លោក ហ៊ុន សែន ប្ដេជ្ញា​រក្សា​សន្តិភាព​ឲ្យ​បាន​ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ

ដោយ ថា កិត្យា
2017.02.27
ហ៊ុន សែន ៨៥៥ ២០១៦ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «អគារ​មរតក​តេជោ» នា​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA/Brach Chev

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញា​រក្សា​សន្តិភាព​ឲ្យ​បាន ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ ហើយ​មិន​ត្រូវ​យក​បញ្ហា​សិទ្ធិ​មនុស្ស​មក​បង្ក​ជា​បញ្ហា​នៅ​កម្ពុជា នោះ​ឡើយ។ រីឯ​អ្នក​វិភាគ​ចាត់​ទុក​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន ជា​ការ​គំរាម​កំហែង​ច្រើន​ជាង។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​លើក​ឡើង​ជា​ញឹកញាប់​ពី​តម្លៃ​នៃ​សន្តិភាព ហើយ​លោក​ថែម​ទាំង​ព្រមាន​កម្ទេច​អ្នក​ណា​ដែល​ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌ ឬ​ចង់​បំផ្លាញ​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ថ្លែង​ក្នុង​កម្មវិធី​ប្រារព្ធ​ទិវា​ជាតិ​ទីក្រុង​ស្អាត​ឆ្នាំ​២០១៧ នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ។ ទន្ទឹម​គ្នា​នេះ លោក​បញ្ជាក់​ថា មិន​ត្រូវ​យក​បញ្ហា​សិទ្ធិ​មនុស្ស​មក​បង្ក​ជា​បញ្ហា និង​អសន្តិសុខ​នៅ​កម្ពុជា នោះ​ឡើយ«ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ ត្រូវ​រក្សា​សន្តិភាព​ឲ្យ​បាន។ រឿង​ស្អី​​ផ្សេង​ទៀត គឺ​និយាយ​គ្នា​ក្រោយ តែ​អ្នក​ណា​បំផ្លាញ​សន្តិភាព​ហើយ អ្នក​ឯង​ត្រូវ​ទទួល​នូវ​ទណ្ឌកម្ម​ពិត​ប្រាកដ​មួយ មិន​អាច​មើល​រំលង​បញ្ហា​នេះ​បាន​ទេ។ អ្នក​ឯង​និយាយ​ពី​សិទ្ធិ​មនុស្ស​ហ្អេស៎! ដើម្បី​សិទ្ធិ​មនុស្ស​ពីរ​បី​នាក់ បំផ្លាញ​ប្រទេស​ជាតិ​ទាំងមូល អ្នក​ឯង​និយាយ​ពី​សិទ្ធិ​អី? សិទ្ធិ​ដែល​អ្នក​ឯង​សម្លាប់​ប្រជាជន​រាប់​ម៉ឺន​រាប់​លាន​នាក់។ តើ​អ្នក​ឯង​ស្គាល់​សិទ្ធិ​ទេ? កុំ​និយាយ​ពី​សិទ្ធិ សិទ្ធិ​ដូច​សព្វថ្ងៃ​នេះ​សិទ្ធិ​រស់​រាន​មាន​ជីវិត សិទ្ធិ​មាន​អ្វីៗ​ដែល​កំពុង​ធ្វើ​រាល់​ថ្ងៃ​នេះ អា​ហ្នឹង​បាន​គេ​ហៅ​សិទ្ធិ។ សិទ្ធិ​ដោយ​អានាធិបតេយ្យ គឺ​ជា​សិទ្ធិ​បំផ្លាញ​ជាតិ​តែ​ប៉ុណ្ណោះ។ យើង​ទទួល​សិទ្ធិ ប៉ុន្តែ​មិន​មែន​សិទ្ធិ​អនាធិបតេយ្យ​ទេ គឺ​ជា​សិទ្ធិ​នៃ​នីតិរដ្ឋ ត្រូវ​យល់​គ្នា​ឲ្យ​ច្បាស់​លើ​រឿង​នេះ។ សង្ឃឹម​ថា​មិត្តភ័ក្ដិ​បរទេស​យល់​ច្បាស់​អំពី​រឿង​នេះ»

កាល​ពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ឲ្យ​ត្រៀម​ក្ដារ​មឈូស បើ​ជន​ណា​ចង់​ធ្វើ​បដិវត្តន៍​ពណ៌។

ការ​ប្រកាស​រក្សា​សន្តិភាព​នៅ​ពេល​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពន្យល់​ថា ដើម្បី​បង្កើន និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ ព្រោះ​កាលណា​បើ​សង្គម​មួយ​មិន​មាន​សន្តិភាព និង​ស្ថិរភាព​ហើយ​នោះ គឺ​គ្មាន​អ្នក​ទេសចរ​ណា​ទៅ​លេង​កម្សាន្ត​ឡើយ។ លោក​បាន​លើក​ឧទាហរណ៍​ថា តំបន់​ប្រាសាទ​អង្គរ ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ និង​មាន​សក្ដានុពល​បំផុត​របស់​កម្ពុជា មិន​មែន​ទើប​កើត​មាន​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ ប៉ុន្តែ​មូលហេតុ​ដែល​ក្នុង​ទសវត្សរ៍​ឆ្នាំ​៧០ មិន​មាន​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត ដោយសារ​តែ​ភ្លើង​សង្គ្រាម។

ការ​ប្រកូកប្រកាស​អំពី​រឿង​ការពារ​សន្តិភាព​នេះ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ក្រោយ​ពី​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ថា «សន្តិភាព​ពិត គឺ​សន្តិភាព​ទាំង​រូប​កាយ (ខាង​ក្រៅ) និង​សន្តិភាព​ទាំង​ផ្លូវ​ចិត្ត (ខាង​ក្នុង)។ ការ​បញ្ចប់​សង្គ្រាម​ប្រដាប់​អាវុធ គឺ​ជា​ផ្នែក​មួយ​នៃ​សន្តិភាព​ក៏​ពិត​មែន​ហើយ។ ផ្ទុយ​ទៅ​វិញ ការ​ដែល​នៅ​តែ​ធ្វើ​ឲ្យ​ខ្មែរ​បែកបាក់​គ្នា ឈឺ​ចាប់​ទាំង​ផ្លូវ​កាយ ទាំង​ផ្លូវ​ចិត្ត​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដោយ​អយុត្តិធម៌​ពី​សំណាក់​អ្នក​មាន​បំពាន​អ្នក​ក្រ អ្នក​ខ្លាំង​រាំង​ខ្ទប់​អ្នក​ខ្សោយ អ្នក​ឈ្នះ​គាប​សង្កត់​អ្នក​ចាញ់។ នេះ​ហើយ​គឺ​ជា​មូលហេតុ​នាំ​ឲ្យ​មាន​ការ​ប្រឆាំង​កាន់​តែ​ច្រើន​ទៅៗ ដូច​ពាក្យ​ស្លោក​មួយ​បាន​ចែង​ថា ទីណា​មាន​ការ​ជិះ​ជាន់ ទីនោះ​មាន​ការ​រើ​បម្រះ»

រីឯ​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន អំពី​ការ​ការពារ​សន្តិភាព ប៉ុន្តែ​លោក​ចង់​ឃើញ​កម្ពុជា មាន​សន្តិភាព​តាម​បែប​ប្រជាធិបតេយ្យ«ខ្ញុំ​ចង់​ឃើញ​កម្ពុជា មាន​សន្តិភាព​បែប​ប្រជាធិបតេយ្យ គឺ​ជា​សន្តិភាព​ដែល​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព ពលរដ្ឋ​អាច​ប្រើប្រាស់​សិទ្ធិ ហើយ​ពលរដ្ឋ​ស្ថិត​នៅ​ក្រុម​ច្បាប់​ស្តង់ដារ​តែ​មួយ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ឃើញ​សន្តិភាព​ដែល​ស្ថិត​នៅ​ក្រោម​ការ​គាប​សង្កត់ ឬ​សន្តិភាព​ស្ថិត​នៅ​ក្រោម​ការ​គំរាម​កំហែង​នោះ​ទេ»

លោក សូ ចន្ថា បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ គឺ​លោក​មើល​មិន​ឃើញ​ថា មាន​ចលនា​ណា​មួយ​ដែល​នាំ​ឲ្យ​កើត​មាន​សង្គ្រាម ឬ​អស្ថិរភាព​នៅ​ក្នុង​សង្គម​នោះ​ទេ។ ចំពោះ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ពេល​នេះ លោក​យល់​ថា​អាច​ជា​ការ​គំរាម​កំហែង​ច្រើន​ជាង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។