មេធាវីលោក កឹម សុខា រំពឹងថា សំណុំរឿងលោក កឹម សុខា នឹងឆាប់ចប់
2022.05.12
មេធាវីលោក កឹម សុខា រំពឹងថា សំណុំរឿងលោក កឹម សុខា នឹងឆាប់ចប់ក្រោយលោក ហ៊ុន សែន ថា រដ្ឋាភិបាលមិនចោទប្រកាន់សហរដ្ឋអាមេរិកថា ជាអ្នកនៅពីក្រោយលោក កឹម សុខា ក្នុងការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលនោះឡើយ។ មេធាវីសង្ឃឹមដូច្នេះ ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងពីសហរដ្ឋអាមេរិកថា រដ្ឋាភិបាលមិនបានផ្សារភ្ជាប់ជាមួយសហរដ្ឋអាមេរិកទៅនឹងការចោទប្រកាន់ លោក កឹម សុខា នោះទេ ប៉ុន្តែ លោក កឹម សុខា ជាអ្នកនិយាយខ្លួនឯង។ លោក ហ៊ុន សែន ក៏បង្ហើបថា លោកមិនជំទាស់នឹងលោក កឹម សុខា ចេញទៅក្រៅប្រទេស ដើម្បីពិនិត្យសុខភាព។
មេធាវីលោក កឹម សុខា អះអាងថា តុលាការមិនពិបាកដោះស្រាយរឿងក្ដីលោក កឹម សុខា បើតាមសំដីរបស់លោក ហ៊ុន សែន ហើយ កម្ពុជាអាចនឹងងាកមករកប្រជាធិបតេយ្យដើរលើផ្លូវត្រូវវិញ មិនបាត់បង់មិត្តភ័ក្ដិ និងមិនបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពីអឺរ៉ុប EBA និង GSP សហរដ្ឋអាមេរិកនោះឡើយ។
មេធាវីការពារក្ដីលោក កឹម សុខា គឺលោក ផែង ហេង យល់ថា នៅពេលដែលប្រមុខរដ្ឋាភិបាល អះអាងថា រដ្ឋាភិបាលមិនចោទប្រកាន់សហរដ្ឋអាមេរិកជួយលោក កឹម សុខា ក្នុងការផ្ដួលរំលំរដ្ឋាភិបាលនោះទេ គឺរដ្ឋាភិបាលតាមរយៈក្រសួងយុត្តិធម៌ដកការចោទប្រកាន់ ដើម្បីរំលត់បណ្ដឹងអាជ្ញា។ លោកបន្តថា ប្រសិនបើប្រមុខរដ្ឋាភិបាលមានឆន្ទៈចង់ដោះស្រាយបញ្ហារឿងក្ដីលោក ហ៊ុន សែន ហើយសហរដ្ឋអាមេរិក និងរដ្ឋបរទេសនានាដែលពាក់ព័ន្ធនឹងចោទប្រកាន់នេះ ចេញលិខិតបញ្ជាក់ថា ពួកគេមិនពាក់ព័ន្ធនឹងសំណុំរឿងនេះ លោក កឹម សុខា អាចនឹងរួចផុតការចោទប្រកាន់៖ «ពិនិត្យឡើងវិញការចោទទាំងឡាយណាដែលការមានភ័ន្តច្រឡំហ្នឹង អញ្ចឹងតុលាការតាមរយៈការអន្តរាគមន៍របស់រដ្ឋរំលត់បណ្ដឹងអាជ្ញា។ ទី២ តុលាការក្រុមប្រឹក្សា អាចពិចារណាទៅលើការស្នើដកចោទប្រកាន់ ឬការស៊ើបអង្កេតដែលយកមតិយោបល់សម្ដេចនាយកយកមកផ្ទៀងផ្ទាត់ហើយឈានទៅការសន្និដ្ឋានមួយលើកលែងចោទប្រកាន់បាន»។
មេធាវីសង្ឃឹមដូច្នេះ ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងពីសហរដ្ឋអាមេរិក នៅថ្ងៃទី១១ ខែឧសភាថា សំណុំរឿងលោក កឹម សុខា រដ្ឋាភិបាលមិនបានផ្សារភ្ជាប់ជាមួយសហរដ្ឋអាមេរិកនោះ គឺលោក កឹម សុខា និយាយភ្ជាប់ខ្លួនឯងទៅសហរដ្ឋអាមេរិក។ លោក ហ៊ុន សែន បន្តថា ដើម្បីដោះស្រាយសំណុំរឿងនេះត្រូវមានការស្រាយបំភ្លឺពី សហរដ្ឋអាមេរិក៖ «ទាំងតុលាការ ទាំងរាជរដ្ឋាភិបាលអត់មានចោទអាមេរិកទេ អ្វីដែលកើតមានគឺ កឹម សុខា និយាយអាមេរិកជួយអ៊ីចេះៗ .... អ៊ីចឹងរឿងនេះមិនមែនរឿងរវាងរឿងអាមេរិក និងកម្ពុជាឯណា អញ្ចឹងអាមេរិកប្រកាសបដិសេធមិនបានធ្វើអញ្ចឹងដូច កឹម សុខា បាននិយាយអត់តែប៉ុណ្ណឹងទេតើ»។
លោក ហ៊ុន សែន លើកឡើងទៀតថា ទោះតុលាការហាមមិនឲ្យលោក កឹម សុខា ចេញក្រៅប្រទេស ប៉ុន្តែ លោកយល់ថា លោក កឹម សុខា អាចចេញក្រៅប្រទេសទៅជួបសាច់ញាតិ និងព្យាបាលជំងឺ។ លោក ហ៊ុន សែន លើកឡើងដូច្នោះ ក្រោយពីជំនួបលោក និងលោក កឹម សុខារយៈពេល ៤ម៉ោង កាលពីថ្ងៃអាទិត្យ ទី៨ ឧសភា។ លោក ហ៊ុន សែន ថា លោក កឹម សុខា ចេះយកចំណេញនយោបាយ តាមរយៈទៅចូលរួមបុណ្យសពបងប្រុសលោក។
លោក ហ៊ុន សែន លើកឡើងពីសំណុំរឿងលោក កឹម សុខា នៅពេលនេះ ស្របពេលសហគមន៍ជាតិ និងអន្តរជាតិរិះគន់ថា សំណុំរឿងរបស់លោក កឹម សុខា កាន់តែអូសបន្លាយជិត ៥ឆ្នាំមកនេះធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់លោកថែមទៀត។ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី១១ ឧសភា បង្ហាញក្តីបារម្ភពាក់ព័ន្ធការរឹតត្បិតសេរីភាពជាមូលដ្ឋាននៅកម្ពុជា ការកាត់ទោសលោក កឹម សុខា ការរឹតបន្តឹងសកម្មភាពមេដឹកនាំអង្គការសង្គមស៊ីវិល និងជាពិសេសការព្រួយបារម្ភពីការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនា ដែលនឹងចូលមកដល់ រួមទាំងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ខាងមុខនេះផងដែរ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា ដែលតែងតែឃ្លាំមើលសវនាការលោក កឹម សុខា និយាយថា លោកការភ្ញាក់ផ្អើលពេលឃើញលោក ហ៊ុន សែន ថា សហរដ្ឋអាមេរិកមិនជាប់ពាក់ព័ន្ធនឹងសំណុំរឿងនេះ។ លោកយល់ថា នេះជាសញ្ញាល្អក្នុងការធ្វើសំណុំរឿងលោក កឹម សុខា អាចធូរស្រាលឡើងវិញ៖ «យើងក៏ដឹងដែរថា កន្លងមកកិច្ចអន្តរាគមន៍របស់ប្រមុខរដ្ឋាភិបាលតែងមានប្រសិទ្ធភាពជាមួយដំណើរការនីតិវិធីក្នុងតុលាការ អ៊ីចឹងយើងយល់ថា ក្នុងបរិបទនេះ បើសិនមានការបង្ហើបបន្ធូរបន្ថយភាពតានតឹងនយោបាយផ្នែករវាងមេដឹកនាំនៃគណបក្សធំៗ ទាំងពីរជារឿងមួយ ដែលមានសញ្ញាណធូរស្រាលនៅពេលគាត់ (លោក ហ៊ុន សែន) គាត់ត្រឡប់មកវិញ ក៏ថាបានដែរបាទ»។
ជុំវិញរឿងនេះវិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីប្រធានតុលាការក្រុងភ្នំពេញ លោក តាំង ស៊ុនឡាយ និងប្រធានអង្គភាពនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី១២ ខែឧសភា។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា ទោះរដ្ឋាភិបាលជាដើមក្នុងសំណុំរឿងនេះ ប៉ុន្តែ ការលើកលែងការចោទ ឬការបន្តប្រកាន់គឺជាការសម្រេចរបស់ចៅក្រម៖ «ជារឿងរួម និយាយពីសកម្មភាពធ្វើបដិវត្តពណ៌ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ជាពាក្យបណ្ដឹងក៏ប៉ុន្តែ នីតិវិធីលម្អិតរឿងថា មានពាក់ព័ន្ធជាមួយអ្នកណាៗ អីអាស្រ័យលើការស៊ើបអង្កេតលើការមានភស្តុតាងរបស់ចៅក្រមស៊ើបសួរទេបាទ»។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលបានបាត់បង់សិទ្ធិធ្វើនយោបាយ និងមិនអាចចេញក្រៅប្រទេស ក្រោយតុលាការបានចោទប្រកាន់ពីបទក្បត់ជាតិ ឬសន្ទិដ្ឋភាពជាមួយបរទេស កាលពីឆ្នាំ២០១៧។ មេធាវីតំណាងរដ្ឋាភិបាលដែលជាដើមបណ្ដឹង គឺ លោក គី តិច ធ្លាប់លើកឡើងថា មានប្រទេសចំនួន៩ ដែលពាក់ព័ន្ធ នឹងលោក កឹម សុខា ក្នុងនោះ រួមមាន៖ អាមេរិក (USA) កាណាដា (Canada) សហភាពអឺរ៉ុប (EU)។
លោកមេធាវី ផែង ហេង ឲ្យដឹងថា នៅក្នុងសំណុំរឿងលោក កឹម សុខា ចាប់តាំងពីការចាប់ខ្លួន លោក កឹម សុខា ការចោទប្រកាន់របស់ព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ និងឯកសារពាក់ព័ន្ធនានា គឺបាញ់ឆ្ពោះទៅសហរដ្ឋអាមេរិកថា ជាប់ពាក់ព័ន្ធទៅនឹងការចោទប្រកាន់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។