HRW អំពាវនាវ​ឲ្យ​ម្ចាស់​ជំនួយ​ជំរុញ​រដ្ឋាភិបាល​ដក​​តំណែង​លោក សៅ សុខា

ដោយ យាង សុជាមេត្តា
2015-01-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នា​ទីក្រុង​វ៉ាស៊ីនតោន (Washington DC) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៣។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នា​ទីក្រុង​វ៉ាស៊ីនតោន (Washington DC) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៣។
Photo: RFA

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ដក​តំណែង​លោក សៅ សុខា ពី​មេបញ្ជាការ​កងរាជអាវុធហត្ថ។ ការ​ទទូច​បែប​នេះ គឺ​បន្ទាប់ពី​លោក សៅ សុខា បាន​ប្រកាស​ក្នុង​អង្គប្រជុំ​មួយ​ថា ក្នុង​ការ​អនុវត្ត​ការងារ​របស់​លោក លោក​រៀន​សូត្រ​តាម​អតីត​មេដឹកនាំ​ផ្ដាច់ការ​អាល្លឺម៉ង់ គឺ​លោក អាដុលហ្វ ហ៊ីត្លែរ (Adolf Hitler)។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​២៥ មករា មាន​ចំណងជើង​ថា "មេបញ្ជាការ​សារភាព​ការ​ប្រើ​កម្លាំង​ការពារ​បក្សពួក" អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លើក​ឡើង​ថា លោក សៅ សុខា ដែល​សព្វថ្ងៃ​គ្រប់គ្រង​កងកម្លាំង​រាជ​អាវុធហត្ថ​កម្ពុជា សរុប​ប្រមាណ ១​ម៉ឺន​នាក់ និង​ជា​អ្នក​ស្មោះស្ម័គ្រ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​យូរ​មក​ហើយ​នោះ គួរ​ត្រូវ​បាន​ដកចេញ​មិន​ឲ្យ​កាន់​តួនាទី​អ្វី​ទាំង​អស់​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​កម្ពុជា។

យូមែន រ៉ៃត៍ វ៉ច្ឆ ក៏​បាន​ដកស្រង់​ពាក្យ​សម្ដី​របស់​លោក សៅ សុខា ដែល​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៥ មករា ថា លោក​រៀន​សូត្រ​ពី​លោក ហ៊ីត្លែរ ហើយ​ថា ការ​ប្រើប្រាស់​កម្លាំង​តបត​ជាមួយ​ក្រុម​ប្រឆាំង​ក្នុង​ហេតុផល​នយោបាយ ក៏​ជា​មធ្យោបាយ​រៀន​តាម ហ៊ីត្លែរ ផង​ដែរ។

នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ការ​ប្រកាស​អំពី​អរិ​ភាពជា​ចំហ​របស់​លោក សៅ សុខា ចំពោះ​ក្រុម​នយោបាយ​ប្រឆាំង រឹតតែ​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ថែម​ទៀត ដោយសារ​តែ​លោក​បាន​រៀន​សូត្រ​ពី ហ៊ីត្លែរ។ លោក ប្រ៊ែដ អាដាម បន្ត​ថា គឺ​មនុស្ស​ដូច​លោក សៅ សុខា នេះ​ហើយ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើប្រាស់​ដើម្បី​រក្សា​អំណាច​របស់​លោក​រយៈ​ពេល ៣០​ឆ្នាំ​កន្លង​មក​នេះ។

យ៉ាង​ណា​ក៏ដោយ ពាក់ព័ន្ធ​រឿង​រៀន​សូត្រ​តាម​លោក ហ៊ីត្លែរ នេះ លោក សៅ សុខា បញ្ជាក់​ថា លោក​មិន​បាន​ថ្លែង​អប់រំ​នរណា​ម្នាក់​ឲ្យ​រៀន​សូត្រ​រួច​ធ្វើ​តាម​លោក ហ៊ីត្លែរ ទៅ​សម្លាប់​ប្រជាពលរដ្ឋ​ខ្លួន​ឯង​នោះ​ទេ ប៉ុន្តែ​គឺ​ឲ្យ​រៀន​ដោយ​មើល​ទង្វើ​អាក្រក់​របស់ ហ៊ីត្លែរ ដែល​បាន​ធ្វើ​ទៅ​លើ​ពលរដ្ឋ​ខ្លួន​ឯង​និង​ពិភពលោក។ គឺ​មិនមែន​ឲ្យ​ទៅ​ធ្វើ​អាក្រក់​ដូច​របប​របស់ លោក ហ៊ីត្លែរ នោះ​ទេ៖ «ខ្ញុំ​ប្រាប់​ថា ឲ្យ​រៀន​ពី​រឿង ហ៊ីត្លែរ រៀន​តាម​រឿង ហ៊ីត្លែរ យ៉ាង​ម៉េច? ពេល ហ៊ីត្លែរ កសាង​កម្លាំង​កងទ័ព ក្រោយ​ពេល​ដែល​អាល្លឺម៉ង់ ចាញ់​សង្រ្គាម​លោក​លើក​ទី​១​ទៅ ក្នុង​រយៈពេល​ដ៏​ខ្លី​ទេ ហ៊ីត្លែរ ទៅ​ប្រមូល​ផ្តុំ​មនុស្ស ហើយ​កសាង​បាន​កម្លាំង​កងទ័ព រួច​ហើយ​នាំ​មនុស្ស​តាម​គំនិត​របស់ ហ៊ីត្លែរ ទៅ​ធ្វើ​ទុក្ខបុកម្នេញ ទៅ​សម្លាប់​មនុស្ស​អស់​ប៉ុន្មាន ទាំង​ប្រជាជន អាល្លឺម៉ង់ ទាំង​ប្រជាជន​ផ្សេង​ទៀត ដោយសារ​សង្គ្រាម​លោក​លើក​ទី​២​ហ្នឹង គាត់​យក​អី​ទៅ​ធ្វើ គាត់​យក​អា​លទ្ធិជាតិ​និយម​ចង្អៀតចង្អល់​របស់​គាត់​ហ្នឹង ដែល​គណបក្ស​ប្រឆាំង​កំពុង​ប្រើ​ប្រឆាំង​វៀតណាម និយាយ​ឲ្យ​ខ្លី​វិញ​មក ហើយ​ចង់​ទៅ​វាយ​យក​កម្ពុជា​ក្រោម ។ គំនិត​ហ្នឹង គំនិត ហ៊ីត្លែរ មិន​ព្រម​គោរព​សន្ធិសញ្ញា វ៉ែកសី (Versailles) ដែល​នាំ​ឲ្យ​ប្រជាជន អាល្លឺម៉ង់ ជ្រុល​និយម​ទៅ​តាម​គំនិត​ជាតិ​និយម​ជំនាន់​នោះ រឿង​អ៊ីចឹង​តើ! ម៉េច​ក៏​មក​ចោទ​ថា ខ្ញុំ ហ៊ីត្លែរ»

​លោក សៅ សុខា ក៏​បាន​វាយ​ប្រហារ​ទៅ​លើ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ជា​ពិសេស​ទៅ​លើ​លោក ប្រ៊ែដ អាដាម ដែល​លោក​អះអាង​ថា តែង​និយាយ​មិន​ពិត​អំពី​កម្ពុជា និង​មិន​មាន​ការ​ថ្លឹងថ្លែង​ឲ្យ​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ។ លោក​ថា យូមែន រៃត៍ វ៉ច្ឆ មិន​ដែល​មើល​ឃើញ​ទង្វើ​ល្អ​របស់​លោក​ឡើយ។

ទាក់ទង​នឹង​ការ​ដក​ហូត​តួនាទី​របស់​លោក​វិញ លោក សៅ សុខា ថា លោក​មិន​មាន​ការ​បារម្ភ​អ្វី​នោះ​ទេ ព្រោះ​ថា តួនាទី​ដែល​លោក​ទទួល​បាន​នៅ​ពេល​នេះ គឺ​ដោយសារ​ពលរដ្ឋ និង​រដ្ឋាភិបាល​ជា​អ្នក​ផ្តល់​ឲ្យ​លោក ដូច្នេះ​បើ​រដ្ឋាភិបាល​ចង់​ដក​តំណែង​លោក លោក​នឹង​គោរព​តាម។

​លោក សៅ សុខា ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នៅ​ឆ្នាំ​១៩៩៩។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លើក​ឡើង​ថា  ក្រោម​ការគ្រប់គ្រង​របស់​លោក សៅ សុខា កងរាជអាវុធហត្ថ​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ។ យូមែន រៃត៍ វ៉ច្ឆ បន្ត​ថា កម្លាំង​របស់​លោក សៅ សុខា បាន​ចូលរួម​ជា​ញឹកញាប់​ក្នុង​ការ​បំបែក​ដោយ​ហិង្សា​ទៅ​លើ​ការ​ប្រមូល​ផ្តុំ​តវ៉ា​របស់​បក្ស​ប្រឆាំង និស្សិត និង​កម្មករ។ ពួកគេ​ក៏​បាន​ចូល​រួម​ក្នុង​ការ​ប្រើប្រាស់​ហិង្សា​បណ្ដេញ​ពលរដ្ឋ​ចេញពី​ដីធ្លី និង​លំនៅឋាន​ផង​ដែរ។

​លោក ប្រ៊ែដ អាដាម បញ្ជាក់​ថា ប្រទេស​ម្ចាស់​ជំនួយ​ដែល​ចង់​ឃើញ​កំណែទម្រង់​កងកម្លាំង​ប្រដាប់​អាវុធ​ពិតប្រាកដ​នៅ​កម្ពុជា គួរ​ជំរុញ​យ៉ាង​ណា​ឲ្យ​គ្រប់​មេបញ្ជាការ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ទាំង​កម្លាំង​នគរបាល យោធា និង​កងរាជអាវុធហត្ថ ក្លាយ​ជា​មន្ត្រី​អព្យាក្រឹត្យ​របស់​រដ្ឋ ដែល​មិន​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​នយោបាយ​ណា​មួយ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (18)
Share

C K-empire

ពី SR

លោកសៅ សុខា និយាយបកស្រាយ ការពិតគ្រាន់តែជាការដោះសារយករួចខ្លួនតែប៉ុណ្ណោះ។ ការបកស្រាយបែបនេះ ជឿបានតែកូនក្មេង រឺក៏ ពលរដ្ឋស្លួតត្រង់ល្ងង់ខ្លៅតែប៉ុណ្ណោះ។ ការពិតនៅតែជាការពិត។។

Jan 29, 2015 12:49 AM

អ្នក​អាន​អនាមិក

មេ ឃាតករ ( ធ្វើបាប បាញ់សម្លាប់ប្រជាពលរដ្ឋ កម្មករកម្មការីនី ស្លូតត្រង់ ) សៅ សុខា ចេញមកសារភាពហើយ !

Jan 27, 2015 09:53 PM

អ្នក​អាន​អនាមិក

Sao Sokha is a right hand of Hun Sen so he cannot take him out from his job.

Jan 26, 2015 10:18 PM

អ្នក​អាន​អនាមិក

how can you say that guy? Opposition party and people have military or rule party are dominating this sector? have you ever protect our land, or you protect CPP? and who is CPP? when i read what you said, it is really ridiculous. How people and opposition party use weapon, or act like military and soldier???? Think again and say again.

Jan 26, 2015 09:28 PM

ភក្តី

ពី ភ្នំពេញ

ខ្ញុំគាំទ្រក្នុងការដកតំណែងរបស់ លោក សៅ សុខា ព្រោះថាការទប់ស្កាត់បាតុករដែលធ្វើបាតុកម្មនិងដុំថ្ម មិនមែនយកកាំភ្លើងគ្រាប់សំណរទៅបង្ក្រាបទេ គឺគេយកកាំភ្លើងឩស្ម័នបង្ហូរទឹក។ នេះបង្ហាញអោយឃើញថាជាការបង្ក្រាប់ដើម្បីការពារអំណាចពិតប្រាកដ។ នៅក្នុងរូបភាពដែលបានឃើញគឺកងកំលាំងបានបាញ់គ្រាប់កាំភ្លើងពិត មិនញញើតដៃទេ។ ដូច្នេះជាហេតុគួរតែដកលោក សៅ សុខា ចេញពីតំណែង ដើម្បីអោយអ្នកជំនាន់ក្រោយតា្រប់តាម។

Jan 26, 2015 01:55 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល