លោក ហ៊ុន សែន ចោទ​បក្ស​ប្រឆាំង​ថា រារាំង និង​ញុះញង់​បរទេស​មិន​ឲ្យ​វិនិយោគ ទើប​កម្ពុជា​អភិវឌ្ឍ​យឺត​

ដោយ ម៉ៅ សុធានី
2019-01-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ពេល​ជួប​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​នៅ​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ ២០១៨។
លោក ហ៊ុន សែន ពេល​ជួប​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​នៅ​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ ២០១៨។
រូប៖ ហ្វេសប៊ុក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន

មេដឹកនាំក្រុងភ្នំពេញអះអាងថា ការ​អភិវឌ្ឍ​យឺតយ៉ាវ​នៅ​កម្ពុជា​នា​ពេល​កន្លង​មក ដោយសារ​តែ​ក្រុម​បក្ស​ប្រឆាំង។ ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​យល់​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន គឺ​ជា​ការ​ដោះ​សារ​ទម្លាក់​កំហុស​លើ​អ្នក​ដទៃ ព្រោះ​តែ​ខ្វះ​សមត្ថភាព​ដឹក​នាំ​ខ្លួន​ឯង និង​ប្រព្រឹត្ត​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ​ជា​ដើម។

លោក ហ៊ុន សែននៅថ្ងៃពុធទី០៩មករានេះ ចោទ​ប្រកាន់​បក្ស​ប្រឆាំង​ជា​អ្នក​រារាំង​កិច្ចការ​អភិវឌ្ឍ​ជាតិ​ជា​បន្ត​បន្ទាប់។ លោក អះអាង​ថា រយៈពេល៤០ឆ្នាំនេះ គឺ​លោក​មិន​បាន​អភិវឌ្ឍ​ប្រទេស​ជាតិ ឲ្យ​បាន​ពេញ​ដៃ​នោះ​ទេ ដោយសារ​មាន​គណបក្ស​ប្រឆាំង ធ្វើ​សកម្មភាព​រារាំង និង​ញុះញង់​បរទេស​មិន​ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា​នោះ​ទេ៖ «យើង​ទើប​នឹង​មាន​ពេល ២០ឆ្នាំ​ក្នុង​ការ​កសាង​ប្រទេស​ឡើង​វិញ​ជាមួយ​នឹង​ការ​បំផ្លិចបំផ្លាញ​ជា​បន្ត នៃ​ក្រុម​ពួក​ជ្រុល​និយម​មួយ​ចំនួន ដែល​ដើរ​ទៅ ប្រាប់​បរទេស​កុំ​ផ្ដល់​ជំនួយ កុំ​ឲ្យ​មក​វិនិយោគ និង​កុំ​ឲ្យ​ទិញ​ទំនិញ​ពី​កម្ពុជា។ ប៉ុន្តែ​នៅ​តែ​ជម្នះ​ធ្វើ​ឲ្យ​ប្រទេស​របស់​យើង បន្ត​រីក​ចម្រើន»

មន្ត្រី​គណបក្ស​ប្រឆាំង​ទាត់​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន​ ហើយ​ថា គណបក្ស​ប្រឆាំង​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ដើម្បី​នាំ​កម្ពុជា​អភិវឌ្ឍ​ដោយ​មាន​តម្លាភាព។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សង្គ្រោះ​ជាតិ ដែល​របប​លោក ហ៊ុន សែន រំលាយ​ចោល គឺ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ថា គណបក្ស​ប្រឆាំង​បាន​ជួយ​ទាញ​ប្រទេស​កម្ពុជា ឲ្យ​ដើរ​តាម គន្លង​លទ្ធិ​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការ​គោរព​សិទ្ធិមនុស្ស ព្រមទាំង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មាន​ការ​អភិវឌ្ឍ​ដ៏​ត្រឹម​ត្រូវ​ពិត​ប្រាកដ ថែម​ទាំង​លើក​យក​បញ្ហា​អសកម្ម និង​បញ្ហា​ធំៗ ជា​ច្រើន ដើម្បី​ឲ្យ​គណបក្ស​ដឹក​នាំ​ប្រទេស​ដោះ​ស្រាយ​ទៀត​ផង។ ព្រះអង្គ​បញ្ជាក់​ថា  សូម្បី​តែ​ប្រាក់ខែ​កម្មករ គ្រូបង្រៀន និង​ប្រាក់​ខែ​មន្ត្រី​រាជការ ដែល​បាន​ដំឡើង​សព្វថ្ងៃ​នេះ ក៏​សុទ្ធសឹងតែ​ជា​ការ​ទាមទារ​របស់​គណបក្ស​ប្រឆាំង​ដែរ។

ព្រះអង្គម្ចាស់​ចាត់​ទុក​ថា ការ​អភិវឌ្ឍ​ប្រទេស​យឺតយ៉ាវ គឺ​ដោយសារ​តែ​សមត្ថភាព​របស់​ដឹក​នាំ របស់​គណបក្ស​ប្រជាជន​កម្ពុជា៖ «រឿង​ទាំង​នេះ មក​ពី​រដ្ឋាភិបាល​ខ្វះ​សមត្ថភាព។ ខ្ញុំ​លើក​ឡើង​តែ​រឿង​អភិវឌ្ឍ​វិស័យ​កសិកម្ម ប៉ុន្តែ​សព្វ​ថ្ងៃ​កសិករ រក​តែ​លុយ​ចាយ​វាយ និង​ចិញ្ចឹម​គ្រួសារ​ស្ទើរ​តែ​មិន​បាន​ទៅ​ហើយ រហូត​បណ្ដាល​ឲ្យ​មាន​កម្មករ​រាប់​លាន​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​បរទេស»

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ក្រោយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីសឆ្នាំ១៩៩៩៣មក គឺ​គណបក្ស​ប្រជាជន បាន​ក្ដោបក្ដាប់​អំណាច​ដឹក​នាំ​ប្រទេស​រហូត មក ទោះ​បី​ជា​ពេល​ខ្លះ​មាន​វត្តមាន គណបក្ស​បក្ស​ប្រឆាំង​ក៏​ដោយ ក៏​មន្ត្រី​បក្ស​ប្រឆាំង​មិន​អាច​បំពេញ តួនាទី​ឲ្យ​បាន​ទូលំទូលាយ​ដែរ។ លោក​បន្ត​ថា ការ​មិន​អាច​ធ្វើ​ការងារ​បាន​នេះ ដោយសារ​តែ​មន្ត្រី​បក្ស​ប្រឆាំង រង​ការ​វាយ​ប្រហារ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​​មាន​​ការ​គំរាម​កំហែង​មក​​វិញ​​ទៀត​​ផង។ លោក​បន្តថា គណបក្ស​ដែល​ដឹក​នាំ​រដ្ឋាភិបាល​យូរ​ជាង​គេ ហើយ​មិន​អាច​ដឹក​នាំ​ប្រទេស​កម្ពុជា​ឲ្យ​រួច​​ផុត​​ពី​​ភាព​ក្រីក្រ​ជាង​គេ​បំផុត ក្នុង​តំបន់​អាស៊ី គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​គណបក្ស​មួយ​នោះ មិន​​អាច​​បន្ទោស​លើ​គណបក្ស​ផ្សេង​បាន​ទេ។ ការ​បន្ទោស​អ្នក​ដទៃ គឺ​ប្រៀប​នឹង​​ឪពុក​​ម្ដាយ​​នៅ​​ក្នុង​​ផ្ទះ​​មួយ ដែល​​គ្មាន​​ទទួល​​ខុស​ត្រូវ​​ក្នុង​​នាម​​ជា​​ឪពុក​​ម្ដាយ​​ល្អ​​នោះ​​ទេ៖ «បើ​សិន​ជា​និយាយ​ថា មាន​ពេល​វេលា​សម្រាប់​អភិវឌ្ឍ​តិចតួច គឺ​ខ្ញុំ​ហាក់​ដូច​ជា​មិន​យល់​ស្រប​ទេ ព្រោះ​យើង​មើល​លោក លី ក្វាន់យូ កសាង​​ប្រទេស​សាំងហ្គាពួរ​តែ​រយៈ​ពេល​ជាង ១០ឆ្នាំ​​ទេ ធ្វើ​​ឲ្យ​​ប្រាក់​​ចំណូល​​ឡើង​​ខ្ពស់ ក្រោយ​​ពេល​​ដែល​​សាំងហ្គាពួរ​បាន​ទទួល​​ឯករាជ្យ។ អ៊ីចឹង​ប្រទេស​ខ្មែរយើង មកដល់ពេលនេះចូលជាង ៣០ឆ្នាំ​ជិត ៤០ឆ្នាំ​ហើយ។ ដូច្នេះ​​បើ​​និយាយ​​ពេល​​វេលា គឺ​មិន​​អាច​​ថា​​តិច​​​នោះ​​​ទេ ប៉ុន្តែ​​​សំខាន់​​ប្រហែល​​ជា​​អាច​​មក​​ពី​​សមត្ថភាព​រដ្ឋាភិបាល​ក្នុង​​ការ​​ដឹក​​នាំ​​ប្រទេស​​មួយ​​នេះ»

លោក បណ្ឌិត មាសនី បន្ថែម​ថា ចំពោះ​រឿង​ផ្តាច់​ជំនួយ និង​ការ​ខ្លាច​រអា​មក​វិនិយោគ​​នៅ​​កម្ពុជា​​កន្លង​​មក គឺ​​បណ្ដាល​​មក​​ពី​​គណបក្ស​ដឹក​នាំ​ប្រទេស បាន​ទាញ​កម្ពុជា​ឲ្យ​ដើរ​ចេញ​ពី​គន្លង​ប្រជាធិបតេយ្យ និង​ធ្វើឲ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

លោកបណ្ឌិតមាស នី យល់ថា ប្រសិនបើកម្ពុជា​នៅតែគ្មាន​ការឯកភាពជាតិពិតប្រាកដ ដូចសព្វ ថ្ងៃ​នេះ គឺ​ការ​អភិវឌ្ឍ​នៅ​ពេល​ខាង​មុខ​ទៀត គឺ​នៅតែជួបបញ្ហាដដែល។ លោកស្នើឲ្យ អ្នកនយោ បាយ​ខ្មែរ ឈប់​ចោទ​ប្រកាន់​គ្នា​ថា អគតិ និង​ក្បត់​ជាតិ​ទៀត ពោល​គឺ គួរ​តែ​មាន​សាមគ្គីជាតិរវាងគ្រប់ ភាគី​នយោបាយ ជា​ពិសេស​គណបក្ស​កាន់​អំណាច និងគណបក្ស សង្គ្រោះ​ជាតិ​ ដើម្បីពង្រឹងទិសដៅ​រួម​ក្នុង​ការ​អភិវឌ្ឍ​ឲ្យមានស្ថេរភាព កុំឲ្យលិចអណ្តែតឬដូចផ្លែកបន្ទោរដូចសព្វថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល