លោក ហ៊ុន សែន ចាត់ទុក​អ្នក​និយាយ​ថា កម្ពុជា​ចេះតែ​ក្រ​ទៅ​គឺ​ជា​ការ​ប្រមាថ​ជាតិ​សាសន៍​ខ្លួន​ឯង

ដោយ សុជីវី
2022.12.23
លោក ហ៊ុន សែន ចាត់ទុក​អ្នក​និយាយ​ថា កម្ពុជា​ចេះតែ​ក្រ​ទៅ​គឺ​ជា​ការ​ប្រមាថ​ជាតិ​សាសន៍​ខ្លួន​ឯង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​កាលពីថ្ងៃទី២២ ខែ​ធ្នូ ឆ្នាំ​២០២២។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុក​អ្នក​និយាយ​ថា កម្ពុជា​ចេះតែ​ក្រ​ទៅៗ គឺជា​ការ​ប្រមាថមើល​ងាយ​ជាតិ​សាសន៍​ខ្លួនឯង។ អ្នកវិភាគ​ថា សេដ្ឋកិច្ចកម្ពុជា​នៅ​មិនទាន់​ដើរ​ឆ្ងាយ​ពី​បន្ទាត់​ភាពក្រីក្រ​ទេ បន្ទាប់ពី​វិបត្តិ​កូ​វីដ​-១៩ ខណៈ​បំណុល​បរទេស និង​អតិផរណា​នៅ​តែកើន​ឡើង

ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​មួយ​ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២២ ខែធ្នូ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​អំពី​អ្នក​រិះគន់​ទៅលើ​ការដឹកនាំ​របស់លោក​ដែលថា​មិនបាន​ធ្វើឱ្យ​កម្ពុជា​រីកចម្រើន និង​ចេះតែ​ក្រ​ទៅៗ ថា​បាន​មើលងាយ ប្រមាថ​ជាតិ​សាសន៍​ខ្លួនឯង​។ លោក​ថែមទាំង​បបួល​អ្នក​ទាំងនោះ​ស្បថ ពី​ភាពខុសគ្នា​នៃ​ការរស់នៅ​ក្នុង​របប​ខ្មែរក្រហម ប្រៀបធៀប​នឹង​ការដឹកនាំ​របស់លោក​ក្នុងពេល​បច្ចុប្បន្ន​ទៀតផង។

លោក ហ៊ុន សែន៖ «ខ្ញុំ​មិន​យល់ ហើយក៏​សុំ​ថា​អ្នក​និយាយ​បែប​នេះ តើ​ហ៊ាន​ស្បថ​ទេ​? ថា​ស្បថ​ឱ្យ​រន្ទះបាញ់ ឬ​ឱ្យ​អី​ឱ្យតែ​ស្បថ​។ ស្បថ​ឱ្យ​ងាប់តៃហោង ស្បថ​របៀប​ម៉េច ស្បថ​ទេ​? ថា​អ្នកឯង ពួកក្រុម​អ្នកឯង​នេះ កាលពី​ឆ្នាំ​៧៩ រកតែ​ស្បែកជើង​ពាក់​ក៏​មិនបាន​ដែរ​។ ឥឡូវ​អ្នកឯង​មាន​ឡាន​ជិះ​លើផ្លូវ​ដ៏​ល្អ​ហើយ អ្នកឯង​ថា​កាន់តែ​ក្រ​ទៅៗ អ្នកឯង​ហ៊ាន​ស្បថ​ទេ​?»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ចេញពី​ភូមិគ្រឹះ​របស់លោក​នៅ​ក្រុងព្រះសីហនុ និង​មកដល់​វេទិកា​ជាមួយ​រថយន្ត ម៉េ​ក​សឺ​ដេ​ស (Mercedes MAYBACH gls) ស៊េរី​ឆ្នាំ​២០២២ តម្លៃ​ប្រមាណ​ជិត​កន្លះ​លាន​ដុល្លារ ដោយមាន​មន្ត្រី​តូចធំ​ចាំ​ទទួល អម​ជាមួយ​ចម្រៀង​ស្វាគមន៍​លោក​។​

ទាក់ទិន​រឿងនេះ អ្នកវិភាគ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២២ ធ្នូ ថា ផ្អែកលើ​ទិន្នន័យ នៃ​ការវាយតម្លៃ​កម្រិត​នៃ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​កម្ពុជា មាន​ចំនួន​ច្រើនជាង​ទិន្នន័យ​របស់​រដ្ឋាភិបាល​ទៅទៀត​។ លោក​បញ្ជាក់ថា កំណើន​ចំនួន​ប្រជាពលរដ្ឋ​ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស និង​ប្រជាពលរដ្ឋ​ដែល​ខ្ចីលុយ​ពី​ធនាគារ តែ​គ្មាន​លទ្ធភាព​សង ជា​ភ័ស្ដុតាង​ដ៏​សាមញ្ញ​មួយ​ដែល​បង្ហាញថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា នៅ​មិនទាន់​លូតលាស់ ក្លាយជា​ប្រទេស​អ្នកមាន ដែល​អាចឱ្យ​មេដឹកនាំ​មាន​មោទនភាព​ឡើយ។

លោក ហ៊ុន សែន៖ «បច្ចុប្បន្ន​យើង​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ យើង​អត់​មានលទ្ធភាព​ផ្គត់ផ្គង់​ពលរដ្ឋ​ដែល​អត់​ការងារ​ធ្វើ​ផង​។ ហើយ​ពលរដ្ឋ​ដែល​អត់​ការងារ​ធ្វើ រដ្ឋ​អត់​លទ្ធភាព​រក​ការងារ​ឱ្យ​ពលរដ្ឋ ឱ្យ​យុវជន​ទេ​ជាពិសេស មិនបាន​ឈឺឆ្អាល​ដល់​ហ្នឹង​ទេ​។ យើង​ថា​យើង​ចេញ​ផុតពី​បន្ទាត់​នៃ​ភាពក្រីក្រ ប៉ុន្តែ​លទ្ធភាព​ជួយ​ពលរដ្ឋ​ហ្នឹង​វា​អត់​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការជួយ​គាំពារ​ឬក៏​ផ្គត់ផ្គង់​ពលរដ្ឋ​ទេ»។

ធនាគារ​ពិភពលោក​បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ កាលពី​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ថា ប្រជាជន​កម្ពុជា​ជិត​កន្លះ​លាន​នាក់ (៤៦០.០០០) បន្ថែម​ទៀត​បាន​ធ្លាក់ខ្លួន​ក្រីក្រ​ក្នុង​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយ​នេះ ក្រោយ​ការផ្ទុះ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ ទោះបី​រដ្ឋាភិបាល​បញ្ចេញ​បញ្ចប់​ថវិកាជាតិ​ដើម្បី​ទ្រទ្រង់​ជីវភាព​ពលរដ្ឋ​ក៏ដោយ ក៏​មិនអាច​ស្ដារ​ជីវភាព​ប្រជាពលរដ្ឋ​បានឡើយ ព្រោះ អំណោយ​ទាំងនោះ​អាចជួយ​ប្រជាពលរដ្ឋ​បានតែ​មួយផ្នែក​តូច ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ ទន្ទឹមគ្នានេះ អង្គការ​លីកាដូ (LICADHO) និង​អង្គការ​សមធម៌​កម្ពុជា សហការ​ជាមួយនឹង​អង្គការ ហ្វី​អាន (FIAN)​ប្រទេស​អាល្លឺម៉ង់​(Germany) បាន​ចេញ​ផ្សាយ​របាយការណ៍​រកឃើញថា ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១៦​ម៉ឺន​នាក់ (១៦៧.០០០​នាក់​) កំពុង​លក់​ដី ដើម្បី​បង់​សង​កម្ចី​ឥណទាន​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​។ នៅក្នុង​របាយការណ៍​នេះ​ក៏បាន​បង្ហាញ​ដែរ​ថា អ្នក​ខ្ចីប្រាក់​ជាច្រើន​បាន​រងគ្រោះ​ពី​ការរំលោភ​លើ​សិទ្ធិមនុស្ស ហើយ​ពួកគេ​ទាំងនោះ​ជា​ញឹកញាប់​ត្រូវ​កាត់បន្ថយ​បរិភោគ​អាហារ និង​បញ្ឈប់​ការសិក្សា​របស់​កូនៗ ហើយ​បង្ខំ​ឱ្យទៅ​ធ្វើការ​ដើម្បី​រកប្រាក់​មក​សងបំណុល​ធនាគារ។

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹមអេង មើលឃើញ​ថា ប្រជាជន​ដែល​មាន​ជីវភាព​ក្រីក្រ​មាន​ចំនួន​ច្រើន ដោយសារ​កម្ពុជា​នៅ​ជា​ប្រទេស​ដែលមាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​នៅឡើយ​។ លោក​បន្តថា ថ្វី​ត្បិត​កម្ពុជា​មាន​ការ​អភិវឌ្ឍ មាន​ផ្លូវ​ថ្នល់ សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ក៏ពិតមែន តែ​លុយ​ដែល​បានមក​នោះ​ជា​កម្ចី​បរទេស ហើយ​កម្ពុជា​ក៏​នឹងត្រូវ​ប្រឈម​នឹង​ការសង​បំណុល​ទាំងនោះ​ផងដែរ។

លោក យង់ គឹមអេង«អ៊ីចឹង​ទាំងអស់​នេះ យើង​ឃើញថា​ជា​បញ្ហា​មួយ​ដែរ​។ បើសិនជា​នៅ​ពេល​ដែល​កម្ពុជា​ត្រូវ​សង​បំណុល​គេ វា​អាច​នឹង​ប៉ះពាល់​ទៅដល់​ការរស់នៅ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែរ»។

អ្នកឃ្លាំមើល​យល់​ថា ការ​លើកឡើងរបស់​លោក ហ៊ុន សែន ដែល​ចាត់ទុក​អ្នក​និយាយ​ថា កម្ពុជា​ចេះតែ​ក្រ​ទៅ គឺជា​ការ​ប្រមាថ​ជាតិ​សាសន៍​ខ្លួនឯង​នោះ ទំនង​លោក​ចង់​យក​គ្រួសារ​លោក តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ទាំងមូល ដែល​គ្រួសារ​លោក​ដែល​កំពុង​រស់នៅ​បែប​អភិជន មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ​សឹង​មិនគួរ​ឲ្យ​ជឿ បើ​ធៀប​នឹង​ប្រាក់ខែ​របស់​លោក​។ ម្យ៉ាងវិញ​ទៀត បើ​ទោះ​បី​ជា​លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​ក្តី ក៏​រដ្ឋាភិបាល​លោក​បច្ចុប្បន្ន​នេះ បង្កើន​ការចែក​ប័ណ្ណ​ក្រីក្រ​ដល់​ប្រជាពលរដ្ឋ​ទៅវិញ ហើយ​ការចែក​ប័ណ្ណ​ក្រីក្រ​នេះ ក៏​ជា​របៀប​ទិញ​សន្លឹកឆ្នោត​ពី​ប្រជាពលរដ្ឋ​ដែរ ដើម្បី​ឲ្យ​លោក បន្ត​ក្ដោប​ក្ដាប់​អំណាច​ត​វង្ស​ត្រកូល​តទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។