លោក ហ៊ុន​ សែន បដិសេធ​ការ​ទិញ​មន្ត្រី​បក្ស​ប្រឆាំង​ឲ្យ​សុំ​សិទ្ធិ​នយោបាយ តែ​ព្រមាន​​បង្ក្រាប​​​​អ្នក​មិន​សុំ​សិទ្ធិ​នយោបាយ បើ​​​ហ៊ាន​ចុះ​ជួប​ពលរដ្ឋ

ដោយ សេក បណ្ឌិត
2019-03-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ជួប​កម្មករ កម្មការិនី នៅ​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី២០ ខែ​មីនា ឆ្នាំ២០១៩។
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ជួប​កម្មករ កម្មការិនី នៅ​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី២០ ខែ​មីនា ឆ្នាំ២០១៩។
រូបថត៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

លោក ហ៊ុន សែន មេ​ដឹក​នាំ​របប​ឯក​បក្ស បដិសេធ​ព័ត៌មាន​អំពី​ការ​ប្រើ​លុយ ដើម្បី​ទិញ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​ខ្លះ​ ឲ្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​របប​លោក​ឡើង​វិញ។ ប៉ុន្តែ​ លោក​បាន​​បញ្ជា​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បង្ក្រាប​ភ្លាមៗ​ ចំពោះ​អ្នក​នយោបាយ​ណា ដែល​មិន​បាន​សុំ​សិទ្ធិ​ពី​របប​លោក ហើយ​ធ្វើ​សកម្មភាព​ចុះ​ជួប​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។

លោក ហ៊ុន សែន ​ថ្លែង​ថា ការ​ចោទ​ប្រកាន់​ថា​របប​លោក​​ប្រើលុយ​ទិញក្រុម​ថ្នាក់​ដឹកនាំ​គណបក្ស​ សង្គ្រោះ​ជាតិ ឲ្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ក្នុង​ម្នាក់​តម្លៃ​ ១០​ម៉ឺន ទៅ ​២០​ម៉ឺន​ដុល្លារ គឺ​ចេញ​ពី​​​មន្ត្រី​បក្ស​ប្រឆាំង​កំពុង​រស់​នៅ​​ទីក្រុង​ម៉ុងរ៉េអាល់ (Montreal) ប្រទេស​​កាណាដា។​​

លោក ហ៊ុន សែន អះអាង​ថា របប​លោក​គោរព​អ្នក​នយោបាយ​គណបក្ស​ សង្គ្រោះ​ជាតិ ​អ្នក​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់ ទាំង​អ្នក​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ និង​​អ្នក​មិន​ព្រម​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ គឺ​គោរព​តាម​ឆន្ទៈ​របស់​អ្នក​ទាំង​នោះ។ លោក ហ៊ុន សែន ចោទ​អ្នក​បង្ហោះ​សារដែលថាលោក​ប្រើ​លុយ​ទិញមន្ត្រី​បក្ស​ប្រឆាំង ជា​ការ​មើល​ងាយ​ដល់​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​ទាំង​នោះ៖ «សូមផ្ដាំទៅអ្នកកុំចាត់ទុក​​អតីតសហការីរបស់អ្នកជាទំនិញលក់​ដូរឲ្យសោះ។ កុំមើលស្រាលអ្នក​​​ ដែលមិននៅ​ជាមួយអ្នក​​ឯង ហើយគេ​​សុំសិទ្ធិនយោបាយដើម្បីសេរីភាពរបស់គេ ក្លាយជាទំនិញដែលហ៊ុន សែន ត្រូវទិញ។ ហ៊ុន សែន គ្មានការចាំបាច់ដែលត្រូវទៅទិញ​អ្នកណាទេ ព្រោះមនុស្សទាំងអស់នោះ មិនមែនជា​​ទំនិញ ឬវត្ថុសម្រាប់លក់ទេ»

ទន្ទឹម​នឹង​ប្រកាស​ថា លោក​គោរព​ឆន្ទៈ​អ្នក​មិន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ប្រធាន​គណបក្ស​កាន់​អំណាច​រូប​នេះ ក៏​បាន​គំរាម​ថា មន្ត្រី​បក្ស​ប្រឆាំង​ទាំង​ឡាយ​ណា ដែល​មិន​ទាន់​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ ​ បើ​ឃើញ​ធ្វើ​សកម្មភាព​ចុះ​ជួប​ពលរដ្ឋ​ត្រូវ​បង្ក្រាប​ភ្លាម។ លោក ហ៊ុន សែន ប្រើ​ភាសា​ហិង្សា ដែល​ផ្ទុយ​ពី​ច្បាប់​ថា ឃើញ​មួយ​វាយ​មួយ​ឃើញ​ពីរ​វាយ​ពីរ៖ «រៀបចំកម្លាំងស្អី? អ្នកឯងរៀបចំធ្វើអំពើភេរវកម្ម? ត្រៀមប្រយុទ្ធ? ប្រាប់ឲ្យហើយណា ផ្ញើសារឲ្យទូទាំងប្រទេស​​បញ្ឈប់ទៅអាសកម្មភាពគណៈកម្មការចំពោះកិច្ច ទាំងនៅភ្នំពេញ និងនៅ​​វាលវែង (ខេត្តពោធិ៍សាត់) ខេត្តណា ខេត្តណា។ និយាយឲ្យត្រង់ឃើញមួយ វាយមួយទៅ។ ចេញបញ្ជាអ៊ីចឹង។ បើអ្នកឯងមិនទាន់សុំសិទ្ធិធ្វើនយោបាយ អ្នកឯងគ្មានសិទ្ធិ​​ទៅប្រជុំជាមួយប្រជាពលរដ្ឋ។ អត់មានសិទ្ធិទេ។ ឃើញមួយវាយមួយ ឃើញពីរវាយពីរ។ និយាយឲ្យច្បាស់។ ខ្ញុំអត់មានអ្វី ត្រូវខ្លាចនិយាយទេ»

ការ​ថ្លែង​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ពិធី​បញ្ចុះ​បញ្ចូល​កម្មករ​ កម្មការិនី​​រោងចក្រ​​សហគ្រាស ជាង ១ម៉ឺន (១០.៦៨៩) នាក់ នៅ​ខេត្ត​ពោធិ៍សាត់​នៅ​ព្រឹក​ថ្ងៃ​ទី២០ មីនា។

សមាជិក​ព្រឹទ្ធសភា​នៃ​​គណបក្ស​ភ្លើង​ទៀន និង​ជា​​សមាជិក​​គណបក្ស​សង្គ្រោះ​ជាតិ​ កំពុង​រស់​នៅ​ប្រទេស​​កាណាដា លោក សោ ចាន់ដេត ថា លោក ហ៊ុន សែន ប្រឌិត​រឿង ដើម្បី​ធ្វើ​​ប្រជាភិថុតិ ចោទ​ប្រកាន់​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ព្រោះ​ចង់​អូសទាញ​មន្ត្រី​បក្ស​ប្រឆាំង​បន្ថែម​ទៀត​ ឲ្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​របប​លោក​ ក្នុង​គោល​បំណង​យក​ហេតុផល​នេះ ទៅ​បញ្ចុះបញ្ចូល​សហគមន៍​អន្តរជាតិ​កុំ​ឲ្យ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ និង​ដាក់​សម្ពាធ។

លោក សោ ចាន់ដេត អះអាង​ថា គ្មាន​មន្ត្រី​បក្ស​ប្រឆាំង​ នៅ​ទី​ក្រុង​ម៉ុងរ៉េអាល់ (Montreal) ណា​​ចោទ​មន្ត្រី​បក្ស​ប្រឆាំង​ ដែល​ទៅ​សុំ​សិទ្ធិ​​ធ្វើ​នយោបាយ ទទួល​បាន​ក្នុង​ម្នាក់ ១០ម៉ឺន​ដុល្លារ​ទេ។ ប៉ុន្តែ​ទោះ​តិច ឬ​ច្រើន ត្រូវ​តែ​មាន​ការ​ទិញ និង​ដាក់​សម្ពាធ​ពី​របប​​លោក ហ៊ុន សែន៖ «គ្មានពីណា ដែលថា មិនរងសម្ពាធទេ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ រងសម្ពាធតែទាំង​អស់ហ្នឹង។ ក្រុមប្រឹក្សា​​ឃុំ សង្កាត់ ហ៊ុន សែន ទិញកន្លងមក គឺ​​សុទ្ធតែគំរាមកំហែង​ដូចគ្នា។ ប៉ុន្តែបើគាត់មិនទៅ មិនទៅចូលរួម ក៏ ហ៊ុន សែន មិនអាច​​ទៅធ្វើអ្វីកើតដែរ។ តែពួក​គាត់ ប្រាំបី ប្រាំបួននាក់ ដែលចូលទៅថ្មីៗ ហ្នឹង ទោះចង់មិនចង់មានហើយ ការទិញដូរ ព្រោះទាក់ទងផលប្រយោជន៍»

ការ​ប្រតិកម្ម​ដាក់​គ្នាទៅ​វិញ​ទៅ​មក ធ្វើ​ឡើង​​ក្រោយ​ពេល​ លោក ហ៊ុន សែន​ យល់​ព្រម​ស្នើសុំ​ព្រះមហាក្សត្រ ឬ​ប្រមុខ​រដ្ឋ​ស្ដីទី ឲ្យ​ផ្ដល់​សិទ្ធិ ​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់​ចំនួន ៩រូប​ ធ្វើ​នយោបាយ​នៅ​កម្ពុជា​ឡើង​វិញ។

សមាជិក​គណបក្ស សង្គ្រោះ​ជាតិ ម្នាក់ ក្នុង​ចំណោម ៩នាក់ ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ លោក អ៊ូ ច័ន្ទរ័ត្ន បដិសេធ​ការ​ទទួល​លុយ​ជា​ថ្នូរ​នឹង​ការ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។ លោក អ៊ូ ច័ន្ទ​រ័ត្ន អះអាង​ថា ការ​ចោទ​ប្រកាន់​បែប​នេះ កើត​ចេញ​ពី​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ៖ «តាមពិតមិនមែនតែសកម្មជន ឬអ្នកនយោបាយកំប៉ិកកំប៉ុកទេ សូម្បីតែលោកប្រធាន សម រង្ស៊ី ក៏គាត់ថា ដែរ។ ក្នុងប្រព័ន្ធហ្វេសប៊ុកគាត់ កាលលើកមុនហ្នឹង បានថា ម្នាក់ៗ បាន ១ម៉ឺនដុល្លារ ត្រៀមលុយទិញហ្នឹង ហើយខ្ញុំក៏​​បញ្ជាក់ជូនតាមព័ត៌មាន​​ជាញឹកញាប់ហើយ​ថា មិនគួរណា ធ្វើ​ឲ្យមាន​ការឈឺចាប់ដល់សហការី ឬ​​ក៏អ្នករួមអាជីពនយោបាយជាមួយ​អ្នកតស៊ូជាមួយកន្លងមកទេ។ ជាការលាបពណ៌មួយ ដែលវាធ្ងន់ធ្ងរណាស់»

លោក សម រង្ស៊ី សរសេរ​ក្នុង​ហ្វេសប៊ុក (facebook) លោក​ថា មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ត្រូវ​តែ​ប្រកាន់​ជំហរ​រឹងមាំ​ដាច់ខាត គឺ​មិន​ត្រូវ​​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ពី​របប ហ៊ុន សែន ទេ ព្រោះ​របប​នេះ កំពុង​ត្រូវ​អន្តរជាតិ​ព្រមាន​កាន់​តែ​ខ្លាំង​ឡើង​ ឲ្យ​បើក​ផ្លូវ​ឲ្យ​គណបក្ស​ សង្គ្រោះ​ជាតិ​ ដំណើរ​ការ​ឡើង​វិញ។ ពេល​នោះ មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ​ទាំង​អស់​នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ដោយ​ស្វ័យប្រវត្តិ និង​ដោយ​រក្សា​កិត្តិយស​របស់​ខ្លួន។

សមាជិក​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង លោក បុង ដែត ជឿ​ថា មន្ត្រី​បក្ស​ប្រឆាំង​មិន​អាច​ទិញ​បាន​ទេ។ ប៉ុន្តែ​ការ​លើក​ឡើង​របស់​ លោក ហ៊ុន សែន​ ជា​យុទ្ធសាស្ត្រ (សេណារីយ៉ូ Scenario) ជំរុញ​ឲ្យ​ផ្ទៃ​ក្នុង​បក្ស​ប្រឆាំង​បែក​បាក់​កាន់​តែ​ខ្លាំង និង​គំរាម​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត ឲ្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ៖ «គាត់ខំប្រឹងស្រែកផង ច្រៀងផង គំរាមផង អ៊ីចឹងណា។ ដើម្បីអ្វី? ដើម្បីឲ្យគណបក្សប្រឆាំង​​មួយហ្នឹងរាប។ អ៊ីចឹងទៅមុខពេលគាត់លេងសារនយោបាយចរចាវិញ គឺគាត់នៅមានប្រៀបខ្លាំង។ អ៊ីចឹងកន្លែងនេះ គឺ​ជាសេណារីយ៉ូ (Scenario) មួយដ៏អស្ចារ្យដែលខ្ញុំគិតអ៊ីចឹង។ ខ្ញុំគិតថា គណបក្សប្រជាជនកម្ពុជា កំពុងតែលេងសារ​ចុងក្រោយគឺ ច្រៀងផង គំរាមផង លាបពណ៌ផង​អ៊ីចឹងណា ដើម្បីឲ្យគណបក្សប្រឆាំងបែកបាក់កាន់តែខ្លាំង»

ទោះ​បែប​ណា លោក ហ៊ុន សែន អះអាង​បញ្ជាក់​ថា លោក​មិន​បាន​ប្រើ​លុយ​​រាប់​ម៉ឺន​ដុល្លារ​ទៅ​ទិញ​មន្ត្រី​បក្ស​ប្រឆាំង​ឲ្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ទេ ព្រោះ​អ្នក​ដើរ​ចេញ​ពី​គណបក្ស សង្គ្រោះ​ជាតិ គ្មាន​សមត្ថភាព​ទេ សូម្បី​តែ​ទៅ​ធ្វើ​ជា​ជំនួយ​ការ​ឲ្យ​រដ្ឋ​មន្ត្រី​ មិនធ្វើមិន​កើត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

tmil Hun Sen getting too much stress,depress,mental illness,fears his own karma,faces EBA,GSP coming and try to commit many bad things to stay illegally of power

How this hell look likes a 5,000s old Egyptian's grand mummy...the way he looks and smile is not the way his natural does isn't? and how come?because he won't cares anything else good or bad,right or wrong or whatsoever...this is his last man stand to faces serious consequences coming.He's getting too much stress,depress,sleep disorder,mental illness,psychopath,narcissist,sociopath,scoundrel,drug addiction,alcoholist,crazy poison of power,wealth,corruption,rob pple land or farmland and organize crime boss.

Mar 21, 2019 12:59 PM

គេហទំព័រ​ទាំងមូល