លោក ហ៊ុន សែន ប្រកាសគោលជំហរជាសាធារណៈ អំពីការជំរុញកូនចៅរបស់លោកឱ្យចូលប្រឡូកក្នុងឆាកនយោបាយ ដើម្បីបន្តកាន់តំណែងនាយករដ្ឋមន្ត្រីតវង្សត្រកូល។ ក្រុមអ្នកវិភាគ និងយុវជនមើលឃើញថា ការប្រកាសបែបនេះគឺ មានបំណងចង់ឱ្យកូនចៅរបស់លោកបន្តតំណែងនាយករដ្ឋមន្ត្រីតជំនាន់ ដើម្បីថែរក្សាអំណាច និងទ្រព្យសម្បត្តិគ្រួសារត្រកូល ហ៊ុន។ ពួកគេថា ការធ្វើបែបនេះនឹងប៉ះពាល់ដល់ប្រយោជន៍ជាតិ ដោយសារអំពើពុករលួយរបស់គ្រួសារមួយនេះ។
ថ្លែងក្នុងវេទិកាទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី៥ ខែសីហា លោក ហ៊ុន សែន ថ្លែងថា កន្លងមកលោកមិនចង់ឲ្យកូនចៅរបស់លោក ចូលពាក់ព័ន្ធក្នុងរឿងនយោបាយនោះទេ គឺត្រឹមឲ្យចូលបម្រើការក្នុងជួរកងទ័ពតែប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ លោកសម្រេចចិត្តជំរុញកូនចៅរបស់លោកឱ្យចូលប្រឡូកក្នុងឆាកនយោបាយ រាប់ចាប់តាំងពីចៅប្រុសរបស់លោក ដែលទើបបញ្ចប់ឆ្នាំទី១ នៅក្នុងថ្នាក់សកលវិទ្យាល័យ។ លោកមានបំណងចង់ផ្ទេរតំណែងនាយករដ្ឋមន្ត្រីពីកូនរហូតដល់ចៅរបស់លោក៖ « ខ្ញុំតែងប្រដៅកូនខ្ញុំ កុំឱ្យពាក់ព័ន្ធនឹងនយោបាយ សុខចិត្តធ្វើទាហាន។ ប៉ុន្តែឥឡូវនេះ វាហួសពេលហើយ ខ្ញុំនឹងអំពាវនាវ ជំរុញកូនខ្ញុំ ចៅខ្ញុំ ឱ្យចូលប្រឡូកក្នុងនយោបាយទាំងអស់ » ។
យុវជន និងក្រុមអ្នកវិភាគលើកឡើងថា ការប្រកាសរបស់លោក ហ៊ុន សែន មានចេតនាឱ្យកូនចៅបន្តតំណែងនាយករដ្ឋមន្ត្រីបន្តជំនាន់ ដែលវាជាការប៉ះពាល់ធំធេងទៅដល់ប្រទេសជាតិ។
យុវជន និងជាសកម្មជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុត យល់ឃើញថា ថ្វីដ្បិតការគាំទ្រកូនឱ្យក្លាយជានាយករដ្ឋមន្ត្រីក្នុងនាមជាឪពុកម្នាក់ មើលទៅហាក់មិនមានការទាស់ខុសអ្វីឡើយ ក៏លោកនៅតែយល់ឃើញថា លោក ហ៊ុន សែន មិនគួរប្រកាសបែបនេះនៅក្នុងវេទិកាសាធារណៈនោះឡើយ។ លោកបន្តថា ជំនួសឱ្យការប្រកាសបែបនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរតែងាកទៅចាប់ផ្ដើមធ្វើកំណែទម្រង់នៅក្នុងប្រព័ន្ធបោះឆ្នោត ដើម្បីជំរុញឱ្យមានការជ្រើសរើសមេដឹកនាំដោយស្មើភាព និងជាការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសផងដែរ។ លោកបន្ថែមថា ការប្រកាសនេះអាចនឹងមានឥទ្ធិពលទៅលើការសម្រេចណាមួយរបស់សភា ស្របពេលកម្ពុជាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលចង់សំដៅដល់ការផ្ទេរអំណាចជានាយករដ្ឋមន្ត្រីពីឪពុកទៅកាន់កូន៖ « ការដែលប្រកាសគាំទ្រកូនគាត់ហ្នឹង វានឹងធ្វើឱ្យមានឥទ្ធិពលទៅក្នុងផ្ទៃក្នុងបក្សគាត់ផង ទៅក្នុងសភាផង។ ដោយសារតែក្នុងប្រទេសយើងអំណាចហ្នឹងបែងចែកមិនដាច់ពីគ្នា។ តាមដែលខ្ញុំមើលឃើញ នាយករដ្ឋមន្ត្រីដូចជាមានអំណាចខ្លាំងទៅលើរដ្ឋសភា។ អ្វីដែលនាយករដ្ឋមន្ត្រីនិយាយ មិនយូរមិនឆាប់ទេ គឺរដ្ឋសភា ព្រឹទ្ធសភាអីហ្នឹង គឺគេនឹងអនុម័តហើយ » ។

នៅក្នុងពិធីទទួលសញ្ញាប័ត្រជាមួយនឹងឯកសណ្ឋានបណ្ឌិត លោក ហ៊ុន សែន ក៏បានលើកឡើងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នៅពេលនេះពុំបានធ្វើឱ្យបាត់បង់តួនាទី និងអំណាចរបស់សភានោះទេ។ លោក ការពារថា រាជរដ្ឋាភិបាលស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញគឺ ដើម្បីបំពេញចន្លោះខ្វះខាតក្នុងលក្ខខណ្ឌនាយកមន្ត្រីស្លាប់ ឬលាលែងចេញពីតំណែង មិនមែនជាការរៀបចំការឲ្យកូនរបស់លោកបន្តវេនគ្រប់គ្រងអំណាចនោះទេ។
ឆ្លើយតបទៅនឹងការលើកឡើងនេះ អ្នកវិភាគនយោបាយ លោក គឹម សុខ ចាត់ទុកថា ការប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ឱ្យឡើងជានាយករដ្ឋមន្ត្រី និងការកែប្រែរដ្ឋធម្មនុញ្ញ ជាការរៀបចំប្លន់អំណាច មិនមែនជាការប្រកួតប្រជែងតំណែងនាយករដ្ឋមន្ត្រីនោះឡើយ។ លោកបន្តថា ការប្លន់អំណាចនេះ ត្រូវបានធ្វើឡើងដោយលោក ហ៊ុន សែន តាមរយៈការកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីឱ្យលោកមានឱកាសបានស្នើទៅព្រះមហាក្សត្រចាត់តាំងនាយករដ្ឋមន្ត្រីដោយខ្លួនឯង។ ជាមួយគ្នានេះ លោក ហ៊ុន សែន ព្យាយាមចូលកៀកឱ្យស្និទ្ធជាមួយប្រទេសចិន ដើម្បីសុំការគាំទ្រពីមហាអំណាចមួយនេះ ក្នុងការតែងតាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៖ « និយាយពីគំនិត ចំពោះជាតិកម្ពុជា លោក ហ៊ុន សែន គួរត្រូវប្រគល់ជូននូវសញ្ញាប័ត្រមហាបណ្ឌិតលក់ជាតិ ហើយបើនិយាយទៅដល់ពីរបៀបដឹកនាំក្នុងទឹកដីកម្ពុជាផ្ទាល់គួរត្រូវប្រគល់ជូននូវសញ្ញាប័ត្រមហាបណ្ឌិតនីតិមាត់ អំណាចផ្ដាច់ការអាជ្ញាទំនើងចិត្ត » ។
កន្លងមក លោក ហ៊ុន សែន ធ្លាប់ប្រកាសពីគោលជំហរគាំទ្រកូនឱ្យបន្តតំណែងពីលោកជាច្រើនលើកមកហើយ។ ពេលនោះ គេឃើញមានមន្ត្រីរបស់លោក នាំគ្នាចេញញត្តិគាំទ្រជាហូរហែ។ ក្នុងនោះ ក៏មានស្ថាប័នការពារជាតិ និងស្ថាប័នតុលាការផងដែរ។ ទោះជាយ៉ាងណាក្ដី អ្នកឃ្លាំមើលថា ការប្រកាសរបស់លោក ហ៊ុន សែន ជាបន្តបន្ទាប់ និងការកែរដ្ឋធម្មនុញ្ញជាដើមនេះ គឺជាការពង្រឹងអំណាចគ្រួសាររបស់លោក ដោយសារលោកមិនទុកចិត្តផ្ទៃក្នុង និងមានការបែកបាក់ផ្ទៃក្នុងធ្ងន់ធ្ងរ។ ស្របពេលជាមួយគ្នានោះ ក្រុមអ្នកឃ្លាំមើលចាត់ទុកថា លោក ហ៊ុន សែន កំពុងនាំកម្ពុជាឆ្ពោះទៅរកការដឹកនាំតវង្សត្រកូល និងធ្វើឲ្យកម្ពុជាក្លាយជាប្រទេសផ្ដាច់ការ ផ្ទុយពីរដ្ឋធម្មនុញ្ញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។