សង្គម​ស៊ីវិល និង​បក្ស​នយោបាយ​គាំទ្រ​ការ​ដក​តំណែង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​លោក វេង សាខុន

0:00 / 0:00

សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​ចង់​ឲ្យ​រដ្ឋាភិបាល​កែទម្រង់​ថ្នាក់​ដឹកនាំ​ដែល​អសកម្ម​នៅ​តាម​ក្រសួង​មួយ​ចំនួន​ទៀត​របស់​រដ្ឋាភិបាល ដោយ​មិន​គួរ​ធ្វើ​តែ​ទៅ​លើ​ក្រសួង​កសិកម្ម​មួយ​នោះ​ឡើយ។

ការ​ស្នើ​នេះ ធ្វើឡើង​បន្ទាប់​ពី​ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខ​ដំណែង លោក វេង សាខុន ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​កាលពី​ថ្ងៃទី​០៨ តុលា។

មន្ត្រី​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ មួយចំនួន​មិន​ជំទាស់​ទៅ​នឹង​ការ​ដក​ដំណែង​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​នោះ​ទេ ក៏ប៉ុន្តែ​ពួកគេ​ចង់​ឃើញ​រដ្ឋាភិបាល​ធ្វើ​បែប​នេះ​ទៅលើ​មន្ត្រី​ជាន់ខ្ពស់​នៅ​តាម​ក្រសួង​ដទៃទៀត​ដែល​អសកម្ម ឬ​មិន​ធ្វើការ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ចាំបាច់​របស់​ពលរដ្ឋ និង​សង្គមជាតិ​ទាំងមូល។

ប្រធាន​សមាគមន៍​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន មាន​ប្រសាសន៍​ថា លោក​មិន​ភ្ញាក់ផ្អើល​អ្វី​ឡើយ ចំពោះ​រឿង​ដក​តំណែង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ព្រោះ​លោក​មើល​ឃើញ​ថា សមត្ថភាព​នៃ​ការ​គ្រប់គ្រង និង​ភាព​សកម្ម​ចំពោះ​កិច្ចការ​អភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាពលរដ្ឋ កសិករ ការ​ឆ្លើយ​តប​ចំពោះ​តម្រូវការ​ចាំបាច់​របស់​កសិករ សម្រាប់​រដ្ឋមន្ត្រី​រូប​នេះ​ហាក់​នៅ​មាន​កម្រិត​ឡើយ។

លោក​បន្ត​ថា លោក វេង សាខុន ធ្លាប់​ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ជា​រើ​យៗ​រួច​មក​ហើយ ចំពោះ​ភាព​អសកម្ម​ទាំងនេះ៖ « វា​គួបផ្សំ​នឹង​រឿង​ពលរដ្ឋ​មួយចំនួន​ជួប​បញ្ហា​ប្រឈម​បញ្ហា​ខ្វះ​ទីផ្សារ ហើយ​កន្លែង​ខ្លះ​រងគ្រោះ​ដោយ​ទឹក​ទំនន់​មិន​មាន​អ្នក​ជួយ​ចាត់ចែង​ក្នុង​ការ​ផ្តល់​ពូជ​ផ្សេងៗ​អ៊ីចឹង​បង្ហាញ​ពី​ទំនួល​ខុសត្រូវ​ក្នុងនាម​ជា​អាជ្ញាធរ​ទទួលបន្ទុក​ដោះស្រាយ​បញ្ហា​ជូន​ប្រជាកសិករ​ ...»

លោក​បន្ថែម​ថា ក្រៅពី​ដក​មុខតំណែង​រដ្ឋមន្ត្រី រដ្ឋាភិបាល​ក៏​គួរ​ពិនិត្យ​មើល​ភាព​អសកម្ម​របស់​មន្ត្រី​មួយ​ចំនួន​ផ្សេងទៀត​នៅ​ក្រសួង​កសិកម្ម​នេះ​ផង​ដែរ៖ «​ ជាមួយ​គ្នា​នេះ​ដែរ​ខ្ញុំ​គិត​ថា ប្រមុខ​រដ្ឋាភិបាល​គួរ​ពិនិត្យ​ទៅលើ​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​នេះ​ដែល​កន្លង​មក​នេះ​ឃើញ​ថា ពិបាក​ក្នុង​ការ​ទាក់ទង​ជាមួយ​អ្នកសារព័ត៌មាន​និង​ដៃគូ​ផ្សេងៗ​ដែល​បង្ហាញ​ពី​ការ​គ្មាន​ការ​ទទួលខុសត្រូវ​និង​ពុំ​មាន​កិច្ច​សហការ​គ្នា​ល្អ​នោះ​ឡើយ »

មាន​មតិ​ខ្លះទៀត​បាន​ដាក់​ការ​សង្ស័យ​ថា ការ​ដក​តំណែង​នេះ អាច​មក​ពី​លោក​នាយករដ្ឋមន្ត្រី មិន​សប្បាយ​ចិត្ត ពេល​ប្រទេស​កំពុង​មាន​វិបត្តិ​ទឹកជំនន់ ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​កសិកម្ម តែ​បែរជា​អវត្តមាន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម មិន​មានមុខ​នៅក្នុង​ប្រទេស​ដឹកនាំ​ជួយ​ដោះស្រាយ​បញ្ហា​នេះ។

ចំណែក លោក បណ្ឌិត យ៉ង់ សាំង កុមារ អ្នកជំនាញ​ខាង​កសិកម្ម និង​ជា​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​(GDP) ក៏​មិន​មាន​មតិ​រិះគន់ ចំពោះ​ការ​ដក​តំណែង​នេះ​ដែរ ក៏ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​ក៏​គួរតែ​ពិនិត្យមើល​ពី​ភាព​អសកម្ម​របស់​រដ្ឋមន្ត្រី ឬ​មន្ត្រី​នៅ​តាម​ក្រសួង​ផ្សេងៗ​ទៀត​ដែរ​។​

លោក បណ្ឌិត យ៉ង់ សាំងកុមារ ក៏​មើល​ឃើញ​ដែរ​ថា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ហាក់​ពិបាក​ប្រាស្រ័យ​ទាក់ទង និង​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំង​គណបក្ស​នយោបាយ និង​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម​នេះ​ជាដើម​៖ « បាទ​វា​ឆ្លុះបញ្ចាំង​ស្ថានភាព​ជាក់ស្តែង ហើយ​មិន​និយាយ​តែ​ក្រសួង​កសិកម្ម​ទេ ក្រសួង​ផ្សេងៗ​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ​ហ្នឹង គ្រាន់តែ​ក្រសួងកសិកម្ម ជា​ក្រសួង​មួយ​ក្នុង​បរិបទ​កម្ពុជា​ជា​ក្រសួង​មួយ​សំខាន់​មែនទែន ព្រោះ​ទាក់ទង​ជាមួយ​មនុស្ស​ភាគច្រើន ទាក់ទង​នឹង​បញ្ហា​សេដ្ឋកិច្ច​ជាដើម​ ...»

លោក​បន្ត​ថា ចំពោះ​ការងារ​ដឹកនាំ​លើ​វិស័យ​កសិកម្ម​ផ្ទាល់ ក៏​មាន​ជួប​បញ្ហា​ច្រើន​ដែល​ធ្វើ​ពលរដ្ឋ​មិន​សប្បាយចិត្ត ជាពិសេស លោកនាយក​រដ្ឋមន្ត្រី​ផ្ទាល់​តែម្តង។

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង​លោក វេង សាខុន អតីត​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដើម្បី​សុំ​ការ​បញ្ជាក់​អំពី​បញ្ហា​នេះ​បាន​នៅឡើយ​ទេ កាលពី​យប់​ថ្ងៃទី​០៨ តុលា។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សេចក្តី​សម្រេច​មួយ​ចាត់តាំង​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឲ្យ​ទៅ​ធ្វើ​ជា​រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ភ្លាមៗ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន។

សេចក្តី​សម្រេច​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​បន្ទាប់ពី​ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខ​ដំណែង លោក វេង សាខុន ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅ​ថ្ងៃ​ជាមួយ​គ្នា​នេះ។

លោក​ក៏​បាន​ចេញ​បទបញ្ជា​ភ្លាមៗ​ដែរ ដោយ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ និង​នេសាទ ចាត់​មន្ត្រី​ជំនាញ​របស់​ក្រសួង ឱ្យ​ចុះ​ធ្វើការ​ជាមួយនឹង​ជាមួយ​អាជ្ញាធរ​ខេត្ត​នានា ដើម្បី​វាយតម្លៃ​អំពី​ផល​ប៉ះពាល់​លើ​វិស័យ​កសិកម្ម ដោយ​ទឹកជំនន់ ហើយ​ត្រៀម​បម្រុង​ដឹក​ពូជស្រូវ ដើម្បី​ដោះស្រាយ​បញ្ហា​ជាបន្ទាន់។

ក្រសួង​កសិកម្ម​ក្រោម​ការ​ដឹកនាំ​របស់ លោក វេង សាខុន កន្លងមក​ធ្លាប់​ទទួលរង​ការរិះគន់​ជាច្រើន ដូចជា​បញ្ហា​ការ​ដេញ​ថ្លៃ​នាំ​ជ្រូក​ចូល​មក​ទីផ្សារ​ក្នុងស្រុក ភាព​មិន​ប្រក្រតី​ដែល​នាំ​ឲ្យ​កើតមាន​បទល្មើស​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ជុំវិញ​តំបន់​បឹង​ទន្លេសាប​រាប់ពាន់​ហិកតារ ពី​សំណាក់​អ្នកមាន​លុយ​មាន​អំណាច​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។

ហើយ​ចុងក្រោយ លោក វេង សាខុន ក្នុង​តំណែង​ជា​រដ្ឋមន្ត្រី ក្រសួង​កសិកម្ម ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​ផ្តល់​ដី​វិនិយោគ​នៅ​តំបន់​ភ្នំ​តាម៉ៅ ទៅ​ឲ្យ​ក្រុមហ៊ុន​ឡេងណាវ៉ា​ត្រា ដែល​ឈាន​ដល់​ការ​ឈូស​ឆាយ​បំផ្លាញ​ព្រៃឈើ​មានតម្លៃ​រាប់​រយ​ហិកតារ​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ប្រឆាំង​តវ៉ា​យ៉ាង​ស្វិតស្វាញ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​សកម្មជន​បរិស្ថាន​ពេញ​ផ្ទៃ​ប្រទេស ទើប​មានការ​សម្រេច​ពី​រដ្ឋាភិបាល​ជាថ្មី​ឲ្យ​លុបចោល​គម្រោង​នោះ​ទៅវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។