លោក ហ៊ុន ម៉ាណែត បង្ហាញ​លទ្ធផល​ស្ទង់មតិ​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​ល្អ​ជាង​ឪពុក

ដោយ ខាន់ លក្ខិណា
2024.03.05
លោក ហ៊ុន ម៉ាណែត បង្ហាញ​លទ្ធផល​ស្ទង់មតិ​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​ល្អ​ជាង​ឪពុក លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងកម្មវិធីធុរកិច្ច នាទីក្រុងម៊ែលប៊ន ប្រទេស​អូស្ត្រាលី នៅថ្ងៃទី៥ មីនា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

លោក ហ៊ុន ម៉ាណែត អះអាង​ថា ការស្ទង់មតិ​មួយ​បង្ហាញ​ថា រដ្ឋាភិបាល​ថ្មី​របស់​លោក​ដឹកនាំ​ត្រូវ​ជាង រដ្ឋាភិបាល​ឪពុក​របស់​លោក។ ប៉ុន្តែ​ប្រជាពលរដ្ឋ និង​អ្នកឃ្លាំមើល​ថា ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត កាន់តែ​ធ្វើ​ឱ្យ​ពួកគាត់​វេទនា​ជាង​មុន ហើយ​ថា គំរូ​ដឹកនាំ​របស់ លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន ជា​ឪពុក​មាន​ពុម្ព​តែមួយ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ថ្លែង​កាល​ពី​ថ្ងៃទី​៣ មីនា ពី​ប្រទេស​អូស្ត្រាលី​ថា លទ្ធផល​ស្ទង់​មតិ​មួយ នៅ​ខែ​មករា ឆ្នាំ​២០២៤ មាន​ប្រជាពលរដ្ឋ ៨២ ភាគរយ (៨២%) យល់​ឃើញ​ថា រដ្ឋាភិបាលរបស់​លោក​ដឹកនាំ​ត្រូវ គឺ​ច្រើន​ជាង​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​ឪពុក​លោក​ទៅ​ទៀត។

លោក​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ជា​ឪពុក កាលពី​អាណត្តិ​មុន មាន​មតិ​យល់​ឃើញ​អំពី​ការ​ដឹកនាំ​ត្រូវ ត្រឹម ៧៧​ភាគរយ (៧៧%)

យ៉ាងណា ពេល​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​នោះ លោកនាយក​រដ្ឋមន្ត្រី មិនបាន​ប្រាប់​ឱ្យ​ដឹង​ទេ ថា​ស្ថាប័ន​ជំនាញ​អន្តរជាតិ​ណាមួយ ជា​អ្នក​ធ្វើ​ការ​ស្ទង់មតិ​នោះ ដោយ​គ្រាន់តែ​និយាយ​ថា អង្គការ​អន្តរជាតិ​មួយ​ជា​ឯកជន ដែល​មាន​អ្នក​ជំនាញ​ពី​អាមេរិក និង​ប្រទេស​ជាច្រើន​ទៀត។

លោក ហ៊ុន ម៉ាណែត៖ «មាន​ប្រជាជន​ច្រើនណាស់​នៅចាំ​មើល ហើយ​បុក​ពោះ ព្រោះ ធ្លាប់តែ​ធី​ម (Team) ដែល​ដឹកនាំ​ដោយ​សម្ដេច​តេជោ និង ធីម​ដែល​ដឹកនាំ ៤០​ឆ្នាំ ធីម (Team)​ថ្មី​ហ្នឹង​ម៉េច​ចេះ ទន់​ល្វក់​អ៊ីចឹង ចេញ​មក​រឿង​បញ្ហា សេដ្ឋកិច្ច​ផង ឥឡូវ​បញ្ហា​អចលនទ្រព្យ ដោះស្រាយ​បាន​អត់ តិច​រញ៉េរញ៉ៃ»

លោក ហ៊ុន ម៉ាណែត ទទួលស្គាល់​ថា ការ​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​របស់​លោក ដំបូង​ពិត​ជា​មាន​ភាព​ច្របូកច្របល់ ពីព្រោះ​មាន​ការ​បារម្ភ​ថា រដ្ឋាភិបាល​ថ្មី​បញ្ជា​កម្លាំង​មិន​បាន ហើយ​លោក​និយាយ​គ្មាន​អ្នក​ស្ដាប់ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្លាច​បាត់​ស្ថិរភាព និង​សន្តិសុខ។

លោក ហ៊ុន ម៉ាណែត៖ «តើ​ប្រជាពលរដ្ឋ​មាន​ភាព​កក់ក្ដៅ​កម្រិត​ណា​ជាមួយ​រដ្ឋាភិបាល​ក្រោយ​ការ​បោះឆ្នោត​? តើ​រដ្ឋាភិបាល​ថ្មី​នេះ បំពេញ​នូវ​សេចក្ដី​ត្រូវ​ការ​របស់​បង​ប្អូន ធានា​សន្តិសុខ​សុវត្ថិភាព​ដាក់​គោល​នយោបាយ ត្រូវចិត្ត​អត់ ឬ​យ៉ាងម៉េច?»

ប្រជាពលរដ្ឋ​និង​កម្មករ រួម​ទាំង​សកម្មជន​លើកឡើង​ថា ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី​នេះ កាន់តែ​ធ្វើ​ឱ្យ​ជីវិត​របស់​ពួកគាត់​រស់នៅ​វេទនា និង​យ៉ាប់យ៉ឺន​ជាង​មុន។

ពលរដ្ឋ​នៅ​តំបន់​បឹងតាមោក ក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ លោកស្រី ស៊ា ដាវី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថ្ងៃទី៤ មីនា ថា ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី ពួកគាត់​រស់នៅ​មិន​មាន​ភាព​កក់ក្ដៅ​នោះ​ទេ ពីព្រោះ​មន្ត្រី​និង​អាជ្ញាធរ​មូលដ្ឋាន​ប្រើ​ហិង្សា ហើយ​តែងតែ​គំរាមកំហែង​បង្ខំ​ឱ្យ​ពួកគាត់​ចេញពី​លំនៅឋាន ដោយ​មិន​មាន​ដំណោះស្រាយ​សមស្រប​ឱ្យ​ប្រជាពលរដ្ឋ​ឡើយ។

លោកស្រី​ថា អាជ្ញាធរ​រដ្ឋាភិបាល ឱ្យ​ពួកគាត់​រុះរើ​ផ្ទះ ដែល​រស់នៅ​យូរ​ឆ្នាំ​ណាស់​មក​ហើយ ដើម្បី​យក​ដីធ្លី​តំបន់​នោះ ទៅ​អភិវឌ្ឍន៍ និង​ធ្វើ​ប្រឡាយ​រំដោះ​ទឹក ទាំង​មិន​បាន​សិក្សា​ពី​ផល​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ សង្គម និង​បរិស្ថាន។

លោកស្រី ស៊ា ដាវី៖ «ការរំលោភ​ដីធ្លី​កាន់តែ​សាហាវៗ​ទៅ ឥឡូវ​គេ​ត្រៀម​ប្ដឹង​ពួក​បង​ទៀតហើយ មិនដឹង​ថា ជាប់​បណ្ដឹង​នៅ​តុលាការ​ប៉ុន្មាន​នាក់​ទៀត ដែល​នៅ​ថ្ងៃទី ២៧ កុម្ភៈ ហ្នឹង​ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​ហើយ ឥឡូវ​រៀបចំ​គម្រោង​ចាប់ផ្ដើម​ប្ដឹង​ប្រជាពលរដ្ឋ​ទៀត​។ បង​មិនឃើញ​កន្លែង​ណា​ប្រសើរ​ទេ ដូច​កាន់តែ​វេទនាៗ​ទៅ ដូច​រស់នៅ​រាល់ថ្ងៃ​ពិបាក​ជាង​ស្លាប់»

ចំណែកឯ អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​ល្បែង​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម សុខន លើកឡើង​ថា ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​មាន​អ្វី​កែប្រែ​ទេ ព្រោះ​រឿង​វិវាទ​ការងារ​របស់​ពួកគាត់​ជាង ២​ឆ្នាំ​ហើយ តាំង​ពី​អាណត្តិ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ឪពុក​ដល់​កូន​សព្វថ្ងៃ នៅតែ​មិនទាន់​ទទួល​បាន​ដំណោះស្រាយ។

កញ្ញា​យល់​ថា ការ​ដឹកនាំ​ត្រូវ គឺ​ទាល់តែ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ជា​អាទិភាព ក្នុង​ការ​ដោះស្រាយ​ទុក្ខ​លំបាក និង​រឿង​អយុត្តិធម៌ ដែល​កើត​ឡើងលើ​ប្រជាពលរដ្ឋ ដោយ​មិន​លំអៀង។

