អនុប្រធាន​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន កំពុងតែ​ភ័យខ្លាច​លោក សម រង្ស៊ី វិល​ទៅ​កម្ពុជា​វិញ

ដោយ ទីន ហ្សាការីយ៉ា
2019.05.10
សម រង្ស៊ី អេង ឆៃអ៊ាង អ៊ូ ច័ន្ទរ័ត្ន ៦២២ កិច្ច​ប្រជុំ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស ដឹកនាំ​ដោយ​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៩។
RFA/Sorn Chanratha

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ប្រាប់​អាស៊ីសេរី​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែ​ភ័យខ្លាច​គម្រោង​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ​នៅ​ឆ្នាំ​២០១៩​ នេះ ទើប​លោក​ប្រកាស​ឱ្យ​មន្ត្រី​នៅ​មូលដ្ឋាន​តាម​ឃ្លាំមើល​សកម្មភាព​របស់​ពលរដ្ឋ។

លោក អេង ឆៃអ៊ាង បញ្ជក់​នៅ​ថ្ងៃ​ទី​៩ ឧសភា​ថា ដោយសារតែ​លោក ហ៊ុន សែន បាន​អំណាច​ពី​ការ​គាបសង្កត់ ប្លន់​ឆន្ទៈ​រាស្ត្រ ដូច្នេះ​ហើយ​ទើប​លោក​ភ័យខ្លាច​ពលរដ្ឋ​មាន​សកម្មភាព​ណាមួយ​ងើបឡើង​ប្រឆាំង​ និង​របប​របស់​ខ្លួន​បែបនេះ។ លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ទោះបីជា​របប​លោក ហ៊ុន សែន ប្រកាស​ត្រៀម​ទប់ស្កាត់​បែបនេះ​ក្ដី តែ​មិន​អាច​គាបសង្កត់ និង​រឹតត្បិត​ពលរដ្ឋ​បាន​ឡើយ៖ «ក្នុង​រយៈកាល​ដែល​លោក ហ៊ុន សែន ប្រព្រឹត្ត​ផ្ដេសផ្ដាស ប្រើ​អំណាច​ផ្ដាច់ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​បោះឆ្នោត​ក្លែងក្លាយ ប្រជាពលរដ្ឋ​ខ្មែរ​អត់​គាំទ្រ​គាត់​ទេ។ ពលរដ្ឋ​ខ្មែរ​ចាំតែ​ឱកាស​មក​ដល់។ ដូច្នេះ​ហើយ​លោក ហ៊ុន សែន បារម្ភ​ដេក​មិន​លក់​បក់​មិន​ល្ហើយ​ទេ នូវ​អ្វី​ដែល​គាត់​ធ្វើ​អាក្រក់ ដែល ហ៊ុន សែន ធ្វើ​មិន​គោរព​តាម​ប្រជាធិបតេយ្យ​សិទ្ធិមនុស្ស តែ​ទោះជា​យ៉ាងណាក៏ដោយ​ពលរដ្ឋ​នឹង​ងើបឡើង​នៅ​ពេល​ណាមួយ​ជាមិនខាន ព្រោះ​មិន​ចង់​ឱ្យ​លោក ហ៊ុន សែន យក​ទៅ​ប្រទេស​ទៅ​ពុះ​ច្រៀក​លក់​ឱ្យ​ចិន​ទេ ហើយ​លោក ហ៊ុន សែន កំពុង​នាំ​ប្រទេស​ទៅ​រក​របប​អតីតកាល គឺ​របប​ខ្មែរ​ក្រហម»

កាលពី​ថ្ងៃ​ទី​៧ ឧសភា លោក ហ៊ុន សែន បាន​ចេញ​លិខិត ផ្ញើ​ជូន​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​រាជធានី ខែត្រ ឱ្យ​ផ្សព្វផ្សាយ​អប់រំ​ប្រជា​ពលរដ្ឋ ដើម្បី​ពង្រឹង​ការគ្រប់គ្រង​សភាពការណ៍​តាម​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស។ លោក ហ៊ុន សែន បាន​សរសេរ​នៅ​ក្នុង​លិខិត ជម្រាប​ទៅ​មន្ត្រី​របស់​ខ្លួន​ថា កន្លងមក លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ បាន​ប្រកាស​ជា​បន្តបន្ទាប់​អំពី​គម្រោង​ផែនការ​វិល​ទៅ​កម្ពុជា​វិញ​នៅ​ឆ្នាំ​២០១៩ ​នេះ ក្នុង​គោលបំណង​ដឹកនាំ​ធ្វើ​បដិវត្ត​ពណ៌​ជាថ្មី ដោយ​បាន​អំពាវនាវ​កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ឱ្យ​ធ្វើការ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ដើម្បី​បន្ត​គ្រប់គ្រង​សភាពការណ៍​តាម​មូលដ្ឋាន​នានា​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត លោក ហ៊ុន សែន សុំ​ឱ្យ​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​រាជធានី ខែត្រ ដឹកនាំ ណែនាំ​ដល់​ក្រុមការងារ និង​មន្ត្រី អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ សហការ​រៀបចំ​វេទិកា​សាធារណៈ​គ្រប់​ឃុំ ភូមិ ដើម្បី​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​អំពី​ផលវិបាក​នៃ​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល តាមរយៈ​សកម្មភាព​បដិវត្តន៍​ពណ៌​នេះ។

លោក ហ៊ុន សែន បញ្ជាក់​ថា ការសម្រេច​វិល​ត្រឡប់​កម្ពុជា​វិញ ឬ​មិន​វិល​មក​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី និង​ការដឹកនាំ​ធ្វើ​បដិវត្តន៍​ពណ៌​បានសម្រេច ឬ​មិនបាន​សម្រេច​នោះ គឺ​មិន​ចំណុះ​ទៅលើ​មហិច្ឆតា​របស់​លោក សម រង្ស៊ី ឡើយ កត្តា​សំខាន់​ជា​គន្លឹះ គឺ​អាស្រ័យ​ទៅ​លើ​ការគ្រប់គ្រង​បាន​ល្អ​ប្រសើរ​របស់​សមត្ថ​កិច្ច​នៅ​ទូទាំង​ប្រទេស​។

ទោះបីជា​យ៉ាង​នេះ​ក្ដី លោក អេង ឆៃអ៊ាង អះអាង​ថា លិខិត​របស់​លោក ហ៊ុន សែន នេះ គ្រាន់តែ​ជា​ការ​ទប់ស្កាត់​និង​ការ​បង្ក្រាប​ពលរដ្ឋ​តែប៉ុណ្ណោះ ប៉ុន្តែ​លោក អេង ឆៃអ៊ាង សម្ដែង​សុទិដ្ឋិនិយម​ថា របប​លោក ហ៊ុន សែន គាបសង្កត់​ពលរដ្ឋ​កាន់​តែ​ខ្លាំង គឺ​ការ​ងើបឈរ​ឡើង​របស់​ពលរដ្ឋ​កាន់តែ​ខ្លាំង​ប្រឆាំង​ និង​របប​ក្រុងភ្នំពេញ​បច្ចុប្បន្ន​។ ចំពោះ​ផែនការ​របស់​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ លោក អេង ឆៃអ៊ាង អះអាង​ថា លោក សម រង្ស៊ី នឹង​វិល​ចូល​ស្រុក​វិញ​នៅ​ឆ្នាំ​២០១៩​នេះ គឺ​ពុំ​មាន​អ្វី​ផ្លាស់ប្ដូរ​ឡើយ ពី​ព្រោះ​ថា កម្ពុជា​គឺជា​ប្រទេស​របស់​ពលរដ្ឋ​ទាំងអស់​គ្នា មិនមែន​ជា​ប្រទេស​ផ្ដាច់មុខ​របស់​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។