លោកហ៊ុន សែន បង្ហាញ​មុខ​មាត់​ពិត​ថា ចិត្ត​ជា​ទេវទត្ត​មាត់​ជា​ទេវតា រឿង​ប្រកាស​ឲ្យ​អាស៊ី​សេរី​បើក​ដំណើរ​ការ​វិញ

ដោយ ហេង រស្មី
2018.12.18
លោក ហ៊ុន សែន នៅ​តូក្យូ 100718 ៦២២ មេដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក​ ហ៊ុន សែន ក្នុង​ឱកាស​ជួប​​​ពលរដ្ឋ និង​និស្សិត​ខ្មែរ​ក្នុង​ប្រទេស​ជប៉ុន​ កាល​ពីថ្ងៃ​ទី៧ ខែ​តុលា ឆ្នាំ ២០១៨។
រូប៖ ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

មេដឹកនាំ​របបក្រុងភ្នំពេញ ​បាន​បង្ហាញ​មុខ​មាត់​ពិត នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​អនុញ្ញត​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​បាន​បិទ​ទ្វារ​ ដោយសារ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​របប​នេះ​កន្លង​មក។ ក្រុម​អ្នក​វិភាគ​លើក​ឡើង​ថា របប​នេះ កំពុង​ប្រឈម​​មុខ​នឹង​ភាព​ទាល់​ច្រក ផ្នែក​នយោបាយ ​ទើប​ធ្វើ​ដូច​ជា​បន្ទន់​ឥរិយាបថ ដើម្បី​កែ​សម្រួល​ស្ថានការណ៍​ឲ្យ​ប្រសើរ​ឡើង​វិញ​។

ការ​បន្ទន់​ឥរិយាបថ​របស់​របប​ក្រុង​ភ្នំពេញ ​ដែល​ធ្លាប់​អះអាង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​កន្លង​មក​នេះ បើ​តាម​ធាតុ​ពិត ​ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា ផ្ទុយ​គ្នា​ស្រឡះ​ទៅ​នឹង​ចេតនា​ពិត​របស់​មេ​ដឹក​នាំ​លោក ហ៊ុន សែន។

ចេតនាពិតរបស់លោក ហ៊ុន សែន នេះ ត្រូវ​បាន​លាត​ត្រដាង​នៅ​ក្នុង​បទ​សម្ភាសន៍​​​ផ្តាច់​មុខ​ដ៏​​កម្រ​​មួយ តាម​​ទូរស័ព្ទ​​របស់​​អាស៊ី​សេរី ជាមួយ​​មេ​​ដឹក​​នាំ​​របប​​ក្រុង​​ភ្នំពេញ គឺ​​លោក ហ៊ុន សែន ទាក់ទិន​​នឹង​​ការ​​អនុញ្ញាត​​ឲ្យ​​ដំណើរ​​ការ​​ឡើង​​វិញ​ ចំពោះ​​វិទ្យុ​ផ្សាយ​​ជា​​​ខេមរៈ​​ភាសា ​របស់​​សហរដ្ឋ​​អាមេរិក គឺ​​វិទ្យុ​អាស៊ី​​សេរី (RFA) និង​​វិទ្យុ​​វីអូអេ (VOA)

លោក ហ៊ុន សែន មិន​ត្រឹម​តែ​បន្ត​​រក្សា​ជំហរ​មិន​​ស្វាគមន៍​​វិទ្យុ​អាស៊ី​សេរី​នោះ​ទេ លោក​ថែម​ទាំង​​ចោទ​ប្រកាន់​ថា​ វិទ្យុ​អាស៊ី​សេរី​ថា ផ្សាយ​ព័ត៌មាន​មិន​ពិត៖ «ថា​ខ្ញុំ​មិន​ចង់​និយាយ​ទេ​ កុំ​សួរ​សំណួរ​ទាក់ទង​នឹង​នេះ​ ពី​ព្រោះ​វា​អាក្រក់​ពេក​វិទ្យុ​លោក។ ប្រាប់​ហើយ​បើ​ថា លោក​ចង់​យក​ទៅ​ផ្សាយ​ យក​សំឡេង​ខ្ញុំ​ទៅ​ផ្សាយ​ទៅ​ថា វិទ្យុ​ហ្នឹង​ អាក្រក់​ពេក ដែល​ខ្ញុំ​មិន​អាច​និយាយ​ជាមួយ។ គេ​និយាយ​ពី​លិច ឯង​និយាយ​ពី​កើត។ គេ​និយា​ពី​ស ឯង​និយាយ​ពី​ខ្មៅ។ គិត​និយាយ​តែ​ពី​រឿង​នេះ។ មិន​ចាំ​បាច់​សួរ​ទេ​ ខ្ញុំ​មិន​ឆ្លើយ​ព័ត៌មាន​ឲ្យ​អស់​លោក​ទេ។ ចាំ​ស្តាប់​ពី​អ្នក​ដទៃ​ទៅ»

ទោះជាយ៉ាងនេះក្តី លោក ហ៊ុន សែន មិនបានបញ្ជាក់ថា តើព័ត៌មានអ្វីខ្លះ ដែល​លោក​ចោទ​ថា វិទ្យុ​​អាស៊ី​​សេរី​​ផ្សាយ​មិន​ពិត​នោះ​ទេ។

​សេចក្តីថ្លៃងការណ៍​​របស់​​ក្រសួង​ការបរទេសកម្ពុជា​ កាលពីថ្ងៃ​ទី៣ ខែ​ធ្នូ ​ស្តីពី​វិធានការនានា ​ដើម្បី​​ពង្រឹង​លិទ្ធិ​ប្រជាធិបតេយ្យ​ និង​លំហរនយោបាយ​ បាន​សរសេរ​​ថា ​វិទ្យុ​អាស៊ី​សេរី​ និង​​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក វីអូអេ ​បានផ្តួចផ្តើម​បិទ​ការិយាល័យ​​​តំណាង​ដោយខ្លួនឯង​។ ដូច្នេះ​ ស្ថានីយ​ទាំងពីរ​ក៏​មាន​​សេរីភាព​​បើក​​ការិយាល័យ​​របស់​ខ្លួន​​ឡើង​វិញ​​នៅ​កម្ពុជា។

អ្វីដែល​មានចែង​នៅក្នុង​សេចក្តីថ្លៃងការណ៍ ​និងអ្វីដែល​បាន​និយាយចេញ​មកក្រៅ តាម​រយៈ​បទ​សម្ភាសន៍​របស់​លោក ហ៊ុន សែន ជាមួយអាស៊ីសេរី​ មិនបាន​ឆ្លុះបញ្ចាំង​ពីឆន្ទៈ​ពិតប្រាកដ​របស់​​លោក ហ៊ុន សែន និង​របប​នេះ ដែល​អះអាង​​ស្វាគមន៍​​​វត្តមាន​​របស់​​វិទ្យុ​អាស៊ី​សេរី នៅ​​កម្ពុជា​​វិញ​​នោះ​​ទៅ​​វិញ។​

អាស៊ីសេរី​ បានព្យាយាម​សុំការពន្យល់​ពី​លោក ហ៊ុន​ សែន តាម​​ទូរស័ព្ទ​អំពី​ថា តើ​ហេតុអ្វី​បាន​លោក និង​​មន្រ្តី​​របប​​នេះ ប្រកាស​​ថា ចង់​​ឲ្យ​​វិទ្យុ​​អាស៊ី​​សេរី បើក​​ដំណើរ​ការ​ឡើង​វិញ បើ​លោក​មិន​​ស្វាគមន៍​​ដូច្នេះ។ លោក ហ៊ុន សែន មិន​ត្រឹម​តែ​មិន​​ឆ្លើយ​សំណួរ​​នេះ​​ទេ ប៉ុន្តែ​​លោក​បែរ​​ជា​​តិះដៀល​​អាស៊ី​​សេរី​​ទៅ​​វិញ៖ «ឆ្កួត​ទេ? បើគេ​ថា មិន​ឆ្លើយ​ហើយ​ ចាំ​និយាយ​អ្វីទៀត? ឥឡូវ​យក​ទៅផ្សាយ​ទៅ​អា​សំឡេង​ហ្នឹង។ បើ​លោក​ឯង​ពូកែ​ យក​ទៅ​ផ្សាយ​ទៅ។ ដោយ​សារ​តែ​វា​ភ្លើ​អ៊ីចឹង​ហើយ បាន​វា​ភ្លើ​ចុះ»

កាលពីថ្ងៃទី១២​ ខែកញ្ញា ​ឆ្នាំ​២០១៧​ វិទ្យុអាស៊ីសេរី​ បាន​បង្ខំ​ចិត្ត​​បិទ​​ការិយាល័យ​​របស់​​ខ្លួន​​ក្នុង​​ទីក្រុង​​ភ្នំពេញ​ ដោយសារ​​មិន​​អាច​​ស៊ូទ្រាំ​នឹង​​ការ​​ធ្វើ​​ទុក្ខ​​បុក​​ម្នេញ​​ឥត​​ស្រាកស្រាន្ត​​ពី​​របប​​លោក ហ៊ុន សែន។

សហគម​អន្តរជាតិ ​បានរិះគន់​របប​លោក​ ហ៊ុន​ សែន​ ​យ៉ាងខ្លាំង​ ក្រោយ​​ពី​របប​នេះ​​បាន​​រំលាយ​គណបក្ស​ប្រឆាំង​​ដ៏​ធំ​ជាង​គេ​​មិន​ឲ្យ​​ចូលរួម​បោះឆ្នោត ​និងចាប់លោក​ កឹម សុខា ​ប្រធាន​​គណបក្ស​​ឃុំឃាំង​​ក្នុង​​ផ្ទះ​ ចាប់​​សកម្មជន​​គណបក្ស​នយោបាយ ​និង​​សកម្មជន​ដីធ្លី​​ដាក់​​ក្នុង​មន្ទីរ​ឃុំឃាំង​ បិទ​​សិទ្ធិ​​សេរីភាព​​បញ្ចេញ​មតិ​ រំលោភ​​សិទ្ធិ​មនុស្ស​ និង​​បាន​ដើរ​​ចេញ​​ពី​​គោល​ការណ៍​​លទ្ធិ​​ប្រជាធិបតេយ្យ​។​

អតីតអ្នក​យកព័តមាន​វិទ្យុ​អាស៊ីសេរី​ពីរនាក់ ​គឺ​លោក​ អ៊ួន ឈិន ​និង​​​លោក យាង​ សុធារិន្ទ​ ត្រូវ​បាន​​របប​​ក្រុង​ភ្នំពេញ​​ចាប់​​ឃុំ​​ខ្លួន​​ក្នុង​​ពន្ធនាគារ​​ព្រៃ​ស អស់​​រយៈ​ពេល ២៨០ថ្ងៃ​។​ ក្រោយ​មក​​អ្នក​ទាំង​ពីរ​​ត្រូវ​បាន​​ដោះ​លែង​​​ឲ្យ​​​នៅ​ក្រៅ​ឃុំ​​ជា​បណ្តោះ​អាសន្ន ​តែ​ដាក់​​​ឲ្យ​​ស្ថិត​​នៅ​​ក្រោម​​ការ​​ត្រួត​​ពិនិត្យ​​​របស់​​តុលាការ​។​ ចំណែក​​អ្នក​យក​​ព័ត៌មាន​​វិទ្យុ​អាស៊ី​សេរី​​​ជា​​ច្រើន​​នាក់​ផ្សេង​​​ទៀត ​បាន​​​រត់​​គេច​​ខ្លួន ​ដោយ​​​ភ័យ​​ខ្លាច​អំ​ពី​​ការ​​​តាម​​ធ្វើ​​ទុក្ខ​បុក​ម្នេញ​​ពី​​​អាជ្ញាធរ​​​របប​​​ក្រុង​​ភ្នំពេញ​។​

នាយក​នៃ​មជ្ឈមណ្ឌល​កម្ពុជា ​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ឯករាជ្យ​ ហៅ​កាត់​ថា​ (CCIM) ​លោក ​ប៉ា ​ងួន​ទៀង ​បាន​​បញ្ជាក់​​ថា​ ដោយ​សារ​​​សម្ពាធ​​ជា​​អន្តរជាតិ​​​បាន​​បង្ខំ​​​ឲ្យ​​​របប​​ក្រុង​ភ្នំពេញ​​ទាល់​ច្រក ​រួច​​ហើយ​បែរ​ជា​មក​ងាក​​កែ​​សម្រួល​​ស្ថានភាព​​នយោបាយ​ឲ្យ​​បាន​​​ល្អ​​ប្រសើរ​​​ឡើង​​វិញ​។ ក៏​ប៉ុន្តែ​​លោក​​បាន​សម្ដែង​​​ការ​ព្រួយ​​បារម្មណ៍​​​ថា​ តាម​ចរិត​​​របស់​​របប​​​ក្រុង​​ភ្នំពេញ​ ច្រើន​​​​តែ​​និយាយ​​​មិន​​​ដូច​​ជា​​​ការ​​​អនុវត្ត​​ទេ៖ «ដោយ​សារមាន​សម្ពាធ​ជា​អន្តរជាតិ​ ដោយ​សារ​ពេលនេះ​ជា​​ដំណាក់​កាល​ ៦ខែ​ដំបូង​ នៃ​​ការ​​ចរចា​​គ្នា​​រវាង​​​សហគមន៍​អឺរ៉ុប​ និង​​រដ្ឋាភិបាល​ខ្មែរ ដើម្បី​សម្រេច​ទៅ​​លើ EBA​»។​

ក្រោយរងសម្ពាធអន្តរជាតិខ្លាំង នៅមុនដំណាច់ឆ្នាំ ២០១៨ នេះ របប​លោក ហ៊ុន សែន ចាប់​ផ្តើម​កែ​​ប្រែ​​ឥរិយាបថ​​ខ្លះ។

មិនត្រឹមតែក្រសួង​ការបរទេសទេ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស ខេង ក៏​បាន​ប្រកាសថា​ វិទ្យុ​​អាស៊ី​​សេរី​ និង​​វិទ្យុ​សំឡេង​​សហរដ្ឋ​អាមេរិក​ អាច​បើក​ការិយាល័យ​ និង​ដំណើរ​ការផ្សាយ​ព័ត៌មាន​​របស់​ខ្លួន​​នៅ​​ទីក្រុង​ភ្នំពេញ​វិញ​បាន​។​ ក៏​ប៉ុន្តែ​សម្រាប់​កាសែត​ ឌឹ ​ខេបូឌា​ ដេលី​ (The Cambodia Daily) ​វិញ​។

លោក ស ខេង​ តម្រូវ​ឲ្យកាសែតមួយ​នេះ​ គិតគូរ​អំពីការ​បង់ពន្ធ​ជាមុន​ ទើប​អាច​បើកឲ្យដំណើរ​ការ​បោះពុម្ពផ្សាយ​ព្រឹត្តិបត្រ​របស់ខ្លួន​ឡើងវិញ​បាន៖ «វិទ្យុសំឡេង​សហរដ្ឋ​អាមេរិក​ និង​វិទ្យុអាស៊ីសេរី​ ក៏​គ្មាន​ពីណា​បិទ​គាត់ដែរ​ គាត់បិទ​ដោយ​ខ្លួនឯង​។ ​គាត់ចោទថា​ រង​សម្ពាធនេះ​ រង​សម្ពាធនោះ​ តែវា​អត់មាន​។​ ការ​និយាយ​អ៊ីចឹង​​វា​អត់​ត្រូវ​ ទាល់តែ​មាន​លាយលក្ខណ៍​អក្សរ​ មាន​សកម្មភាព​ជា​ភស្តុតាង​អ្វីមួយ​។​ គេទៅ​គំរាមថា​ លោកឯង​ត្រូវតែបិទ​ ត្រូវថា​ដក​ ទើបថា​គេត្រូវ​ បើគ្រាន់​តែ​អត់មាន​គេ​ថា​ផង ​គាត់​​ខ្លាច​ខ្លួន​ឯង​ គាត់ភ័យ​ខ្លួនឯង​ គាត់​ដក​ដោយខ្លួនឯង​ ហើយ​គាត់ថា​យើង​ទៅ​គំរាមកំហែង​គាត់​។ ​ឥឡូវ​យើង​ស្វាគមន៍​ សេចក្ដី​ថ្លែងការណ៍​​ស្វាគមន៍​ ដើម្បី​​វិទ្យុ​​ទាំង​ពីរ​មក​រៀបចំ​ទីស្នាក់​ការ​នៅក្រុងភ្នំពេញ​ នៅកម្ពុជា​ឡើងវិញ»

ទោះបីលោក ​ស ខេង អះអាងថា ​គ្មានភ័ស្តុតាងអំពីការធ្វើ​ទុក្ខបុកម្នេញលើ​វិទ្យុអាស៊ី​សេរី រហូត​​បង្ខំ​​ចិត្ត​​បិទ​ទ្វារ ក៏​ក្រោយ​ពេល​​អាស៊ី​សេរី​បិទ​ការិយាល័យ​​របស់​​ខ្លួន​នៅ​កម្ពុជា និង​បញ្ឈប់​​កិច្ច​សន្យា​​ការងារ​​របស់​បុគ្គលិក​ក្នុង​ស្រុក​ទាំង​អស់​រួច​ហើយ​ក្តី​ ក៏​របប​នេះ​​បាន​​ចាប់​​ខ្លួន​អតីត​បុគ្គលិក​អាស៊ី​សេរី​ទាំង​ពីរ​រូប និង ចោទប្រកាន់ពួកគាត់​ពី​បទចារកម្ម ដែល​ជា​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន និង​​មាន​ចេតនា​នយោបាយ ដើម្បីគំរាម​កំហែង​ស្ថាប័ន​ផ្សព្វផ្សាយ​​ព័ត៌មាន​ឯករាជ្យ​ប៉ុណ្ណោះ។ ត្រឹមខែ​សីហា ឆ្នាំ ២០១៧ របបនេះ បានបិទស្ថានីយវិទ្យុ FM ក្នុងស្រុក​យ៉ាងហោចណាស់ ៣២ប៉ុស្តិ៍ ដែលបានផ្សាយបន្តផ្ទាល់​ការផ្សាយ​របស់​វិទ្យុអាស៊ីសេរី។ ​

អ្នកវិភាគ​ឯករាជ្យ​លោក ​គឹម សុខ ​បានបញ្ជាក់ថា​ របប ហ៊ុន ​សែន ​កំពុងជាប់ផុង​នឹង​សម្ភាធ​អន្តរជាតិ​ ហើយ​​ដែល​​រុញ​ច្រាន​​ឲ្យ​​របប​​នេះ​ទាល់​​ច្រក៖ «សម្ពាធ​អន្តរជាតិ​ធ្ងន់ធ្ងរណាស់​​សម្រាប់​ ហ៊ុន សែន​។ លោក​​ ហ៊ុន ​សែន ​បំណង​​របស់​​គាត់​គឺ​សង្គ្រោះ​​អំណាច​ គាត់​​ទៅ​​យក​​ខ្សែ​ទៅ​​ចង​​ក​​គណបក្ស​​សង្គ្រោះ​ជាតិ​​​ចង​​ក​​ប្រទេស​​ជាតិ​​ទាំង​​មូល»។

របាយការណ៍​របស់​អង្គការ​អ្នក​កាសែត​គ្មានព្រំដែន​ (The ​Reporters ​Without​ Borders)​ ស្តីពី​​សេរីភាព​​សារព័ត៌មាន​​ពិភព​លោក​ ឆ្នាំ​២០១៨ ​បាន​ឲ្យ​ដឹង​​ថា​ សេរីភាព​​សារព័ត៌មាន​​​នៅ​កម្ពុជា​​បាន​ធ្លាក់​​ចំណាត់​​ថ្នាក់​ពី​​លំដាប់​​លេខ​រៀង​​ទី​១៣២​ ក្នុង​ឆ្នាំ២០១៧​ មក​ត្រឹម​​លេខ​រៀង​ទី​​១៤២​ ក្នុង​ឆ្នាំ២០១៨​ នៅ​ក្នុង​​ចំណោម​ប្រទេស​ ១៨០​។

ចំណាត់​ថ្នាក់សេរីភាព​សារព័ត៌មាន​​នៅកម្ពុជានេះ​ទាបជាង​ប្រទេសជិតខាង​ដូចជា​ថៃ និង​ ភូមា​ ប៉ុន្តែ​ គ្រាន់​​បើ​ជាង​​ប្រទេស​កុម្មុយ​និស្ត ដូចជា​ វៀតណាម​ និង​ ឡាវ​។​

អ្នកវិភាគ ​និង​អ្នកជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅតែមន្ទិល​ អំពី​សុច​រិតភាព​របស់​របប​លោក​ ហ៊ុន សែន ​ក្នុង​ការ​​អះអាង​​ថា ​ចង់​​ឃើញ​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​ឯករាជ្យ​ មាន​វត្តមាន​នៅកម្ពុជា​វិញ​ ព្រោះរបបនេះ​ តែង​តែ​​បន្ធូរ​​ស្ថានការណ៍​​ក្រោយ​​បក្ស​កាន់​អំណាច​​ឈ្នះ​ឆ្នោត​ រួចហើយ​​ចាប់​​ផ្តើ​​ធ្វើទុក្ខ​បុកម្នេញ​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​ឯករាជ្យ​ និង​​អង្គការ​​សង្គម​ស៊ីវិល​​ជា​ថ្មី​ទៀត​​ដដែល​​ជា​ដដែល​​នៅ​កៀក​ពេល​បោះ​ឆ្នោត​៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។