លោក ហ៊ុន សែន លើក​គុណ​សម្បត្តិ​កង​កម្លាំង​ប្រដាប់​អាវុធ ក្រោយ​ព្រមាន​លោក ស ខេង មិន​ឱ្យ​ឆ្លើយ​ឆ្លង​ជាមួយ​លោក សម រង្ស៊ី រឿង​ទម្លាក់​លោក​ពី​អំណាច

ដោយ មួង ណារ៉េត
2019-04-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន និង​កងទ័ព។
លោក ហ៊ុន សែន និង​កងទ័ព។
រូប៖ ហ្វេសប៊ុក​ក្រសួងព័ត៌មាន និង​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន ថ្លែង​កោត​សរសើរ​កង​កម្លាំង​ប្រដាប់​អាវុធ​អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​រក្សា​សុខ​សន្តិភាព។ ការ​លើក​សរសើរ​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃក្រោយ​ពេល​មេ​ដឹក​នាំ​ក្រាញ​អំណាច​រូប​នេះ បាន​ហាម​លោក ស ខេង មិន​ឱ្យ​ឆ្លើយ​ឆ្លង​ជាមួយ​លោក សម រង្ស៊ី ជុំវិញ​ការ​អំពាវនាវ​ឱ្យ​​ទម្លាក់​លោក​ចេញ​ពី​អំណាច។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ថា កង​កម្លាំង​ប្រដាប់​អាវុធ​បាន​ធ្វើ​​ពលីកម្ម​ធំធេង​ណាស់​​​ ក្នុង​បុព្វហេតុ​នៃ​សេចក្ដី​សុខ និង​ភាព​រីករាយ​របស់​ប្រជាពលរដ្ឋ។ ជាពិសេស​នៅ​ក្នុង​ឱកាស​បុណ្យ​​ចូល​ឆ្នាំ​ថ្មី​ ដែល​លោក​ថា ​កង​កម្លាំង​ប្រដាប់​អាវុធ​មិន​បាន​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​របស់​ខ្លួន​ឡើយ ព្រោះ​ត្រូវ​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ។

បន្ថែម​ពី​លើ​នេះ លោក​ក៏​បាន​សម្ដែង​អារម្មណ៍​អាណិត​អាសូរ និង​ព្រួយ​បារម្ភ​អំពី​កងទ័ព​កម្ពុជា ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស​ផង​ដែរ ជាពិសេស កង​កម្លាំង​ដែល​កំពុង​ឈរ​ជើង​ក្នុង​ទឹក​ដី​​​អាហ្វ្រិក ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ផ្នែក​សុវត្ថិភាព៖ «ខ្ញុំ​នៅ​តែ​រំឭក​អំពី​គុណ​បំណាច់ ដែល​មិន​ត្រូវ​មើល​រំលង ចំពោះ​តួនាទី​ដ៏​សកម្ម​ និង​មាន​ប្រសិទ្ធភាព​​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ របស់​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ និង​គ្រប់​ថ្នាក់ ដែល​បាន​ចូលរួម​ការពារ​ សណ្ដាប់​ធ្នាប់ បង្ក​លក្ខណៈ​សប្បាយ​រីករាយ​ឱ្យ​ប្រជាជន»

លោក ហ៊ុន សែន បញ្ចេញ​សារ​បែប​លើក​ទឹក​ចិត្ត និង​កោត​សរសើរ​កង​កម្លាំង​ប្រដាប់​អាវុធ​នេះ បន្ទាប់​ពី​លោក​​បាន​ហាម​ឃាត់​ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កុំ​ឱ្យ​ឆ្លើយ​តប​ជាមួយ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​ជំរុញ​ឱ្យ​ទម្លាក់​លោក​ចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ហ៊ុន សែន សង្កត់​ធ្ងន់​ថា លោក ស ខេង មិន​ល្ងង់​ដល់​ថ្នាក់​ទម្លាក់​លោក​ចេញ​អំពី​អំណាច តាម​ការ​អំពាវនាវ​នេះ​ឡើយ ហើយ​លោក​នឹង​វាយ​កម្ទេច​ជន​ណា​ក៏​ដោយ ដែល​ហ៊ាន​ងើប​តវ៉ា ឬ​ធ្វើ​សកម្មភាព​នយោបាយ​បម្រើ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ថ្លែង​ថា ការ​លើក​ឡើង​ពី​គុណសម្បត្តិ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​នេះ គឺ​ដោយសារ​លោក ហ៊ុន សែន ដឹង​ច្បាស់​ថា ចំណុច​ជា​អាទិភាព​ចុង​ក្រោយ​នៃ​ការ​រក្សា​អំណាច​របស់​លោក គឺ​ការ​គាំទ្រ​ពី​កង​កម្លាំង​ប្រដាប់​អាវុធ។ លោក​បន្ថែម​ថា លោក ហ៊ុន សែន នឹង​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​ស្មោះ​ត្រង់​នឹង​លោក ដើម្បី​ទប់​ទល់​ក្នុង​ករណី​មាន​ការ​តវ៉ា​ណា​មួយ​ផ្ទុះ​ឡើង។ លោក​ថ្លែង​ទៀត​ថា ភាសា​បែប​ហិង្សា “ងើប​មួយ​វាយ​មួយ ងើប​ពីរ​វាយ​ពីរ” នោះ លោក ហ៊ុន សែន មិន​មែន​សំដៅ​ទៅ​លើ​តែ​សកម្មជន​គណបក្ស​ប្រឆាំង​នោះ​ទេ ប៉ុន្តែ​សារ​នេះ​​ក៏​ជា​ការ​ព្រមាន​ដល់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចង់​ផ្លាស់​ប្ដូរ​លោក​ចេញ​ពី​អំណាច​ផង​ដែរ៖ «ការ​ងើប​ឡើង​នៃ​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ចង់​ផ្លាស់​ប្ដូរ​គាត់​នោះ វា​គឺ​ជា​ឥទ្ធិពល​ដែល​មាន​កម្រិត​ មាន​លទ្ធភាព​ខ្ពស់​ណាស់។ ម្ល៉ោះ​ហើយ​របៀប​ដែល​គាត់​ត្រូវ​ធ្វើ​ក្នុង​ដំណាក់​កាល​បច្ចុប្បន្ន​ គ្មាន​អ្វី​ក្រៅ​ពី​យក​ចិត្ត​កងទ័ព ទាំង​ការ​សរសើរ​ ទាំង​ការ​ផ្ដល់​ការ​លើក​ទឹក​ចិត្ត។ ហើយ​ទន្ទឹម​នឹង​នេះ ពង្រីក​បក្ខពួក​របស់​ខ្លួន​ឱ្យ​មាន​ឥទ្ធិពល​នៅ​ក្នុង​កង​ទ័ព​ផង ដាក់​កូន​ប្រុស​ឱ្យ​នៅ​ក្នុង​តំណែង​កំពូល ដឹកនាំ​ក្ដាប់​កងទ័ព​ជាតិ។ បែប​ហ្នឹង​ គឺ​ជា​វិធី​ដែល​គាត់​កំពុង​តែ​ធ្វើ​ក្នុង​ការ​ប្រើប្រាស់​កងទ័ព»

អ្នក​វិភាគ​រូប​នេះ ជឿជាក់​ថា ចរន្ត​នៃ​ការ​ចង់​ផ្លាស់​ប្ដូរ​លោក ហ៊ុន សែន ពី​អំណាច​នេះ កើត​មាន​ជា​យូរ​មក​ហើយ ទាំង​នៅ​ផ្ទៃក្នុង​បក្ស​កាន់​អំណាច និង​ស្ថាប័ន​រដ្ឋាភិបាល។ ក៏​ប៉ុន្តែ​លោក​ថា ​រឿង​នេះ​មិន​អាច​ធ្វើ​ទៅ​រួច​ដោយ​សារ​អ្នក​ចង់​ផ្លាស់​ប្ដូរ​លោក​ ហ៊ុន សែន នៅ​មាន​ផល​ប្រយោជន៍​ពី​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន ហើយ​ម្យ៉ាង​វិញ​ទៀត​ដោយសារ ​លោក ហ៊ុន សែន ក្ដាប់​អំណាច​ណែន​ក្នុង​ដៃ ជាពិសេស គឺ​អំណាច​ទ័ព​តែ​ម្ដង។

លោក​បន្ត​ថា ចរន្ត​នៃ​ការ​ចង់​ទម្លាក់​លោក ហ៊ុន សែន នេះ គឺ​ដោយសារ​លោក​ដឹក​នាំ​ប្រទេស​តាម​របៀប​ផ្ដាច់​ការ និង​បង្កើត​ការ​ឈឺ​ចាប់​ដល់​ពលរដ្ឋ អ្នក​នយោបាយ​ប្រឆាំង និង​ផ្ទៃក្នុង​គណបក្ស​ខ្លួន​ឯង តាម​រយៈ​ការ​ច្បាម​យក​តួនាទី​គ្រាក់ៗ ក្នុង​ស្ថាប័ន​ជាតិ​ឱ្យ​ទៅ​កូន​ចៅ​ និង​បក្ខ​ពួក​របស់​ខ្លួន។ ទោះ​ជា​យ៉ាង​ណា លោក​ជឿ​ថា នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ គំនិត​ចង់​ផ្លាស់​ប្ដូរ​លោក ហ៊ុន សែន នេះ អាច​មាន​ភាព​ផុលផុស​ជាង​មុន ទើប​ធ្វើ​ឱ្យ​លោក​ ហ៊ុន សែន ត្រូវ​តែ​ខំ​យក​ចិត្ត​កង​កម្លាំង​ប្រដាប់​អាវុធ៖ «សេចក្ដី​ថ្លែង​របស់​លោក ហ៊ុន សែន ក្នុង​ដំណាក់​កាល​ចុង​ក្រោយ ខ្ញុំ​គិត​ថា វា​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា ចរន្ត​ដែល​ចង់​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​លោក ហ៊ុន សែន ពី​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​ហ្នឹង ក៏​នៅ​តែ​បន្ត ហើយ​អាច​នឹង​មាន​ការ​គិត​កាន់​តែ​ផុលផុស​ឡើង។ ក៏​ប៉ុន្តែ​គ្រាន់​តែ​ថា វា​ស្ថិត​នៅ​លើ​ថា តើ​អ្នក​ដែល​ចង់​ផ្លាស់​ប្ដូរ​លោក ហ៊ុន សែន ហ្នឹង​ មាន​យុទ្ធសាស្ត្រ​ច្បាស់​លាស់​ប៉ុន​ណា​តែ​ប៉ុណ្ណឹង​នោះ​ទេ»

ថ្វីត្បិត​តែ​លោក ហ៊ុន សែន ហាក់​បង្ហាញ​ថា លោក​យក​ចិត្ត​ទុក​ដាក់​នឹង​កង​កម្លាំង​ប្រដាប់​អាវុធ​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ជុំ​វិញ​ការ​តែង​តាំង​កូនៗ ឱ្យ​ទទួល​បាន​តួនាទី​គ្រាក់ៗ ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ រំលង​មន្ត្រី​ចាស់ៗ ដែល​មាន​បទ​ពិសោធន៍ និង​អតីតភាព​យូរ​ឆ្នាំ។

បច្ចុប្បន្ន​នេះ កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ដែល​មាន​ឋានន្តរសក្ដិ​ជា​ឧត្ដម​សេនីយ៍​ផ្កាយ៣ គឺជា​អគ្គ​មេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើង​គោក ដែល​ជា​ស្ថាប័ន​ទ័ពមាន​អំណាច​ជាង​គេ​នៅ​កម្ពុជា។ កូន​ប្រុស​ទីពីរ​របស់​លោក គឺ​លោក ហ៊ុន ម៉ានិត ពាក់​ផ្កាយ៣ ដូច​គ្នា គឺ​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​ក្រសួង​ការពារ​ជាតិ និង​ជា​សមាជិក​ក្រុម​ប្រឹក្សាភិបាល​មជ្ឈ​មណ្ឌល​​សកម្មភាព​​កម្ចាត់​មីន​កម្ពុជា (CMAC) ​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី។ ចំណែក កូន​ប្រសា​របស់​លោក គឺ​លោក​ ឌី វិជ្ជា វិញ ក៏​មាន​ឋានន្តរសក្តិផ្កាយ៣ ដែរ គឺ​ជា​អគ្គ​ស្នងការ​រង​នគរ​បាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។ នេះ​មិន​រាប់​បញ្ចូល​កូនៗ របស់​លោក ​ដែល​កាន់​តួនាទី​ខ្ពស់ៗ ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​ស្ថាប័ន​ស៊ីវិល​ផង។

អ្នក​ឃ្លាំមើល​បញ្ហា​កម្ពុជា ​អះអាង​ថា ការ​តែងតាំង​កូនចៅ និង​សែ​ស្រឡាយ​គ្រួសារ​របស់​ខ្លួន ​ឱ្យ​កាន់​តំណែង​ធំៗ នៅ​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ​បែប​នេះ គឺ​ជា​សញ្ញា​បង្ហាញ​ថា ប្រទេស​កម្ពុជា​ កំពុង​ឈាន​ទៅ​រក​របប​ដឹក​នាំ​បែប​​យោធា និង​គ្រួសារ​និយម

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល