របប​ភ្នំពេញ​ថា ការសម្រេច​របស់​សភា​អឺរ៉ុប​ចំពោះ​កម្ពុជា​ជា​រឿង​លម្អៀង និង​មាន​ស្តង់ដារ​ពីរ

យន់ សាមៀន
2018.09.15
លោក ហ៊ុន សែន ៦២២ លោក ហ៊ុន សែន ក្នុង​ពិធី​ជួប​កីឡាករ កីឡាការិនី នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ ២០១៨។
Photo courtesy of Samdech Hun Sen, Cambodian Prime Minsister

ស្ថាន​បេសកកម្ម​កម្ពុជា​ប្រចាំ​សហភាព​អឺរ៉ុប​ចាត់ទុកថា សេចក្ដី​សម្រេច​របស់​សភា​អឺរ៉ុប​ឱ្យ​របប​ក្រុងភ្នំពេញ​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ ជា​រឿង​លម្អៀង និង​មាន​ស្តង់ដារ​ពីរ។ អ្នកឃ្លាំមើល​សង្គម​យល់ថា ការ​ទាមទារ​របស់​សភា​អឺរ៉ុប​នេះ គឺ​ដើម្បី​តែ​ផលប្រយោជន៍​របស់​កម្ពុជា​ប៉ុណ្ណោះ ហើយ​របប​ដឹកនាំ​បច្ចុប្បន្ន​ត្រូវតែ​យក​សំណើ​នេះ​ទៅ​ពិចារណា និង​ដោះស្រាយ មិនមែន​ជា​ការ​វាយបក​ទៅ​សភា​អឺរ៉ុប​បែបនេះ​ឡើយ។

តំណាង​របប​លោក ហ៊ុន សែន ប្រចាំ​សហភាព​អឺរ៉ុប បាន​ប្រើ​សំដី​ធ្ងន់ៗ និង​វាយប្រហារ​ថា សភា​អឺរ៉ុប គឺជា​ស្ថាប័ន​ដែល​តែងតែ​អនុម័ត​សេចក្ដី​សម្រេច​ចិត្ត​ប្រឆាំង​នឹង​អាជ្ញាធរ​កម្ពុជា​មិន​ដែល​ខាន ចាប់​តាំង​ពី​ត្រូវ​បង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៧៩ នោះ​រួចមក ហើយ​សេចក្ដី​សម្រេច​ទាំងនោះ សុទ្ធតែ​បង្កប់​នូវ​របៀបវារៈ​នយោបាយ​ដែល​ជំរុញ​ដោយ​មហាអំណាច​បរទេស ឬ​ពួក​ក្រុម​ប្រឆាំង។

ស្ថាន​បេសកកម្ម​កម្ពុជា​ប្រចាំ​សហភាព​អឺរ៉ុប បាន​ចេញ​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​១៣ កញ្ញា ដោយ​សង្កត់​ធ្ងន់​ថា សេចក្ដី​សម្រេច​របស់​សភា​អឺរ៉ុប​នេះ ធ្វើឡើង​តាមតែ​ការ​ចង្អុល​បង្ហាញ​ពី​បុគ្គល​ប្រឆាំង​តែ​ម្នាក់​ប៉ុណ្ណោះ ដោយ​មិនបាន​ផ្ដល់​តម្លៃ​ដល់​គំនិត​ប្រជាធិបតេយ្យ​តាម​បែប​កម្ពុជា​ឡើយ។ តំណាង​របប​ក្រុងភ្នំពេញ​ដដែល​បន្ត​ថា របប​នេះ​មាន​ហេតុផល​ត្រឹមត្រូវ និង​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា និង​ថ្នាក់ដឹកនាំ​ផ្សេងទៀត​នៃ​គណបក្ស​នេះ។ ហេតុផល​នោះ គឺ​ការទប់ស្កាត់​មិន​ឱ្យ​មានការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដោយ​គណបក្ស​សង្គ្រោះជាតិ ដែល​របប​លោក ហ៊ុន សែន ចោទ​ថា មាន​សហរដ្ឋអាមេរិក​ជា​អ្នក​នៅ​ពី​ក្រោយខ្នង។ តំណាង​របប​លោក ហ៊ុន សែន បន្ត​ថា ខ្លួន​សោកស្ដាយ​ដែល​សភា​អឺរ៉ុប​បិទ​ភ្នែក​ធ្វើ​មិន​ដឹង​មិន​លឺ​ចំពោះ​រឿង​នេះ​ទៅវិញ។

កាលពី​ថ្ងៃ​ទី១៣ កញ្ញា កន្លងទៅ សភា​អឺរ៉ុប​បាន​អនុម័ត​សេចក្ដី​សម្រេច​ចុងក្រោយ ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រឆាំង​នឹង​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា និង​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​រូបលោក​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។ សភា​អឺរ៉ុប​ក៏​អំពាវនាវ​ដូចគ្នា ចំពោះ​ករណី​អ្នកនយោបាយ​ដទៃ​ទៀត រួម​ទាំង​លោក សម រង្ស៊ី ផង​ដែរ។ សភា​អឺរ៉ុប​បាន​ស្នើ​ឲ្យ​នាយកដ្ឋាន​សេវា​កិច្ចការ​បរទេស​របស់​អឺរ៉ុប ( EEAS ) និង​គណៈកម្មការ​អឺរ៉ុប ( European Commission ) រៀបចំ​បញ្ជី​ឈ្មោះ​បុគ្គល ដែល​ទទួលខុសត្រូវ​ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ក្នុង​គោលដៅ​ឈាន​ទៅ​រក​ការ​ដាក់​ចេញ​នូវ​វិធានការណ៍​រឹតត្បិត​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​របស់​ជន​ទាំងនោះ។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក រ៉ុង ឈុន បដិសេធ​ការ​លើក​ឡើង​របស់​តំណាង​កម្ពុជា។ លោក​ថា សភា​អឺរ៉ុប​មិនមែន​ស្ដាប់​តាម​បុគ្គល​ម្នាក់ ឬ​ពីរ​នាក់ រួច​សម្រេចចិត្ត​នោះ​ទេ។ លោក​បន្ត​ថា សភា​អឺរ៉ុប ឬ​សហភាព​អឺរ៉ុប​តែម្ដង បាន​ជួយ​ជ្រោមជ្រែង​ដល់​កម្ពុជា​ក្នុង​ការ​នាំ​ផលិតផល​របស់​ខ្លួន​ទៅ​លក់​នៅ​លើ​ទីផ្សារ​អឺរ៉ុប ហើយ​ដែល​ការ​រីកចម្រើន​នៃ​វិស័យ​នេះ​បាន​ជួយ​លើកស្ទួយ​ជីវភាព​ពលរដ្ឋ​ខ្មែរ​យ៉ាង​ច្រើន។ លោក​ជឿជាក់​ថា សភា​អឺរ៉ុប​គ្មាន​បំណង​អាក្រក់​អ្វី​មក​លើ​កម្ពុជា​ឡើយ ផ្ទុយទៅវិញ​នេះ​ជា​ចេតនា​ល្អ​របស់​សភា​អឺរ៉ុប​ទៅវិញ​ទេ ដែល​ចង់​ឱ្យ​កម្ពុជា​វិល​មក​រក​គន្លង​ប្រជាធិបតេយ្យ​ឡើងវិញ៖ «យើង​គិត​ថា ត្រូវតែ​យក​អ្វី​ដែល​គេ​លើកឡើង​យក​មក​ពិនិត្យ​ពិចារណា មិន​ត្រូវ​ថ្លែង​ការចោទប្រកាន់​សហភាព​អឺរ៉ុប​នោះ​ទេ ព្រោះ​យើង​ដឹង​ហើយ​សហភាព​អឺរ៉ុប គឺជា​ដង្ហើមរស់​របស់​កម្ពុជា។ ប្រសិនបើ​គេ​ដាក់ទណ្ឌកម្ម​អ្វី​ដូចដែល​គេ​ព្រមាន​ម្ដង​ហើយ​ម្តង​ទៀត អ្នក​ដែល​បាត់បង់​ផលប្រយោជន៍​គឺ​ជាតិខ្មែរ និង​ប្រជាពលរដ្ឋ និង​កម្មករ​-​កម្មការិនី ហើយ​អ្នក​ដែល​ទទួល​បាន​ផលប្រយោជន៍ គឺ​មនុស្ស​មួយ​ក្ដាប់​តូច អ្នក​ដែល​មាន​អំណាច ទើប​ទទួល​បាន​ផលប្រយោជន៍​បន្តិចបន្តួច»

លោក​បន្ត​ថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន កើតឡើង​ដោយសារតែ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​យក​អាសនៈ​សភា និង​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ជាង ៥​ពាន់​អាសនៈ ទៅ​ចែក​គ្នា​កាន់កាប់ ការ​ចាប់ខ្លួន​លោក កឹម សុខា និង​ការ​ហាម​ប្រាម​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ ដូច្នេះ​ដំណោះស្រាយ​ត្រូវតែ​ចាប់ផ្ដើម​ពី​ចំណុច​នេះ ដូច​អ្វី​ដែល​សហភាព​អឺរ៉ុប​កំពុង​ទាមទារ​យ៉ាង​ដូច្នេះ​ដែរ។

ទោះជា​យ៉ាងណា មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់អំណាច​លោក សុខ ឥសាន អះអាង​ថា ការ​ដាក់​កំហិត​របស់​សភា​អឺរ៉ុប​នេះ ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​ឡើយ​។ លោក​សរសេរ​ក្នុង​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) នៅ​ថ្ងៃទី១៥ កញ្ញា ថា សំណុំរឿង​លោក កឹម សុខា កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ ដូច្នេះ​ត្រូវ​ទុក​ឱ្យ​តុលាការ​បន្ត​រឿង​ក្តី​ឱ្យ​ចប់​សព្វគ្រប់ ចំណែក សិទ្ធិ​ធ្វើ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ទាំង ១១៨ រូប​នោះ​វិញ ត្រូវ​រង់ចាំ​ទាល់តែ​អនុវត្ត​សាលដីកា​តុលាការ​កំពូល​គ្រប់ ៥ ឆ្នាំ​សិន។ លោក​បន្ត​ថា តំណែង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ​សង្កាត់​ដែល​បាន​ដកហូត​ពី​គណបក្សប្រឆាំង​នោះ មិន​អាច​ផ្ដល់​ទៅ​ឱ្យ​ពួកគេ​វិញ​បាន​ឡើយ ព្រោះ​តំណែង​ទាំងនោះ​ត្រូវ​បាន​របប​របស់​លោក​បែងចែក​គ្នា​អស់​ទៅ​ហើយ គ្មាន​ច្បាប់​ណា​ទៅ​ទាមទារ​យក​មក​វិញ​នោះ​ទេ។ ចំពោះ​ការ​ផ្តល់​សិទ្ធិ​អំណាច​ឱ្យ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​វិញ លុះត្រាតែ​ពួកគេ​គោរព​ច្បាប់ ក្រមសីលធម៌ និង​បំពេញ​កាតព្វកិច្ច​ជូន​រដ្ឋ​បាន​គ្រប់គ្រាន់។ អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា របប​របស់​លោក​មិន​ចង់​ប្រើ​អាវុធ​ចំពោះ​ជនល្មើស​ច្បាប់​ដើម្បី​ពង្រឹង​នីតិរដ្ឋ​ឡើយ ដោយ​នៅតែ​បន្ត​អនុវត្ត​វិធានការ​ច្បាប់​ដដែល។

មក​ទល់​នឹង​ពេលនេះ ក្រុម​ប្រទេស​ប្រទេស​ប្រជាធិបតេយ្យ​លោក​ខាងលិច រួមមាន សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​អូស្ត្រាលី​ជាដើម នៅតែ​ប្រកាន់​ជំហរ​មិន​ទទួលស្គាល់​ព្រឹត្តិការណ៍​ថ្ងៃទី២៩ កក្កដា ដែល​ពួកគេ​ចាត់ទុកថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​ដែល​របប​លោក ហ៊ុន សែន​បាន​រៀបចំ​ធ្វើឡើង កាល​ពី​ពេល​កន្លងទៅ​នោះ​ឡើយ។ លើស​ពី​នេះ ក្រុម​ប្រទេស​ទាំងនេះ ក៏បាន​បញ្ចេញ​កាយវិការ​មិន​ទទួលស្គាល់​របប​ថ្មី​ដែល លោក ហ៊ុន សែន ទើបនឹង​បង្កើត​ឡើង​ដែរ គឺ​តាមរយៈ​ការ​មិន​បញ្ជូន​តំណាង​របស់​ខ្លួន​ឱ្យ​ទៅ​ចូលរួម​ក្នុង​ការ​បើក​សម័យប្រជុំ​ពេញអង្គ​លើកដំបូង​នៃ​សភា​ឯក​បក្ស​អាណត្តិ​ទី ៦ នេះ។ ក្រុម​ប្រទេស​ទាំងនេះ ក៏​កំពុង​បោះជំហាន​ទៅ​រក​ការ​ដាក់​ទណ្ឌកម្ម​លើ​របប​ថ្មី​ឯក​បក្ស​នេះ​ដែរ ហើយ​លក្ខខណ្ឌ​ចាំបាច់​ដែល​ពួកគេ​ស្នើ​ឡើង មុននឹង​សម្រេច​ដាក់ទណ្ឌកម្ម​នោះ គឺ​ការ​ដោះលែង​លោក កឹម សុខា ការ​បើក​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ និង​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ចំនួន ១១៨​រូប ព្រមទាំង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ឯករាជ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។