លោក​ហ៊ុន សែន​ ព្រមាន​ជា​ថ្មី​​កម្ទេច​ក្រុម​បក្ស​ប្រឆាំង​ណា​ដែល​ធ្វើ​សកម្មភាព​នយោបាយ​នៅ​កម្ពុជា

ដោយ ទីន ហ្សាការីយ៉ា
2019-04-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ហ៊ុន សែន​ ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អាគារ​ច្រក​ព្រំដែន​​ថ្មី​នៅ​ប៉ោយប៉ែត​ ថ្ងៃ​ទី២២ ខែ​មេសា ឆ្នាំ២០១៩។
លោក​ហ៊ុន សែន​ ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អាគារ​ច្រក​ព្រំដែន​​ថ្មី​នៅ​ប៉ោយប៉ែត​ ថ្ងៃ​ទី២២ ខែ​មេសា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក​ ហ៊ុន សែន​ កំពុង​តែ​ភ័យ ព្រួយ​ខ្លាច​កម្លាំង​មហាជន​ផ្ទុះ​ឡើង​ធ្វើ​ឱ្យ​លោក​បាត់បង់​អំណាច​​ហើយ បាន​ជា​លោក​​និយាយ​គំរាម​វាយ​កម្ទេច​សមាជិក​បក្ស​ប្រឆាំង​នោះ។ ការ​លើក​នេះ​ ក្រោយពេល លោក ហ៊ុន សែន​ បាន​​ព្រមាន​ជា​ថ្មី​ទៀត​ថា​ លោក​នឹង​វាយ​កម្ទេច​ចោល​ឱ្យ​អស់​ ចំពោះ​​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង​ឡាយ​ណា​ដែល​ហ៊ាន​ងើប​តវ៉ា​ឬ​​ធ្វើ​សកម្មភាព​​បម្រើ​ឱ្យ​កិច្ចការ​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ។

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ គឺ​លោក ហ៊ុន សែន​ បាន​ហាម​ឧបនាយក​រដ្ឋមន្ត្រី​លោក ស ខេង មិន​ឱ្យ​ឆ្លើយឆ្លង​នឹង លោក សម រង្ស៊ី ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិជា​ដាច់​ខាត បើ​ទោះ​បី​ជា​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​រូប​នេះ​និយាយ​ផ្លែផ្កា​មក​លើ​របប​លោក​យ៉ាង​ណា​ក៏ដោយ លោក ហ៊ុន សែន អះអាង​ទៀត​ថា ការ​មិន​ឆ្លើយ​នេះ​គឺ​ជា​ប្រយោជន៍​មួយ​ធ្វើ​ឱ្យ​ប្រជាប្រិយភាព​​របស់​លោក​សម រង្ស៊ី នឹង​សាបសូន្យ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ៖ «ឧបនាយក​រដ្ឋ​មន្ត្រី​ធ្វើ​រដ្ឋប្រហារ​នាយក​រដ្ឋ​មន្ត្រី​គឺ​មាន​ន័យ​ធ្វើ​រដ្ឋប្រហារ​រួច​ចេះ​តែ​ប្រើ​គេ​ទៅ​រួច​ ចេះ​និយាយ​ទៅ​កើត​ តែ​ឥឡូវ​សូម​ឱ្យ​ទាំង​អស់​គ្នា​ស្ងាត់​ស្ងៀម​កុំ​ត​មាត់​វា​ ឆ្កែ​ខាំ​ជើង​យើង​ យើង​កុំ​យក​មាត់​យើង​ខាំ​ជើង​ឆ្កែ​។ព្រោះ​វា​ស្មើ​នឹង​វា​ស្មើ​នឹង​សត្វ​ធាតុ​ទៅ​ហើយ​វា​មិន​ដែល​អាណា​ដល់​ថ្នាក់​ប៉ុណ្ណឹង​ពេក​ រួច​ហើយ​វា​សុទ្ធ​តែ​ថា​សម្រុក​ចូល​ អញ​រង់​ចាំ​តែ​ចូល​មក ប៉ុល ពត​ប៉ុន្មាន​កងពល​វ៉ៃ​មិន​ដួល​ផង​មក​ចង់​ចូល​មក​ចាប់​អញ»

លោក​ ហ៊ុន សែន ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ ស្ថិត​នៅ​សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ គឺ​នៅ​មុន​ពេល​លោក​ជិះ​រថភ្លើង​ឆ្លងកាត់​ព្រំដែន​​រួម​គ្នា​ជា​មួយ​នាយក​រដ្ឋមន្ត្រី​ថៃ​លោក ប្រាយុទ ចាន់​អូចារ (Prayuth Chan Oucha) កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២​មេសា។លោក​ហ៊ុន សែន​ ក៏​បាន​ព្រមាន​ជា​ថ្មីទៀត​ថា​ លោក​នឹង​វាយ​កម្ទេច​ចោល​ទាំង​អស់​ចំពោះ​សកម្មជន​គណបក្ស​ប្រឆាំង​រូប​ណា​ដែល​ហ៊ាន​ធ្វើ​នយោបាយ​ប្រឆាំង​នឹង​របប​លោក​។ លោក ហ៊ុន សែន អះអាង​ថា វា​ជា​រឿង​មិន​អាច​ទៅ​រួច​ទេ ដែល​លោក ស ខេង ចង់​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រូប​លោក ដើម្បី​យក​អំណាច​ឲ្យ​អ្នក​ដទៃ​នោះ៖‍ « កាល​ណា​​គេ​វាយ​តម្លៃ​យុទ្ធសាស្ត្រ​យើង​មិន​ត្រូវ​គឺ​ពួកគេ​នឹង​ចាញ់​ឯង​ទេ​ ហើយ​ខ្ញុំ​ក៏​មិន​ចាំ​បាច់​និយាយ​វែង​ឆ្ងាយ​ដែរ​ព្រោះ​បាន​ណែ​នាំ​ហើយ​ងើប​មួយ​វាយ​មួយ​ងើប​២​វាយ​២​ចប់​ វា​គ្មាន​រឿង​អី​កើត​ឡើង​ទេ​ តែ​ខុស​ច្បាប់​ហើយ​គឺ​ដាក់​ហើយ»

ទោះ​បី​ជា​មាន​ការ​ប្រកាស​ថា​ឲ្យ​ឈប់​ឆ្លើយឆ្លង​បែប​នេះ​ក្តី ក៏ប៉ុន្តែ​កន្លង​មក​ លោក ហ៊ុន សែន ថ្លែង​សារ​ដឺដង​ឆ្លង​ឆ្លើយ ជាមួយ លោក ស​មរង្ស៊ី ជាបន្តបន្ទាប់​មក រហូត ឲ្យ​និពន្ធ​បទ​ចម្រៀង និង​បញ្ជា​ឲ្យ​សិល្បករ ច្រៀង​បទ​ទទារ​យំ​ឆ្លង ត្រយ៉ងបងហ្អើយ មិន​ឆ្លើយ ជា​រៀង​រាល់ថ្ងៃ និង​គ្រប់​ទីកន្លែង​នោះ​ជាដើម។

​​​កាល​ពី​ថ្ងៃ​ទី​១៩​មេសា​ លោក​ សម រង្ស៊ី​ បាន​ប្រាប់​ទៅ​លោក​ស ខេង​ ឱ្យ​ប្រញាប់​កម្ទេច​​លោក​ ហ៊ុន សែន​ និង​ក្រុម​គ្រួសារ​ឱ្យ​បាន​ឆាប់​ ដើម្បី​កុំ​ឱ្យ​បុរស​ក្រាញ​អំណាច​ជិត​៤០​ឆ្នាំ​រូប​បាន​បន្ត​អំណាច​ដឹក​នាំ​ប្រទេស​ទៅ​មុខ​ទៀត​ឱ្យ​សោះ​។លោក​ សម រង្ស៊ី​ ក៏​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទិសទី​ចូល​រួម​ជា​មួយ​លោក​បះបោរ​តវ៉ា​ទាមទារ​ឱ្យ​លោក​ហ៊ុន សែន​ ចុះ​ចេញ​ពី​តំណែង​ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​​បាន​ក្នុង​ឆ្នាំ​២០១៩​នេះ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​លោក ម៉ោញ សារ៉ាត់ មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា បើ​ទោះ​បី​ជា​មាន​ការ​គំរាមកំហែង​យ៉ាង​នេះ​ក្ដី​ ក៏​ពួកគាត់​មិន​ខ្លាច​ដែរ ពួកគាត់​មិន​អត់​ទ្រាំ​ការ​ឈឺ​ចាប់​ដែល​លោក​ហ៊ុន សែន​ដឹក​នាំ​​​ប្រទេស​ធ្វើ​ឱ្យ​ហិនហោច​ព្រៃឈើ​ និង​ធនធានធម្មជាតិ​ផ្សេង​ទៀត​របស់​ជាតិ​​ ហើយ​ពលរដ្ឋ​ខ្មែរ​កាត់​តែ​ក្រីក្រ​ និង​​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន​នោះ​ទេ។​លោក​អះអាង​ទៀត​ថា ​សកម្មជន​គណបក្ស​ប្រឆាំង​ក៏​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដែរ​ ដើម្បី​ចូលរួម​ជា​មួយ​លោក​ សម រង្ស៊ី បណ្ដេញ​លោក​ហ៊ុន សែន​ ចេញ​ពី​តំណែង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នោះ៖ «ពីព្រោះ​បើ​សិន​ជា​ហេតុ​ការ​វា​នឹង​កើត​មែន​មុន​នឹង​ក្រោយ​យើង​គង់​តែ​ស្លាប់​ទេ​ ដូច្នេះ​រឿង​អី​យើង​ត្រូវ​ខ្លាច​គ្រាន់​តែ​ការ​គំរាម​មិន​អាច​ធ្វើ​យើង​បាន​ផង​ ហើយ​យើង​ដឹង​ទៀត​កម្លាំង​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ងើប​ឈរ​ច្រើន​ណាស់​ គ្រាន់​តែ​ថា​រង់​ចាំ​តែ​ពេល​វេលា​មក​ដល់​គឺ​យើង​ងើប​ហើយ​។មិន​ដឹង​គាត់​បាន​កម្លាំង​ពី​ណា​មក​ទប់​កម្លាំង​ប្រជាពលរដ្ឋ​នោះ​ទេ​ បើ​សមត្ថកិច្ច​តាម​ឃុំ​សង្កាត់​មាន​យ៉ាង​ច្រើន​១៥​នាក់​ ប៉ុន្តែ​ពលរដ្ឋ​ដែល​ត្រូវ​ងើប​ឈរ​វា​រាប់​ម៉ឺន​នាក់​ឯណោះ​ តើ​អ្នក​ណា​ចាប់​អ្នក​ណា»

អ្នក​វិភាគ​វ័យ​ក្មេង​លោក​ បុង ដែត​ លើក​ឡើង​ថា​ ការ​គំរាមកំហែង​របស់​លោក​ ហ៊ុន សែន​ នេះ​គ្រាន់​តែ​ជា​ការ​បំភ័យ​ដល់​សកម្មជន​គណបក្ស​ប្រឆាំង​កុំ​ឱ្យ​ទៅ​ចូល​រួម​ជា​មួយ​លោក សម រង្ស៊ី​ តវ៉ា​ប្រឆាំង​នឹង​របប​លោក​តែ​ប៉ុណ្ណោះ។ប៉ុន្តែ​អ្នក​វិភាគ​រូប​នេះ​យល់​ថា សារ​របស់​លោក​សម រង្ស៊ី កាល​ពី​ពេល​ថ្មី​ៗ​នេះ​ចាក់​ចំ​បេះ​ដូង​របស់​លោក​ ហ៊ុន សែន ដែល​ធ្វើ​ឱ្យ​រង្គោះរង្គើ​ខ្លាំង​ដល់​អំណាច​របស់​លោក​ ព្រោះ​ខ្លាច​មាន​ការ​បះបោរ​ណា​មួយ​កើត​ឡើង​ក្នុង​ពេល​ខាង​មុន ។លោក​បន្ត​ថា​ ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​តែ​ធ្លាក់​ចុះ ដោយសារ​ពលរដ្ឋ​មិន​ពេញ​ចិត្តនឹង​របប​ដឹក​នាំ​សព្វ​ថ្ងៃ​ដែល​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ និង​ប្រទេស​មាន​ការ​អភិវឌ្ឍន៍​យឺត៖ «ភ័យ​នឹង​គាត់​ប្រើ​សារ​នយោបាយ​មួយ​ដែល​ហៅ​ថា​ប្រជាភិថុតិ គឺ​ធ្វើ​ដូច​មិន​ភ័យ​ ហើយ​គាត់​ប្រើ​សារ​នយោបាយ​ណា​មួយ​ដើម្បី​រាំង​ខ្ទប់​​កុំ​ឲ្យ​កើត​ឡើង​ ដោយ​គាត់​ឃើញ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ក៏​គាត់​មាន​ការ​ព្រួយ​បារម្ភ​ដែរ វា​អាច​កើត​មាន​ឡើង​នៅ​កម្ពុជា​ បើ​សិន​ជា​លោក សម រង្ស៊ី​ គាត់​ប្រកាស​ថា​នឹង​នាំ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ស្រុក​ គាត់​ច្បាស់​ជា​ចេញ​សារ​គំរាមកំហែង​ គឺ ត្រូវ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ស្ថានភាព​បែប​នឹង​កើត​ឡើង​ដែល​អាច​ប៉ះពាល់​ដល់​អំណាច​របស់​លោក»

អ្នក​វិភាគ​រូប​នេះ​បន្ត​ថា​ របប​ក្រុង​ភ្នំពេញ​ក៏​កំពុង​ភ័យ​ព្រួយ​ បញ្ហា​ការ​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ​អ៊ី.ប៊ី.អេ (EBA) និង​ សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ដែរ ក៏​ប៉ុន្តែ​មេ​ដឹក​នាំ​របប​នេះ​ព្យាយាម​បង្វែង​ដាន​មិន​ឱ្យ​ពលរដ្ឋ​ចាប់​អារម្មណ៍​មក​លើ​បញ្ហា​ទាំង​នេះ។ទោះ​ជា​យ៉ាង​ណា​អ្នក​វិភាគ​រូប​នេះ​ មាន​ជំនឿ​ថា លោក​ហ៊ុន សែន អាច​នឹង​ងាក​មក​រក​តុ​ចរចា​ដំណោះ​ស្រាយ​នយោបាយ​ជា​មួយ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ក្នុង​ពេល​ខាង​មុខ​ ប្រសិនបើ​លោក​សម រង្ស៊ី​ វិល​ចូល​ស្រុក​វិញ​ ហើយ​ដឹក​នាំ​កម្លាំង​មហាជន​ផ្ទុះ​ការ​តវ៉ា​ដូច​ការ​លើក​ឡើង​នោះ​ ព្រោះ​ការ​ធ្វើ​បែប​នេះ​ គឺ​ជា​ការ​រុញ​​ឲ្យ​របប​ក្រុង​ភ្នំពេញ​​​ដើរ​ដល់​ផ្លូវ​ទាល់​ច្រក​កាន់​តែ​ខ្លាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល