លោក ហ៊ុន សែន ព្រមាន​បាញ់​កាំភ្លើង​យន្ត ​ពី​ក្នុង​​​លេណដ្ឋាន​​កង​ទ័ព លើ​​លោក សម រង្ស៊ី បើ​​ហ៊ាន​​វិល​​ចូល​​កម្ពុជា​​តាម​​ច្រក​​ព្រំដែន​​

ដោយ សេក បណ្ឌិត
2019.03.25
លោក ហ៊ុន សែន សម្ពោធវិមានឈ្នះឈ្នះ លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ដ្រី​កម្ពុជា ក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះៗ កាល​ពី​ថ្ងៃទី ២៩​ ខែ​ធ្នូ ឆ្នាំ២០១៨។
AP

មេ​ដឹកនាំ​របប​ឯក​បក្ស លោក ហ៊ុន សែន ព្រមាន​​​ប្រើ​កាំភ្លើង​យន្ត​បាញ់​ពី​ក្នុង​លេណដ្ឋាន (ត្រង់សេ) កងទ័ព​ប្រឆាំង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បើ​ហ៊ាន​វិល​ត្រលប់​ចូល​កម្ពុជា តាម​ច្រក​ព្រំដែន​ប្រទេស​ថៃ។ អ្នក​សម្រប​សម្រួល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ថៃ មិន​ជឿ​ការ​ព្រមាន​របស់ លោក ហ៊ុន សែន ទេ។ ឯ​អ្នក​វិភាគ​ថា លោក សម រង្ស៊ី មិន​ហ៊ាន​វិល​ចូល​ប្រទេស​ទេ ឯ​លោក ហ៊ុន សែន ក៏​មិន​ហ៊ាន​បាញ់​ដែរ គឺ​អ្នក​នយោបាយ​ទាំង​ពីរ កំពុង​ធ្វើ​ប្រជាភិថុតិ​រៀង​ខ្លួន។

បើ​ទោះ​ជា​បាន​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​ថា ឈប់​ឆ្លើយឆ្លង​ជាមួយ​លោក សម រង្សី ក៏​ដោយ ក៏​លោក​ហ៊ុន សែន ប្រកាស​ផ្ដាំ​ប្រាប់​ទៅ​លោក សម រង្ស៊ី ថា នៅ​តាម​ព្រំដែន​កម្ពុជា សុទ្ធ​តែ​មាន​កាំភ្លើង​យន្ត និង​លេណដ្ឋាន​កង​ទ័ព ដូច្នេះ ត្រូវ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ចូល​ស្រុក​តាម​ព្រំដែន​ថៃ។ លោក ហ៊ុន សែន អះអាង​ថា បច្ចុប្បន្ន​ច្បាប់​អន្តរជាតិ​​ហាម​តែ​ការ​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស​ប៉ុណ្ណោះ ឯ​ការ​ប្រើ​កាំភ្លើង​យន្ត​មិន​មាន​ហាម​ឃាត់​ទេ៖ «ហើយ​បើ​មក​តាម​ទល់​ដែន អា​ហ្នឹង​ល្អ​មើល។ អញ​អត់​ដឹង​ទេ! អញ​ អត់​ដឹង​ទេ តាម​ទល់​ដែន ឯង​ត្រូវ​ដឹង​ ទល់​ដែន​គេ​ធ្វើ​ម្ដេច? គេ​ដាក់​ត្រង់សេ (លេណដ្ឋាន) ហើយ​គេ​ដាក់​កាំភ្លើង​យន្ត​នៅ​ហ្នុង​ណា គេ​មាន​កាំភ្លើង​យន្ត​នៅ​ហ្នុង។ គ្រាន់​បច្ចុប្បន្ន​យើង​ហាម​ប្រើប្រាស់​មីន ប្រឆាំង​មនុស្ស​តែ​ប៉ុណ្ណឹង​ទេ។ ប៉ុន្តែ​ឯង​ត្រូវ​ដឹង បើ​មក​តាម​ទល់​ដែន គឺ​​​រឿង​ធំ​ហើយ។ បើ​មក​តាម​ទល់​ដែន តើ​មក​តាម​ទល់​ដែន​ណា? ខាង​វៀតណាម អត់​ត្រូវ​ជាមួយ​គេ។ ឡាវ​មិន​ត្រូវ​ជាមួយ​គេ។ នៅ​សល់​ថៃ។ ថៃ​ស្មាន​តែ​គេ​ល្ងង់ ឲ្យ​អ្នក​ឯង​មក​ធ្វើ​អ៊ីចឹង នៅ​ក្នុង​ពេល​ប្រទេស​ទាំង​ពីរ​ មិន​អនុញ្ញាត​ឲ្យ​ប្រទេស​ណា​មួយ ឲ្យ​កម្លាំង​ណា​មួយ​ ប្រើប្រាស់​ទឹកដី​ខ្លួន​ប្រឆាំង។ អ៊ីចឹង​ កុំ​សង្ឃឹម កុំ​សង្ឃឹម ដេក​ទៅ ហើយ​រ៉ៃ​លុយ​ទៅ រ៉ៃ​លុយ​ទៅ យក​ជិះ​ទឹក​កក ជិះ​ស្គី​ទៅ ហើយ​មាន​ចិត្ត​ធម៌​អ៊ីចឹង នាំ​គ្នា​រ៉ៃ​លុយ​ឲ្យ​ទៅ»

លោក​ថ្លែង​បែប​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ឱកាស​ចុះ​​ចែក​សញ្ញាប័ត្រ​ ដល់​និស្សិត​សាកល​វិទ្យាល័យ​ នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មីនា។ លោក ហ៊ុន សែន បង្ហើប​ទៀត​ថា បើ​ លោក សម រង្ស៊ី ហ៊ាន​​ចូល​​ប្រទេស​តាម​អាកាស ហើយ​បើ​ទោះ​ មាន​មន្ត្រី​ទូត មន្ត្រី​អង្គការ​សហប្រជាជាតិ​ អម​ដំណើរ​បែប​ណា ក៏​ លោក បញ្ជា​ឲ្យ​អាជ្ញាធរ​ចាប់​ខ្លួន លោក សម រង្ស៊ី វាយ​ខ្នោះ​ដែរ ព្រោះ​ លោក សម រង្ស៊ី មាន​ដីកា​ឲ្យ​ចាប់​ខ្លួន។

ប្រតិកម្ម​លោក ហ៊ុន សែន ធ្វើ​ឡើង​ ក្រោយ​ពេល លោក សម រង្ស៊ី ប្រកាស​​ដដែលៗ ពី​ក្រៅ​ប្រទេស​​ថា លោក នឹង​ដឹកនាំ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទូទាំង​ពិភពលោក ទៅ​រួម​កម្លាំង​ជាមួយ​កង​​ ប្រដាប់​អាវុធ និង​​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ ដែល​កំពុង​រង​ការ​​​កម្ទេច​ពី បក្ខ​ពួក​ លោក ហ៊ុន សែន។

អ្នក​សម្រប​សម្រួល​សមាជិក​​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រចាំ​ប្រទេស​ថៃ លោក ម៉ោញ សារ៉ាត់ យល់​ថា លោក ហ៊ុន សែន គួរ​ទុក​កាំភ្លើង​យន្ត​ទាំង​នោះ សម្រាប់​ការពារ​ទឹកដី​វិញ កុំ​យក​មក​ប្រើ​ដើម្បី​ប្រឆាំង​ខ្មែរ​ នឹង​ខ្មែរ។ លោក ម៉ោញ សារ៉ាត់ អះអាង​ថា លោក សម រង្ស៊ី វិល​ចូល​កម្ពុជា ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ មិន​មែន ទៅ​ធ្វើ​សង្គ្រាម​ជាមួយ លោក ហ៊ុន សែន​ ទេ៖ «ទី​២​ ក្រែង​លោក ហ៊ុន សែន ខ្លួន​ឯង និយាយ​ថា ឥឡូវ ចូល​មក​ គាត់​ត្រៀម​​​ខ្នោះ គាត់​ត្រៀម​គុក​​ ត្រៀម​អ្វី​ហើយ។ ចុះ​ឥឡូវ មក​ត្រៀម​ផ្ទុះ​អាវុធ។ លោក​ប្រធាន​ សម រង្ស៊ី ហើយ​នឹង​ថ្នាក់​ដឹកនាំ​របស់​យើង​ហ្នឹង ត្រៀម​លក្ខណៈ​ចូល​ខ្លួន ប្រសិន​បើ​តុលាការ​ចង់​ចាប់​ដាក់​គុក មិន​បាច់​​ចាប់​ទេ លោក ប្រធាន​ត្រៀម​លក្ខណៈ​នឹង​ដើរ​ទៅ​ចូល​គុក។ កម្លាំង​​ពលរដ្ឋ​ដែល​ត្រៀម​លក្ខណៈ​អម​ដំណើរ​រាប់​សែន​នាក់​​ហ្នឹង នឹង​ដើរ​ចូល​គុក​ដែរ។ អ៊ីចឹង​មិន​​បាច់​ទៅ​ផ្ទុះ​សង្គ្រាម​នាំ​អស់​អាវុធ​អ្វី។ អ៊ីចឹង វា​អត់​ឆ្លើយ​តប ទៅ​នឹង​អ្វី ដែល​ជា​ផែនការ​យុទ្ធសាស្ត្រ​របស់​យើង​ទេ។ ខ្ញុំ​យល់​ឃើញ​ថា លោក ហ៊ុន សែន មិន​បាច់​ត្រៀម​អ៊ីចឹង​ទេ យើង​អត់​បាន​ទៅ តតាំង​នឹង​មុខ​អាវុធ​របស់​លោក ឯណា

លោក សម រង្ស៊ី ប្រកាស​ថា លោក នឹង​វិល​ចូល​កម្ពុជា​វិញ នៅ​ក្នុង​ឆ្នាំ២០១៩ ប៉ុន្តែ​មិន​កំណត់​ពេល​ជាក់​លាក់​ទេ​ តែ​លោក​បង្ហើប​ថា គឺ​​នៅ​ពេល របប​ឯក​បក្ស​ ទទួល​សម្ពាធ​ធ្ងន់ធ្ងរ​ពី​សហគមន៍​អន្តរ​ជាតិ​ ពោល​គឺ នៅ​ពេល​សហគមន៍​អន្តរ​ជាតិ សំពង​លោក ហ៊ុន សែន ទ្រោម​ខ្លួន​សិន។

អ្នក​ជំនាញ​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ បណ្ឌិត ហ៊ាង ឬទ្ធី មិន​ជឿ​ថា មាន​ករណី​បែប​នេះ​កើត​ឡើង​ទេ ព្រោះ លោក សម រង្ស៊ី និង​ លោក ហ៊ុន សែន សុទ្ធ​តែ​កំពុង​ធ្វើ​នយោបាយ​​ប្រជាភិថុតិ ​​រៀងៗ ខ្លួន។ លោក ហ៊ាង ឬទ្ធី ​ថា លោក សម រង្ស៊ី មិន​ហ៊ាន​វិល​ចូល​កម្ពុជា​ទេ ទោះ​សន្យា​ប៉ុន្មាន​ដង​ថែម​ទៀត ក៏​ដោយ។ ឯ​លោក ហ៊ុន សែន ក៏​ប្រើ​ភាសា​គំរាម មិន​ចង់​ឲ្យ លោក សម រង្ស៊ី វិល​ចូល​ដែរ។ លោក ថា នេះ​ជា​ចរិត​នយោបាយ​របស់​អ្នក​ទាំង​ពីរ ក្នុង​ការ​ធ្វើ​ប្រជាភិថុតិ​នយោបាយ​រាប់​សិប​ឆ្នាំ​មក​ហើយ៖ «លោក សម រង្ស៊ី គាត់​ចេះ​តែ​ថា​ទេ រឿង​ត្រលប់​មក​វិញ គឺ​គ្មាន​តែ​ម្ដង ហើយ​ចំណុច​ទី៣ បើ​គ្មាន​ហើយ ការ​បាញ់ ការ​បោះ វា​អត់​មាន អា​ហ្នឹង​វា​អត់.... គេ​ប្រើ​ប្រជាភិថុតិ​បែប​ហ្នឹង​រៀងៗ ខ្លូន អ៊ីចឹង ឲ្យ​ថា​ពិត​ប្រាកដ​វា​អត់​ទេ។ នយោបាយ​ វា​មិន​ខុស​ពី​កីឡា​ប្រដាប់​ប៉ុន្មាន​ទេ ស៊ីញ៉ូ​ឆ្វេង​វាយ​ស្ដាំ ស៊ីញ៉ូ​ស្ដាំ​វាយ​ឆ្វេង ជា​រឿង​ធម្មតា​របស់​អ្នក​នយោបាយ ដែល​គាត់​ចូល​ចិត្ត​ប្រើប្រាស់»

ក្រៅ​ពី ព្រមាន​ប្រើ​កាំភ្លើង​យន្ត​បាញ់​ លោក សម រង្ស៊ី ពី​ក្នុង​លេណដ្ឋាន​កង​ទ័ព លោក ហ៊ុន សែន ក៏​ព្រមាន​ជាថ្មី​ទៀត ឲ្យ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ប្រទេស​​ បញ្ឈប់​យុទ្ធនាការ​កៀរគរ​កម្លាំង​រង់​ចាំ​ទទួល​លោក សម រង្ស៊ី។ លោក ហ៊ុន សែន ហៅ​ការ​ធ្វើ​បែប​នេះ ជា​ការ​រៀប​ចំ​កម្លាំង​ដើម្បី​ត្រៀម​ខ្លួន​ប្រយុទ្ធ ហើយ​លោក​បញ្ជា​ឲ្យ​អាជ្ញាធរ​ ឃើញ​ម្នាក់ វាយ​ខ្នោះ​ម្នាក់ ឃើញ​ពីរ​នាក់ វាយ​ខ្នោះ ពីរ​នាក់​ ជា​បន្ទាន់។

គណបក្ស​ សង្គ្រោះ​ជាតិ និង​សហគមន៍​អន្តរ​ជាតិ ចាត់​ទុក​ការ​គំរាម​បែប​នេះ ជា​ការ​បំបិទ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ផ្ទុយ​ពី​ច្បាប់ ពី​ព្រោះ​រដ្ឋ​ធម្មនុញ្ញ ចែង​ថា ពលរដ្ឋ​គ្រប់​រូប មាន​សិទ្ធិ​ធ្វើ​នយោបាយ ដូច​ជា សិទ្ធិ​គាំទ្រ និង​មិន​គាំទ្រ​បក្ស​ណា​ក៏​បាន សិទ្ធិ​បញ្ចេញ សិទ្ធិ​ជួប​ជុំ​គ្នា​ដោយ​សន្តិវិធី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។