លោក ហ៊ុន សែន ​អោយ​ពលរដ្ឋ​ក្រោក​ឈរ​ប្រឆាំង​បរទេស​ដែល​ចង់​លូក​ដៃ​ចូល​ផ្ទៃក្នុង​កម្ពុជា

ដោយ យន់ សាមៀន
2017.12.23
ហ៊ុន សែន ៦២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
Photo courtesy of SPM Page

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សៅរ៍ ទី​២៣ បាន​ប្រកាស​ជា​ថ្មី​ថា កម្ពុជា​នឹង​ឈប់​លែង​ពឹង​ពាក់​បរទេស​ដើម្បី​រស់​បន្ត​ទៀត​ហើយ។

លោក ហ៊ុន សែន នៅ​ចំពោះ​មុខ​មន្ត្រី​រាជការ និង​ពលរដ្ឋ​រាប់​ពាន់​នាក់​ក្នុង​ពិធី​បើក​បុណ្យ​សមុទ្រ ខេត្ត​កែប ក៏​ស្នើ​ខ្មែរ​ទាំង​អស់​ឲ្យ​ក្រោក​ឈរ​ឡើង​ប្រឆាំង​បរទេស​ណា​ដែល​ចង់​លូកដៃ​ចូល​ផ្ទៃក្នុង​កម្ពុជា៖ «កម្ពុជា មិន​ត្រូវ​ការ​ដក​ដង្ហើម​តាម​អុកស៊ីហ្សែន​របស់​នរណា​មួយ​នោះ​ទេ។ កម្ពុជា​ប្រៀប​ដូច​មនុស្ស​ម្នាក់​ដែល​មាន​រន្ធ​ច្រមុះ​ពីរ និង​មាន​មាត់​មួយ​សម្រាប់​ដក​ដង្ហើម»

ការ​លើក​ឡើង​របស់​របស់​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម លោក ហ៊ុន សែន នេះ ជា​ការ​ឆ្លើយតប​នឹង​សម្ពាធ​របស់​សភា​អាមេរិក និង​អឺរ៉ុប ដែល​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស និង​មន្ត្រី​កម្ពុជា​ ដែល​ពាក់ព័ន្ធ​ក្នុង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ សហគមន៍​អន្តរជាតិ​ក៏​បាន​ផ្អាក​ជំនួយ​ទាំងស្រុង​ទៅ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត  រួម​ទាំង​ព្រមាន​មិន​ទទួល​លទ្ធផល​នៃ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​ទៀត​ផង។

ទោះ​បី​លោក ហ៊ុន សែន បាន​បន្ទន់​ជំហរ​ក្នុង​ការ​ទទួលយក​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ទោស​នៅ​អាមេរិក ប្រមាណ ៧០​នាក់ មក​កម្ពុជា ដើម្បី​ជា​ថ្នូរ​នឹង​ទិដ្ឋាការ​ឲ្យ​មន្ត្រី​ការបរទេស​កម្ពុជា ទៅ​អាមេរិក ក៏ដោយ លោក​នៅ​តែ​មិន​ព្រម​បន្ធូរបន្ថយ​ស្តារ​កម្ពុជា ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​ឡើយ ទោះបីបើ​រដ្ឋាភិបាល​អាមេរិក និង​អឺរ៉ុប អាច​បង្កក​ទ្រព្យសម្បត្តិ​ពី​មន្ត្រី​កម្ពុជា និង​ឈប់​បន្ធូរ​បន្ថយ​ពន្ធ​ក៏ដោយ៕

លោក ហ៊ុន សែន ថា ភរិយា​និង​ម្ដាយ​ក្មេក​របស់​លោក​កំពុង​មាន​ជំងឺ

ដោយ យន់ សាមៀន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ថា ភរិយា​របស់​លោក និង​ម្ដាយ​ក្មេក​របស់​លោក​កំពុង​មាន​ជំងឺ។ លោក​ថា ម្ដាយ​ក្មេក​របស់​លោក​ដែល​វ័យ​ជាង ៩៤​ឆ្នាំ មាន​ជំងឺ​ធ្ងន់​​ជាង​ភរិយា​របស់​លោក។ ការ​បង្ហាញ​ពី​ស្ថានភាព​សុខភាព​ភរិយា​របស់​លោក ហ៊ុន សែន ដូចនេះ ខណៈ​លោក លោក ហ៊ុន សែន ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើ​ប្រាស់​អគារ​សិក្សា​វិទ្យាល័យ ខេត្ត​កែប ថ្ងៃទី២៣ ខែ​ធ្នូ ដោយ​មាន​ពលរដ្ឋ​រាប់ពាន់​ចូលរួម​ស្ដាប់​លោក។

លោក ហ៊ុន សែន កម្រ​បង្ហាញ​ពី​បញ្ហា​សុខភាព​របស់​លោក និង​ក្រុម​គ្រួសារ​របស់​លោក​ឲ្យ​មហាជន​បាន​ដឹង​ណាស់។ ប៉ុន្តែ លោក​មិន​ប្រាប់​ថា ភរិយា​របស់​លោក​ឈឺ​ជំងឺ​អ្វី​ទេ ឬ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស ឬ​ក្រៅ​ប្រទេស​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។