លោក ហ៊ុន សែន ​គំរាម​ចាប់​ខ្លួន អ្នក​​បង្ហោះ​​សារ​​ថា លោក​​ឈឺ

ដោយ យន់ សាមៀន
2019-07-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ពេល​សម្រាក​ព្យាបាល​ជំងឺនៅ​ប្រទេស​សិង្ហបុរី​។
លោក ហ៊ុន សែន ពេល​សម្រាក​ព្យាបាល​ជំងឺនៅ​ប្រទេស​សិង្ហបុរី​។
រូប​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន

លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុង​ភ្នំពេញ ព្រមាន​ចាប់​ខ្លួន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) បង្ហោះ​សារ​ថា លោក ឈឺ ឬ​សុខភាព​ទ្រុឌទ្រោម។ លោក ចោទ​ថា ការ​បង្ហោះ​​សារ​​ថា លោក​ឈឺ​ ធ្វើ​ឱ្យ​​ជ្រួល​ច្របល់​មតិ​សាធារណៈ​ ​​ជា​ហេតុ​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។ ​បើ​ទោះ​គ្មាន​ច្បាប់​ចែង តែ ​លោក ហ៊ុន សែន ចាត់​ទុក ការ​​បង្ហោះ​សារ​ ប្រឌិត​ ថា​ លោក​មាន​សុខភាព​​មិន​ល្អ​ ជា​ការ​​ប្រព្រឹត្តិ​បទ​ល្មើស​ព្រហ្មទណ្ឌ។

​​​​អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន សរសេរ​ក្នុង​​ហ្វេសប៊ុក ថា លោក ហ៊ុន សែន ថ្លែង​​ក្នុង​កិច្ច​ប្រជុំ​ពេញអង្គ​គណៈ​រដ្ឋ​មន្ត្រី នៅ​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា ថា  ប្រសិន​បើ​គណនី​ហ្វេសប៊ុក​ណា​មួយ​ប្រឌិត​ បំភ្លៃ​ព័ត៌មាន (Fake News) ដែល​ធ្វើ​ឱ្យ​មាន​ការ​ជ្រួល​ច្របល់​មតិ​សាធារណៈ​ជា​ហេតុផល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ដោយ​ប្រឌិត​ស្ថានភាព​អាក្រក់​ពី​សុខភាព​របស់​នាយក​​រដ្ឋមន្រ្តី ​ក្នុង​តំណែង គឺ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ។ របប​ក្រុង​ភ្នំពេញ នឹង​ចាត់វិធានការ​ ​ចំពោះ​ការ​បង្ហោះ​ព័ត៍មាន​បែប​នេះ។

ការ​ព្រមាន​ចាប់​ខ្លួន​អ្នក​បង្ហោះ​ហ្វេសប៊ុក​ថា លោក ហ៊ុន សែន ឈឺ​​ ធ្វើ​ឡើង​ក្រោយ​ពេល លោក ហ៊ុន សែន ​ត្រលប់​មក​ពី​ព្យាបាល​​គ្រេច​ស្មា នៅ​មន្ទីរ​ពេទ្យ​​ប្រទេស​សិង្ហបុរី ជាថ្មី​។ លោក ហ៊ុន សែន ទទួល​ការ​ព្យាបាល​​ នៅ​មន្ទីរ​ពេទ្យ​ប្រទេស​សិង្ហ​បុរី ៤​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​១១ មិថុនា។

ពាក់​ព័ន្ធ​នឹង​ការ​ព្រមាន​ចាប់​ខ្លួន​អ្នក​បង្ហោះ​សារ​ថា​ សុខភាព​លោក ហ៊ុន សែន ឈឺ មន្ត្រី​បក្ស​ប្រឆាំង​ យល់​ថា លោក ហ៊ុន សែន ភ័យ​ខ្លាច​ជំងឺ​ខ្លួន​ឯង ទើប​គំរាម​គេ កុំ​ឲ្យ​ដាក់​ទំនាយ​ថា លោក ឈឺ។

​​​​​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​​ភ្លើង​ទៀន​ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង លោក សោ ចាន់ដេត ចាត់​ទុក​ ការ​បង្ហោះ​សារ​ថា លោក ហ៊ុន សែន ឈឺ គ្មាន​ការ​បង្ក​ចលាចល ឬ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​​អ្វី​ឡើយ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ថា លោក ហ៊ុន សែន ប្រើ​លេស​មិន​សម​ហេតុផល ​ព្រោះ​ខ្លាច​ពលរដ្ឋ​កាន់​តែ​ច្រើន​ឡើង ដាក់​ទំនាយ​ឲ្យ​លោក​ ឆាប់​ស្លាប់ ដោយសារ​ជំងឺ។

លោក ហ៊ុន សែន ធ្លាប់​ខឹង​​សម្បារ ​អ្នក​បង្ហោះ​​សារ​​​ថា លោក​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬ​ដាច់​សរសៃឈាម​ខួរ​ក្បាល​ស្លាប់ ឬ​ ស្លាប់​ដោយសារ​ជំងឺ ច្រើន​ដង​ហើយ​។ កាល​​ឆ្នាំ​២០១៦ លោក ហ៊ុន សែន ​ខឹង​អ្នក​បង្ហោះ​ហ្វេសប៊ុក​ម្នាក់ ថា លោក​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ ​ឆ្កួត​​។ លោក ហ៊ុន សែន ប្រាប់​ថា លោក​គ្មាន​ពូជ​ ដាច់​សរសៃ​ឈាម​ ឬ​ ពូជ​ឡប់​ ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល