តើ​កម្ពុជា​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​ជៀស​ផុត​ពី​នយោបាយ​ការ​ទូត​អន្ទាក់​បំណុល​របស់​ចិន?

ដោយ មាន ឫទ្ធិ
2019-04-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រាហ៊្វីក​បំណុល​​ នៅ​ក្រប​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​​សាធារណៈ​កម្ពុជា​ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឆ្នាំ២០១៨។
ក្រាហ៊្វីក​បំណុល​​ នៅ​ក្រប​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​​សាធារណៈ​កម្ពុជា​ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឆ្នាំ២០១៨។
ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

ស្រប​ពេល​ដែល​មហា​អំណាច​ចិន​កំពុង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ទូទាំង​សាកល​លោក​តាម​រយៈ​គម្រោងការ​ប្រចាំ​សតវត្ស «ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ» ឬ​វិថី​សូត្រ​ថ្មី​របស់​ខ្លួន​ចិន​បាន​ប្រើប្រាស់​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ក្រោម​រូបភាព​ជា​ការ​វិនិយោគ​ជំនួយ​ និង​ការ​ផ្ដល់​ជា​ប្រាក់កម្ចី​ដល់​រដ្ឋាភិបាល​បរទេស​នានា​ ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។ ក្រោម​របប​គ្រប់គ្រង​របស់​លោក ហ៊ុន សែន កម្ពុជា​ក៏​បាន​ខ្ចី​បុល​ប្រាក់​ពី​ចិន​ក្នុង​ចំនួន​មួយ ដែល​មាន​ការ​កើន​ឡើង​ជា​លំដាប់​គួរ​ឱ្យ​កត់​សម្គាល់ និង​មិន​ធ្លាប់​មាន​ពី​មុន​មក។

តើ​ការ​ខ្ចី​បុល​ប្រាក់​ច្រើន​សន្ធឹក​សន្ធាប់​ពី​មហា​អំណាច​ចិន​មួយ​នេះ អាច​បណ្ដាល​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​នយោបាយ​ការ​ទូត​អន្ទាក់​បំណុល​វ័ណ្ឌ​ក​របស់​ចិន​ដែរ​ឬ​ទេ? តើ​កម្ពុជា​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​ជៀស​ផុត​ពី​អន្ទាក់​របស់​ចិន​នេះ?

មន្ត្រី​នៃ​របប​លោក​ ហ៊ុន​ សែន​ ថ្មីៗ នេះ អះអាង​មិន​ដាច់​ពី​មាត់​ថា ​កំណែ​ទម្រង់​ជា​កញ្ចប់​ទើប​នឹង​ដាក់​ចេញ ដើម្បី​ផ្គាប់​ចិត្ត​វិស័យ​ឯកជន​មិន​ធ្លាប់​មាន​ពី​មុន​មក​នេះ អាច​ប្រែ​ក្លាយ​កម្ពុជា​ពី​ខ្លា​សេដ្ឋកិច្ច​ទៅ​ជា​ហង្ស​សេដ្ឋកិច្ច​នៅ​អាស៊ី​នៅ​គ្រា​ដែល​កម្ពុជា​អាច​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ។ ទន្ទឹម​នឹង​ការ​អួតអាង​នេះ ហង្ស​សេដ្ឋកិច្ច​កម្ពុជា​របស់​លោក ហ៊ុន សែន ក៏​កំពុង​ជួប​ប្រទះ​នូវ​វិបត្តិ​ដាច់​ចរន្ត​អគ្គិសនី​ដាច់​ទឹក ស្ទើរ​តែ​រៀងរាល់​ថ្ងៃ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​អ្នក​ជំនួញ​ទាំង​នៅ​ក្នុង​ក្រុង និង​ជនបទ រអ៊ូរទាំ​មិន​ដាច់​ពី​មាត់។ រី​ឯ​បំណុល​ដែល​កម្ពុជា​ខ្ចី​បុល​ពី​បរទេស​ឯ​ណោះ​វិញ ក៏​ចេះ​តែ​កើន​ឡើង​ជា​លំដាប់​គួរ​ឱ្យ​កត់​សម្គាល់។

