លោក ហោ ណាំហុង ទៅ​ចូល​រួម​សវនាការ​ក្រុង​ឡាអេ​នៅ​ថ្ងៃ​៩ មេសា

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង និង​ជា​ឧបនាយករដ្ឋមន្ត្រី នឹង​ដឹក​នាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​មួយ​ក្រុម​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ប្រទេស​ហុឡង់ដ៍ (Netherlands) នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ដើម្បី​ចូល​រួម​ក្នុង​សវនាការ​បក​ស្រាយ​សាលក្រម​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ ឆ្នាំ​១៩៦២ ទល់​នឹង​ភាគី​ថៃ។
ដោយ សុខ សេរី
2013-04-08
Share
ហោណាំហុង​៣០៥ ១៣-០១-១០: លោក ហោ ណាំហុង ឧប​នាយករដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា ធ្វើ​សន្និសីទ​កាសែត​អំពី​បញ្ហា​ខ្មែរ​ថៃ​នៅ​ឯ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​មុន​ពេល​លោក​ចេញ​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​នៅ​វៀតណាម។
RFA

ការ​ចាក​ចេញ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ នៅ​គ្រា​ដែល​តុលាការ​នេះ​បាន​ប្រកាស​ព័ត៌មាន​តាម​គេហទំព័រ​ថា សវនាការ​បកស្រាយ​សាលក្រម​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា ហើយ​សវនាការ​នេះ​នឹង​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​គេហទំព័រ www.icj-cij.org។ ការ​ដែល​ទៅ​មុន​នេះ គឺ​ដើម្បី​រៀបចំ​ឯកសារ​នានា​ឲ្យ​បាន​ល្អ​មុន​ពេល​សវនាការ​ចាប់​ផ្ដើម។

គណៈ​ប្រតិភូ​ជាន់​ខ្ពស់​នោះ​ដឹក​នាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង ជា​ប្រធាន ប្រធាន​គណៈកម្មាធិការ​ព្រំខ័ណ្ឌ​សីមា​កម្ពុជា-​ថៃ លោក វ៉ា គឹមហុង ជា​អនុប្រធាន និង​មន្ត្រី​ជំនាញ​ច្បាប់ និង​មន្ត្រី​ព្រំដែន​កម្ពុជា សរុប​ជាង ១០​នាក់។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ថា ភាគី​កម្ពុជា បាន​ត្រៀម​ខ្លួន និង​ត្រៀម​ឯកសារ​ច្បាប់​នានា​យ៉ាង​រឹងមាំ​សម្រាប់​សវនាការ​នោះ៖ «ឯកសារ​ផ្សេងៗ ទាំង​ផែនទី​អី យើង​ប្រើ​ឯកសារ​ច្បាប់ និង​ផែនទី​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ។ តាម​ខ្ញុំ​យល់​នៅ​តាម​ព្រំដែន ជា​ពិសេស​ភាគី​ខ្មែរ​យើង គឺ​អត់​មាន​អ្វី​ទេ គឺ​មាន​សភាព​ស្ងប់ស្ងាត់​ជា​ធម្មតា​ទេ ទោះ​បី​ជា​មាន​ព័ត៌មាន​ខាង​ជ្រុល​និយម​មួយ​ចំនួន​នៅ​ភាគី​ថៃ បង្ក​ភាព​បន្តិចបន្តួច​នោះ គឺ​ភាគី​ថៃ អាជ្ញាធរ​ថៃ បាន​គ្រប់គ្រង​ស្ថានការណ៍​បាន​ល្អ​ហើយ»

ទាក់ទង​នឹង​សវនាការ​នៅ​សប្ដាហ៍​ក្រោយ​នេះ នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា (CDP) លោក សុក សំអឿន និង​ជា​មេធាវី​ដែល​បាន​តាម​ដាន​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ កន្លង​មក​បាន​មាន​ប្រសាសន៍​ថា ភាគី​កម្ពុជា នឹង​ទទួល​ជោគជ័យ​មិន​ខាន​ឡើយ ដោយសារ​តែ​កម្ពុជា មាន​ឯកសារ​គ្រប់គ្រាន់ និង​ឯកសារ​គតិ​ច្បាប់​ថា ប្រាសាទ​ព្រះវិហារ និង​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ជា​កម្មសិទ្ធិ​របស់​កម្ពុជា។

លោក សុក សំអឿន៖ «តុលាការ​ក្រុង​ឡាអេ កាត់​ប្រាសាទ​ព្រះវិហារ មក​ឲ្យ​ខ្មែរ មិន​មែន​កាត់​ដោយសារ​គិត​ថា ប្រាសាទ​ជា​ប្រាសាទ​ដែល​សាងសង់​ដោយ​អាណាចក្រ​ខ្មែរ​ទេ គឺ​ដោយសារ​តែ​គេ​រក​ឃើញ​ថា ប្រាសាទ​ព្រះវិហារ ស្ថិត​នៅ​ក្នុង​ព្រំដែន​ខ្មែរ ហេតុដូច្នេះ​ថៃ អត់​មាន​លេស​អ្វី​ចង់​ច្បិច​យក​តួ​ប្រាសាទ​របស់​ខ្មែរ​ទេ គឺ​មាន​ន័យ​ថា ទីក្រុង​ឡាអេ គេ​ទទួល​ស្គាល់​ព្រំដែន»

ទាក់​ទង​រឿង​ទំនាស់​​ដី​ទំហំ ៤,៦​គីឡូម៉ែត្រក្រឡា​ដែល​ថៃ ទាមទារ​នោះ ភាគី​កម្ពុជា បាន​ដាក់​សំណើ​សុំ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ បកស្រាយ​សាលក្រម​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ ឆ្នាំ​១៩៦២ នោះ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ នៅ​គ្រា​ដែល​រដ្ឋាភិបាល​ថៃ ដឹកនាំ​ដោយ​លោក អាភីស៊ិត វេចាជីវ៉ា (Abhisit Vejjajiva) បាន​អនុញ្ញាត​ឲ្យ​កងទ័ព​ថៃ ចូល​មក​ឈ្លានពាន និង​កាន់​កាប់​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ហើយ​បាន​ទាមទារ​ថា តំបន់​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ទំហំ ៤,៦​គីឡូម៉ែត្រ​ក្រឡា ជា​ដី​របស់​ថៃ ប៉ុន្តែ​ភាគី​កម្ពុជា បាន​បដិសេធ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ចុះ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា ភាគី​កម្ពុជា នឹង​ធ្វើ​បទ​បង្ហាញ​ដោយ​ផ្ទាល់​មាត់​ក្នុង​សវនាការ​នោះ មុន​ភាគី​ថៃ នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា ចាប់​ពី​ម៉ោង ១០​ព្រឹក ដល់​ម៉ោង ១​រសៀល។ លើក​ទី​២ ចាប់​ពី​ម៉ោង ៣​រសៀល ដល់​ម៉ោង ៤ និង ៣០​នាទី​ល្ងាច។

ភាគី​ថៃ នឹង​ធ្វើ​បទ​បង្ហាញ​ដោយ​ផ្ទាល់​មាត់​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ចាប់​ពី​វេលា​ម៉ោង ១០​ព្រឹក ដល់​ម៉ោង ១​រសៀល និង​លើក​ទី​២ ចាប់​ពី​ម៉ោង ៣​រសៀល ដល់​ម៉ោង ៤ និង ៣០​នាទី​ល្ងាច។

សវនាការ​នៅ​ជុំ​ទី​២ ជា​ជុំ​ចុង​ក្រោយ គឺ​ភាគី​កម្ពុជា នឹង​ធ្វើ​បទ​បង្ហាញ​ដោយ​ផ្ទាល់​មាត់​នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ចាប់​ពី​ម៉ោង ៣​រសៀល ដល់​ម៉ោង ៥​ល្ងាច រី​ឯ​ភាគី​ថៃ នឹង​ធ្វើ​បទ​បង្ហាញ​ដោយ​ផ្ទាល់​មាត់​នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ចាប់​ពី​ម៉ោង ៣​រសៀល​ដល់​ម៉ោង ៥​ល្ងាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល