លោក ហ៊ុន សែន ថា​នឹង​ធ្វើ​ជា​ប្រធាន​បក្ស​ប្រជាជន​កម្ពុជា​ពេល​អត់​ពី​លោក ជា ស៊ីម

ដោយ ទីន ហ្សាការីយ៉ា
2015.04.29
ហ៊ុន សែន ៦១០ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​វារីអគ្គិសនី​ស្ទឹង​អាតៃ ក្នុង​ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៤។
RFA/Chin Chetha

អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បាន​ចាត់​ទុក​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប្រកាស​ពី​ការ​រក្សា​អំណាច​ក្នុង​រដ្ឋាភិបាល និង​អំណាច​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​នោះ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ឥទ្ធិពល​របស់​លោក​ក្នុង​ការ​ក្ដោបក្ដាប់​អំណាច​តែ​ម្នាក់​ឯង និង​បង្ហាញ​ពី​ការ​គ្រប់គ្រង​បែប​ផ្ដាច់ការ គ្មាន​ប្រជាធិបតេយ្យ​នៅ​ក្នុង​ផ្ទៃក្នុង​គណបក្ស។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ចម្រាញ់​ដូង​ប្រេង​ទី​២ ខេត្ត​ព្រះសីហនុ ថា តួនាទី​ប្រធាន​គណបក្ស និង​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នៅ​អាណត្តិ​ក្រោយ នៅ​តែ​ជា​រូប​លោក​ដដែល។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា នៅ​ពេល​អត់​ពី លោក ជា ស៊ីម ទៅ គណបក្ស​ប្រជាជន​កម្ពុជា នឹង​ត្រូវ​លោក​ដឹក​នាំ​ធ្វើ​ជា​ប្រធាន​គណបក្ស​វិញ​ម្ដង។ លោក​អះអាង​ថា បច្ចុប្បន្ន​នេះ​លោក​បាន​ដឹក​នាំ​គណបក្ស​នេះ​ស្រាប់​ទៅ​ហើយ។

ការ​ប្រកាស​នៅ​ពេល​នេះ លោក ហ៊ុន សែន ហាក់​ដឹង​យ៉ាង​ច្បាស់​ថា លោក​នឹង​ឈ្នះ​ការ​បោះឆ្នោត​ទៀត ដោយ​លោក​សន្មត​ដោយ​ខ្លួន​ឯង​ថា បើ​អត់​ពី​លោក​ទៅ ប្រទេស​ជាតិ​នឹង​មិន​មាន​សេចក្ដី​សុខ​នោះ​ទេ៖ «»។

ទោះ​ជា​មាន​ការ​ប្រកាស​បែប​នេះ​ក្ដី អ្នក​វិភាគ​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា សង្ឃឹម​ថា​នឹង​ឈ្នះ​ឆ្នោត​តិចតួច​ណាស់ ព្រោះ​ថា ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​កន្លង​មក​មាន​បញ្ហា​ជាច្រើន​ដែល​រដ្ឋាភិបាល​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​មិន​បាន។

ក្រៅ​ពី​នេះ​ទៀត អ្នក​វិភាគ​បាន​ចាត់​ទុក​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ​ថា ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង និង​ជា​ការ​បង្ហាញ​ពី​ឥទ្ធិពល​របស់​លោក និង​អំណាច​ប្រមូល​ផ្ដុំ​ក្រុម​គ្រួសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ដែល​មិន​ចង់​ផ្ទេរ​អំណាច​ឲ្យ​អ្នក​ដទៃ។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា ការ​ថ្លែង​របស់ លោក ហ៊ុន សែន នេះ ជា​កាយវិការ​មិន​ទទួល​ខុស​ត្រូវ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​នោះ​ទេ៖ «»។

គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​សមាជ​កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ គឺ​បាន​បញ្ចូល​ថ្នាក់​ដឹក​នាំ​កំពូល​ទៅ​ក្នុង​គណៈកម្មការ​គណបក្ស មាន​ដូចជា កូន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កូន​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង កូន​របស់​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន និង​កូន​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ឥស្សរជន​នយោបាយ​ណា​អាច​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​បាន លុះត្រា​ណា​សភា​ជា​អ្នក​ជ្រើសរើស​ចេញ​ពី​គណបក្ស​ដែល​មាន​សំឡេង​ច្រើន​ជាង​គេ ក្រោយ​ពេល​បោះ​ឆ្នោត មិន​មែន​អ្នក​ណា​ក៏​អាច​ប្រកាស​ចង់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​បាន​នោះ​ទេ។ ម្យ៉ាង​ទៀត ការ​ធ្វើ​ប្រធាន​គណបក្ស ក៏​ត្រូវ​ធ្វើ​សមាជ​ជ្រើសរើស​នៅ​ក្នុង​បក្ស​ដែរ៖ «»។

អ្នក​វិភាគ​លើក​ឡើង​ថា ការ​ប្រកាស​របស់ លោក ហ៊ុន សែន ពី​ការ​មិន​ធានា​សន្តិសុខ បើ​សិន​ជា​លោក​មិន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នោះ គឺ​ហាក់​ដូចជា​ការ​គំរាម​កំហែង និង​ធ្វើ​ឲ្យ​ប៉ះពាល់​សតិ​អារម្មណ៍​ប្រជាពលរដ្ឋ តែ​បើ​សិន​ជា​គិត​ពី​ផ្លូវ​ច្បាប់​ជាតិ និង​អន្តរជាតិ អ្នក​នយោបាយ​ចុះ​ចេញ​ពី​តួនាទី​នៅ​ក្រោយ​លទ្ធផល​បោះ​ឆ្នោត ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់ គឺ​ការ​ចុះ​ចេញ​ពី​តួនាទី​ដោយ​សន្តិវិធី។

គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៥១ កាល​នោះ​ឈ្មោះ​ថា គណបក្ស​ឥណ្ឌូចិន នៅ​ឆ្នាំ​១៩៦៩ ប្ដូរ​ឈ្មោះ​មក​ថា គណបក្ស​ពលករ។ ឆ្នាំ​១៩៧៩ ឈ្មោះ​ថា គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា និង​មក​ដល់​ឆ្នាំ​១៩៩៣ ដែល​ជា​ពេល​ប្រកួត​ប្រជែង​តាម​បែប​ប្រជាធិបតេយ្យ​លើក​ដំបូង គណបក្ស​នេះ​ប្ដូរ​ឈ្មោះ​ជា គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន លោក ជា ស៊ីម ធ្វើ​ជា​ប្រធាន​តាំង​ពី​ពេល​នោះ​មក។ បច្ចុប្បន្ន លោក ជា ស៊ីម មាន​វ័យ​ជាង ៨០​ឆ្នាំ។ នៅ​ក្នុង​សមាជ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នោះ គ្មាន​វត្តមាន លោក ជា ស៊ីម ទេ។ លោក​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម។ ទាក់ទង​បញ្ហា​នេះ គ្មាន​មន្ត្រី​ណា​មួយ​បញ្ជាក់​អំពី​ស្ថានភាព​ជំងឺ លោក ជា ស៊ីម នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន ម៉ានី ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដក​ប្រធាន​មន្ទីរ​បរិស្ថាន​ចំនួន៤ ខេត្ត នៅ​ជុំ​វិញ​តំបន់​ព្រៃ​ឡង់
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។