លោក ហ៊ុន សែន ថា​ទទួល​បាន​ផ្លែ​ផ្កា​ច្រើន​ពី​ដំណើរ​ទស្សនកិច្ច​នៅ​ជប៉ុន

ដោយ ថា កិត្យា
2017.08.09
ហ៊ុន សែន ២០១៦ ១៤៤០ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ត្រឡប់​មក​ពី​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Brach Chev

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ត្រឡប់​មក​ដល់​កម្ពុជា វិញ​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែ​សីហា ក្រោយ​ពី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នេះ ទទួល​បាន​លទ្ធផល​ផ្លែ​ផ្កា​ជាច្រើន ដោយ​មេ​ដឹកនាំ​កម្ពុជា-ជប៉ុន បាន​ឯកភាព​គ្នា​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម កិច្ចសហការ​លើ​វិស័យ​កសិឧស្សាហកម្ម លើក​ទឹក​ចិត្ត​អ្នក​វិនិយោគទុន និង​ទេសចរ​ជប៉ុន មក​កម្ពុជា។ លើស​ពី​នេះ ប្រទេស​ទាំង​ពីរ​បាន​ចុះ​អនុស្សរណៈ​លើ​ឯកសារ​សំខាន់ៗ​ចំនួន​ពីរ គឺ​ទី​១ ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​អនុវត្ត​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ការ​ការពារ​ទឹក​ជំនន់​ក្នុង​រាជធានី​ភ្នំពេញ ដំណាក់កាល​ទី​៤ ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ ៣៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ទី​២ ឥណទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំណត​កំពង់ផែ​ក្រុង​ព្រះសីហនុ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជា ២០៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

លោក ហ៊ុន សែន បន្ត​សំណេរ​នៅ​លើ​ហ្វេសប៊ុក​ទៀត​ថា លោក​ក៏​បាន​ពិភាក្សា​សុំ​ជំនួយ​ពី​ភាគី​ជប៉ុន លើ​គម្រោង​ឲ្យ​មាន​ផ្លូវ​រថភ្លើង​ស្វ័យប្រវត្តិ (Sky Train) នៅ​ទីក្រុង​ភ្នំពេញ ដែល​ចំណាយ​ថវិកា​វិនិយោគ​ប្រមាណ ៨០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ទីភ្នាក់ងារ​សារព័ត៌មាន​ជប៉ុន ក្យូដូ (KYODO) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៩ សីហា នេះ​ថា ដើម្បី​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ ជប៉ុន បាន​យល់ព្រម​ធ្វើ​ការ​សិក្សា​វាយ​តម្លៃ​លើ​គម្រោង​ស្នើ​សាងសង់​ផ្លូវ​រថភ្លើង​ស្វ័យប្រវត្តិ​ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ ទៅ​ចំណត​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្នុង​គោល​បំណង​ពិនិត្យ​មើល​ថា តើ​អាច​សាងសង់​បាន​ឬ​មិន​បាន។

ក្រៅ​ពី​នេះ លោក ហ៊ុន សែន បាន​ទៅ​មើល​រោងចក្រ​កែច្នៃ​សំរាម​របស់​រដ្ឋ​ជប៉ុន ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​កែច្នៃ​ឲ្យ​មាន​ប្រយោជន៍​យក​មក​ប្រើប្រាស់​វិញ​ដូច​ជប៉ុន កំពុង​ធ្វើ​ស្រាប់។

ពាណិជ្ជកម្ម​រវាង​ជប៉ុន និង​កម្ពុជា ក្នុង​ឆ្នាំ​២០១៦ មាន​ទឹកប្រាក់ ១.៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

បើ​ទោះ​បី​ជា​លោក ហ៊ុន សែន ប្រកាស​ពី​ភាព​ជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​យ៉ាង​ណា​ក្តី ប៉ុន្តែ​អ្នក​វិភាគ​បញ្ចេញ​យោបល់​ថា លោក ហ៊ុន សែន ខ្វះ​ភាព​ជា​អ្នក​ការទូត ព្រោះ​ក្នុង​ពេល​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន នោះ លោក ហ៊ុន សែន បាន​ឆ្លៀត​វាយ​ប្រហារ​ទៅ​គណបក្ស​ប្រឆាំង​ថា ខ្វះ​ការ​ទទួល​ខុស​ត្រូវ និង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​បំផ្លាញ​សន្តិភាព។

ដំណើរ​ទស្សនកិច្ច​ផ្លូវការ ៣​ថ្ងៃ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចូល​បង្គំ​គាល់​ព្រះរាជ​ទាយាទ​ជប៉ុន ព្រះអង្គម្ចាស់ ណារ៉ួហ៊ីតូ (Naruhito) និង​បាន​ជួប​ប្រជុំ​កំពូល​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ (Shinzō Abe) ព្រម​ទាំង​បាន​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​ជប៉ុន ចំនួន​៤ ដែល​ចាប់​អារម្មណ៍​ក្នុង​ការ​មក​វិនិយោគ​នៅ​កម្ពុជា ដោយ​លោក ហ៊ុន សែន អះអាង​ថា កម្ពុជា សព្វថ្ងៃ​មាន​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។