អ្នកឃ្លាំមើល​ព្រមាន​ថា​ចលនា​មហាជន​នឹង​ផ្ទុះឡើង​បើ​គ្មាន​ដំណោះស្រាយ​នយោបាយ

ដោយ តាំង សារ៉ាដា
2017-12-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

សកម្មជន​សិទ្ធិមនុស្ស​ព្រមាន​ថា ប្រសិនបើ​របប​របស់​លោក ហ៊ុន សែន មិន​ងាក​មក​រក​ការ​ដោះស្រាយ​វិបត្តិ​ស្ថាន​ការ​នយោបាយ​បច្ចុប្បន្ន អោយ​វិល​មក​ភាព​ប្រក្រតី​វិញ​ទេ នោះ​ចលនា​មហាជន​មួយ អាច​នឹង​មានការ​ផ្ទុះឡើង​ដើម្បី​តតាំង​ជាមួយ​រដ្ឋាភិបាល​មិន​ខាន។

ទោះជា​យ៉ាងណា​ក៏​ដោយ មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ជំហរ​ថា យោធា​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ទៅ​ហើយ ក្នុង​ការ​ឆ្លើយតប​ជាមួយ​ការបះបោរ​នេះ។

ក្រុម​អ្នកឃ្លាំមើល​ព្រមាន​ថា ប្រទេស​កម្ពុជា​មិនមែន​ជា​ប្រទេស​ផ្ដាច់មុខ របស់​លោក ហ៊ុន សែន តែ​ម្នាក់​នោះ​ទេ ហើយ​ថា ពលរដ្ឋ​ខ្មែរ​ទូទៅ​នឹង​មិន​សុខចិត្ត​រស់នៅ​ក្រោម​ការ​កៀបសង្កត់ តាម​ទំនើងចិត្ត នៃ​របប​ដឹកនាំ​សព្វថ្ងៃ​នោះ​ឡើយ។

ប្រធាន​មជ្ឈមណ្ឌល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) និង​ជា​សកម្មជន​សិទ្ធិមនុស្ស លោក ប៉ា ងួនទៀង បាន​ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃអាទិត្យ​ថា អ្នក​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រសិនបើ​សហគមន៍ អន្តរជាតិ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា ហើយ​មហាជន​ទូទៅ​នឹង​ក្រោក​ឈរ​បះបោរ​តតាំង​ជាមួយ​រដ្ឋាភិបាល លោក ហ៊ុន សែន ជាមិនខាន។

លោក​ទាមទារ​អោយ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ប្រញាប់​ដោះស្រាយ វិបត្តិ​នយោបាយ​សព្វថ្ងៃ​នេះ​ដោយ​សន្តិវិធី​ដើម្បី​កុំ​អោយ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​គ្រោះ​មហន្តរាយ​ដោយ​ប្រការ​ណាមួយ៖ «ប៉ុន្តែ​ប្រសិនបើ​រដ្ឋាភិបាល​ខ្មែរ​ឥត​ងាក​ក្រោយ ហើយ​នៅតែ​ទៅមុខ ទៀត ប្រហែលជា​ដល់​កម្រិត​ទី​បី​គឺ​ប្រជាពលរដ្ឋ​ខ្មែរ​អត់​សុខចិត្ត ហើយ​ខ្ញុំ​ថា ប្រហែល​ការ​យល់​ឃើញ​របស់​លោក យ៉ាស់ ហ្កាយ មន្ត្រី​ជាន់ខ្ពស់ របស់​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស និង​លោក ដេវីដ ឈែនល័រ ដែល​ថា​បញ្ហា​នយោបាយ​នៅ​កម្ពុជា​អាច​ឈាន​ទៅដល់ ការ​ដោះស្រាយ​តាមរយៈ​នៃ​ចលនា​មហាជន ហើយ​ចំណុច​នេះ រដ្ឋាភិបាល​ត្រូវតែ​គិត និង​ដោះស្រាយ​ដោយ​សន្តិវិធី»

ការ​អះអាង​របស់​លោក ប៉ា ងួនទៀង ធ្វើឡើង​នៅ​ខាងមុខ​សេត​វិមាន ប្រធាធិបតី​សហរដ្ឋអាមេរិក​ក្នុង​ពេល​ដែល​លោក​ចូលរួម​ធ្វើ​បាតុកម្ម ជាមួយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាង​មួយ​ពាន់​នាក់ ដែល​ទាមទារ​ឲ្យ​សហរដ្ឋអាមេរិក​ស្វែងរក​ការ​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង រួម​ទាំង​អ្នក​ទោស​នយោបាយ​ផ្សេងទៀត និង​ទាមទារ អោយ​អាមេរិក​ដាក់ទណ្ឌកម្ម​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ ថែមទៀត​ដើម្បី​អោយ​លោក ហ៊ុន សែន បង្វែរ​ស្ថានការណ៍​របស់​ប្រទេស​កម្ពុជា វិល​មក​រក​ភាព​ប្រក្រតី​វិញ។

ទោះជា​យ៉ាងណាក៏ដោយ​អ្នកនាំពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់​ទុក​រាល់​ការ​កៀរគរ​ធ្វើបាតុកម្ម​ណាមួយ​ក្នុង​ប្រទេស គឺជា​ចលនា​ឧទ្ទាម​ទីក្រុង ហើយ​ថា​រដ្ឋាភិបាល​បាន​ត្រៀម​កង​កំលាំង រួចជាស្រេច​ទៅ​ហើយ​ក្នុង​ការ​ឆ្លើយតប៖ «ឧទ្ទាម​គឺ​ការ​មិន​គោរព​ច្បាប់ និង​ការប្រើប្រាស់​ចលនា​មហាជន ដើម្បី​ប្រឆាំង​នឹង​ស្ថាប័នរដ្ឋ ហើយ​ប្រឆាំង​ច្បាប់​របស់​រដ្ឋ​តាមរយៈ​ឧទ្ទាម​ថ្មី​ហ្នឹង គឺ​ឧទ្ទាម​ទីក្រុង ដូចដែល​គេ​បាន​ប្រើប្រាស់​នៅ មជ្ឈិមបូព៌ា ដែល​ស្ថិត​នៅ​ក្នុង​រង្វង់​នៃ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​នេះឯង»

ប៉ុន្តែ​លោក ប៉ា ងួនទៀង បាន​ហៅ​ការ​គំរាម​ប្រើប្រាស់​កម្លាំង​ប្រដាប់ អាវុធ​មក​លើ​ពលរដ្ឋ​របស់​ខ្លួន​ថា​ជា​ឥរិយាបថ​អសីលធម៌ និង​គ្មាន​ការ​ទទួលខុសត្រូវ៖ «ធម្មតា​ទេ អ្នកនយោបាយ​គេ​យក​ប្រជាពលរដ្ឋ​ជាធំ ហើយ​គេ​មើល​ណាស់​អំពី​ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ គេ​មើល​ណាស់​អំពី​សំឡេង​របស់ ប្រជាពលរដ្ឋ ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​វិញ​តែង​ចាត់​ទុក​ប្រជា​ពលរដ្ឋ ជា​ក្រុម​មនុស្ស​មួយ​ដែល​រដ្ឋាភិបាល​មិន​ទទួលខុសត្រូវ»

ទោះជា​យ៉ាង​ណា​ក៏ដោយ​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ជំហរ​របស់​ខ្លួន​រួចជាស្រេច​ទៅ​ហើយ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​មហាអំណាច​មួយ​នេះ​នឹង​តែ​ឈរ​ខាង​ប្រជាពលរដ្ឋ​ខ្មែរ​ជានិច្ច ទោះ​ស្ថិត​កាលៈទេសៈ​ណា​ក៏​ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

រដ្ឋាភិបាលដឹងនិងចេះធ្វើយ៉ាងណាហើយចំពោះពួកបង្កចលាចល។ សំខាន់គឺរូបលោកផ្ទាល់គួរនៅឲ្យឆ្ងាយពីអំពើញុះញ៉ង់ណាមួយផងទៅ។

Dec 12, 2017 07:41 AM

អ្នក​អាន​អនាមិក

Ramdom quotes:

"The spirit of resistance to government is so valuable on certain occasions, that I wish to be always kept alive. It will often be exercised when wrong, but better so than not to be exercised at all. I like a little rebellion now and then"--Thomas Jefferson.

"Live together as brothers or die together as fools"--MLK.

"Give me liberty or give me death"--Patrick Henry.

"Where there is repression, there is resistance."--Khmer Proverb

Dec 11, 2017 10:50 PM

អ្នក​អាន​អនាមិក

* បិទសិទ្ធប្រជាពលរដ្ឋ រកយុត្តិធម៏ សេដ្ឋកិច្ចជាតិប្រជាពលរដ្ខ ត្រូវស្ទះ បាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ អ្នកមានកាន់តែមានទៅ អ្នកក្រកាន់តែក្រទៅគ្មានលុយទិញរបស់ប្រើប្រាស់ អ្នកមធ្យមចាប់ផ្តើមក្រ ដោយសារជីវភាពលក់ដូរ លក់មិនដាច់គ្មានអ្នកទិញ ក្លាយជាអ្នកជំពាក់លុយធនាគារ លះ ........
ហានិភ័យ នឹងកើតឡើង ប្រជាពលរដ្ឋ កម្មករកម្មការី អាជីវករ នឹងឡើងតវ៉ា អោយរដ្ឋាភិបាលហ៑ុនសែនដោះស្រាយជាបន្ទាន់ .
(( អ្នកដឹកនាំគឹតតែមានបានខ្លួនអែង អោយប្រជាពលរដ្ឋរាប់លាននាក់ក្រ គឺមិនល្អ ទេ ! ))

Dec 11, 2017 09:56 PM

អ្នក​អាន​អនាមិក

មើលទៅគេយកយោធាមកប្រមាថជីវិតប្រជាជនទៀតហើយ

Dec 11, 2017 08:13 PM

គេហទំព័រ​ទាំងមូល