អ្នកវិភាគ​ថា លោក ហ៊ុន ម៉ាណែត នៅ​មិន​ទាន់​មាន​ឥទ្ធិពល និង​កេរ្តិ៍ឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិ

ដោយ មាន ឫទ្ធិ
2019-06-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កូនប្រុស​ច្បង​លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត (ឆ្វេង) និង​រដ្ឋមន្ត្រីការបរទេស​សិង្ហបុរី លោក វីវ៉ាន បាឡាគ្រីសនន្ត (Vivan Balakrishnan) ក្នុង​ជំនួប​នា​ប្រទេស​សិង្ហបុរី កាល​ពីថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ​២០១៩។
កូនប្រុស​ច្បង​លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត (ឆ្វេង) និង​រដ្ឋមន្ត្រីការបរទេស​សិង្ហបុរី លោក វីវ៉ាន បាឡាគ្រីសនន្ត (Vivan Balakrishnan) ក្នុង​ជំនួប​នា​ប្រទេស​សិង្ហបុរី កាល​ពីថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ​២០១៩។
រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើង​ថា​កូនប្រុស​ច្បង​លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត នៅ​មិន​ទាន់​មាន​ឥទ្ធិពល​នៅ​លើ​ឆាក​អន្តរជាតិ​នៅឡើយ​ទេ​។ លោក​ថា គណបក្ស​កាន់អំណាច​របស់​លោក ហ៊ុន សែន កំពុង​ព្យាយាម​បង្ហាញ​មុខមាត់​លោក ហ៊ុន ម៉ាណែត ដែល​អាច​នឹង​ដើរតួ​ជា​មេដឹកនាំ​សំខាន់​របស់​កម្ពុជា​នា​ពេល​អនាគត​។ ការ​លើកឡើង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​លោក ហ៊ុន ម៉ាណែត កំពុង​បំពេញ​ទស្សនកិច្ច​ណែនាំ​ខ្លួន​ក្នុងនាម​ជា​មេបញ្ជាការ​កងទ័ពជើងគោក ទៅកាន់​ប្រទេស​សិង្ហបុរី ពី​ថ្ងៃ​ទី១១ ដល់​ថ្ងៃទី១៣ មិថុនា។

លោក ឯម សុវណ្ណារ៉ា ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​ណែនាំ​ខ្លួន​របស់​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​ក្រុម​មេដឹកនាំ​ប្រទេស​សិង្ហបុរី​នា​ពេល​នេះ គណបក្ស​កាន់អំណាច​របស់​លោក ហ៊ុន សែន កំពុង​ព្យាយាម​រំលេច​មុខមាត់​លោក ហ៊ុន ម៉ាណែត នៅ​លើ​ឆាក​អន្តរជាតិ និង​ព្យាយាម​រក្សា​កិច្ចសហការ​ល្អ​រវាង​កម្ពុជា និង​សិង្ហបុរី៖ «ឯកឧត្តម ហ៊ុន ម៉ាណែត គាត់​ជា​មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​អគ្គ​មេបញ្ជាការ​រង​ទូទាំង​ប្រទេស​។ អ៊ីចឹង គាត់​កាន់​តួនាទី​ធំ ហើយក៏​ជា​ចំណុច​មួយ ដែល​គណបក្ស​កាន់អំណាច​ចង់​រំលេច​អ្នក​ដែល​ដើរតួ​នៅ​ក្នុង​នយោបាយ​ការបរទេស​នៅ​ក្នុង​ថ្ងៃ​អនាគត។ អ៊ីចឹង ជា​ទិដ្ឋភាព​មួយ​ដែល​យើង​អាច​មើល​ឃើញ​អំពី​ការ​បង្ហាញ ឬ​ការ​ចង់​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា និង​សិង្ហបុរី​នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ក្នុង​តំបន់ ហើយក៏​ចង់​រំលេច​លើ​ឆាក​អន្តរជាតិ​ដែរ គឺ​ពាក់ព័ន្ធ​នឹង​អនាគត​នៃ​អ្នកដឹកនាំ​ដែរ​។ នេះ​ជា​រូបភាព​ដែល​យើង​អាច​មើល​ឃើញ»

លោក ហ៊ុន ម៉ាណែត កំពុង​ធ្វើ​ទស្សនកិច្ច​ណែនាំ​ខ្លួន​ក្នុងនាម​ជា​មេបញ្ជាការ​កងទ័ពជើងគោក ទៅកាន់​ប្រទេស​សិង្ហបុរី រយៈពេល​បី​ថ្ងៃ ពី​ថ្ងៃ​ទី១១ ដល់​ថ្ងៃ​ទី១៣ មិថុនា​។ ដំណើរ​ទស្សនកិច្ច​នេះ ក៏​ធ្វើឡើង​គាប់​ជួន​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ទំនាក់ទំនង​រវាង​កម្ពុជា និង​សិង្ហបុរី រង​ភាព​រកាំរកូស ក្រោយ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី ស៊ានឡុង បាន​បញ្ចេញ​សារ​ពាក់ព័ន្ធ​នឹង​ការឈ្លានពាន​របស់​វៀតណាម​មក​លើ​កម្ពុជា កាលពី ៤០ ឆ្នាំមុន​។ កាលណោះ មន្ត្រី​ជាន់ខ្ពស់​នៃ​របប​លោក ហ៊ុន សែន រួម​ទាំង​ក្រសួងការបរទេស​កម្ពុជា​ផង បាន​ចេញ​មុខជា​បន្តបន្ទាប់​ការពារ​អំពើ​ឈ្លានពាន​របស់​វៀតណាម ដោយ​ប្រកាស​សោកស្ដាយ​ចំពោះ​សារ​នាយករដ្ឋមន្ត្រី​សិង្ហបុរី​នេះ រឿង​វៀតណាម​ឈ្លានពាន​កម្ពុជា​។ មន្ត្រី​ជាន់ខ្ពស់​ទាំងនោះ មាន​ដូចជា​លោក ហ៊ុន សែន ខ្លួនឯង កូនប្រុស​លោក គឺ​លោក ហ៊ុន ម៉ានី និង លោក ទៀ បាញ់ ជាដើម បាន​ចេញ​មុខ​មក​ថ្លែង​ការពារ​វៀតណាម ថា ការ​លើកឡើង​របស់​សិង្ហបុរី​នេះ ជា​ការ​ប្រមាថ​វៀតណាម ហើយ​ជា​ការ​ចូលរួម​ចំណែក​គាំទ្រ​របប​ខ្មែរក្រហម និង​ចង់​ឱ្យ​របប​នេះ​វិល​ត្រឡប់​មក​កម្ពុជា​ឡើងវិញ​។ ពួកគេ​ថែមទាំង​បង្ហាញ​ចេតនា​ចង់​ឱ្យ​សិង្ហបុរី​កែតម្រូវ ការ​ចោទ​ថា វៀតណាម​ឈ្លានពាន​កម្ពុជា​នេះ ដោយ​ចង់​កោះហៅ​មន្ត្រី​ការទូត​សិង្ហបុរី​ប្រចាំ​កម្ពុជា មក​សួរនាំ​ផង​។ ក៏ប៉ុន្តែ ក្រោយមក ការ​ធ្វើ​ឱ្យ​កម្ពុជា​ថ្នាំងថ្នាក់​នេះ បាន​បិទ​បញ្ចប់​ទៅវិញ ក្រោយពី​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​បាន​សន្ទនា​គ្នា​តាម​ទូរស័ព្ទ ដោយ​គូស​បញ្ជាក់​ថា ប្រទេស​ទាំងពីរ​នៅ​បន្ត​ជា​អ្នកជិតខាង​ល្អ ហើយ​ខិតខំ​បំភ្លេច​អតីតកាល​ចោល​។ ជា​ការ​គួរ​ឱ្យ​កត់សម្គាល់ លោក ហ៊ុន ម៉ាណែត ហាក់​ស្ងៀមស្ងាត់ និង​មិនបាន​បញ្ចេញ​សារ​ណាមួយ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ជុំវិញ​បញ្ហា​ថ្នាំ​ថ្នាក់​ជាមួយ​សិង្ហបុរី​នេះ​ទេ។

ក្រសួងការបរទេស​សិង្ហបុរី ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី១១ មិថុនា ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ណែនាំ​ខ្លួន​នេះ លោក ហ៊ុន ម៉ាណែត មាន​ផែនការ​ជួប​ជាមួយ​នឹង​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សិង្ហបុរី និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សិង្ហបុរី នៅ​ថ្ងៃទី១២ មិថុនា​។ លោក​ក៏បាន​ជួប​ជាមួយ​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​សម្របសម្រួល​សន្តិសុខ​ជាតិ​សិង្ហបុរី និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សិង្ហបុរី កាលពី​ថ្ងៃ​ទី១១ មិថុនា។

ក្រោយ​ជំនួប​នេះ រដ្ឋមន្ត្រីការបរទេស​សិង្ហបុរី លោក វីវ៉ាន បាឡាគ្រីសនន្ត (Vivan Balakrishnan) បាន​សរសេរ​សារ​បង្ហោះ​នៅ​លើ​បណ្ដាញ​ទ្វីធ័រ (Twitter) របស់​លោក​ថា លោក និង​លោក ហ៊ុន ម៉ាណែត បាន​ពិភាក្សា​បញ្ហា​ប្រឈម​កំពុង​កើតមាន​ក្នុង​តំបន់ និង​ឯកភាព​ថា ជា​ការ​សំខាន់​ដែល​ប្រទេស​ទាំងពីរ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​នៅ​ក្នុង​តំបន់​អាស៊ាន ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​។ លោក​គូស​បញ្ជាក់​ថា សិង្ហបុរី និង​កម្ពុជា គឺជា​មិត្តភ័ក្ដិ​ចាស់ ហើយ​ថា កិច្ច​សហ​ប្រតិបត្តិ​ការ​គ្រប់​វិស័យ​ទូលំទូលាយ​របស់​ប្រទេស​ទាំងពីរ បាន​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រទេស​ទាំងពីរ។

លោក​រដ្ឋមន្ត្រីការបរទេស​សិង្ហបុរី និង​លោក ហ៊ុន ម៉ាណែត ក៏បាន​ស្វាគមន៍​គំនិត​ផ្ដួចផ្ដើម កិច្ច​ពិគ្រោះ​យោបល់​រវាង​ក្រសួងការបរទេស​កម្ពុជា និង​សិង្ហបុរី ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី១៩ មិថុនា ឆ្នាំ​២០១៩។ ពួកគេ​ថា គំនិត​ផ្ដួចផ្ដើម​នេះ នឹង​លើក​កម្ពស់​នូវ​ការ​យល់ដឹង​គ្នា​ទៅវិញទៅមក និង​ផ្លាស់ប្ដូរ​ទស្សនៈ​រវាង​ក្រសួង​ទាំងពីរ នៅ​កម្រិត​ថ្នាក់​ការងារ។

ជុំវិញ​ដំណើរ​ទស្សនកិច្ច​ណែនាំ​ខ្លួន​របស់​លោក ហ៊ុន ម៉ាណែត នេះ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍ថា លោក ហ៊ុន ម៉ាណែត នៅ​មិន​ទាន់​មាន​កិត្តិនាម​សុះសាយ​ក្នុងចំណោម​ក្រុម​មេដឹកនាំ​ពិភពលោក​នៅឡើយ​ទេ​។ ដូច្នេះ​ហើយ លោក​ថា ទើប​​បាន​ជា​គណបក្ស​កាន់អំណាច​ព្យាយាម​បង្ហាញ​មុខមាត់​របស់​លោក៖ «ឥទ្ធិពល​លោក ឬ​កិត្តិនាម​លោក​នៅ​លើ​ឆាក​អន្តរជាតិ គឺ​អត់​ទាន់​សុះសាយ ឬ​សាយភាយ​ច្រើន​ទេ ដោយសារតែ​លោក​ទើបតែ​បញ្ចេញ​មុខមាត់ ឬក៏​ដើរតួ​នៅ​ក្នុង​ឆាក​អន្តរជាតិ គឺ​ទើបតែ​ចាប់ផ្ដើម​ទេ។ ថ្វីត្បិតតែ​លោក​ចាប់ផ្ដើម​នៅ​ក្នុង​ឆាក​ផ្ទៃក្នុង​នយោបាយ​ក្នុងស្រុក​ច្រើន តែ​នៅ​ក្នុង​ឆាក​អន្តរជាតិ​នៅ​តិច​នៅឡើយ​ទេ។ មិនទាន់​ឃើញ​ជា​ការ​រួមចំណែក​នៅ​ក្នុង​សមិទ្ធផល ឬ​កិច្ចការ​អន្តរជាតិ​ធំៗ​ឱ្យ​អន្តរជាតិ​ចាប់អារម្មណ៍​នៅ​ឡើយ​​ទេ»

នៅ​រយៈពេល​ប៉ុន្មាន​ខែ​មុន​ព្រឹត្តិការណ៍​បោះឆ្នោត​ក្លែងក្លាយ​កាលពី​ឆ្នាំ ២០១៨ កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត បាន​ជួប​ជាមួយ​ក្រុម​មេដឹកនាំ​ថ្នាក់​តំបន់​ក្នុង​ជំនួប​ឯកជន​មិន​ធ្លាប់​មាន​ពី​មុន​មក រួមមាន​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិន ហ្សូអាបេ (Shinzo Abe) និង​នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) ជាដើម។ ជំនួប​ដ៏​កម្រ​នៅ​ពេល​នោះ ទំនងជា​លោក ហ៊ុន សែន ចង់​បង្ហាញ​មុខ និង​ណែនាំ​កូនប្រុស​របស់​លោក​រូប​នេះ ឱ្យ​មេដឹកនាំ​ក្នុង​តំបន់​ទាំងនោះ ស្គាល់​ជា​បណ្ដើរៗ ហើយក៏​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក ហ៊ុន សែន យក​ទៅ​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​ផង​ដែរ​។ លោក ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​ នេះ បាន​ប្រកាស​ថា នឹង​មិន​ឱ្យ​មានការ​ដំឡើង​តំណែង ឬ​ឋានន្តរសក្ដិ​លោក ហ៊ុន ម៉ាណែត ជា​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ នោះ​ទេ​។ ក៏ប៉ុន្តែ នៅ​មិន​ដល់ ១​ខែ​មុន​ព្រឹត្តិការណ៍​បោះឆ្នោត​ក្លែងក្លាយ លោក ហ៊ុន សែន បាន​ពន្លឿន​តំណែង​លោក ហ៊ុន ម៉ា​ណែ​ត ឱ្យ​ក្លាយ​ជា​នាយសេនាធិការ​ចម្រុះ​ស្ដីទី និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ស្ដីទី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​របស់​លោក ដែល​ជា​មេបញ្ជាការ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល