លោក ហ៊ុន សែន ទាត់​ចោល​សំណើ​​របស់​ជប៉ុន ដែល​ចង់​​ឲ្យ​​ខ្មែរ និង​​ខ្មែរ​​ចរចា​គ្នា​ បញ្ចប់​វិបត្តិ​​នយោបាយ

ដោយ មួង ណារ៉េត
2018.03.24
Share on WhatsApp
Share on WhatsApp
ហ៊ុន សែន ប្រធាន​សមាគម​មិត្តភាព​សភា​មេគង្គ-ជប៉ុន ២០១៧ ១៤៤០ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួប​ពិភាក្សា​ជាមួយ​ប្រធាន​សមាគម​មិត្តភាព​សភា​មេគង្គ-ជប៉ុន នៅ​ប្រទេស​ជប៉ុន ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen facebook's page
Photo courtesy of PM Hun Sen facebook's page

មិន​ខុស​ពី​ការ​ប្រកាស​ជា​សាធារណៈ​ជា​ប្រចាំ​នោះ​ដែរ​ នៅ​ក្នុង​ជំនួប​ជាមួយ​តំណាង​រដ្ឋមន្ត្រី​ជប៉ុន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ជំហរ​ដដែល​នេះ​ថា លោក​មិន​ព្រម​ចរចា ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ជាដាច់ខាត។ ជំហរ​មិន​ចរចា​នេះ ត្រូវ​បាន​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​លោក ស្រ៊ី ថាមរ៉ុង្គ ដកស្រង់​ប្រសាសន៍​លោក ហ៊ុន សែន ប្រាប់​អ្នកសារព័ត៌មាន ក្រោយ​ជំនួប​នោះ​ថា វប្បធម៌​សន្ទនា​រវាង​លោក ជាមួយ​លោក សម រង្ស៊ី បរាជ័យ​ហើយ។

ទើប​តែ​ពីរថ្ងៃមុននេះ ពេល​ចុះ​ជួប​កម្មករ​រោងចក្រ នៅ​ម្តុំផ្លូវ​វ៉េងស្រេង លោក ហ៊ុន សែន ប្រកាស​ទាំង​កំហឹង ព្រោះ​ខឹង​ខ្លាំង​ទៅ​នឹង​អ្នក​តវ៉ា​នៅ​ប្រទេស​អូស្រ្តាលី និង​អាមេរិក ដែល​លោក​ចោទ​ថា ជា​មនុស្ស​របស់​គណបក្ស​ប្រឆាំង ដែល​នាំ​គ្នា​ដុត​ទីងមោង​រូប​របស់​លោក។ លោក ហ៊ុន សែន អះអាង​ថា បរាជ័យ​នៃ​ការ​ចរចា គឺ​ដោយសារ​តែ​រឿង​ដុត​ទីង​មោង​រូប​លោក​នេះ​ឯង៖ «ចាំ​តែ​ចរចា​តើ! ហ៊ុន សែន អត់​ត្រូវ​ការ​ចរចា​ជាមួយ​អ្នក​ណា​ទាំងអស់។ ចរចា​ជាមួយ​អា​អ្នក​ជាប់​គុក អត់​ចរចា​ទេ អា​ក្រុម​ជាប់​គុក ដែល​ត្រូវ​គេ​រម្លាយ​ហើយ​ គឺ​គ្មាន​ការ​ចរចា អ្នកណា​ចង់​ធ្វើ​អី​ធ្វើ​ទៅ! ដឹង​ថា​គន្លឹះ​នៅនឹង​ដៃ ហ៊ុន សែន ហើយ​ទៅ​ដុត​រូប​ ហ៊ុន សែន ​វា​មិន​ចប់។ មិន​មែន​ ហ៊ុន សែន ដាក់​អន្ទាក់​ទេ ប៉ុន្តែ អ្នកឯង​ទៅ​ផុត​គំនូស​ក្រហម​ទៅ​ហើយ។ អ៊ីចឹង​បាន​សេចក្ដី​ថា ​អ្នកឯង​ស្ទើរ​ភ្លើង​ណាស់​ខាង​នយោបាយ អ្នក​ឯង​គួរ​មាន​ការ​អត់​ធ្មត់ ហើយ​អ្នក​ឯង​សុំ​ទទូច​សុំ​ការ​ចរចា​ល្អ​ជាង»

លោក សម រង្ស៊ី ប្រធាន​ចលនា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​ជំហរ​ចង់​ឲ្យ​មានការ​ចរចា រក​ដំណោះស្រាយ​នេះ​ដែរ។ ប៉ុន្តែ ក្រោយ​មាន​ប្រតិកម្ម​ប្រកែក​ខ្លាំងៗ ពី​លោក ហ៊ុន សែន ទើប​លោក​ស្នើសុំ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង ទើប​ខ្មែរ​បាន​សុខ និង​មាន​ការ​ចរចា​មួយ​កើតឡើង។

ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន សែន នោះ តំណាង​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន គឺ​លោក កេនតារ៉ូ សូនូរ៉ា (Kentaro Sonoura) បាន​លើក​យក​លទ្ធភាព នៃ​ដំណោះស្រាយ​រួម​មួយ​តាម​វិធី​ចរចា​គ្នា វាង​របប​លោក ហ៊ុន សែន ជាមួយ​នឹង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។

នេះ​គឺ​លើក​ទី​មួយ​ហើយ ដែល​ប្រទេស​ជប៉ុន មហាអំណាច​ដ៏​មាន​ឥទ្ធិពល​នៅ​អាស៊ី ឈឺឆ្អាល​កាន់តែ​ខ្លាំង និង​ចេញ​មុខ​ជួយ​​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​ខ្មែរ ដែល​អូស​បន្លាយ​ពេល​រាប់​ខែ តាំង​ពី​ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ។ រដ្ឋាភិបាល​ជប៉ុន បាន​ប្រកាន់​ជំហរ ចង់​ឲ្យ​មាន​ដំណោះស្រាយ ​រវាង​ខ្មែរ និង​ខ្មែរ ដើម្បី​បញ្ចប់​វិបត្តិនយោបាយ​បច្ចុប្បន្ន នៅមុន​បោះឆ្នោត​ជាតិ​ ព្រោះ​ជប៉ុន​ចង់​ឃើញ​ការ​បោះឆ្នោត​ជាតិ​មួយ ដែល​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​មានការ​ចូលរួម ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។

ប្រទេស​ជប៉ុន ដែល​ជា​ម្ចាស់​ហត្ថលេខី​មួយ​ដែរ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​មួយ​របស់​កម្ពុជា បាន​រក្សា​ជំហរ​ទន់ភ្លន់ ក្នុង​ស្ថានភាព​ដែល​សហគមន៍​អន្តរជាតិ ថ្កោល​ទោស​ជុំ​ទិស ទៅ​លើ​របប​លោក ហ៊ុន សែន ដោយសារ​តែ​ការ​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ ប្រទេស​ជប៉ុន សុខចិត្ត​មិន​ចូលរួម​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស ៤៥​ផ្សេង​ទៀត នៃ​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ដែល​នាំគ្នា​ចេញ​សេចក្ដី​ថ្លែងការណ៍​ ថ្កោលទោស​របប​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា។ មិន​តែ​ប៉ុណ្ណោះ ជប៉ុន​សុខ​ចិត្ត​បន្ត​ផ្ដល់​ជំនួយ​ផ្នែក​បច្ចេកទេស ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បើ​ទោះ​បី​ជា​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​កាត់​ផ្ដាច់​ជំនួយ​ទាំង​ស្រុង ទៅ​ស្ថាប័ន​មួយ​នេះ យ៉ាង​ណា​ក៏​ដោយ។ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ជប៉ុន​បាន​ផ្ដល់​ជំនួយ​ជា​ហិប​ឆ្នោត​ចំនួន ១​ម៉ឺន​ហិប​ឆ្នោត ទៅ គ..ប ដែល​មាន​តម្លៃ​សរុប​ជិត ៨​លាន​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។