មន្ត្រី​សិទ្ធិ​មនុស្ស​ជឿ​ថា ​អឺរ៉ុប​នឹង​ដក​ការ​អនុគ្រោះ​ពន្ធ ដោយសារ​ឥរិយាបថ​មិន​កែប្រែ​របស់​លោក ហ៊ុន សែន

ដោយ មួង ណារ៉េត
2019.01.18
ប៊្រែដ អាដាម ៦២២ នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។
Photo: RFA

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ជឿជាក់ ១០០% ថា សហភាព​អឺរ៉ុប នឹង​ដក​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ ដោយសារ​ឥរិយាបថ​មិន​កែប្រែ​របស់​លោក ហ៊ុន សែន ដែល​នៅ​តែ​ចចេស​មិន​ធ្វើ​តាម​សំណូមពរ​ឲ្យ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) អះអាង​នៅ​សប្ដាហ៍​នេះ ប្រាប់​អាស៊ី​សេរី​ថា លោក​បាន​ជួប​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ការ​ទូត​របស់​សហភាព​អឺរ៉ុប​ជា​ច្រើន​រូប ដែល​បាន​បញ្ជាក់​ជំហរ​ច្បាស់​លាស់​រួច​ទៅ​ហើយ អំពី​ការ​មិន​អាច​អត់​ឱន​ឲ្យ​របប​លោក ហ៊ុន សែន ក្នុង​រឿង​រំលោភ​សិទ្ធិ​មនុស្ស និង ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ​នេះ​បាន​ទេ៖ «ខ្ញុំ​បាន​ជួបពិភាក្សា​ជាមួយ​មន្ត្រី​សហភាព​អឺរ៉ុប ជុំវិញ​បញ្ហា​នេះ។ ពួកគាត់​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​ ថា​ការ​សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ​ គឺ​ឈរ​លើ​អង្គហេតុ​ពិត​ជាក់​ស្ដែង ដែល​កើត​មាន​នៅ​កម្ពុជា។ មន្ត្រី​ទាំង​នេះ បញ្ជាក់​ថា ពួកគាត់​ប្រមូល​បាន​ព័ត៌មាន​គ្រប់​គ្រាន់ សម្រាប់​ការ​សម្រេច​នេះ។ អង្គហេតុ​ពិត គេ​ដឹង​គ្រប់​គ្នា​នោះ គឺ​លោក ហ៊ុន សែន បាន​រម្លាយ​គណបក្ស សង្គ្រោះ​ជាតិ ចោល រួច​ហើយ​រៀបចំ​ការ​បោះ​ឆ្នោត​ឯក​បក្ស ប្រមូល​យក​អាសនៈ​សភា​ទាំង​អស់​តែ​ម្នាក់ឯង ព្រោះ​គ្មាន​គូ​ប្រកួត និរទេស​ខ្លួន​លោក សម រង្ស៊ី ចាប់​លោក កឹម សុខា ដាក់គុក ឥឡូវ​យក​គាត់​មក​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​វិញ និង បន្ត​បង្ក្រាប​សំឡេង​ប្រឆាំង​គ្រប់រូប​ភាព»

លោក​បាន​បញ្ជាក់​បន្ថែម​ថា មន្ត្រី​រដ្ឋាភិបាល​ដទៃ​ទៀត ដែល​លោក​បាន​ជួប ក៏​បាន​និយាយ​ដូច​គ្នា អំពី​ការណ៍​ដែល​ពួកគាត់ មិន​ពេញ​ចិត្ត​ទាល់តែសោះ ចំពោះ​ស្ថានភាព​អាក្រក់​នៅ​កម្ពុជា​នេះ​ដែរ ជា​ពិសេស ​មន្ត្រី​សហរដ្ឋ​អាមេរិក ដែល​ពេល​នេះ ក៏​កំពុង​ពិចារណា​ដក​ការ​អនុគ្រោះ​ពន្ធ​ទូទៅ ឬ GSP ពី​កម្ពុជា​ដែរ។

ប្រតិកម្ម​របស់​មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ឱសានវាទ នៃ​ការអនុវត្ត​នីតិវិធី​ដក​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា នឹង​ចូល​មក​ដល់ នៅ​ខែ​មីនា​ខាង​មុខ​នេះ។

ស្រប​ពេល​ដែល​ថ្ងៃ​ដាក់​ទណ្ឌកម្ម​កាន់​តែ​ខិត​កៀក​ជិត​មក​ដល់ លោក ហ៊ុន សែន បាន​បន្ទន់​ឥរិយាបថ​ខ្លះ ដូចជា​ ដោះ​លែង​អ្នក​ទោស​នយោបាយ សកម្មជន​ដីធ្លី បង្គាប់​ឲ្យ​តុលាការ​ប្រញាប់​ពន្លឿន​រឿង​ក្ដី លើ​មេដឹកនាំ​សហជីព​កម្មករ និង​បាន​សន្យា​ផ្ដល់​សិទ្ធិ​សេរីភាព ដល់​អង្គការ​សង្គម​ស៊ីវិល ហើយ​ចុង​ក្រោយនេះ​ទៀត របប​នេះ​បាន​​ធ្វើ​ច្បាប់​ប្រញាប់​មួយ ដោយ​អះអាង​ថា ដើម្បី​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ ដល់​មន្ត្រី​បក្ស​ប្រឆាំង​ជាដើម។

លោក ហ៊ុន សែន ពី​ដំបូង​ប្រកាស​ដាច់​អហង្ការ​ ថា​នឹង​មិន​ឱន​ក្បាល ឬ​ចរចា​ជាមួយ​សហភាព​អឺរ៉ុប រឿង​ទណ្ឌកម្ម​នេះ​ឡើយ ដោយ​របប​នេះ អះអាង​ថា កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ មាន​សិទ្ធិ​ស្វ័យ​សម្រេច​ខ្លួន​ឯង​ រឿង​ជោគ​វាសនា​អនាគត​ប្រទេស​កម្ពុជា និង​ប្រកាស​ថា អ្វី​ដែល​របប​នេះ​ធ្វើ​ចំពោះ​សំឡេង​ប្រឆាំង គឺ​ជា​រឿង​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់។

ប៉ុន្តែ ថ្មីៗនេះ លោក​បែរ​ជា​ប្រកាស​ទាមទារ​ឲ្យ​មានការ​ចរចា រវាង​របប​លោក ជាមួយ​នឹង​សហភាព​អឺរ៉ុប។ ទោះ​ជា​យ៉ាង​នេះ​ក្ដី សារ​អំពាវនាវ​របស់​លោក ហ៊ុន សែន ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​រូប​នេះ បាន​បង្កប់​នូវ​ការ​គំរាម​កំហែង ដល់​សហភាព​អឺរ៉ុប​ថែម​ទៀត​ផង៖ «បើ​ចង់​ឲ្យ​ពួក​ប្រឆាំង​ងាប់ អា​ហ្នឹង​កាត់​ទៅ បើ​ចង់​ឲ្យ​ពួក​ប្រឆាំង​រស់ អា​ហ្នឹង​កុំ​ធ្វើ។ មក​ជជែក​គ្នា ពិភាក្សា​គ្នា​ កែ​លម្អ​សភាព​ការណ៍​ជាមួយ​គ្នា​ បន្ត​ដំណើរ​ទៅ​មុខ​ជាមួយ​គ្នា»

ទោះបី​របប​លោក ហ៊ុន សែន អះអាង​ជា​ប្រចាំ​ថា គណបក្ស សង្គ្រោះ​ជាតិ ស្លាប់​ទៅ​ជា​ខ្មោច​ទៅ​ហើយ មិន​អាច​រស់​វិញ​បាន​នោះ​ទេ និង​ថា លោក​លែង​រម្លឹក​នឹក​នា និង​លែង​ជ្រលក់​មាត់​រាប់​ដង​ភ្លេច​ទៅ​ហើយ​ក្តី ក៏​លោក ហ៊ុន សែន នៅតែ​បង្ហាញ​ចរិត​ហិង្សា​នេះ​ដដែល។

លោក Brad Adams ថា នេះ​ជា​ចរិត​ហ្ស៊ីន​របស់​លោក ហ៊ុន សែន ដែល​បង្ហាញ​អំពី​ភាព​ហិង្សា និង​រឹត​តែ​យក​សាំង​ទៅ​ចាក់​លើ​ភ្លើង​នៃ​ទណ្ឌកម្ម​សេដ្ឋកិច្ច ដែល​កំពុង​តែ​ឆេះ​ស្រាប់​នេះ​ថែម​ទៀត។ លោក​បន្ថែម​ថា សារ​គំរាម​សម្លាប់​បក្ស​ប្រឆាំង​នេះ គឺ​ឮ​ជ្រួតជ្រាប និង​សុះសាយ​ទៅដល់​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​ប្រទេស​ដទៃ​ទៀត នៅ​ជុំវិញ​ពិភព​លោក អំពី​ចរិត​ពិត​របស់​លោក ហ៊ុន សែន ដែល​មិន​ចង់​ស្ដារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ និង សុខចិត្ត​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​ស្ថានភាព​មាន​វិបត្តិ​ធំ នៅ​ក្រោយ​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​នេះ៖ «ថា​លោក ហ៊ុន សែន ឆ្កួត​ហើយ! លោក ហ៊ុន សែន មាន​សតិ​មិន​នឹងន។ គាត់​គ្មាន​សម្បទា​គ្រប់គ្រាន់ ដើម្បី​ដឹក​នាំ​ប្រទេស​នោះ​ឡើយ។ អ្វី​ដែល​លោក ហ៊ុន សែន និយាយ​នេះ គឺ​វា​ផ្ទុយ​គ្នា​ស្រឡះ ទៅ​នឹង​ចរិត​មេ​ដឹក​នាំ​ត្រឹម​ត្រូវ និង មាន​ហេតុផល​នោះ។ អ្វី​ដែល​រឹត​តែ​មិន​ត្រឹម​ត្រូវ​នោះ គឺ​លោក​ ហ៊ុន សែន គួរណាស់តែ​រក​វិធីសាស្ត្រ​ណា បន្ទន់​ចិត្ត​សហភាព​អឺរ៉ុប កុំឲ្យ​ដក​ការ​អនុគ្រោះ​ពន្ធ មិនមែន​ធ្វើ​ផ្ដេសផ្ដាស​អ៊ីចឹង​នោះ​ទេ! នៅ​ពេល​ដែល​គាត់​ធ្វើ​ផ្ដេសផ្ដាស​បែប​នេះ យើង​មិន​បាច់​ឆ្ងល់​អំពី​ភាព​ជា​អ្នក​ដឹក​នាំ​របស់​គាត់​នោះ​ទេ»

រហូតមកដល់​ពេល​នេះ សហភាព​អឺរ៉ុប មិន​បាន​ផ្លាស់​ប្ដូរ​ជំហរ​ណា​មួយ ជុំវិញ​នីតិវិធី​ផ្លូវការ ក្នុង​ការ​ដក​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​នោះ​ឡើយ។ ចំណែក​ឯ​សហរដ្ឋ​អាមេរិក​ឯ​ណោះ​វិញ ក៏​រក្សា​ជំហរ​ថ្កោល​ទោស​របប​លោក ហ៊ុន សែន នេះ​ដែរ។ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ ទើប​ស្នើ​ច្បាប់​ឲ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ដែរ បើ​របប​លោក ហ៊ុន សែន មិន​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើង​វិញ។

អ្នកវិភាគ​បាន​ព្រមាន​របប​លោក ហ៊ុន សែន រួច​ទៅ​ហើយ ថាបើ​របប​នេះ នៅតែ​ចចេស​មិន​ព្រម​ធ្វើ​តាម​សំណូមពរ​សហគមន៍​អន្តរជាតិ​ ទណ្ឌកម្ម​បន្ថែម​នឹង​ធ្លាក់​ស្រោច​មក​លើ​របប​នេះ នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ ជាក់​ជាមិនខាន ហើយ​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​នេះ គឺ​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។