លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន

ដោយ ខាន់ លក្ខិណា
2024.04.09
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ច្រានចោល​ចំពោះ​អត្ថបទ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​គាំទ្រ ដោយ​រដ្ឋ​អំណាច​វៀតណាម ដែល​ថា ព្រែក​ជីក​ហ្វូណន​​តេជោ នឹង​សម្រួល​ដល់​វត្តមាន​កង​ទ័ព​ចិន​ចូល​ជ្រៅ​ដល់​កម្ពុជា​ក្បែរ​ព្រំដែន​វៀតណាម។

អ្នកឃ្លាំមើល​យល់​ថា ការ​លើក​ឡើង​របស់​ក្រុម​អ្នក​ជំនាញ​វៀតណាម​នេះ ក្នុង​គោល​បំណង​បំប៉ោង​ព័ត៌មាន ដើម្បី​បង្អាក់​ការ​សាងសង់​ព្រែក​ជីកហ្វូណន​តេជោ ទើប​ភ្ជាប់​រឿង​វត្តមាន​យោធា​ចិន​ក្នុង​ទឹក​ដី​កម្ពុជា ដែល​ជា​កង្វល់​របស់​ប្រទេស​លោក​សេរី។

ប្រតិកម្ម​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​បន្ទាប់​វិទ្យាស្ថាន​ស្រាវជ្រាវ​គាំទ្រ​ ដោយ​រដ្ឋ​អំណាច​វៀតណាម លើក​ឡើង​ថា ព្រែក​ជីក​ហ្វូណន​តេជោ អាច​ជួយ​​សម្រួល​ឱ្យ​មាន​វត្តមាន​យោធា​ចិន នៅ​ក្នុង​ទឹក​ដី​កម្ពុជា​កាន់​តែ​ជ្រៅ ហើយ​ថា គម្រោង​នេះ នឹង​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ក្លា​ដល់​ស្ថានភាព​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​នៃ​តំបន់​ទាំង​មូល។

ប៉ុន្តែអតីតនាយករដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ច្រានចោល​ និង​ចាត់​ទុក​ការ​លើក​ឡើង​នេះ​ថា​ ជា​ការ​មួល​បង្កាច់​កម្ពុជា ក្នុង​គោល​បំណង​ប្រឆាំង​ចិន តាម​យុទ្ធសាស្ត្រ​នៃ​ភូមិ​សាស្ត្រ​នយោបាយ។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃទី៩ ខែ​មេសា ថា ថ្ងៃនេះ លោក​ចង់​ដាស់​តឿន​ដល់​មិត្តភ័ក្ដិ ឬ​មិនមែន​មិត្តភ័ក្ដិ​ចំនួន ៦ចំណុច ពាក់ព័ន្ធ​នឹង​ការ​សង់​ព្រែក​ជីកហ្វូណន​​​តេជោ ដោយ​លោក​ បាន​លើក​ជា​សំណួរ​ថា តើ​កម្ពុជា​ត្រូវ​ការ​កង​ទ័ព​ចិន​មក​ធ្វើ​អ្វី និង​ដើម្បី​អ្វី  ក្នុង​ពេល​កម្ពុជា​និង​វៀតណាម ជា​ប្រទេស​ជិត​ខាង​ប្រកប​ដោយ​មិត្តភាព និង​សហប្រតិបត្តិ​ការ​ល្អ​លើ​គ្រប់​វិស័យ ខណៈ​ចិន​ និង​វៀតណាម មាន​ទំនាក់​ទំនង​ល្អ និង​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ផង​នោះ។

លោក ហ៊ុន សែន ថា កម្ពុជា​មិន​ឆោត​ល្ងង់ រហូត​ដល់​យក​កង​ទ័ព​ចិន មក​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​នោះ​ទេ ព្រោះ​ថា វា​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា

លោក​ថា ព្រែក​ជីក​ហ្វូណន​តេជោ គឺ​សាងសង់​ឡើង​ជា​ផល​ប្រយោជន៍​សម្រាប់​​សេដ្ឋកិច្ច​សង្គម​សុទ្ធសាធ ដែល​វា​ជួយ​ឱ្យ​កម្ពុជា​ទិសនិរតី មាន​ផ្លូវ​ទឹក​ដឹក​ជញ្ជូន​ទៅ​កាន់​សមុទ្រ បន្ថែម​លើ​ផ្លូវ​ដឹក​ជញ្ជូន​តាម​ដង​ទន្លេ​មេគង្គ ដែល​មាន​ស្រាប់ ហើយ​ជួយ​ឱ្យ​ប្រជាជន​នៅ​តាម​ព្រែក​នេះ មាន​ទឹក​ប្រើប្រាស់​សម្រាប់​បង្ក​បង្កើន​ផល ជួយ​រំដោះ​ទឹក​ជំនន់​ក្នុង​រដូវ​វស្សា ជួយ​បង្កើន​ផល​ត្រី​ទឹក​សាប នៅ​តាម​ព្រែក​នេះ។ល។

លោក ហ៊ុន សែន បន្ថែម​ថា ព្រែក​ជីក​នេះ មិន​ប៉ះពាល់​ដល់​រំហូរ​ទឹក​ នៃ​ទន្លេ​មេគង្គ​​នោះ​ឡើយ ព្រោះ​ម្យ៉ាង​ព្រែក​នេះ មិន​តភ្ជាប់​ពី​ទន្លេ​មេគង្គ​នោះ​ទេ តែ​ចេញ​ពី​ទន្លេ​​បាសាក់ និង​ម្យ៉ាង​ទៀត កម្ពុជា​មាន​ទ្វារ​ទឹក​មិន​ឱ្យ​ទឹក​សាប ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​នោះ​ឡើយដូច្នេះ កម្ពុជា​អនុវត្ត​តាម​កិច្ចព្រមព្រៀង​មេគង្គឆ្នាំ១៩៩៥ ហើយ ក៏​បាន​ជូន​ដំណឹង​តាម​កិច្ចព្រមព្រៀង​នេះ ទៅ​គណៈកម្មការ​ទន្លេ​មេគង្គ​រួច​ហើយ។

លោក​អំពាវនាវ​ឱ្យ​ឈប់​ប្រឌិត​រឿង ដែល​ថា ព្រែក​ជីក​ហ្វូណន​​នេះ នឹង​សម្រួល​​ដល់​កង​ទ័ព​ជើង​ទឹក​ចិន ជិត​ព្រំដែន​វៀតណាម​បន្ថែម​ទៀត ខណៈ​កន្លងមក មាន​ការ​ចុះ​ផ្សាយ​អំពី​វត្តមាន​កង​ទ័ព​ចិន​នៅ​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម

សារព័ត៌មាន ឌឹ ស្ត្រេតស៍ ថាមស៍ (The Straits Times) នៃ​ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃទី៦ ខែមេសា បាន​ចុះផ្សាយ​អត្ថបទ​ក្រុម​អ្នក​ស្រាវជ្រាវ​វៀតណាម​ថា គម្រោង​សាងសង់​ព្រែក​ជីកហ្វូណន​​ គឺ​ជា​គម្រោង​បម្រើ​ឱ្យ​ផល​ប្រយោជន៍ «ពីរយ៉ាង»។ ពោល​គឺ ម្ខាង​ជួយ​លើក​កម្ពស់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច-សង្គមកិច្ច និង​ម្ខាង​ទៀត ជួយ​សម្រួល​ដល់​វត្តមាន​យោធា​ចិន នៅ​ក្នុង​ទឹក​ដី​កម្ពុជា​កាន់​តែ​ជ្រៅ ក្បែរ​ផ្នែក​ខាង​ក្រោម​នៃ​ប្រទេស​វៀតណាម។

ពួកគេ​កត់​សម្គាល់​ថា សន្ទះ​ផ្លូវ​នាវាចរណ៍​នៅ​លើ​ព្រែក​ជីក​ហ៊្វូណន​តេជោ អាច​បង្កើត​បាន​នូវ​ជម្រៅ​ទឹក សម​ស្រប​សម្រាប់​ឱ្យ​នាវា​ចម្បាំង​ចូល​ពី​ឈូង​សមុទ្រ​ថៃ ឬ​តាម​កំពង់​ផែ​រាម រួច​ធ្វើ​ដំណើរ​ចូល​ជ្រៅ​មក​ក្នុង​ទឹក​ដី​កម្ពុជា កៀក​នឹង​ព្រំប្រទល់​វៀតណាម

អ្នក​តាម​ដាន​ភូមិ​សាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក សេង វ៉ាន់លី ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃទី៩ ខែ​មេសា ថា ការ​សាងសង់​ព្រែក​ជីក​នេះ អាច​មាន​ផល​ប៉ះពាល់​ដល់​អាង​ទន្លេ​មេគង្គ ជីវចម្រុះ និង​ប្រទេស​ស្ថិត​នៅ​ក្រោម​រំហូរ​ទន្លេ​មេគង្គ​មែន។ ប៉ុន្តែ​ បើ​ពិនិត្យ​មើល​គម្រោង​សាងសង់​នេះ លោក​គិត​ថា ប៉ះពាល់​តិច​តួច​បំផុត។

លោក​យល់​ថា ភាគី​វៀតណាម​មិន​មាន​ហេតុផល​អ្វី​ផ្សេង ដើម្បី​បង្អាក់​ដល់​ការ​សាងសង់​ព្រែក​ជីក ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុម​ស្រាវជ្រាវ​វៀតណាម ព្យាយាម​ភ្ជាប់​រឿង​​យោធា​ចិន​ជាមួយ​ព្រែក​ជីក​នេះ។

លោក សេង វ៉ាន់លី៖ «ក៏​ប៉ុន្តែ​ ដោយ​ឡែក​ស្ថាប័ន​ស្រាវជ្រាវ​ជា​ស្ថាប័ន​មួយ ដែល​អាច​ដើរ​តួនាទី​សំខាន់ ក្នុង​ការ​បង្ហាញ​ការ​ព្រួយ​បារម្ភ​នេះ តាម​រយៈ​ការស្រាវជ្រាវ​ណា​មួយ ដែល​ធ្វើ​ឱ្យ​ផ្សា​ភ្ជាប់​បទ​ចោទ​ការ​ប្រើ​ប្រាស់​ព្រែក​ជីក​ហ្វូណន​ហ្នឹង ឱ្យ​មាន​រូបភាព​ថា កម្ពុជា​តាម​ពិត​ទៅ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​យោធា​ជា​យុទ្ធសាស្ត្រ ហើយ​ព្រែក​ជីក​ហ្វូណន​នេះ ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំង​ពីរ។ អ៊ីចឹង ខ្ញុំ​គិត​ថា ការ​រក​ឃើញ ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​របស់​ស្ថាប័ន​ស្រាវជ្រាវ​នេះ តាម​ពិត​មាន​គោល​បំណង​បំប៉ោង​ព័ត៌មាន ដើម្បី​ឱ្យ​វា​រីក​ធាត់​ធំ ហើយ​ដើម្បី​ឱ្យ​ជួយ​បទ​ចោទ​ប្រកាន់ ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​មូលដ្ឋាន​ទ័ព​របស់​កម្ពុជា​ឱ្យ​មាន​ទម្ងន់​ខ្លាំង​ជាង​មុន»

គម្រោង​ព្រែក​ជីកហ្វូណន​​តេជោ ដែល​រដ្ឋាភិបាល​គ្រោង​ចាប់​ផ្តើម​សាង​សង់​ នៅ​ក្នុង​ឆ្នាំ២០២៤ និង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ២០២៨ ក្រោម​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន មាន​ប្រវែង ១៨០គីឡូម៉ែត្រ ចាប់​ផ្ដើម​ពី​ដៃ​ទន្លេ​មេគង្គ​ខាង​ត្បូង​រាជធានី​ភ្នំពេញ កាត់​តាម​ខេត្ត​ចំនួន៤ រួមមាន ខេត្ត​កណ្ដាល តាកែវ កំពត និង​ខេត្ត​កែប។ ព្រែក​ជីក​នេះ មាន​ទទឹង​មុខ​កាត់​ផ្នែក​ខាង​លើ ១០០ម៉ែត្រ ផ្នែក​ខាង​ក្រោម​ប្រមាណ ៨០ម៉ែត្រ និង​ជម្រៅ​ទឹក​ប្រមាណ ៥,៤ ម៉ែត្រ។

លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា បាន​ស្នើ​ទៅ​កាន់​ភាគី​ចិន​ជា​ថ្មី ឱ្យ​ជួយ​គាំទ្រ​លើ​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ។ ទោះជា​យ៉ាង​ណា​ក្ដី អ្នក​ឃ្លាំមើល​បារម្ភ​អំពី​ផល​ប៉ះពាល់​ដល់​កម្ពុជា ពី​ការ​អនុវត្ត​គម្រោង​ដោយ​គ្មាន​តម្លាភាព និង​គណនេយ្យភាព ដែល​ធ្វើ​ឱ្យ​កម្ពុជា​លង់​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​អន្ទាក់​បំណុល​ចិន និង​នៅ​ក្រោម​ឥទ្ធិពល​ចិន ទាំង​សេដ្ឋកិច្ច និង​នយោបាយ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។