កញ្ញា ឈឹម សុខន៖ «អាណត្តិ​របស់​គាត់​ប្រជាពលរដ្ឋ​មាន​ភាព​កក់ក្ដៅ​ម៉េច​? ពួក​បង​នៅ​ទាមទារ​ឡើង​ចង់ ៣ ឆ្នាំ​ហើយ​គ្មាន​ឃើញ​អ្នកណា​អើយ​ផង ហើយ​បង​ក៏​ប្រជាពលរដ្ឋ​ដូច​គេ​ដែរ ហើយ​នៅ​តំបន់​ផ្សេងៗ​អ្នក​ជម្លោះដីធ្លី​ច្រើន​ទៀត​។ បង​មិន​មើល​ឃើញ​ថា មាន​ការ​ដោះស្រាយ​អី​ទេ វា​នៅ​ដដែល ដូច​ចង់​យ៉ាប់​ជាង​មុន​ទៀត»

លោក ហ៊ុន ម៉ាណែត បាន​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី បន្ត​ពី​ឪពុក​របស់ លោក​ជាង ៦ ខែ​មក​ហើយ ប៉ុន្តែ​ក្នុង​រយៈពេល​ជាង​កន្លះ​ឆ្នាំនេះ គេ​សង្កេត​ឃើញ​ថា លោក ហ៊ុន ម៉ាណែត មិនទាន់​អាច​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ ដែល​បន្សល់​ទុក​ពី​រដ្ឋាភិបាល​ឪពុក​របស់​លោក​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។

រឿង​សំខាន់ៗ ដែល​ជា​វិបត្តិ​កកស្ទះ​មិន​បាន​ដោះស្រាយ រួម​មាន វិបត្តិ​នយោបាយ​ជាតិ វិបត្តិ​ធ្លាក់ចុះ​ប្រជាធិបតេយ្យ ការ​រំលោភ​សិទ្ធិមនុស្ស ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកមាន​មតិផ្ទុយ វិវាទ​ដីធ្លី​របស់​ពលរដ្ឋ វិវាទ​ការងារ​រ៉ាំរ៉ៃ​របស់​បុគ្គលិក​ណាហ្គាវើលដ៍ ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ ព្រៃឈើ រ៉ែ បញ្ហា​គ្រឿងញៀន អំពើ​ហិង្សា ល្បែងស៊ីសង ការ​ជួញដូ​មនុស្ស និង​ជម្លោះ​ដែល​ក្រុមហ៊ុន​ឧកញ៉ា​បុរី​ផ្ទះល្វែង គ្មាន​ផ្ទះ​ឱ្យ​អតិថិជន រួម​ទាំង​បញ្ហា​កើតឡើង​ថ្មីៗ​ទៀត ដូចជា ការ​បោកប្រាស់​ប្រជាពលរដ្ឋ ឱ្យ​យក​ប្រាក់​ទៅ​វិនិយោគ ដោយ​ក្រុមហ៊ុន​ឧកញ៉ា​មួយចំនួន ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជាប់បំណុល​ធនាគារ​វ័ណ្ឌក​ជាដើម។

សមាជិក​ស្ត្រី​ថ្ងៃ​ស្រុក លោកស្រី ព្រំ ចាន់ថា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៤ មីនា ថា គំរូ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន ជា​ឪពុក​មាន​ពុម្ព​តែមួយ ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ និង​ប្រជា​ពលរដ្ឋ​រងគ្រោះ​គ្រប់​វិស័យ។

គ្រួសារ​លោកស្រី ព្រំ ចាន់ថា រងគ្រោះ​យ៉ាង​អយុត្តិធម៌ តាំងពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ លោក ហ៊ុន សែន ជា​ឪពុក​ដល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ជា​កូន ដោយ​ប្ដី​របស់​លោកស្រី គឺ​លោក កាក់ កុម្ភារ សកម្មជន​បក្ស​ប្រឆាំង កំពុង​ជាប់​ពន្ធនាគារ រីឯ​កូនប្រុស​របស់​លោក​ស្រី គឺ​យុវជន កាក់ សុវណ្ណច្ឆ័យ ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច វាយ​បណ្ដាល​ឱ្យ​បែកក្បាល​ដេរ ២០​ថ្នេរ កាល​ពី​ពេល​កន្លង​មក។

លោកស្រី ព្រំ ចាន់ថា និយាយ​ថា ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បច្ចុប្បន្ន ដែល​បន្ត​មរតក​ពី​លោក ហ៊ុន សែន គឺ​កាន់តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​វេទនា​ជាង​មុន​ទៅ​ទៀត។

លោកស្រី ព្រំ ចាន់ថា៖ «វា​មានការ​លើកឡើង​ប្រជាពលរដ្ឋ​ដែល​នៅ​លក់ដូរ​តាម​ផ្សារ​ហ្នឹង គឺ​សេដ្ឋកិច្ច គឺ​យ៉ាប់​តែម្ដង​។ អ៊ីចឹង​មិន​ដឹង​ថា លោក​យក​អី​មក​គិតថា អ្វី​ដែល​លោក​ដឹកនាំ​ទៅ​ល្អ​ជាង​លោកឪពុក​ហើយ ៨០ ភាគរយ។ តាម​ហាង​តាម​អី​ទាំងអស់​គឺ​វា​គាំង​ទាំងអស់​តែម្ដង ហើយ​បើ​រឿង​ដីធ្លី​អី ហើយ​បាន​តាម​ដី​អី​ក៏​គាំង​ដែរ សុទ្ធតែ​កន្លែង​លក់​ទាំងអស់​ម្ដង ហើយ​មិន​ដឹង​ឃើញ​ថា ម៉េច​ល្អ ខ្ញុំ​អត់​យល់​មានតែ​ការ​ចាប់​របស់​ប្រជាពលរដ្ឋ​យំ​ស្រែក បូករួម​ទាំង​ដីធ្លី និយាយ​រួម​គ្រប់មុខ​គ្រប់សព្វ​តែម្ដង ហើយ​បើ​រឿង​អ្នក​នយោបាយ វា​ហួស​ពី​ការ​ឈឺ​ចាប់​ហើយ»

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​ថា របប​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត គឺ​ជា​របប​ទុច្ចរិត ពាល​ស៊ី​ពាល​ដូចគ្នា ដូច្នេះ ពុំ​មាន​ការ​កែ​ទម្រង់​ឱ្យ​ប្រសើរ​ឡើង ដើម្បី​ជួយ​ជាតិ និង​ប្រជាពលរដ្ឋ​នោះ​ទេ។

លោក ម៉ែន ណាត៖ «ចង់ឱ្យ​កែប្រែ​ប្រព័ន្ធ​យុត្តិធម៌​ក៏​អត់​បាន​ចង់​ឱ្យ​ប្រជាពលរដ្ឋ​បាន​សុខសាន្ត​គ្រប់គ្នា គឺ​អត់​បាន​សុខសាន្ត ព្រោះ​ជន​ទុច្ចរិត​វា​មិនដែល​ផ្ដល់​សេចក្ដីសុខ​ឱ្យ​អ្នកណា​ទាំងអស់​ក្រៅពី​ក្រុម​បក្ខពួក​ខ្លួនឯង​។ សូម្បីតែ​ក្រុម​បក្ខពួក​ខ្លួនឯង​ក៏​ត្រូវ​ពាល​ស៊ី​ពាល​ជាមួយគ្នា​ដែរ​។ អ្នកណា​ដែល​មាន​ប្រយោជន៍​ច្រើន​ជាង អ្នក​ហ្នឹង​អាច​នៅ​បាន​យូរ​អង្វែង»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ​នៅ​ថ្ងៃទី៤ មីនា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

សន្ទស្សន៍​ប្រជាធិបតេយ្យ របស់​អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច (Economist Intelligence Unit) ហៅ​កាត់​ថា អ៊ី.អាយ.យូ ចេញផ្សាយ​កាលពី​ថ្ងៃទី​១៥ ខែ​កុម្ភៈ នៅតែ​បន្ត​ដាក់​ចំណាត់ថ្នាក់​កម្ពុជា ជា​ប្រទេស​ដែលមា​ន​របប​ដឹកនាំ​បែប​ផ្ដាច់ការ សម្រាប់​ឆ្នាំ​២០២៣ គឺ​អាក្រក់​ជាង​ឆ្នាំមុនៗ​ទៅទៀត ដោយ​កម្ពុជា​ជាប់​លេខ ១២១ ក្នុងចំណោម​ប្រទេស និង​ដែនដី​សរុប ១៦៧ នៅ​លើ​សាកលលោក។ការ​ដាក់​ចំណាត់ថ្នាក់​នេះ ដោយ​អង្គភាពEIU ថា វាយតម្លៃ ដោយ​ផ្អែកលើ​ចំណុច​សំខាន់​មួយ​ចំនួន រួម​មាន ដំណើរ​ការ​បោះឆ្នោត មុខងារ​របស់​រដ្ឋាភិបាល ការចូលរួម​នយោបាយ វប្បធម៌​នយោបាយ និង​សេរីភាព​សង្គម​ស៊ីវិល។

របាយការណ៍​បញ្ជាក់​ថា ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍​រួមមាន កម្ពុជា បង់ក្លាដេស (Bangladesh) ប៉ាគីស្ថាន (Pakistan) ស្រីលង្កា (Sri Lanka) និង​ប្រទេស​ថៃ បាន​ធ្លាក់​ចុះ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ជា​បន្តបន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។