អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាម​ទារ​ឱ្យ​របបក្រុង​ភ្នំពេញ​​ទម្លាក់​ចោល​បទចោទ​លើ​លោក​ កឹម សុខា​

ដោយ មួង ណារ៉េត
2018-09-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA
Photo: RFA

របបលោក​ ហ៊ុន សែន​ បាន​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក​ កឹម សុខា ឱ្យ​នៅ​ក្រៅ​ឃុំ​ជាបណ្តោះ​អាសន្ន​​ ក្រោយ​រៀបចំ​​ការ​បោះឆ្នោត​បែប​បង្គ្រប់​កិច្ច​បាន​ដោយ​ជោគជ័យ​ កាល​ពី​ចុង​ខែ​កក្កដាកន្លងទៅ។ មន្ត្រី​សិទ្ធិ​មនុស្ស​សាទរ​ចំពោះ​ការ​ដោះ​លែង​នេះ ប៉ុន្តែ​ពួក​គេ​នៅ​តែទាម​ទារ​ឱ្យ​​​​របប​លោក​ ហ៊ុន សែន ស្តារ​​ប្រជាធិបតេយ្យ​ឡើងវិញ។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់​ទុក​ការ​ដោះ​លែង​លោក​ កឹម សុខា ​នេះ​ថា​ មិន​មែន​ជា​រឿង​យុត្តិធម៌​អ្វី​ឡើយ​ ពោល​​គឺ​គ្រាន់​តែ​ជា​ការ​ដោះលែង​បណ្តោះអាសន្ន​ ដែល​តំណាង​អយ្យការ​អាច​បង្គាប់​ឲ្យ​នាំ​ខ្លួន​មក​កាន់​តុលាការ និង​ចាប់​ឃុំវិញ​ភ្លាម​ពេល​ណា​ក៏​បាន

នាយក​រង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ីនៃ​អង្គការ​ យូមែន រ៉ៃត៍ វ៉ច្ឆ លោក​ ហ្វីល រ៉ូបឺតសុន​ (Phil Robertson) ថ្លែង​ថា លោក​ កឹម សុខា មិន​គួរ​ត្រូវ​បាន​ចាប់​ខ្លួន​តាំងតែ​ពី​ដំបូង​មក​ម៉្លេះ ព្រោះអ្វី​ដែល​គេ​ហៅ​ថា​ “បដិវត្តន៍ពណ៌” នោះ គឺ​គ្រាន់​តែ​ជា​ពាក្យ​ដែល​គណបក្ស​កាន់​អំណាច​បង្កើត​ឡើង​ ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ធ្វើ​ទុក្ខបុកម្នេញ​សង្គម​ស៊ីវិល​ និង​ដើម្បីទទួល​បាន​ជ័យជម្នះ​​ក្នុង​​ការ​​បោះ​ឆ្នោត​​ក្លែង​​ក្លាយ​​ប៉ុណ្ណោះ។ លោកបន្ត​​ថា របបលោក​ ហ៊ុន សែន​ បាន​ដឹង​ច្បាស់​ហើយ​ថា លោក​ កឹម សុខា មាន​បញ្ហា​សុខ​ភាព ហើយ​បើ​មាន​​អ្វី​កើត​​ឡើង​ចំពោះមេបក្ស​ប្រឆាំង​រូប​នេះ​នៅ​ក្នុង​ពន្ធនាគារ​នោះ របបនេះ​​មុខ​ជា​នឹង​ត្រូវ​ប្រឈម​នឹងរឿង​រ៉ាវ​ជាច្រើន​ទៀត។ ដូច្នេះ​ហើយ​ ទើប​ពួក​គេ​យក​បញ្ហា​សុខភាព​ ជា​ហេតុ​ផល​ដោះលែង​លោក​ កឹម សុខា ឱ្យ​នៅ​ក្រៅ​ឃុំ។ ក៏​ប៉ុន្តែ សិទ្ធ​ិសេរីភាព​របស់​លោក​ កឹម សុខា ត្រូវ​បាន​កំណត់​បទចោទ​មិន​ត្រូវ​បាន​ទម្លាក់​ចោល ហើយ​គាត់​ត្រូវ​ទៅ​បង្ហាញ​មុខ​គ្រប់​ពេល​ដែល​មាន​ការ​​កោះ​​ហៅ​ដដែល។​​ ដូច្នេះ ​នេះ​មិន​មែន​ជា​យុត្តិធម៌​ឡើយ។

