មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ នឹង​ធ្វើ​​ទស្សនកិច្ច​​រយៈពេល​ ៥ថ្ងៃ នៅ​ប្រទេស​ចិន

ដោយ មាន ឫទ្ធិ
2019-04-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុង​ភ្នំពេញ និង​លោក លី ឃឺឈាង (Li Keqiang) នាយក​រដ្ឋ​មន្ត្រី​ចិន  ក្នុង​ពិធី​ចុះ​ហត្ថលេខា​មួយ កាល​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ២០១៩។
លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុង​ភ្នំពេញ និង​លោក លី ឃឺឈាង (Li Keqiang) នាយក​រដ្ឋ​មន្ត្រី​ចិន ក្នុង​ពិធី​ចុះ​ហត្ថលេខា​មួយ កាល​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន នឹង​ដឹក​នាំ​គណៈប្រតិភូ​ទៅ​ចូល​រួម​ក្នុង “វេទិកា​ខ្សែ​ក្រវាត់ និង​ផ្លូវ​លើក​ទី២ សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ” នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ចាប់​ពី​ថ្ងៃទី២៥ ដល់​ទី២៩ មេសា ខាងមុខ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៅ​ថ្ងៃ​ទី២២ មេសា ឱ្យ​ដឹង​ថា អំឡុង​ពេល​ស្នាក់​នៅ​ប្រទេស​ចិន​នេះ លោក ហ៊ុន សែន នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ថ្នាក់​ដឹក​នាំ​កំពូល​របស់​ចិន​ មាន​ជា​អាទិ លោក​ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) លោក​នាយក​រដ្ឋ​មន្ត្រី លី ឃឺឈាង (Li Keqiang) និង​លោក វ៉ាង ហ៊ុននីង (Wang Huning) សមាជិក​ការិយាល័យ​នយោបាយ និង​ជា​លេខា​នៃ​លេខាធិការដ្ឋាន​បក្ស​កុម្មុយនិស្ត​ចិន។ ក្រៅពី​នេះ លោក​ក៏​នឹង​ទទួល​ជួប​ជាមួយ​តំណាង​ក្រុម​ហ៊ុន​ចិន​មួយ​ចំនួន​ផង​ដែរ។

មន្ត្រី​ជាន់​ខ្ពស់​ដែល​នឹង​អម​ដំណើរ​លោក ហ៊ុន សែន រួមមាន រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន​ ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ លោក ស៊ុន ចាន់ថុល និង​មន្ត្រី​គ្រាក់ៗ មួយ​ចំនួន​នៃ​របប​ក្រុង​ភ្នំពេញ ព្រម​ទាំង​ថ្នាក់ដឹកនាំ​នៃ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ។

ថ្នាក់​ដឹកនាំ​របប​ក្រុង​ភ្នំពេញ​រំពឹង​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​មាន​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ស្តី​ពី​ជំនួយ​របស់​ចិន និង​គម្រោង​កិច្ច​សហប្រតិបត្តិ​ការ​នានា។​

នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទីពីរ​ហើយ​ក្នុង​ឆ្នាំ២០១៩ នេះ ​របស់​ថ្នាក់​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ទៅ​ប្រទេស​ចិន។ ក្នុង​អំឡុង​ទស្សនកិច្ច​ផ្លូវ​ការ​​ កាល​ពី​ចុង​ខែ​មករា​កន្លងទៅ លោក ហ៊ុន សែន ​បាន​ថ្លែង​កោត​សរសើរ​ប្រទេស​ចិន​ ដែល​បាន​គាំទ្រ និង​ផ្ដល់​ជំនួយ​ដល់​​របប​របស់​លោក​ជា​បន្ត​បន្ទាប់ ហើយ​ជា​លទ្ធផល​ភាគី​ចិន​បាន​សន្យា​ផ្ដល់​ជំនួយ​ឥត​សំណង​ជិត ៦០០លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​ ដល់​របប​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល