លោក ហ៊ុន សែន ថា​ការ​ជួប​នាយករដ្ឋមន្ត្រី​ឡាវ​រឿង​ទាហាន​ចូល​ទឹក​ដី​ខ្មែរ​ជា​រឿង​ការ​ទូត

ដោយ ថា កិត្យា
2017.08.14
ថងលួង ស៊ីស៊ូលីត ហ៊ុន សែន ២០១៧ ៨៥៥ លោក​នាយក​រដ្ឋមន្ត្រី​ឡាវ លោក ថងលួន ស៊ីស៊ូលីត (Thongloun Sisoulith) (ឆ្វេង) និង​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល នៅ​ព្រំដែន​ខែត្រ​ស្ទឹងត្រែង ប្រទេស​កម្ពុជា និង​ខែត្រ​ចម្ប៉ាសាក់ ប្រទេស​ឡាវ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៧។
RFA

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​នៅ​ថ្ងៃ​ទី​១៤ សីហា ថា ការ​ទៅ​ជួប​ចរចា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ ដើម្បី​ឲ្យ​ឡាវ ដក​ទ័ព​ចេញ​ពី​ទឹកដី​កម្ពុជា នោះ គឺ​ជា​ការ​ប្រើប្រាស់​នយោបាយ​ការទូត និង​សុឆន្ទៈ មិន​មែន​ជា​ការ​ឱន​ក្បាល​ចំពោះ​សត្រូវ និង​មិន​មែន​ជា​ការ​កេង​ចំណេញ​នយោបាយ​ឡើយ។ សង្គម​ស៊ីវិល​យល់​ថា ការ​ចរចា​នោះ គឺ​ជា​ជម្រើស​ល្អ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​អភិវឌ្ឍ​នៅ​តាម​ព្រំដែន​បន្ថែម​ទៀត។

ក្រោយ​ពី​សភាពការណ៍​តានតឹង​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ឡាវ បាន​ធូរស្រាល​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ងាក​មក​តានតឹង​នៅ​ក្នុង​ប្រទេស​កម្ពុជា វិញ​ម្តង ដោយ​លោក ហ៊ុន សែន ព្រមាន​ចាប់​អ្នក​នយោបាយ និង​ក្រុម​អ្នក​វិភាគ​ណា​ដែល​ហ៊ាន​បញ្ចេញ​មតិ ឬ​វិភាគ​ជុំវិញ​ប្រធានបទ​ការ​បញ្ជូន​កងទ័ព និង​ការ​ចរចា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ ដែល​ប៉ះពាល់​កងទ័ព និង​គណបក្ស​កាន់​អំណាច​របស់​លោក។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​សីហា លោក ហ៊ុន សែន បាន​ថ្លែង​ខ្លាំងៗ​ថា ការ​ដែល​លោក​ទៅ​ជួប​ចរចា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ ដើម្បី​ដោះស្រាយ​រឿង​ឲ្យ​កងទ័ព​ឡាវ ដក​ចេញ​ពី​ទឹកដី​កម្ពុជា នៅ​ជាប់​ព្រំដែន​ឡាវ ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា នោះ មិន​មែន​ជា​ការ​ឱន​ក្បាល​ចំពោះ​សត្រូវ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​អះអាង​ថា គឺ​ប្រើ​នយោបាយ​ការទូត​ក្នុង​ការ​ដោះស្រាយ​រវាង​ប្រទេស​ជា​មិត្ត​ទាំង​ពីរ ហើយ​ទីបំផុត នាយក​រដ្ឋមន្ត្រី​ឡាវ បាន​យល់ព្រម​ប្រកាស​ដក​ទ័ព​ភ្លាមៗ​ក្រោយ​ពី​ជួប​ចរចា​គ្នា​នោះ៖ «មនុស្ស​មួយ​ចំនួន​បាន​និយាយ​ថា គេ​ឈ្លានពាន​ហើយ ឱន​ក្បាលទៅ​រក​គេ​ទៀត ប៉ុន្តែ​សូម​យល់​ឲ្យ​ច្បាស់ ការ​ដែល​ខ្ញុំ​ទៅ​ប្រទេស​ឡាវ គឺ​ស្នើ​ឲ្យ​ឡាវ ដក​ទ័ព បើ​ឡាវ មិន​ព្រម​ដក​ទ័ព យើង​វ៉ៃ នេះ​គឺ​មិន​ខុស​ទេ យើង​បាន​ប្រើប្រាស់​អស់​សុឆន្ទៈ​នៃ​ការ​ចរចា​ហើយ។ ខ្ញុំ​សូម​ប្រាប់ នេះ​មិន​មែន​ជាការ​ចរចា​ទេ ក៏ប៉ុន្តែ​ជា​កម្រិត​នៃ​នយោបាយ​ដែល​គេ​ហៅ​ថា ជា​នយោបាយ​ការទូត ដែល​មាន​ភាព​ទន់ភ្លន់ និង​សុឆន្ទៈ»

ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​មិន​អាច​អត់ឱន​ឲ្យ​បាន​ឡើយ​ចំពោះ​អ្នក​ណា​មួយ​ដែល​ហ៊ាន​បញ្ចេញ​មតិ ឬ​វិភាគ ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​របស់​កងទ័ព និង​គណបក្ស​ប្រជាជន​កម្ពុជា ទាក់ទង​នឹង​រឿង​ថា ការ​ដោះស្រាយ​បញ្ហា​ជាមួយ​ឡាវ ជា​យុទ្ធសាស្ត្រ​កេង​ចំណេញ​នយោបាយ​របស់​រដ្ឋាភិបាល​នោះ គឺ​ត្រូវ​ប្រឈម​មុខ​ការ​ចាប់​ខ្លួន៖ «ខ្ញុំ​ព្រមាន​សាជាថ្មី​ចំពោះ​អ្នក​ធ្វើ​អត្ថាធិប្បាយ​ថា នេះ​គឺ​ជា​តាក់ទិច​ដើម្បី​យក​សំឡេង​ឆ្នោត បើ​អ្នក​ឯង​ប្រមាថ​សន្តិសុខ​ជាតិ ខ្ញុំ​ក៏​មិន​អាច​អត់ឱន​ឲ្យ​អ្នក​ឯង​បាន​ដែរ មិន​មែន​ជា​គំរាម​កំហែង​ទេ តែ​នេះ​គឺ​ជា​រឿង​ពិត​ដែល​ត្រូវ​ធ្វើ​លើ ការ​ជាក់ស្តែង​បាន​វាយ​ខ្នោះ​មួយ​ទៅ​ហើយ»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ទទួល​ស្គាល់​ថា ការ​ជួប​ចរចា​ដោយ​ផ្ទាល់​រវាង​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​នាយក​រដ្ឋមន្ត្រី​ឡាវ នេះ គឺ​ជា​ជម្រើស​ល្អ​សម្រាប់​ភាគី​ទាំង​ពីរ និង​ផ្តល់​កិត្តិយស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង និង​ជា​សម្ពន្ធមិត្ត​នៅ​ក្នុង​អាស៊ាន​ផង៖ «នៅ​ពេលមាន​ការ​អន្តរាគមន៍ ហើយ​មាន​ការដក​ទ័ព​ឡាវ ចេញ​ទៅ​វិញ​នេះ គឺ​ខ្ញុំ​គិត​ថា​ជា​ការ​វិវឌ្ឍន៍​ថ្មី​មួយ​ដែរ ក៏ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​យើង​នៅ​តែ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​ទៅ​លើ​អាទិភាព​នៃ​ការ​អភិវឌ្ឍ​នៅ​តាម​ព្រំដែន​ឲ្យ​មាន​ការ​រីក​ចម្រើន»

ចំពោះ​ការ​គំរាម​ចាប់​អ្នក​អត្ថាធិប្បាយ​ដាក់​គុក​វិញ លោក សន ជ័យ យល់​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គឺ​ការ​បញ្ចេញ​មតិ ឬ​បញ្ចេញ​ទស្សនៈ​របស់​អ្នក​វិភាគ វា​មិន​មាន​អី​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទឹក​ចិត្ត​កងទ័ព​ឡើយ។ លោក​បន្ថែម​ថា វា​គឺ​ជា​សិទ្ធិ​សេរីភាព​នៃ​ការ​យល់​ឃើញ​របស់​អ្នក​វិភាគ​ដែល​ពួក​គេ​គ្មាន​បំណង​និយាយ​មួលបង្កាច់ ធ្វើ​ឲ្យ​ខូច​មុខ​មាត់​រដ្ឋាភិបាល​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ទស្សនៈ​របស់​អ្នក​វិភាគ គឺ​ដើម្បី​ចូលរួម​បង្ហាញ ឬ​ចែក​រំលែក​ចំណេះដឹង​សម្រាប់​ជា​គំនិត​ពិចារណា​ដល់​សាធារណជន៖ «ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល​នៅ​ក្នុងការ​ផ្តល់​ធនធាន និង​ផ្តល់​ភាព​គ្រប់គ្រាន់​នៅ​ក្នុង​ជីវភាព ខ្ញុំ​គិត​ថា​ជា​ជម្រើស​បន្ថែម​ទៀត​សម្រាប់​ការ​លើក​ទឹក​ចិត្ត​កងទ័ព ហើយ​ក៏​មិន​អាច​គ្រាន់​តែ​ជា​ការ​លើក​ឡើង​របស់​អ្នក​វិភាគ ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​កេរ្តិ៍​ឈ្មោះ ឬ​ក៏​កងទ័ព​អី​នោះ​ទេ»

កង​កម្លាំង​យោធា​ប្រទេស​ឡាវ បាន​ចូល​មក​រារាំង​កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា ឲ្យ​ផ្អាក​ការ​ស្ថាបនា​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន​នៅ​ចំណុច​អូរ​តាង៉ាវ និង​អូរ​អាឡៃ នៃ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ដោយ​លើក​ហេតុផល​ថា តំបន់​នោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា​ជា​ផ្លូវការ ដើម្បី​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ ហើយ​បោះ​ទីតាំង​ឈរ​ជើង​នៅ​ទីនោះ​រហូត​ដល់​ថ្ងៃ​ទី​១២ សីហា ដែល​ជា​ថ្ងៃ​កងទ័ព​ឡាវ ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​ទឹកដី​កម្ពុជា។ មន្ត្រី​យោធា​ព្រំដែន​បញ្ជាក់​ថា កងទ័ព​ឡាវ បាន​ឈ្លានពាន​ទឹកដី​កម្ពុជា នៅ​តំបន់​នោះ​មាន​ទំហំ​ប្រហែល​ជាង ៥​ម៉ឺន​ហិកតារ នៅ​ចំណុច​អូរ​តាង៉ាវ និង​អូរ​អាឡៃ នៃ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង។

ប្រទេស​កម្ពុជា មាន​ព្រំដែន​គោក​ជាប់​ជាមួយ​ប្រទេស​ឡាវ ប្រវែង ៥៤០​គីឡូម៉ែត្រ ក្នុង​នោះ​មាន​បង្គោល​ព្រំដែន​ដែល​ត្រូវ​បោះ​ចំនួន ១៤៥​បង្គោល។ បច្ចុប្បន្ន រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បោះ​បង្គោល​រួច​ចំនួន ១២១​បង្គោល ដែល​ស្មើ​ប្រមាណ ៨៤​ភាគរយ។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា ចំណុច​ដែល​នៅ​សេសសល់​មិន​ទាន់​បោះ​រួច គឺ​ឋិត​ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង។ ក្រោយ​ពី​ជួប​ចរចា​គ្នា​រវាង​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​នាយក​រដ្ឋមន្ត្រី​ឡាវ នោះ គឺ​ភាគី​ទាំង​ពីរ​ប្ដេជ្ញា​ថា​នឹង​មិន​ឲ្យ​មាន​ឧប្បត្តិហេតុ ឬ​ភាព​តានតឹង​កើត​ឡើង​ម្តង​ទៀត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។