លោក​ ហ្វីល រ៉ូបឺតសុន​ (Phil Robertson) សង្កត់​ធ្ងន់​ថា​ យុត្តិធម៌​ពិត​ប្រាកដ​មាន​តែ​ម្យ៉ាង​ប៉ុណ្ណោះ គឺ​ការ​ទម្លាក់​ចោល​បទ​ចោទ​លើ​លោក​ កឹម សុខា ដោយ​គ្មាន​លក្ខខណ្ឌ​ ធ្វើ​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​រស់​ឡើង​វិញ ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​ចំនួន​ ១១៨រូប​​ឱ្យ​បាន​ពេញលេញ​ឡើង​វិញ។

ចំណែក​ប្រធាន​អង្គការ​សភាអាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) និ​ង​ជា​សមាជិក​សភា​ម៉ាឡេស៊ី (Malaysia) លោក​ ឆាលស៍ សាន់​ទីអេហ្គោ (Charles Santiago) ក៏​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​មួយ​ទាក់ទង​នឹង​ការ​ដោះលែង​លោក​ កឹម សុខា​ នេះ​ដែរ ដោយ​លោក​សង្កត់​ធ្ងន់​ថា លោក​ស្វាគមន៍​ចំពោះ​ការ​ដោះលែង​នេះ ប៉ុន្តែ​វាហួស​ឆ្ងាយ​ពី​អ្វី​ដែលបាន​កើត​ឡើង​រួច​ទៅហើយ។ លោក​ថា ការ​ដោះ​លែង​នេះ គឺ​ក្រោយ​ពេល​លោក​ ហ៊ុន សែន​ បាន​ក្តោប​ក្តាប់​សភា និង​គ្រប់​គ្រង​កម្ពុជា តាម​រយៈ​ការ​បោះឆ្នោត​ក្លែងក្លាយ​ និង​កំពុងធ្វើ​ឱ្យ​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់​របស់​លោកប្រែ​​ក្លាយ​ជា​ស្រប​ច្បាប់​វិញ។ ​លោក​បន្ត​ថា នេះ​ជា​ការ​ដឹក​នាំ​តាម​បែប​ឯកបក្ស ដែល​ជា​ការ​រំលោភ​បំពាន​ទៅនឹង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។ លោក​បន្ថែម​ថា សហគមន៍​អន្តរជាតិ​ត្រូវ​តាម​ឃ្លាំ​មើល​របបផ្តាច់​ការ​នេះ រហូត​ទាល់​តែ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ត្រូវ​បាន​រៀប​ចំ​ឡើង​វិញ។

ការ​ដោះ​លែង​លោក​ កឹម សុខា ឱ្យ​នៅ​ក្រៅ​ឃុំ​នេះ ធ្វើ​ឡើង​ស្រប​ពេល​សភា​សហភាព​អឺរ៉ុប គ្រោង​បើ​ក​កិច្ច​ប្រជុំ​បន្ទាន់​មួយនៅ​ថ្ងៃ​ទី១៣ កញ្ញា​ខាង​មុខ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ លិទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៃ​ប្រទេស​ចំនួន​ ៣ រួម​មាន​កម្ពុជា មីយ៉ាន់ម៉ា និង​ប្រទេស​អ៊ូហ្កាន់ដា (Uganda)។ កិច្ច​ពិភាក្សា​អំពី​កម្ពុជា​នឹង​ផ្តោត​ជា​សំខាន់​ទៅលើ​ការ​ចាប់​ឃុំ​ខ្លួន​លោក​ កឹម សុខា ដាក់​ពន្ធនាគារ​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​នេះ។

សហភាព​អឺរ៉ុប​បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​លើ​របប​លោក​ ហ៊ុន សែន ដោយ​ដក​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ពី​កម្ពុជា ប្រសិន​បើ​របប​នេះ​នៅ​តែ​រឹង​ទទឹង​មិន​ព្រម​ស្តារ​លិទ្ធិ​ប្រជាធិបតេយ្យ​ដែល​ខ្លួន​បាន​បំផ្លាញ​ចោល​ទេ​នោះ ខណៈ​សហរដ្ឋអាមេរិក​ឯណោះ​វិញ ក៏​បាន​ដាក់​ចេញ​នូវ​វិធានការណ៍​ផ្អាក​ទិដ្ឋាការ និង​បង្កក​ទ្រព្យ​សម្បត្តិ​មន្ត្រី​គ្រាក់ៗ​ នៃ​របប​លោក​ ហ៊ុន សែន​ មួយ​ចំនួន​រួច​ទៅ​ហើយ។

ទោះជាយ៉ាង​ណា មន្ត្រីជាន់ខ្ពស់​ និង​ជា​អ្នក​នាំ​ពាក្យ​​ បាន​បដិសេធ​ថា ការ​ដោះលែង​លោក​ កឹម សុខា នៅ​ពេល​នេះ​ មិន​មែន​ដោយសារ​សម្ពាធពី​អន្តរជាតិ​ឡើយ។ លោក​អះអាង​នៅក្នុង​បណ្តាញ​សង្គម​តេឡេក្រាម (Telegram) ថា ការ​ដោះ​លែង​ប្រធាន​គណបក្ស​ប្រឆាំង​​នេះ គឺ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ មិន​មាន​ការ​លូក​ដៃ​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​ណា​មួយ​នោះ​ទេ។ លោក​អះអាង​ទៀត​ថា ការ​ធ្វើ​ឱ្យ​គណបក្ស សង្គ្រោះ​ជាតិ ​រស់​ឡើង​វិញ​នោះ គឺ​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​ឡើយ ហើយ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​ចំនួន​ ១១៨រូប​នោះ ក៏​នឹង​មិន​អាច​ផ្តល់​ឱ្យ​នៅ​មុន​ឆ្នាំ ២០២៣ បាន​ដែរ។ លោក​ក៏​បញ្ជាក់​ទៀត​ថា នឹង​គ្មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​នោះ​ឡើយ ព្រោះ​លោក​អះអាង​ថា អង្ករ​បាន​ក្លាយ​ជា​បាយ​រួច​ហើយ មិន​អាច​ឲ្យ​ទៅ​ជា​អង្ករ​ឡើ​វិញ​បាន​ជា​ដាច់​ខាត។

អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) លោក​ រ៉ុង ឈុន​ ថ្លែង​ថា ការ​ដោះ​លែង​លោក​ កឹម សុខា នេះ​ ជា​ផ្នែក​មួយ​នៃ​សម្ពាធ​អន្តរជាតិ​ដែល​ដាក់​ទៅលើ​របប​ក្រុង​ភ្នំពេញ ក្រោយ​ការ​បំផ្លាញ​លិទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​ស្នើសុំ​ឱ្យ​របប​លោក​ ហ៊ុន សែន ស្តារ​ស្ថានការណ៍​​នយោបាយ​ ឱ្យ​មាន​ភាព​ល្អ​​ប្រសើរ​ដូច​នៅ​មុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឡើង​វិញ ដូចជា រៀប​ចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ​ដោ​យមាន​វត្តមាន​គណបក្ស សង្គ្រោះ​ជាតិ​ ព្រម​ទាំង​​បើក​ចំហ​សេរីភាព​ដល់​អង្គការ​សង្គម​ស៊ីវិល​ និង​សារព័ត៌មាន​ឯករាជ្យ​ជា​ដើម៖ «»

ថ្វីដ្បិត​តែ​របបលោក​ ហ៊ុន សែន បាន​ដោះ​លែង​លោក​ កឹម សុខា ចេញ​ពី​ពន្ធនាការ​ពិត​មែន​ ក៏​ប៉ុន្តែ​របប​នេះ​មិន​បាន​ផ្តល់​សេរីភាព​ដល់​រូប​លោក​ឡើយ​ ដោយ​បាន​​ហាម​ប្រាម​គ្រប់​សកម្មភាព​នយោបាយ​ និង​ការ​ជួប​ប្រជុំ​គ្រប់​បែប​យ៉ាង​ ជាពិសេស គឺ​​លោក​មិន​អាច​ចាក​ចេញ​ពី​តំបន់​ដែល​លោក​រស់​នៅ​បាន​ឡើយ។ តុលាការ​អនុញ្ញាត​ឱ្យ​លោក​ស្ថិត​នៅក្នុង​លំនៅឋាន​របស់​លោក​នៅ​សង្កាត់​បឹង​កក់​ ២ ខណ្ឌទួល​គោក ប៉ុន្តែ​ហាម​មិន​ឱ្យ​លោក​ចេញ​ពីដែន​ដី​ដែល​ខណ្ឌ​ដោយ​ផ្លូវ​លេខ ៣១៣ ផ្លូវ ៣១១ និង​ផ្លូវ​លេខ ៦០៨ បាន​ឡើយ។ ក្នុង​ករណី​មាន​បញ្ហា​សុខភាព​ត្រូវ​ចេញ​ពី​ព្រំប្រទល់​ដែន​ដីនេះ លោក​ត្រូវ​រាយការណ៍​សុំ​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ ឬ​ចៅ​ក្រម​ដែល​មាន​សមត្ថកិច្ច។ ម្យ៉ាង​វិញ​ទៀត លោក​ក៏​ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះ​ហៅ​ពីគ្រប់​បុគ្គល​​ដែល​ចាត់​តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​ផងដែរ។ លក្ខខណ្ឌ​ទាំងនេះ​ប្រៀប​បាន​នឹង​ការ​ឃុំ​ខ្លួន​លោក​ កឹម សុខា ក្នុង​ផ្ទះ​យ៉ាង​ដូច្នេះ​ដែរ។

ប្រធាន​គ្រប់​គ្រង​ការិយាល័​យ​ឃ្លាំមើល​​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក​ អំ សំអាត ថ្លែង​ថា ការ​ធ្វើ​របៀប​នេះ​ មិន​ខុស​អ្វី​ពី​របប​ដឹក​នាំ​យោធា​ផ្តាច់ការ​នៅ​ភូមា​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​ឡើយ​ ដោយ​មេដឹក​នាំ​បក្ស​ប្រឆាំង​ គឺ​អ្នក​ស្រី អ៊ុងសាន ស៊ូជី ត្រូវ​បាន​គេ​ឃុំឃាំង​ក្នុង​ផ្ទះ​របស់​ខ្លួន​ ដោយ​ហាម​ប្រាមសិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង។ លោក​ថា ការ​ធ្វើ​របៀប​នេះ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​របស់​លោក កឹម សុខា និង​ជា​អនុវត្ត​ផ្ទុយ​ទៅនឹង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​ទាំងឡាយ​ដែល​កម្ពុជា​ទទួល​ស្គាល់៖ «»

ទោះ​ជា​យ៉ាង​ណា មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ថ្លែង​ថា ការ​ដោះ​លែង​លោក កឹម សុខា នៅ​ក្រៅ​ឃុំ​នេះ​ក៏​ជា​ការ​វិវឌ្ឍ​វិជ្ជមាន​ដែរ​ទាក់ទង​នឹង​បញ្ហា​នយោបាយ។ លោក​​ជំរុញ​ឱ្យ​អ្នក​ដឹក​នាំ​នយោបាយ​ខ្មែរ​ងាក​មក​ជជែក​គ្នា​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី ដោយ​ឈរ​លើ​ផល​ប្រយោជន៍​ជាតិ​ជា​ធំ​ ចៀស​វាង​កុំ​បន្ត​ជម្លោះ​នយោបាយ​បែប​នេះ​តទៅ​ទៀត ព្រោះ​វា​មិន​បាន​ផ្តល់​ប្រយោជន៍​អ្វី​ដល់​ជាតិ និង​ប្រជា​ពលរដ្ឋ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល