អ្នក​គាំទ្រ​បក្ស​ប្រឆាំង​រិះគន់​លោក​ ហ៊ុន សែន​ ថា ជា​បុគ្គល​ក្រាញ​អំណាច ពេល​លោក​ប្រកាស​ធ្វើ​នាយករដ្ឋមន្ត្រី​រហូត​ដល់​អ្នក​ប្រឆាំង​ស្លាប់

ដោយ ទីន ហ្សាការីយ៉ា
2019-03-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក​ ហ៊ុន សែន ក្នុង​ឱកាស​ជួប​​​ពលរដ្ឋ និង​និស្សិត​ខ្មែរ​ក្នុង​ប្រទេស​ជប៉ុន​ កាល​ពីថ្ងៃ​ទី៧ ខែ​តុលា ឆ្នាំ ២០១៨។
មេដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក​ ហ៊ុន សែន ក្នុង​ឱកាស​ជួប​​​ពលរដ្ឋ និង​និស្សិត​ខ្មែរ​ក្នុង​ប្រទេស​ជប៉ុន​ កាល​ពីថ្ងៃ​ទី៧ ខែ​តុលា ឆ្នាំ ២០១៨។
រូប៖ ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​មួយ​ចំនួន​រិះគន់​​លោក ​ហ៊ុន សែន មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ថា ជា​បុគ្គល​កោង​កាច​គំរាមកំហែង​ឈ្នានីស​ខ្មែរ​គ្នា​ឯង ដើម្បី​បន្ត​ក្ដោបក្ដាប់​អំណាច​របស់​ខ្លួន​ទៅ​មុខ​ទៀត។ ការ​រិះគន់​នេះ ដោយសារ​តែ​លោក ហ៊ុន សែន បាន​ប្រកាស​ជា​ថ្មី​ថា លោក​នឹង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​រហូត​ដល់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ស្លាប់​អស់។ អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ថា ការ​ដឹក​នាំ​ប្រទេស​យូរ​អង្វែង​ពេក​គឺ​​ខុស​ពី​គោល​ការ​ប្រជាធិបតេយ្យ។

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បាត់ដំបង​ លោក ឌឹម សារឿន ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២០ មីនា​ថា ពួក​គាត់​មិន​គាំទ្រ​ឲ្យ​លោក ហ៊ុន សែន​ ដឹក​នាំ​ប្រទេស​តទៅ​មុខ​ទៀត​នោះ​ទេ ព្រោះ​លោក​បាន​កាន់​អំណាច​ជិត ៤០ឆ្នាំ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​នៅ​តែ​ក្រីក្រ ហើយ​កាន់​តែ​ក្រ​ជាង​មុន។

លោក​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ដែល​ចង់​ក្ដោប​ក្ដាប់​អំណាច​រហូត​ដល់​ថ្នាក់​ដឹក​​នាំ​បក្ស​ប្រឆាំង​ស្លាប់​អស់​នេះ គឺ​ជា​សំដី​អវិជ្ជមាន​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ក្នុង​គោលបំណង​ដើម្បី​បាន​ក្រាញ​អំណាច​បន្ត​ទៅ​មុខ​ទៀត៖ «គាត់​ធ្វើ​តែ​ដើម្បី​អំណាច​ផ្ទាល់​ខ្លួន​គាត់​ និង​ក្រុម​គ្រួសារ​គាត់ ដោយ​មិន​គិត​ពី​ប្រទេស​ជាតិ​រីក​ចំរើន​នោះ​ទេ។ កាល​ណា​គាត់​ចាប់​យក​ប្រទេស​សេរី​​ គាត់​បាត់បង់​អំណាច​ហើយ​ ព្រោះ​គាត់​ធ្វើ​អាក្រក់​លើស​លុប​ពេក​ គាត់​អភិវឌ្ឍន៍​បែប​ឡប់ឡែ​ ដោយ​គាត់​ខ្ចី​លុយ​គេ​យក​អភិវឌ្ឍន៍​មែន ក៏ប៉ុន្តែ​បែប​ធ្វើ​តិច​ចំណេញ​ច្រើន»

ចំណែក​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ម្នាក់​ទៀត​ លោក ម៉ោញ សារ៉ាត់​ មាន​ប្រសាសន៍​ថា លោក ហ៊ុន ហ៊ុន ប្រហែល​ជា​មិន​ចង់​មាន​ដំណោះ​ស្រាយ​នយោបាយ​ ដើម្បី​ឲ្យ​ប្រទេស​មាន​ការ​រីក​ចំរើន​ឆាប់​រហ័ស​ទេ បាន​ជា​លោក​ចង់​កម្ទេច​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​នោះ។ លោក​ថា ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​រូប​នេះ​ នឹង​មិន​អាច​ក្រាញ​អំណាច​បាន​យូរ​អង្វែង​ដូច​ការ​ស្រមើស្រមៃ​របស់​ខ្លួន​នោះ​ឡើយ ពី​ព្រោះ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុន​នេះ ប្រជាពលរដ្ឋ​ប្រហែល​កន្លះ​នគរ​នឹង​រួម​គ្នា​ទៅ​ទទួល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យ​រស់​ឡើង​វិញ៖ «គាត់​មាន​ទាំង​ទ្រព្យសម្បត្តិ​ មាន​កេរ្តិ៍ឈ្មោះ​ មាន​ទាំង​អំណាច​ ហើយ​​គាត់​ក្រឡេក​មើល​មក​ទិដ្ឋភាព​ដែល​គាត់​គួរ​តែ​ទទួល​យក គឺ​គួរ​តែ​គាត់​ធ្វើ​បរិយាកាស​នេះ​ឲ្យ​វា​ទូលាយ​ឲ្យ​វា​ចំហ និង​មាន​សេរីភាព​ បើ​សិន​ជា​ការ​​ប្រកួតប្រជែង​ទៅ​ថ្ងៃ​ក្រោយ​គាត់​ឈ្នះ​ក៏​ដោយ​គាត់​ចាញ់​ក៏​ដោយ​សូម​ឲ្យ​គាត់​ទទួល​យក​ការ​ពិត​ នោះ​អ្វីៗ ដែល​គាត់​មាន​សព្វថ្ងៃ​នឹង​គង់វង្ស​ គឺ​គាត់​មិន​គួរ​ក្រាញ​សម្រាប់​ទៅ​វិនាស​នៅ​ចុង​ក្រោយ​ទេ»

ប្រតិកម្ម​របស់​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នេះ​ ដោយសារ​តែ​លោក​ ហ៊ុន សែន បាន​ប្រកាស​ជា​ថ្មី​ទៀត​ថា លោក​នឹង​មិន​ចុះ​ចេញ​បី​អំណាច​នោះ​ទេ ល្គឹក​ណា​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​នៅ​មាន​ដង្ហើម​ដក​នោះ។ លោក ហ៊ុន សែន​អះអាង​ថា ក្រុម​បក្ស​ប្រឆាំង​គ្មាន​លទ្ធភាព​ដឹក​នាំ​ប្រទេស​ឲ្យ​មាន​សុខ​សន្តិភាព​បាន​ទេ។ លោក​ថា គោលនយោបាយ​របស់​គណបក្ស​មួយ​នេះ​មិន​ខុស​ពី​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​នោះ​ទេ ព្រោះ​មិន​ទាន់​បាន​ឡើង​កាន់​អំណាច​ផង​បាន​ប្រកូកប្រកាស​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ធ្វើ​ចម្បាំង​រាំងជល​ជា​មួយ​របប​លោក​ទៅ​ហើយ ដូច្នេះ​អំពើ​សងសឹក​វា​នឹង​កើត​ឡើង​ដូច​របប​ខ្មែរ​ក្រហម៖ «អីចឹង​បាន​ជា​ពូ​ឲ្យ​សារ​បន្ថែម​ទៀត​ បើ​សិន​ជា​ពួក​មេ​ចង្រៃ​អស់​នោះ​មិន​ទាន់​ងាប់​អស់​ទេ​ បើ​វា​នៅ​តែ​មាន​ពិសពុល​ពូ​នៅ​តែ​បន្ត​ធ្វើ​ ព្រោះ​លទ្ធភាព​របស់​ពូ​អាច​បង្ក្រាប​ពួក​​វា​បាន​ គ្មាន​អ្នក​ណា​សាហាវ​ព្រៃផ្សៃ​ជាង​ ប៉ុល ពត ​ទេ នយោបាយ​ច្រេះ​ស៊ីដែក​របស់​ ប៉ុល ពត ពូ​បង្ក្រាប​វា​បាន ផ្ដួល​អាឯង​ទាល់​តែ​បាន ទប់ស្កាត់​ឯង​ទាល់​តែ​បាន អាឯង​ដាក់​នយោបាយ​ច្រេះ​ស៊ីដែក​ អញ​ដាក់​នយោបាយ​ឈ្នះៗ»

លោក​ ហ៊ុន សែន​បន្ត​ទៀត​ថា​ រដ្ឋធម្មនុញ្ញ​មិន​បាន​កំណត់​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី​នោះ​ទេ ដូច្នេះ​លោក​អាច​ដឹក​នាំ​ប្រទេស​តទៅ​មុខ​ទៀត​ប៉ុន្មាន​ឆ្នាំ​ក៏​បាន​ដែរ​ ប្រសិន​បើ​ប្រជាពលរដ្ឋ​នៅ​តែ​បោះឆ្នោត​ឲ្យ​លោក​នោះ។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​និង​តស៊ូ​មតិ​អង្គការ​ ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស ​លើក​ឡើង​ថា​ បើ​ទោះ​ជា​នៅ​កម្ពុជា​មិន​មាន​ច្បាប់​​​កំណត់​ចំនួន​អាណត្តិ​​នាយករដ្ឋមន្ត្រី​ក៏​ដោយ​ ក៏​​ការ​ដឹក​នាំ​ប្រទេស​លើស​ពី ១០ឆ្នាំ គឺ​ជា​រឿង​មិន​ល្អ​ឡើយ​ ព្រោះ​ជា​ការ​ធ្វើ​ឲ្យ​​យុវជន​ជំនាន់​ក្រោយ​ ដែល​មាន​ចំណេះ​ដឹង​ថ្មីៗ មិន​មាន​ឱកាស​បាន​ឡើង​ទៅ​ដឹក​នាំ​ប្រទេស ដើម្បី​អភិវឌ្ឍន៍​ឲ្យ​មាន​ការ​រីក​ចំរើន​បាន​​​ទេ។ លោក​ថា ប្រទេស​ប្រជាធិបតេយ្យ​ដែល​មាន​ការ​អភិវឌ្ឍន៍​ជឿនលឿន​ គឺ​មាន​ការ​ផ្លាស់​ប្ដូរ​មេ​ដឹក​នាំ​យ៉ាង​យូរ​បំផុត ១០ឆ្នាំ៖ «អីចឹង​ការ​ប្រកួត​ប្រជែង​ផ្នែក​នយោបាយ​បាន​ន័យ​ថា រាល់​គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ គឺ​វា​អត់​ដូច​គ្នា​ទេ​ គឺ​គេ​បើក​ចំហ​ឲ្យ​ការ​ប្រកួត​ មិន​មែន​ការ​ប្រកួត​ដោយ​ចុង​កាណុង​ ប្រកួត​ដោយ​ការ​កម្ទេច​គ្នា​ទៅ​វិញ​ទៅ​មក​ គឺ​អត់​មាន​ទេ​ យើង​មើល​ប្រទេស​គេ គឺ​គេ​ធ្វើ​សំខាន់ គឺ​នយោបាយ​នឹង​ គឺ​ប្រកួត​ចំណុច​ណា​​ដែល​សម្រាប់​ដឹក​នាំ​ប្រជាពលរដ្ឋ​ គឺ​ជា​ការ​ប្រសើរ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ថា ស្ថានការណ៍​នយោបាយ​សព្វ​ថ្ងៃ​ហាក់​មិន​បាន​ផ្ដល់​ចំណេញ​ដល់​សង្គម​ជាតិ​ជាតិ​ទេ​ ដូច្នេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​សូម​ឲ្យ​​មេ​ដឹក​នាំ​គ្រប់​គណបក្ស​នយោបាយ​ងាក​មក​រក​តុ​ចរចា​គ្នា​ជា​ថ្មី ដើម្បី​ស្វែង​រក​ច្រក​ចេញ​រួម​គ្នា​ ដោយ​ឈរ​​​​ប្រយោជន៍​ជាតិ​ជា​ធំ​ ព្រោះ​ប្រសិន​បើ​គ្រប់​ភាគី​នៅ​តែ​រឹងរូស​មិន​រក​ច្រក​ចេញ​ទេ​ នឹង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ អ៊ីប៊ីអេ (EBA) នៅ​ពេល​ខាង​មុខ​ ហើយ​ប៉ះពាល់​ការ​រស់​នៅ​របស់​ពលរដ្ឋ​ជា​មិន​ខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល