លោក ហ៊ុន សែន សារភាព​ថា លោក​ដឹកនាំ​ប្រទេស​បច្ចុប្បន្ន​ខិត​ទៅ​រក​ចិន

ដោយ ទីន ហ្សាការីយ៉ា
2018.05.09
ស៊ី ជីនពីង (Xi Jinping) ៦២០ លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង (Xi Jinping) [ឆ្វេង] និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ក្នុង​រាជធានី​ភ្នំពេញ។
RFA/Sek Bandith

សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​បញ្ជាក់​ពី​កា​គាំទ្រ​របស់​ខ្លួន​ចំពោះ​របប​ក្រុងភ្នំពេញ​សាជាថ្មី​ទៀត ស្រប​ពេល​ដែល​មេដឹកនាំ​របប​នេះ គឺ​លោក ហ៊ុន សែន ថ្លែង​ថា លោក​ពេញ​ចិត្ត​នឹង​ធ្វើការ​ជាមួយ​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ ព្រោះ​ងាយស្រួល​ធ្វើការ​ជាមួយ។ អ្នកវិភាគ​នយោបាយ និង​អ្នកឃ្លាំមើល​សង្គម​យល់ឃើញ​ថា ដោយសារតែ​របប​ក្រុងភ្នំពេញ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​ប្រទេស​ចិន ទើប​មេដឹកនាំ​របប​នេះ តែង​លើកឡើង​ពី​គុណសម្បត្តិ​របស់​ចិន ជាជាង​ការ​មើល​ឃើញ​ពី​ចំណុច​អវិជ្ជមាន​ដែល​កើតឡើង​ដោយ​គម្រោង​វិនិយោគ​របស់​ចិន ឬ​ក្រុម​ជនជាតិ​ចិន​ដែល​កំពុង​ស្នាក់​នៅ​កម្ពុជា។

អ្នកវិភាគ​នយោបាយ និង​អ្នកឃ្លាំមើល​សង្គម​យល់ឃើញ​ប្រហាក់ប្រហែល​គ្នា​ថា មូលហេតុ​ដែល​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ត្រូវ​និយាយ​សរសើរ​ចិន​មិន​ដាច់​ពី​មាត់​ជារឿយៗ​បែបនេះ ដោយសារ​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ទៅលើ​របៀប​ដឹកនាំ​បែប​ផ្ដាច់ការ ប្រាសចាក​ពី​គន្លង​ប្រជាធិបតេយ្យ​របស់​លោក។ ហេតុផល​សំខាន់​មួយទៀត គឺ​ដោយសារ​ចិន បាន​សាយភាយ​ឥទ្ធិពល​របស់​ខ្លួន​នៅ​កម្ពុជា តាមរយៈ​ការ​បណ្ដាក់ទុន​រកស៊ី ព្រមទាំង​ការ​ផ្តល់​ជំនួយ និង​ប្រាក់​កម្ចី​ជាច្រើន​លាន​ដុល្លារ​ដល់​កម្ពុជា។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ កត់សម្គាល់​ថា របប​ក្រុង​ប៉េកាំង​បង្កើត​ទំនាក់ទំនង​ជាមួយ​ប្រទេស​នានា​នៅ​លើ​ពិភពលោក​នេះ ដោយ​មិន​គិត​ពី​រឿង​ប្រជាធិបតេយ្យ ឬ​ការ​គោរព​សិទ្ធិមនុស្ស​អ្វី​នោះ​ទេ សំខាន់​ឱ្យ​តែ​ប្រទេស​ណា​ដែល​អាច​ផ្ដល់​ប្រយោជន៍​ឱ្យ​ចិន​បាន​ច្រើន​នោះ ចិន រាប់រក​នឹង​ចង​សម្ព័ន្ធ​មិត្ត​ភ្លាម។ លើស​ពី​នេះ ប្រទេស ឬ​របប​ណា​ដែល​មាន​ទំនោរ​ដឹកនាំ​តាម​បែប​កុម្មុយនិស្ត ឬ​ផ្ដាច់ការ ឬក៏​សុខចិត្ត​បម្រើ​មហិច្ឆតា​របស់​ចិន​នោះ ចិន​នឹង​ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​រដ្ឋាភិបាល ឬ​មេដឹកនាំ​របប​នោះ​តែម្ដង។

លោក​យល់ឃើញ​ថា ដោយសារ​មូលហេតុ​នេះ​ហើយ​ទើប​បាន​ជា​ចិន​ប្រកាស​គាំទ្រ​ដល់​របប​លោក ហ៊ុន សែន ម្តង​ហើយ​ម្ដងទៀត បើទោះបីជា​របប​នេះ​បាន​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ ជាពិសេស ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​លោក​ខាងលិច រិះគន់ និង​ដាក់ទណ្ឌកម្ម យ៉ាង​ណា​ក្តី។ «»

កាលពី​ថ្ងៃទី៣ ឧសភា កន្លងទៅ​ថ្មីៗ​នេះ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សន្តិសុខ​ក្រៅ​ប្រទេស​នៃ​ក្រសួង​ការបរទេស​ចិន លោក លាវ ស៊ាវប៊ីន (Liu Shaobin) បាន​អះអាង​ប្រាប់​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ថា ចិន​មាន​ជំហរ​ឥត​ងាករេ ក្នុង​ការ​គោរព​ឯករាជ្យ អធិបតេយ្យ និង​ការ​ចាត់​វិធានការ​នានា​របស់​របប​ក្រុងភ្នំពេញ ចំពោះ​កិច្ចការពារ​សន្តិសុខ និង​ស្ថិរភាព​សង្គម។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​នេះ។

ការប្រកាស​ជំហរ​បែបនេះ មិនមែន​ជា​លើក​ទី​១​ទេ កាលពី​ចុង​ឆ្នាំ​២០១៧ បក្ស​កុម្មុយនិស្ត​ចិន ក៏​ធ្លាប់​បាន​ប្រកាស​យ៉ាង​មហោឡារិក​ដែរ​ថា នឹង​ធ្វើជា​បង្អែក​ដ៏​រឹងមាំ​របស់​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ដឹកនាំ​ប្រទេស​ប្រកបដោយ​សុខ​សន្តិភាព។ ការប្រកាស​នេះ ធ្វើឡើង​ក្នុង​ពិធី​ស្រស់ស្រូប​អាហារ​ពេល​ល្ងាច​រវាង​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​អន្តរជាតិ​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនិស្ត​ចិន លោក សុង ថាវ និង​លោក ហ៊ុន សែន ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

ក្រៅ​ពី​នេះ​ទៀត ចិន​ចាប់​យក​ប្រទេស​កម្ពុជា និង​ឡាវ ជាទី​តាំង​ភូមិ​សាស្ត្រ​នយោបាយ​ដ៏​សំខាន់ ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន ហើយ​ក្នុង​សម័យ​ទំនើប​នេះ គ្មាន​រដ្ឋាភិបាល​ណា​ដែល​ពង្រីក​ការ​សាយភាយ​ឥទ្ធិពល​កាន់តែ​ធំ​ទៅលើ​រដ្ឋាភិបាល​កម្ពុជា​ដូច​រដ្ឋាភិបាល​ចិន​នោះ​ទេ។ ទីក្រុង​ប៉េកាំង​មក​ទល់​ពេល​នេះ នៅតែ​រក្សា​បាន​នូវ​ការ​សាយ​ភាយ​ឥទ្ធិពល​មក​លើ​ប្រទេស​ក្រីក្រ​ដូចជា​កម្ពុជា ដូចជា​ឥទ្ធិពល​មនោគមវិជ្ជា ការ​គាំទ្រ​របប​ខ្មែរក្រហម ចលនា​បដិវត្តន៍​រ៉ាឌីកាល់​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ការ​ផ្ដល់​ទីកន្លែង​ស្នាក់នៅ​សម្រាប់​ការ​ភៀស​ព្រះ​កាយ​ព្រះមហាក្សត្រ​នរោត្តម សីហនុ ក្រោយ​ពី​ត្រូវ​គេ​ទម្លាក់​ពី​តំណែង។ នៅ​សម័យនេះ​វិញ ចិន​បាន​បោះ​ទុន​វិនិយោគ​ដ៏​សន្ធឹកសន្ធាប់ និង​ការប្រកាស​គាំទ្រ និង​ទទួលស្គាល់​របប​ប្រជាធិបតេយ្យ​បែប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន។ លើស​ពី​នេះ​ទៀត ចិន​បាន​ចាប់​យក​កម្ពុជា ជា​ចំណុច​កណ្ដាល​នៃ​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​នៅ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន ក្រោយពី​បាន​បរាជ័យ​លើ​ការ​ពង្រឹង​អំណាច​ផ្ដាច់ការ​នៅ​ប្រទេស​ភូមា បច្ចុប្បន្ន។ ខណៈ​សមាជិក​អាស៊ាន​បួន​ផ្សេងទៀត រួមមាន ប្រទេស​ប្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម កំពុង​មាន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះ។ ហើយ​របប​ទីក្រុង​ភ្នំពេញ ជា​ដៃជើង​របស់ ទី ក្រុង​ប៉េកាំង​ដ៏​សំខាន់ ពិសេស​ជំហរ ដែល​ឈរ​ខាង​ប្រទេស​ចិន លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ។

អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ យល់ឃើញ​ថា ការ​បញ្ជាក់​ជំហរ​ជា​ថ្មី​ទៀត​របស់​ចិន​នេះ នឹង​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់អំណាច មិន​ខ្លាច​នឹង​រៀបចំ​ការបោះឆ្នោត​ដែល​គ្មាន​លក្ខណៈ​សេរី និង​យុត្តិធម៌​នោះ​ឡើយ ហើយ​ការ​គាំទ្រ​នេះ​នឹង​ធ្វើ​ឱ្យ​បក្ស​កាន់អំណាច​កាន់តែ​មាន​ទឹក​ចិត្ត​ខ្លាំងក្លា ក្នុង​ការ​ផាត់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា ចេញពី​សង្វៀន​នយោបាយ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ នៃ​រដ្ឋសភា នៅ​ខែ​កក្កដា ខាងមុខនេះ។

ខណៈ​ចិន​បញ្ជាក់​ជំហរ​គាំទ្រ​ជា​ថ្មី​ទៀត​ដល់​របប​ក្រុងភ្នំពេញ​នេះ លោក ហ៊ុន សែន ឯណោះ​វិញ បាន​សារភាព​ថា លោក​ពិតជា​កំពុង​ដឹកនាំ​ប្រទេស​ខិត​ទៅ​រក​ចិន​ប្រាកដ​មែន ដោយសារ​លោក​ងាយស្រួល​ធ្វើការ​ជាមួយ​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ។ ក្នុង​ពិធី​បើក​ការដ្ឋាន​ពង្រីក និង​លើក​កម្រិត​គុណភាព​កំណាត់​ផ្លូវជាតិ​លេខ ៣ កាលពី​ថ្ងៃទី៧ ឧសភា កន្លងទៅ លោក ហ៊ុន សែន បាន​ចំអក​ដល់​អ្នក​ដែល​រិះគន់​វត្តមាន​ជនជាតិ​ចិន​នៅ​លើ​ទឹកដី​កម្ពុជា​ថា ជនជាតិ​ចិន​មាន​វត្តមាន​ច្រើន​នៅ​កម្ពុជា គឺ​ដោយសារ​ការ​វិនិយោគ​របស់​ចិន​កើន​ឡើង។ «»

មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ដែល​កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩៨០ និង​ដើម​ទសវត្សរ៍ ១៩៩០ ដែល​ធ្លាប់​ជា​សត្រូវ​របស់​ចិន​នោះ ជឿជាក់​ទាំងស្រុង​ថា ទំនាក់ទំនង​រវាង​របប​របស់​លោក និង​ចិន​កុម្មុយនិស្ត​នា​ពេល​នេះ គឺជា​ទំនាក់ទំនង​ស្មើភាព​គ្នា។

ផ្ទុយ​ពី​នេះ អ្នកឃ្លាំមើល​សង្គម​អះអាង​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ចិន​ក្នុង​ការ​គាំទ្រ​របប​លោក ហ៊ុន សែន នេះ គឺ​ដោយសារ​ចិន​សម្លឹង​ឃើញ​ផលប្រយោជន៍​របស់​គេ​ច្រើនជាង ទាំង​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ។

ចិន​មាន​គោលនយោបាយ​មួយ​គឺ​ចាប់​យក​អ្នកឈ្នះ នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩៣ នៅ​អំឡុង​ពេល​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ជា​គណបក្ស​ឈ្នះ​ឆ្នោត​នោះ ចិន​បាន​ចង​សម្ព័ន្ធមិត្ត​នឹង​សម្ដេចក្រុមព្រះ​ឬ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្រៅពី​ចិន​បោះ​ទុន​វិនិយោគ និង​ផ្ដល់​ជំនួយ​សម្រាប់​អភិវឌ្ឍន៍​នោះ ចិន​ក៏​ផ្ដល់​ជំនួយ​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្រាប់​ជាដើម​ទុន​នយោបាយ​ទៀត​ផង​។ ក៏ប៉ុន្តែ​ក្រោយពី​គណបក្ស​នេះ បាត់បង់​ទំនុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​នោះ ចិន​ក៏​ងាក​មក​ចាប់​លោក ហ៊ុន សែន ជា​សម្ព័ន្ធមិត្ត​វិញ​ម្ដង។ នៅ​ពេល​ខាងមុខ​ទៀត​ចិន​ក៏​អាច​ធ្វើ​ដូច្នេះ​ទៀត គឺ​នឹង​ចាប់​បក្ស​ផ្សេងទៀត ជា​សម្ព័ន្ធ​របស់​ខ្លួន នៅ​ពេល​គណបក្ស​ណា​ផ្សេង​បាន​ដឹកនាំ​រដ្ឋាភិបាល​នោះ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​ថា ឥទ្ធិពល​របស់​ចិន​នៅ​កម្ពុជា​កើតឡើង​ក្រោម​រូបភាព​ពីរ គឺ​ការ​ផ្ដល់​ជំនួយ ទាំង​ជំនួយ​មាន​សំណង និង​ឥត​សំណង និង​គម្រោង​វិនិយោគ​ខ្នាត​ធំ​លើ​វិស័យ​មួយ​ចំនួន ដូចជា រ៉ែ ថាមពល និង​វារីអគ្គិសនី ជាដើម​។ លោក​បន្ត​ថា គម្រោង​វិនិយោគ​ចិន​ខ្លះ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​មិន​ពេញចិត្ត ដ្បិត​ថៅកែ​ចិន​មិនបាន​ទទួលយក​កម្មករ​ខ្មែរ​ឱ្យ​ចូល​ធ្វើការ​ឡើយ គឺ​ពួកគេ​ប្រើ​តែ​កម្មករ​ចិន​ខ្លួនឯង​ប៉ុណ្ណោះ។ «»

ជំនួយ​ដែល​ចិន​ផ្ដល់​មក​កម្ពុជា សុទ្ធ​សឹង​ជា​ជំនួយ​គ្មាន​លក្ខខណ្ឌ​ដែល​នាំ​ឱ្យ​មានការ​បារម្ភ​អំពី​ការប្រើប្រាស់​ជំនួយ​ទាំងនោះ មិន​ចំ​គោលដៅ និង​ការបាត់បង់​ទៅ​លើ​អំពើពុករលួយ ចំណែក​ឯ​គម្រោង​វិនិយោគ​ខ្នាត​ធំ​របស់​ចិន​នៅ​កម្ពុជា ភាគច្រើន​សុទ្ធសឹងតែ​ជាដើម​ហេតុ​នៃ​ទំនាស់​ច្រើនយ៉ាង ជាពិសេស គឺ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ។

ប្រព័ន្ធ​ទិន្នន័យ​របស់​រដ្ឋាភិបាល​ស្ដីពី​ជំនួយ​អភិវឌ្ឍន៍​ពី​បរទេស​បង្ហាញ​ថា ក្នុង​រយៈពេល ១៣​ឆ្នាំ​ចុង​ក្រោយនេះ ជំនួយ​អភិវឌ្ឍន៍​របស់​ចិន នៅ​កម្ពុជា មាន​ចំនួន​សរុប ៥៧​គម្រោង ក្នុង​នោះ​៤៧​គម្រោង គឺជា​ប្រភេទ​ប្រាក់កម្ចី​មាន​ទឹកប្រាក់​សរុប​ជិត ៣​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រភេទ​ជំនួយ​ឥត​សំណង​មាន​ចំនួន​ត្រឹម ១០​គម្រោង​ប៉ុណ្ណោះ ដែល​មាន​ទឹកប្រាក់​សរុប​ជិត ១៨០​លាន​ដុល្លារ​អាមេរិក។ ក្រៅពី​ជំនួយ​នោះ កម្ពុជា​ខ្ចី​បំណុល​បរទេស​ដែរ ក្រោម​រួប​ភាព​យក​មក​អភិវឌ្ឍន៍។

របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​កម្ពុជា ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៥ ជំពាក់​បំណុល​បរទេស​ចំនួន ៥.៦​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ រយៈពេល​ដូចគ្នា​នេះ វិស័យ​ឯកជន​បាន​ខ្ចី​ប្រាក់​ពី​បរទេស​ចំនួន​ជិត ៤​ពាន់​លាន​ដុល្លារ។ ជា​សរុប ប្រទេស​កម្ពុជា ជំពាក់​បំណុល​បរទេស​ជិត ១០​ពាន់​លាន​ដុល្លារ​។ ក្នុងចំណោម​បំណុល​ទាំងនេះ កម្ពុជា​ជាប់​បំណុល​ចិន ប្រមាណ ៤៥​ភាគរយ នៃ​បំណុល​បរទេស​សរុប។

ការ​វិវឌ្ឍន៍​ដ៏​សំខាន់​មួយទៀត​នៅ​រយៈពេល​ចុងក្រោយ​នេះ ក្រៅពី​លំហូរ​សាច់​ប្រាក់កម្ចី និង​ជំនួយ​របស់​ចិន​នោះ គឺ​ការបារម្ភ​មួយទៀត អំពី លំហូរ​ជនជាតិ​ចិន​ដ៏​ច្រើន មក​កម្ពុជា នៅ​តាម​តំបន់​សេដ្ឋកិច្ច​សំខាន់ៗ​របស់​កម្ពុជា មាន​ជាអាទិ៍ រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្ត​សៀមរាប ជាដើម ដែល​ជា​ញឹកញាប់​ភ្ញៀវ​ទេសចរ ឬ​អ្នក​រកស៊ី​ចិន​មួយ​ចំនួន បាន​បង្ក​ការ​រំខាន​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​ខ្មែរ តាមរយៈ​ការ​បង្ក​អំពើ​ហិង្សា និង​បទល្មើស​ផ្សេងៗ​។ ជាពិសេស​ទៅទៀត​នោះ ពួកគេ​មួយ​ចំនួន​ត្រូវ​បាន​រក​ឃើញ​ថា គឺជា​ក្រុម​ជនល្មើស​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​បាន​ប្រើប្រាស់​ទឹកដី​កម្ពុជា​ជា​កន្លែង​ប្រព្រឹត្ត​បទល្មើស។

អ្នកឃ្លាំមើល​សង្គម​លើកឡើង​ថា ភាគី​ទាំងពីរ គឺ​កម្ពុជា និង​ចិន គួរ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ ជាពិសេស​គឺ​របប​ក្រុងភ្នំពេញ​តែម្ដង ដែល​ជា​ប្រទេស​សាមី​ទទួលយក​ជនជាតិ​ចិន​ទាំងនោះ ឱ្យ​មក​ស្នាក់​នៅ​លើ​ទឹកដី​របស់​ខ្លួន ជាជាង​ការ​មើល​ឃើញ​ពី​គុណសម្បត្តិ​របស់​ប្រទេស​ចិន​តែមួយ​មុខ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។