គិត​ត្រឹម​ដំណាច់​ឆ្នាំ២០១៨ ហង្ស​សេដ្ឋកិច្ច​របស់​លោក ហ៊ុន សែន បាន​ខ្ចីបុល​បរទេស​សរុប​កើន​ឡើង​រហូត​ដល់​ទៅ​ជាង ១ម៉ឺន​លាន​ដុល្លារ​អាមេរិក ឬ​ជាង ១១ប៊ី​លាន​ដុល្លារ​អាមេរិក។ ក្នុង​នោះ​បំណុល ដែល​កម្ពុជា​ជំពាក់​មហា​មិត្ត​ចិន ក៏​បាន​កើន​ឡើង​ដល់​ជាង ៤ពាន់ ៦រយ​លាន​ដុល្លារ​អាមេរិក​(.៦២០,១៧លាន​ដុល្លារ​អាមេរិក) ស្មើ​នឹង​ជាង ៤០ភាគ​រយ ឬ​ជិត​ពាក់​កណ្ដាល​នៃ​បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស​សរុប។ នេះ​មាន​ន័យ​ថា ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ ដែល​សូម្បី​តែ​ទារក​ទើប​កើត​មក​ភ្លាម កំពុង​ជាប់​ជំពាក់​បំណុល​បរទេស​ជិត ៧០០ដុល្លារ​អាមេរិក ឬ​ជំពាក់​ចិន​ក្នុង​ម្នាក់ៗ ជិត ៣០០ដុល្លារ​អាមេរិក។ បំណុល​នេះ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ការ​ប្រមើល​ទុក​នៅ​ពេល​ដែល​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប និង​អាមេរិក​នៅ​ឡើយ​នោះ​ទេ ជា​ការ​ឆ្លើយ​តប​នឹង​ការណ៍​ដែល​របប​នេះ​បាន​រម្លាយ​ប្រជាធិបតេយ្យ និង​បង្កើត​រដ្ឋាភិបាល​ខ្វះ​ភាព​ស្រប​ច្បាប់។ ទន្ទឹម​នឹង​ការ​ជាប់​ជំពាក់​បំណុល​របស់​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ និង​កម្ពុជា​ជា​រួម ដែល​ចេះ​តែ​កើន​នោះ​ត្រកូល «ហ៊ុន» របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្អែក​តាម​ការ​ប៉ាន់​ស្មាន​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក ឬ Global Witness កាល​ពី​ឆ្នាំ២០១៦ ឯ​ណោះ​ អាច​មាន​ទ្រព្យ​សម្បត្តិ​រួម​គ្នា​សរុប​ប្រមាណ​ពី ៥០០លាន​ ទៅ​ដល់ ១ពាន់​លាន​ដុល្លារ​អាមេរិក។

យ៉ាងណាក៏ដោយ​ផ្អែក​តាម​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ចេញ​ផ្សាយ​ដោយ​គណៈកម្មាធិការ​គ្រប់គ្រង​បំណុល​សាធារណៈ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាល​ពី​ថ្ងៃ​ទី២១ ខែ​មីនា របប​នេះ​បញ្ជាក់​ថា ខ្លួន​អាច​បន្ត​គ្រប់គ្រង​បំណុល​រដ្ឋ​នេះ ប្រកប​ដោយ​ភាព​ម៉ឺងម៉ាត់ និង​ប្រយ័ត្ន​ប្រយែង​ខ្ពស់។ មិន​តែ​ប៉ុណ្ណោះ ការ​ខ្ចី​បុល​បរទេស​នេះ​ស្ថិត​ក្នុង​ទំហំ​សម​ស្រប​ស្ថានភាព​ថវិកា និង​សេដ្ឋកិច្ច​អាច​ទ្រាំទ្រ​បាន​នៅ​ឡើយ និង​ថា ជា​បំណុល​មាន​កម្រិត​សម្បទាន ឬ​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់ ដើម្បី​យក​ទៅ​ទ្រទ្រង់​វិស័យ​អាទិភាព​កំណើន​សេដ្ឋកិច្ច និង​បង្កើន​ផលិតភាព​សេដ្ឋកិច្ច។

ទាំង​លោក​ ហ៊ុន សែន និង​ទាំង​មន្ត្រី​ជាន់​ខ្ពស់​ការ​បរទេស​ចិន​សុទ្ធ​តែ​ធ្លាប់​បដិសេធ​ជា​សាធារណៈ​ថា ជំនួយ​របស់​ចិន​មិន​មែន​ជា​អន្ទាក់ ឬ​ក៏​ថា ចិន​មាន​មហិច្ឆតា​គ្រប់គ្រង​កម្ពុជា​ដូច​តាម​បែបផែន​អាណានិគម​នោះ​ទេ។

យ៉ាងណាក៏ដោយ​ការ​សិក្សា​ស្រាវជ្រាវ​បែប​វិភាគ​គោលនយោបាយ​មួយ​ចេញ​ផ្សាយ​ដោយសារ​កល​វិទ្យាល័យ Harvard University របស់​សហរដ្ឋ​អាមេរិក កាល​ពី​ខែ​ឧសភា ឆ្នាំ២០១៨ កន្លង​ទៅ​ស្ដីពី​នយោបាយ​ការ​ទូត​អន្ទាក់​បំណុល៖ យុទ្ធសាស្ត្រ​ពង្រីក​ឥទ្ធិពល​សេដ្ឋកិច្ច​ថ្មី​របស់​ចិន និង​ផល​វិបាក​ចំពោះ​គោល​នយោបាយ​ការ​បរទេស​អាមេរិក​លើក​ឡើង​ថា ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ចិន​បាន​ពង្រីក​ការ​ផ្ដល់​ប្រាក់​កម្ចី​របស់​ខ្លួន​ទៅ​ឱ្យ​ប្រទេស​ដទៃ​ទៀត ដែល​ប្រទេស​ទាំង​នោះ​គ្មាន​លទ្ធភាព​សង​បំណុល​វិញ​បាន។ ការ​សិក្សា​នេះ​ថា ចិន​បាន​ចាប់​ផ្តើម​អនុវត្ត​យុទ្ធសាស្ត្រ​បង្កើន​ទឹក​ប្រាក់​ឱ្យ​បរទេស​ខ្ចី​បុល​នេះ គឺ​ដើម្បី​សម្រេច​បាន​មហិច្ឆតា​យុទ្ធសាស្ត្រ​របស់​ខ្លួន​នៅ​តាម​ទីតាំង​ភូមិសាស្ត្រ​ជំនួញ​ពាណិជ្ជកម្ម​សំខាន់ៗ នៅ​លើ​ពិភព​លោក។

ប្រទេស​ចំនួន៤ ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំពាក់​បំណុល​ចិន​វ័ណ្ឌក​នោះ រួម​មាន​ប្រទេស​ប៉ាគីស្ថាន ជីប៊ូទី មីយ៉ាន់ម៉ា ឬ​ភូមា និង​ប្រទេស​ស្រីលង្កា ដែល​ប្រ​ទេស​ទាំង​នេះ​បាន​កាត់​ផ្នែក​ណា​មួយ​នៃ​កំពង់ផែ​របស់​ខ្លួន ឬ​មូលដ្ឋាន​យោធា​ទៅ​ឱ្យ​ប្រទេស​ចិន។ ទន្ទឹម​គ្នា​នេះ ការ​សិក្សា​ក៏​រក​ឃើញ​ដែល​ថា ឥទ្ធិពល​កើន​ឡើង​នៃ​បំណុល​របស់​ចិន​នៅ​កម្ពុជា ឡាវ និង​ហ្វីលីពីន ក៏​អាច​ធ្វើ​ឱ្យ​ប្រទេស​ទាំង​នេះ​ក្លាយ​ជា​កូន​អុក​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ ខណៈ​ដែល​ប្រទេស​មួយ​ចំនួន​នៃ​តំបន់​នេះ​កំពុង​មាន​ជម្លោះ​រ៉ាំរ៉ៃ​ដណ្ដើម​ទី​ប្រជុំ​កោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ជាមួយ​ប្រទេស​ចិន។

