លោក ហ៊ុន សែន ប្រតិកម្មខ្លាំងៗ ចំពោះពលរដ្ឋខ្មែរអាមេរិកយកស្បែកជើងគប់លើលោកនៅសហរដ្ឋអាមេរិក
2022.05.17
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់ទុកការគប់ស្បែកជើងលើរូបលោកអំឡុងពេលជួបអ្នកគាំទ្រនៅសហរដ្ឋអាមេរិក ថាជាអំពើហិង្សាប៉ុនប៉ងគិតទុកជាមុន។ លោកប្រកាសមិនយកទោសពៃចំពោះអ្នកគប់នោះទេ ប៉ុន្តែលោកព្រមានទុកជាមុនថា បើសិនអាមេរិកចាត់ទុកទង្វើរបស់លោក អ៊ុក ទូច ជាសិទ្ធិបញ្ចេញមតិ នោះអ្នកគាំទ្ររបស់លោកនឹងយកស្បែកជើងគប់ក្រុមគណបក្សប្រឆាំង និងបក្ខពួកដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាបើពលរដ្ឋខ្មែរអាមេរិកកាំង គឺលោក អ៊ុក ទូច ដែលបានយកស្បែកជើងគប់ក្បាលលោក ត្រូវសហរដ្ឋអាមេរិកបញ្ជូនមកកម្ពុជានោះលោក អ៊ុក ទូច ពិតជាមិនរួចខ្លួនឡើយ។
ប៉ុន្តែលោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលរបស់លោកមិនបានធ្វើកំណត់ទូត ឬទាមទារឱ្យអាមេរិកដាក់ទោសទណ្ឌលើអ្នកគប់ស្បែកជើងនោះទេ តែចំណាត់ការយ៉ាងណា គឺអាស្រ័យលើច្បាប់របស់អាមេរិក។ ទន្ទឹមនឹងនេះ លោកបញ្ជាក់ថា បញ្ហានេះមិនមែនជារឿងតូចតាចសម្រាប់លោកនិងអ្នកគាំទ្រទេ ដូច្នេះលោកស្នើឱ្យរដ្ឋាភិបាលអាមេរិកបកស្រាយឱ្យបានច្បាស់លាស់។ ម្យ៉ាងវិញទៀត លោក ហ៊ុន សែន ព្រមានទុកជាមុនថា បើសិនអាមេរិកចាត់ទុកករណីនេះ គឺជាសិទ្ធិបញ្ចេញមតិ នោះខាងលោកមិនធានាអំពីសុវត្ថិភាពរបស់មេដឹកនាំគណបក្សប្រឆាំង និងបក្ខពួកឡើយ ហើយពួកគេត្រៀមត្រូវក្បាលនឹងស្បែងជើងពីកំហឹងឈឺចាប់របស់អ្នកគាំទ្ររដ្ឋាភិបាលវិញ៖ «បើអាមេរិកចាត់ទុកការយកស្បែកជើងគប់ក្បាលគេ ជាសិទ្ធិបញ្ចេញមតិ ករណីនេះ វានឹងរាលដាលទៅប្រទេសដទៃ ហើយក៏មាននៅកម្ពុជាដែរ។ សូមអង្គការក្រៅរដ្ឋាភិបាលនានា ប្រយ័ត្នប្រយែងការធ្វើអត្ថាធិប្បាយខុស ព្រោះនៅប្រទេសកម្ពុជាកំពុងខឹងសម្បារយ៉ាងខ្លាំង ត្រៀមនឹងផ្ទុះទេ។ ប៉ុន្តែ ឥឡូវអ្វីដែលខ្ញុំកំពុងព្រួយគឺ សុវត្ថិភាពមេដឹកនាំប្រឆាំង និយាយឱ្យច្បាស់អ៊ីចឹងហ្មង បើនៅឯនោះចាត់ទុកអានេះជាសេរីភាពបញ្ចេញមតិ ចឹងនៅនេះក៏អាចគប់ក្បាលមេដឹកនាំប្រឆាំងនៅស្រុកខ្មែរបានដែរ»។
ប្រតិកម្មរបស់លោក ហ៊ុន សែន កើតមានក្រោយពីពលរដ្ឋខ្មែរអាមេរិកកាំងម្នាក់បានយកស្បែកជើងគប់តម្រង់ទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលដែលលោកកំពុងថតរូបជាមួយអ្នកគាំទ្រលោកនៅមុនពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន។ លោក អ៊ុក ទូច អះអាងថា មូលហេតុដែលលោកយកស្បែកជើងគប់ក្បាលលោក ហ៊ុន សែន គឺដោយសារលោកខឹងនឹងលោក ហ៊ុន សែន សម្លាប់លទ្ធិប្រជាធិបតេយ្យ និងធ្វើទុក្ខបុកម្នេញ ពលរដ្ឋខ្មែរជាច្រើននាក់ ដែលមិនគាំទ្រលោក អំឡុងពេលលោកដឹកនាំប្រទេស។
ទាក់ទងរឿងនេះ អ្នកជំនាញច្បាប់ និងវិទ្យាសាស្រ្តនយោបាយអន្តរជាតិកញ្ញា សេង ធារី សង្កេតឃើញថា មូលហេតុនៃការគប់ស្បែកជើងកើតចេញពីការឈឺចាប់ និងអំពើអយុត្តិធម៌ ហើយកញ្ញាចាត់ទុកករណីបែបមិនធំដុំនោះទេ បើធៀបនឹងពលរដ្ឋខ្មែរស្លូតត្រង់ទទួលរងគ្រោះក្រោមការដឹកនាំរដ្ឋាភិបាល។ កញ្ញាយល់ថា ដើម្បីកុំឱ្យបញ្ហាទាំងនេះកើតឡើងបន្តទៀត រដ្ឋាភិបាលគួរដោះស្រាយបញ្ហាក្នុងសង្គមឱ្យមានប្រសិទ្ធិភាព៖ «ការខឹងរបស់បុគ្គលម្នាក់ តែតំណាងឱ្យប្រជាពលរដ្ឋខ្មែរច្រើន ដែលខឹងលោក ហ៊ុន សែន ចេះតែបៀតបៀនលើប្រជាពលរដ្ឋស្លូតត្រង់របស់ខ្លួន អាហ្នឹងជាការឆ្លុះពីបញ្ហាគប់ស្បែកជើង ខុសឬត្រូវផ្នែកច្បាប់វាស៊ីសងតាមការជំរុញពីរបបផ្តាច់ការនេះទៅសហរដ្ឋអាមេរិក»។
ចំណែកអ្នកវិភាគនយោបាយដែលកំពុងភៀសខ្លួននៅប្រទេសហ្វាំងឡង់ (Finland) លោក គឹម សុខ សោកស្តាយចំពោះលោក ហ៊ុន សែន ដែលញុះញង់ឱ្យពលរដ្ឋខ្មែរស្អប់គ្នា ជាពិសេសប៉ះពាល់ដល់ទំនាក់ទំនងទូតរវាងអាមេរិកនិងកម្ពុជា។ លោក គឹម សុខ ថា ការគប់ស្បែកជើងធ្វើឲ្យលោក ហ៊ុន សែន ខកចិត្តដោយសារតែលោកមិនអាចបំភាន់ភ្នែកប្រជាពលរដ្ឋ ពីប្រជាប្រិយភាពលោក៖ «រឿងលោក អ៊ុក ទូច គ្រាន់តែបង្ហាញការមិនសប្បាយចិត្តចំពោះការដឹកនាំរបស់លោក ហ៊ុន សែន ហើយលោក ហ៊ុន សែន ទៅយករឿងហ្នឹងពង្រីកឱ្យសាយភាយថាប្រយ័ត្នមេដឹកនាំគណបក្សប្រឆាំង អ្នកប្រកួតប្រជែងជាមួយគាត់ស៊ីក្បាលមួយស្បែកជើងដែរ លោក ហ៊ុន សែន ថាគ្រាន់តែវិភាគទេ ប៉ុន្តែយើងដឹងហើយថាពាក្យសម្តីចេញពីក្រុមនេះមិនមែនជាការវិភាគទេ គឺជាការញោះញង់បញ្ហាឱ្យកើតឡើង ហើយរឿងទាំងអស់ហ្នឹងអាចកើតឡើងមែន ពីព្រោះលោក ហ៊ុន សែន មានឥទ្ធិពលក្នុងការប្រតិបត្តិ គ្រប់គ្រង បញ្ហាទាំងអស់នៅក្នុងប្រទេសកម្ពុជា»។
លោក អ៊ុក ទូច មិនត្រូវបានប៉ូលិស សហរដ្ឋអាមេរិកចាប់ខ្លួននោះទេ ក្រោយលោកយកស្បែកជើងគប់ខុសក្បាលលោក ហ៊ុន សែន។ ប៉ូលិសសុំឲ្យលោក ចាកចេញពីទីកន្លែងដែលលោក ហ៊ុន សែន កំពុងជួបអ្នកគាំទ្រតែប៉ុណ្ណោះ។ ក្រោយការគប់ស្បែកជើងនោះ លោក អ៊ុក ទូច បន្តធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន បន្តទៀត ហើយបច្ចុប្បន្នលោកនៅមានសេរីភាពដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។