សង្គមស៊ីវិលថា ជំនួយសាច់ប្រាក់ពិសេសអាចជានយោបាយទាក់ទាញចិត្តម្ចាស់ឆ្នោត
2022.12.04
អ្នកតាមដានស្ថានការណ៍នយោបាយ និងអង្គការសង្គមស៊ីវិលយល់ឃើញថា វិធានការគាំពារសង្គមពិសេសដែលរដ្ឋាភិបាលលោក ហ៊ុន សែន ទើបតែដាក់ចេញថ្មីៗនេះ អាចជានយោបាយទាក់ទាញទឹកចិត្តពលរដ្ឋសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ។
បញ្ហាអតិផរណា និងគ្រោះទឹកជំនន់ដែលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ ជាបញ្ហាដែលកើតមានជាប្រចាំ ប៉ុន្តែនៅពេលជិតបោះឆ្នោត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្រាប់តែងាកមកចាប់អារម្មណ៍រឿងនេះ រហូតដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ពិសេស។
អ្នកតាមដានស្ថានការណ៍នយោបាយ លោក វ៉ន ចាន់ឡូត ថ្លែងថា នៅចំពោះមុខនេះ រដ្ឋាភិបាលត្រូវដោះស្រាយរឿងទីផ្សារ និងតម្លៃកសិផល ព្រមទាំងបង្កើតការងារឱ្យបានច្រើនសម្រាប់ពលរដ្ឋ។ លោកយល់ថា ការដាក់ចេញកម្មវិធីផ្ដល់ជំនួយសាច់ប្រាក់ ក្នុងពេលបញ្ហាចម្បងមិនទាន់បានដោះស្រាយនេះ គឺជានយោបាយទាក់ទាញទឹកចិត្តម្ចាស់ឆ្នោត។
លោក វ៉ន ចាន់ឡូត៖ «ក្នុងរយៈពេល ៣ ឬ ៤ឆ្នាំនេះ អ្នកនយោបាយហាក់ដូចជាមិនសូវអើពើប៉ុន្មានទេ លុះដល់ពេលជិតដល់ការឃោសនាបោះឆ្នោត យើងឃើញចាប់ផ្ដើមមានការផ្ដល់នេះ ការឧបត្ថម្ភនេះ ការជួយនេះ ការជួយនោះ ដែលវាអាចជួយនៅក្នុងការដោះស្រាយនៅក្នុងរយៈពេលខ្លីសម្រាប់ប្រជាពលរដ្ឋខ្មែរហ្នឹង។ ប៉ុន្តែដល់ពេលទទួលបានការគាំទ្រហើយ ស្ថានភាពហ្នឹងវាវិលមកដូចសភាពដើមដដែល។ វាអត់មានអ្វីប្រែប្រួលសម្រាប់ស្ថានភាពនៃការរស់នៅរបស់ពលរដ្ឋខ្មែរហ្នឹងឱ្យប្រសើរនោះទេ»។
ប្រតិកម្មនេះកើតមានឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ចេញនូវកម្មវិធីផ្ដល់សាច់ប្រាក់ជូនដល់ពលរដ្ឋដែលងាយរងគ្រោះពេលមានសម្ពាធអតិផរណា ព្រមទាំងងាយរងហានិភ័យពីផលប៉ះពាល់ធ្ងន់ធ្ងរនៃគ្រោះទឹកជំនន់។
យោងតាមសារលិខិតរបស់លោក ហ៊ុន សែន កាលពីថ្ងៃទី៣ ធ្នូ គ្រួសារងាយរងហានិភ័យពីសម្ពាធអតិផរណាទទួលបានជំនួយទៅតាមតំបន់ ហើយបូកបន្ថែមជាមួយសមាជិកគ្រួសារម្នាក់ៗ។ ក្នុងនោះ គ្រួសារនៅភ្នំពេញទទួលបានជិត ១០ម៉ឺនរៀល (៩៩.៩០០) បូកបន្ថែមនឹងសមាជិកគ្រួសារម្នាក់ៗចំនួន ២ ម៉ឺន ៨ ពាន់រៀល គ្រួសារនៅទីប្រជុំជនទទួលបានជិត ៩ ម៉ឺនរៀល (៨៧.៣០០) និងសមាជិកគ្រួសារបន្ថែមក្នុងម្នាក់ជាង ២ ម៉ឺនរៀល (២៤.០០០) ហើយគ្រួសារនៅជនបទទទួលបានប្រមាណ ៨ ម៉ឺនរៀល (៨១.៣០០) និងសមាជិកគ្រួសារក្នុងម្នាក់ៗទទួលបាន ២ម៉ឺនរៀល។
សម្រាប់អ្នកងាយរងហានិភ័យពីផលប៉ះពាល់ធ្ងន់ធ្ងរនៃគ្រោះទឹកជំនន់វិញ កម្មវិធីនេះអនុវត្តក្នុងរាជធានីខេត្តចំនួន ១៦ ដូចជា រាជធានីភ្នំពេញ ខេត្តកណ្ដាល បាត់ដំបង និងព្រៃវែង ជាដើម។ មួយគ្រួសារទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨ ម៉ឺនរៀល បូកទាំងសមាជិកគ្រួសារក្នុងម្នាក់ ១ ម៉ឺន ៦ ពាន់រៀល ហើយកុមារ ជនពិការ និងមនុស្សចាស់ចាប់ពី ៦០ ឆ្នាំឡើយ ទទួលបានម្នាក់ ១ ម៉ឺន ៦ ពាន់រៀលបន្ថែមទៀត។
របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឱ្យដឹងថា ទឹកជំនន់នៅឆ្នាំនេះ បង្កផលប៉ះពាល់ដល់ខេត្តចំនួន ២៣ និងប៉ះពាល់ដល់ពលរដ្ឋជិត ១៥ ម៉ឺនគ្រួសារ ដែលស្មើនឹងជិត ៧ សែននាក់។ ទឹកជំនន់បានបំផ្លាញស្រូវ និងដំណាំរួមផ្សំអស់ជិត ១ សែន ៥ ម៉ឺនហិកតារ ប៉ះពាល់ផ្ទះពលរដ្ឋជាង ៧ ម៉ឺនខ្នង សាលារៀនជិត ៤រយសាលា (៣៨២) និងវត្តចំនួន ១១៣ វត្ត ហើយបានសម្លាប់មនុស្ស ១៤នាក់។
ទាក់ទងនឹងកម្មវិធីផ្ដល់សាច់ប្រាក់ពិសេសនេះ ក្រសួងផែនការជាអ្នកកំណត់អត្តសញ្ញាណគ្រួសារដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភទាំងនេះ។ លោក ហ៊ុន សែន បានដាក់បញ្ជាតាមសារលិខិតរបស់លោកថា រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវកំណត់អត្តសញ្ញាណ និងសម្រួលឱ្យពលរដ្ឋគោលដៅទទួលបានប្រាក់ឧបត្ថម្ភទាំងនេះទាន់ពេលវេលា ហើយធានាបាននូវយុត្តិធម៌ សុចរិតភាព និងតម្លាភាព។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធអនុវត្តកម្មវិធីនេះដោយគ្មានការរើសអើង។ លោកថា កម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភនេះអាចផ្ដល់ប្រយោជន៍ខ្លះដល់ពលរដ្ឋ ប៉ុន្តែនេះក៏ជារូបភាពនៃការទាក់ទាញទឹកចិត្តពលរដ្ឋ មុនការបោះឆ្នោតដែរ។
លោក វន់ ពៅ៖ «វាជាពេលវេលាដែលគណបក្សកាន់អំណាចយកចិត្តពលរដ្ឋទាក់ទងនឹងការបោះឆ្នោតនេះផងដែរ អ៊ីចឹងហើយបានជាគេធ្វើរហូតដល់ខែកក្កដា [២០២៣]ហ្នឹងឯង។ ខ្ញុំគិតថា រដ្ឋាភិបាលគួរតែមានយន្តការច្បាស់លាស់មួយទាក់ទងនឹងការឧបត្ថម្ភសាច់ប្រាក់ ឬក៏រៀបចំប្រព័ន្ធយន្តការទាក់ទងនឹងប្រព័ន្ធកិច្ចគាំពារសង្គមមួយឱ្យមានភាពរឹងមាំ មានន័យថា រៀបចំប្រព័ន្ធកិច្ចគាំពារសង្គមជាសាកលតែម្ដង»។
ធនាគារពិភពលោកបានចេញផ្សាយរបាយការណ៍ថ្មីមួយកាលពីថ្ងៃទី២៨ វិច្ឆិកាថា ប្រជាជនកម្ពុជាជិតកន្លះលាននាក់ (៤៦០.០០០) បានធ្លាក់ខ្លួនក្រីក្រក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ក្រោយការផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩។ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះបានផ្ដល់អនុសាសន៍ដល់រដ្ឋាភិបាលកម្ពុជា ឱ្យដាក់ចេញនូវវិធានការអន្តរាគមន៍នានា ដើម្បីគាំទ្រដល់ការស្ដារសេដ្ឋកិច្ចឡើងវិញ មានជាអាទិ៍ ការផ្ទេរសាច់ប្រាក់តាមគោលដៅកំណត់ ការពង្រឹងកិច្ចគាំពារសង្គម ព្រមទាំងការវិនិយោគលើវិស័យសុខាភិបាល និងការអប់រំ ជាដើម។
ទាក់ទងនឹងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ពិសេសវិញ រដ្ឋាភិបាលលោក ហ៊ុន សែន នឹងចាប់ផ្ដើមអនុវត្តកម្មវិធីផ្ដល់ប្រាក់ជំនួយសម្រាប់អ្នកងាយរងហានិភ័យពីផលប៉ះពាល់ធ្ងន់ធ្ងរនៃគ្រោះទឹកជំនន់ ចាប់ពីខែធ្នូ ឆ្នាំ២០២២ នេះ រហូតដល់ខែកុម្ភៈ ឆ្នាំ ២០២៣។ ចំណែកកម្មវិធីបើកសាច់ប្រាក់សម្រាប់អ្នកងាយរងគ្រោះពីសម្ពាធអតិផរណាវិញ រដ្ឋាភិបាលផ្ដល់ជូនចំនួន ៣លើក គឺនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ថ្ងៃទី១០ ខែមេសា និងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។