បន្ថែម​លើ​ការ​ស្រាវជ្រាវ​នេះ​មជ្ឈមណ្ឌល ដើម្បី​ការ​អភិវឌ្ឍ​សាកល (Center for Global Development - CGD) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ២០១៨ បាន​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា​ទៅ​ក្នុង​ចំណោម​ក្រុម​ប្រទេស​គោលដៅ​ចំនួន២៣ ដែល​កំពុង​ប្រឈម​នឹង «ហានិភ័យ​បំណុល​គួរ​ឱ្យ​កត់​សម្គាល់» នា​ពេល​បច្ចុប្បន្ន​នេះ។

ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​បំណុល​ដែល​កម្ពុជា​ចេះ​តែ​ជំពាក់​បរទេស​ ជាពិសេស​មហា​អំណាច​ចិន​ឥត​ឈប់​ឈរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នេះ​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ការ​ទូត និង​កិច្ចការ​ពិភព​លោក​នៅ​មហាវិទ្យាល័យ Occidental College នៃ​រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក បណ្ឌិត អៀ សុផល ថ្លែង​ថា​កម្ពុជា​បច្ចុប្បន្ន កំពុង​ក្លាយ​ខ្លួន​ជា​ជន​រង​គ្រោះ​នៃ​នយោបាយ​ការ​ទូត​បែប​អន្ទាក់​បំណុល​របស់​ចិន ក្រោម​រូបភាព​នៃ​គម្រោង​គំនិត​ផ្ដួចផ្ដើម «ផ្លូវ​មួយ ខ្សែ​ក្រវាត់​មួយ» នេះ​តែ​ម្ដង។ លោក​ផ្ដល់​អនុសាសន៍​ថា ដើម្បី​ឱ្យ​កម្ពុជា​គេច​ផុត​ពី​អន្ទាក់​បំណុល​របស់​ចិន​នេះ​របប​លោក ហ៊ុន សែន ត្រូវ​បញ្ឈប់​ខ្ចី​បុល​ពី​ចិន​ក្នុង​ចំនួន​ដ៏​ច្រើន​លើស​លុប​បែប​នេះ​ត​ទៅ​ទៀត។ លោក​ថា​ទន្ទឹម​នឹង​នេះ កម្ពុជា​ត្រូវ​ពង្រីក​ភាព​ចម្រុះ​នៃ​ប្រភព​ម្ចាស់​បំណុល​របស់​ខ្លួន​ចៀស​ជាង​ពឹង​ផ្អែក​តែ​ទៅ​លើ​មហា​អំណាច​ចិន​តែ​ឯក​ឯង​នោះ។ លោក​បន្ត​ការ​លើក​ឡើង​ដូច្នេះ ហាក់​បី​ដូច​ជា​ងាយ​ស្រួល​ណាស់ ក៏​ប៉ុន្តែ​ការ​ពិត​ជាក់​ស្ដែង​របប​ក្រុង​ភ្នំពេញ​កំពុង​ពឹង​ផ្អែក​លើ​មហា​អំណាច​ចិន​ទាំង​ស្រុង​បាត់​ទៅ​ហើយ ដើម្បី​បន្ត​ជីវិត​រស់រាន​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល