។ ហេតុការណ៍​នោះ គឺ​ជា​លើក​ដំបូង​បង្អស់​ដែល​កង​កម្លាំង​កងពល​តូច​លេខ​៧០ ត្រូវ​គេ​ពង្រាយ​ឃ្លាំ​មើល​អ្នក​តវ៉ា។ ចំណែក​រដ្ឋាភិបាល​វិញ ពុំ​បាន​ចោទ​ប្រកាន់​អ្នក​ណា​ម្នាក់​ដែរ។

ផ្ទុយ​ទៅ​វិញ ក្រុម​មន្ត្រី​ត្រូវ​ឡើង​តំណែង។ មេ​បញ្ជាការ​កងពល​តូច​លេខ​៧០ លោក ហ៊ុយ ពិសិដ្ឋ ត្រូវ​បាន​តែង​តាំង​ជា​ឧត្ដមសេនីយ៍ និង​អនុរដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ។ ចំណែក​មេ​បញ្ជាការ​រង​កងពល​តូច​លេខ​៧០ ដែរ​នោះ គឺ​លោក ហ៊ីង ប៊ុនហៀង ក្រោយ​មក​ត្រូវ​បាន​តែង​តាំង​ជា​មេ​បញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ។ ករណី​គប់​គ្រាប់​បែក​នេះ នៅ​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ផ្នែក​មួយ​នៃ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា៕ TT

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។