អ្នក​វិភាគ៖ វត្តមាន​លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​បើក​សមយុទ្ធ​ហនុមាន​មាស​បង្ហាញ​ពី​អំណាច

ដោយ មួង ណារ៉េត
2019.05.05
ហ៊ុន ម៉ាណែត ៦២២ លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​កងទ័ព​ជើងគោក នៃ​កង​យោធពល​ខេមរភូមិន្ទ​។ RFA
RFA

លោក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​លោក ហ៊ុន សែន និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បាន​ដឹកនាំ​បើក​ពិធី​សមយុទ្ធ​ហនុមាន​មាស ដែល​ចាប់ផ្ដើម​ដោយមាន​ការ​បាញ់​គ្រាប់​ពិត នៅ​ទីលាន​បាញ់​គ្រាប់​ពិត​តេជោសែន​ថ្ងៃ​ទី​០៤ ខែ​ឧសភា នេះ។ អ្នកវិភាគ​នយោបាយ​យល់​ថា វត្តមាន​លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​នេះ​គឺ បង្ហាញ​ថា លោក ហ៊ុន ម៉ាណែត មាន​សិទ្ធិ​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​បញ្ជា​ទ័ព និង​អាច​ការពារ​អំណាច​ត្រកូល ហ៊ុន។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាតិ ឲ្យ​ដឹង​ថា សមយុទ្ធ​នេះ​មាន​អាវុធយុទ្ធភណ្ឌ​ដែល​នឹង​ប្រើប្រាស់​ក្នុង​សមយុទ្ធ​ដូចជា កាំភ្លើង​ធំ និង​រថក្រោះ រថពាសដែក រថយន្ត​ពេទ្យ រថយន្ត​ពន្លត់​អគ្គិ ភ័យ រថយន្ត​ដឹកជញ្ជូន និង​ឧទ្ធម្ភាគចក្រ​ជាដើម​។

សមយុទ្ធ​ហនុមាន​មាស​២០១៩​នេះ នឹង​មាន​កម្លាំងយោធា​ចូលរួម​ជិត ១.៦០០​នាក់​(.៥៩៥) ក្នុង​នោះ​មកពី​បណ្ដា​ជំនាញ​តាម​អង្គភាព​វិទ្យាស្ថាន​កងទ័ពជើងគោក បញ្ជាការដ្ឋាន​អង្គរក្ស ទ័ព​ជើង​អាកាស កងពលតូច​ទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១ និង​បញ្ជាការដ្ឋាន ផ្សេងៗ​ទៀត​នៃ​កងទ័ព​ជើង​គោក។

សមយុទ្ធ​បាញ់​គ្រាប់​ពិត​ហនុមាន​មាស ២០១៩​នេះ ធ្វើ​នៅ​ទីលាន​បាញ់​គ្រាប់​ពិត​តេជោសែន​ជុំគិរី ស្ថិតនៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំងវែង ស្រុក​ជុំគិរី ខេត្ត​កំពត​។

ទាក់ទង​ចំពោះ​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​បើក​សមយុទ្ធ​ហនុមាន​មាស​នេះ​អ្នក នាំ​ពាក្យ​ក្រសួងការពារជាតិ​ដដែល​ពន្យល់​ថា ពិធី​នេះ​ជា​ការ​រៀបចំ​ដោយ​កងទ័ពជើងគោក ហើយ​លោក ហ៊ុន ម៉ាណែត ជា​មេបញ្ជាការ​កងទ័ពជើងគោក​។ លោក​អះអាង​ទៀត​ថា សមយុទ្ធ​នេះ​គឺ​មាន​ភាព​រលូន​តាម​ការ​គ្រោង​ទុក។ «»

ប៉ុន្តែ​អ្នកវិភាគ​នយោបាយ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក គឹម សុខ យល់ថា វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​នេះ​មិនមែន ជា​វត្តមាន​សាមញ្ញ​បែបនេះ​ទេ​។ លោក គឹម សុខ យល់​ថា អំណាច​ក្រុម​គ្រួសារ​លោក ហ៊ុន សែន គឺ​ពឹង​ផ្អែកលើ​កម្លាំង​ទ័ព​និង​អាវុធ ដូច្នេះ​លោក​ថា សមយុទ្ធ​នេះ​គឺជា​ការ​បង្ហាញ​ថា​លោក ហ៊ុន ម៉ាណែត មាន​សិទ្ធិ​អំណាច​គ្រប់គ្រាន់​ក្នុង​ការ បញ្ជា​ទ័ព។

កន្លងមក​អ្នកវិភាគ​ថា លោក ហ៊ុន សែន​កំពុង​រៀបចំ​យុទ្ធសាស្ត្រ ដើម្បី​លោក ហ៊ុន ម៉ាណែត អាច​ឡើង​ស្នង​ដំណែង​លោក​ទៅ​ថ្ងៃ​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។