"ការ​ចុះ​ជួប​កម្មករ​ជាថ្មី​​របស់​លោក ហ៊ុន សែន ជា​ការ​បង្វែរ​ស្ថានការណ៍​ក្រោយ​បោះឆ្នោត"

ដោយ វ៉ែន សុមេធ
2018.08.02
ហ៊ុន សែន ៦២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​រោងចក្រ ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៨។
Photo courtesy of SPM's Facebook page

លោក ហ៊ុន សែន ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​ចុះ​ជួប​ជាមួយ​កម្មករ​នៅ​តាម​រោងចក្រ ដើម្បី​រក​សំឡេង​គាំទ្រ​សាជាថ្មី ក្រោយ​ពី​បាន​ផ្អាក​នៅ​មុន​ការបោះឆ្នោត ដែល​គ្មាន​គណបក្សប្រឆាំង​ដ៏​ធំ​ជាងគេ​ចូលរួម​ប្រកួតប្រជែង​នោះ។ អ្នកវិភាគ លើកឡើង​ថា យុទ្ធនាការ​នេះ​គ្រាន់តែ​ជា​ការ​ផ្គាប់ចិត្ត​ក្រុម​កម្មករ និង​ប្រជាពលរដ្ឋ ដើម្បី​បង្វែរ​ស្ថានការណ៍​កុំ​ឲ្យ​មាន​ការ​ចាប់អារម្មណ៍​នឹង​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​ក្រុម​កម្មករ​ឲ្យ​បាន​ប្រសើរ​បន្ថែម​ទៀត បើទោះជា​បោះឆ្នោត​រួចហើយ​ក្ដី ការ​អះអាង​នេះ ធ្វើឡើង​ក្នុងពេលដែល​លោក​ចុះ​ជួប​កម្មករ នៅ​ព្រឹក​ថ្ងៃ​ទី​២ សីហា។ លោក ហ៊ុន សែន អះអាង​ទៀត​ថា បើ​ទោះ​ជា​បី​បោះឆ្នោត​រួចហើយ​ក្ដី ក៏​មិន​អាច​បញ្ឈប់​ចុះ​ជួប​ក្រុម​កម្មករ​បាន​ឡើយ ហើយក៏​មិន​ដូចដែល​ក្រុម​អ្នក​រិះគន់​តែងតែ​បាន​លើកឡើង​កន្លង​មក​ថា ការ​ជួប​កម្មករ​គ្រាន់តែ​ការ​រក​សំឡេងឆ្នោត​នោះ គឺ​មិន​ដូច្នោះ​នោះ​ឡើយ៖ «ខ្ញុំ​សុំ​ប្រាប់​ទៅវិញ​ថា ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី ខ្ញុំ​មាន​សិទ្ធិ​ធ្វើ​ជាមួយ​នឹង​ការ​ដាស់​តឿន​បែប ខ្ញុំ​មាន​សិទ្ធិ​ធ្វើ​ទេ នូវ​ការបម្រើ​ប្រជាពលរដ្ឋ ខ្ញុំ​មាន​សិទ្ធិ​ធ្វើ​ទេ នូវ​ការ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​រដ្ឋាភិបាល​ក៏ដូចជា​បក្ស​កាន់អំណាច។ ឥឡូវ​មិនមែន​ជា​ពេល​យុទ្ធនាការ​ទេ ក្រោយ​បោះឆ្នោត​ហើយ​ខ្ញុំ​មាន​សិទ្ធិ​និយាយ​ទេ ខ្ញុំ​ពិតជា​មាន​សិទ្ធិ សុំ​យល់​ឲ្យ​ច្បាស់​ពី​ហ៊ុន សែន»

លោក ហ៊ុន សែន ក៏បាន​ដាក់​បទ​បញ្ជា​ឲ្យ​សមាជិក​គណបក្ស​របស់​ខ្លួន​ទាំងអស់​ត្រូវ​ខិតខំ​បម្រើ និង​ដោះស្រាយ​បញ្ហា​នានា​របស់​ប្រជាពលរដ្ឋ​ដោយ​ស្មោះ​ស្ម័គ្រ នឹង​ឲ្យ​បាន​សកម្ម​ច្រើនជាង​មុន​ទ្វេដង ហើយ​បុរស​ខ្លាំង​រូប​នេះ មាន​មោទនភាព​ភាព​ទៀត​ថា ពលរដ្ឋ​បាន​បោះឆ្នោត​ជូន​គណបក្ស​របស់​ខ្លួន យ៉ាង​ភ្លូក​ទឹក​ភ្លូកដី ខណៈ​ដែល​គ្មាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​សំខាន់​នោះ ដូច្នេះ​ត្រូវ​ដឹងគុណ​ដល់​ម្ចាស់​ឆ្នោត។

អ្នកវិភាគ​វ័យក្មេង​លោក ហង្ស វិទូ លើកឡើង​ថា សំដី​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ មិនមែន​ជា​ការ​ចង់​ជួយ​ដល់​កម្មករ​ពិតប្រាកដ​នោះ​ទេ គឺ​គ្រាន់តែ​ជា​ការ​បង្វែរ​ស្ថានការណ៍ ដល់​អ្នក​ដែល​មិន​ពេញ​ចិត្តនឹង​លទ្ធផល​បោះឆ្នោត កាលពី​ថ្ងៃ​ទី​២៩ កក្កដា ឲ្យ​ទៅជា​រឿង​មួយ​ផ្សេងទៀត ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ចាប់អារម្មណ៍​នឹង​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ។ ប៉ុន្តែ​លោក​យល់ថា យុទ្ធនាការ​នេះ​នឹង​មិន​បានសម្រេច​ទេ ប្រសិនបើ​លោក ហ៊ុន សែន មិន​ព្រម​ដោះស្រាយ​បញ្ហា​ចម្បង​ដែល​ប្រជាពលរដ្ឋ​កំពុងតែ​ជួប​ប្រទះ​សព្វ​ថ្ងៃ​នោះ៖ «ហើយ​រឿង​នេះ វា​ចាំបាច់​ត្រូវតែ​ធ្វើ​ហើយ ដោយសារតែ​ប្រទេសជាតិ​មួយ មិនមែន​មានតែ​គណបក្ស​កាន់អំណាច​តែមួយ​នោះ​ទេ ហើយ​ធ្វើ​អ្វី​ដែល​យើង​ព្រួយបារម្ភ​អាណត្តិ​នេះ កម្ពុជា​អាច​មាន​សភា​ឯក​បក្ស​តែម្ដង មានន័យថា ជោគ​វាសនា​ប្រទេសជាតិ​ទាំងអស់​ធ្លាក់​ទៅលើ​កណ្ដាប់ដៃ​បក្ស​តែមួយ»

ទោះជា​យ៉ាងណា​ប្រធាន​ចលនា​សង្គ្រោះជាតិ លោក សម រង្ស៊ី មិន​ទទួលស្គាល់​ដំណើរការ​បោះឆ្នោត​ដែល​រៀបចំឡើង ដោយ​លោក ហ៊ុន សែន នោះ​ឡើយ ហើយ​លោក​ប្រៀបប្រដូច​លទ្ធផល​បោះឆ្នោត​មួយ​នេះ​ថា ជា​ជ័យជំនះ​ដោយសារ​ការ​លួច​បន្លំ​សន្លឹកឆ្នោត។ ទន្ទឹមគ្នា​នេះ លោក សម រង្ស៊ី អះអាង​ទៀត​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រឹងមាំ ហើយ​មិន​ទៅ​ណា​ឆ្ងាយ​ពី​ប្រជាពលរដ្ឋ​នោះ​ទេ។ អតីត​ប្រធាន​គណបក្សប្រឆាំង​រូប​នេះ មាន​ជំនឿ​ថា ពលរដ្ឋ​ភាគច្រើន​នៅតែ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​តែមួយគត់ ដើម្បី​ដឹកនាំ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ដូច្នេះ​លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មក​សង្គ្រោះ​ពលរដ្ឋ​ក្នុង​ពេល​ឆាប់ៗ​នេះ៖ «សហគមន៍​អន្តរជាតិ​ទាំងមូល មហាអំណាច​ដែល​មាន​កាន់​លទ្ធិប្រជាធិបតេយ្យ គាំទ្រ​ពេញទំហឹង​ការ​តស៊ូ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ទប់ស្កាត់​ការ​ទៅ​រក​របប​ផ្ដាច់ការ របប​បក្ស​តែមួយ ដូច​កាលពី​សម័យ​មុន​កិច្ចព្រមព្រៀង​ទីក្រុង​បារីស​ឆ្នាំ​១៩៩១។ ការ​តស៊ូ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដើម្បី​សេរីភាព ដើម្បី​យុត្តិធម៌ ដើម្បី​ប្រជាធិបតេយ្យ​នឹង​ទទួល​បាន​ជោគជ័យ ជា​ពុំ​ខាន ក្នុង​ពេល​ឆាប់​នេះ ដោយ​ប្រជាពលរដ្ឋ​យល់​ច្បាស់​ថា ត្រូវតែ​រួម​រួមគ្នា​ជុំវិញ​គណបក្ស​សង្គ្រោះជាតិ»

ថ្មីៗ​នេះ សហគមន៍​អន្តរជាតិ រួម​មាន​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប អង់គ្លេស អូស្ត្រាលី បារាំង​អាល្លឺម៉ង់ និង​ប្រទេស​ជាច្រើន​ផ្សេងទៀត បាន​ចេញ​សេចក្ដីថ្លែងការណ៍​ជា​បន្តបន្ទាប់ ចាត់​ទុក​ការបោះឆ្នោត​ថ្ងៃ​ទី​២៩ កក្កដា ដែល​របប​លោក​ហ៊ុន សែន​រៀបចំ​ធ្វើឡើង​នោះ ជា​ការ​បោះឆ្នោត​ដែល​មិន​សេរី មិន​ត្រឹមត្រូវ និង​មិន​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​ឡើយ ហើយក៏​មិនបាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ។ ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​វាយតម្លៃ​បែបនេះ ដោយសារ​នៅមុន​ការបោះឆ្នោត របប​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ហាមប្រាម​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ចំនួន ១១៨​នាក់ មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ ការ​ចាប់ខ្លួន​លោក កឹម សុខា ដាក់​ពន្ធនាគារ​ជិត ១​ឆ្នាំ ដោយ​គ្មាន​ការ​កាត់ទោស ការ​ធ្វើទុក្ខបុកម្នេញ​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ការ​វាយ​បង្ក្រាប​ឥត​ឈប់ឈរ​លើ​សារព័ត៌មាន​ឯករាជ្យ​ជាដើម។ ប្រទេស​ខ្លះ​ដូចជា សហរដ្ឋអាមេរិក​ជាដើម បាន​ប្រកាស​ថា ពួកគេ​នឹង​ពិចារណា​លើ​ជំហាន​បន្ទាប់​ក្នុង​ការ​ឆ្លើយតប​នឹង​ការបោះឆ្នោត​នេះ ដែល​អាច​ពង្រីក​បន្ថែម​ទៀត​នូវ​ទណ្ឌកម្ម​មិន​ផ្ដល់​ទិដ្ឋាការ​ដល់​របប​ក្រុងភ្នំពេញ​ដូចដែល​អាមេរិក​បាន​ដាក់​ចេញ​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៧ ។ ចំណែក​សហភាព​អឺរ៉ុប​វិញ ក៏​កំពុង​ពិចារណា​លើ​គម្រោង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ផ្នែក​ពាណិជ្ជកម្ម​ពី​កម្ពុជា​ដែរ ដែល​ជា​ទណ្ឌកម្ម​ឆ្លើយតប​នឹង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ដែល​ធ្វើឡើង​ដោយ​របប​លោក ហ៊ុន សែន នោះ។

លោក ហង្ស វិទូ លើកឡើង​ថា សព្វថ្ងៃ​ពលរដ្ឋ​មានការ​ព្រួយបារម្ភ ៣​យ៉ាង គឺ​បារម្ភ​ខ្លាច​មាន​ទណ្ឌ​កម្ម​ផ្នែក​សេដ្ឋកិច្ច​ពី​លោក​ខាងលិច ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់ចំណូល​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ថយ​ចុះ បារម្ភ​ទី​ពី​ជោគវាសនា​របស់​ប្រទេសជាតិ នឹង​ធ្លាក់​លើ​កណ្ដាប់ដៃ​របស់​លោក ហ៊ុន សែន ដដែល ហើយ​ធ្វើ​ឲ្យ​ជីវភាព​របស់​ពលរដ្ឋ​នៅតែ​ក្រីក្រ ហើយ​អាច​ក្រ​ជាង​មុន និង​បារម្ភ​ខ្លាច​មានការ​រើសអើង​ផ្នែក​នយោបាយ ដោយសារ​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ទៅ​បោះឆ្នោត ហើយ​ក្រុម​គណបក្ស​កាន់អំណាច​បាន​កត់សំគាល់​ទុក​រួចជាស្រេច ហើយ​អាច​នឹង​ធ្វើទុក្ខបុកម្នេញ​មក​លើ​ពួកគាត់​នៅ​ថ្ងៃក្រោយ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។