លោក ហ៊ុន សែន ទាមទារ​ឲ្យ​វៀតណាម​បង្ហាញ​ភាព​ស្មោះត្រង់​ករណី​លោក សម រង្ស៊ី

ដោយ សេក បណ្ឌិត
2018.03.14
នាយករដ្ឋមន្ត្រី វៀតណាម ហ៊ុន សែន ៨៥៥ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) [ឆ្វេង] និង​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថតរូប​រួម​គ្នា​នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
Photo: RFA

របប​លោក ហ៊ុន សែន ដែល​ស្និទ្ធ​នឹង​ប្រទេស​កុម្មុយនិស្ត​វៀតណាម ទាមទារ​ជា​លើកដំបូង និង​ជា​សាធារណៈ​ឲ្យ​វៀតណាម​បង្ហាញ​ភាព​ស្មោះត្រង់ ជាមួយ​នឹង​របប​លោក។ នាយករដ្ឋមន្ត្រី​ដែល​ឡើង​កាន់​អំណាច ដោយ​ការ​លើក​បន្តុប​របស់​វៀតណាម​រូប​នេះ​ថា លោក​នឹង​ទៅ សួរ​នាយករដ្ឋមន្ត្រី​វៀតណាម ឲ្យ​បកស្រាយ​អំពី​ជំនួប រវាង​លោក សម រង្ស៊ី ជាមួយ​រដ្ឋាភិបាល​វៀតណាម កាលពី​ឆ្នាំ​២០០៣​កន្លង​ទៅ​នោះ។

រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​ពី​ជំនួប​របស់​លោក សម រង្ស៊ី កាលពី​ឆ្នាំ​២០០៣ ជាមួយ​អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស​វៀតណាម ធ្វើ​ឲ្យ លោក ហ៊ុន សែន បង្ហាញ​ការ​សង្ស័យ​ថា វៀតណាម មិន​ស្មោះត្រង់​នឹង​លោក។

លោក​អះអាង​ថា ក្នុង​កិច្ចប្រជុំ​អាស៊ាន​-​អូស្ត្រាលី នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា​ខាង​មុខ​នេះ លោក​នឹង​សួរ​មេដឹកនាំ​វៀតណាម​ឲ្យ​ពន្យល់​រឿង​ប្រមុខ​ការ​ទូត​វៀតណាម​លួច​ជួប​ចរចា​គ្នា​ជាមួយ​លោក សម រង្ស៊ី។ ជាងនេះទៅទៀត លោក ហ៊ុន សែន ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម បង្ហាញ​កំណត់ហេតុ​នៃ​ជំនួប​នោះ​ទៀត​ផង៖ «ខ្ញុំ​នឹង​សួរ​មេដឹកនាំ​លើ​រឿង​នេះ​តើ​កាល​ហ្នឹង​និយាយ​គ្នា​ពី​អី ខ្ញុំ​គ្រាន់តែ​ចង់​ដឹង​ថា តើ​ពេល​ហ្នឹង​គេ​និយាយ​ពី​អី បើ​មិត្ត​វៀតណាម​ស្មោះត្រង់​ជាមួយ​ខ្ញុំ តើ​ពេល​លោក​ហ្នឹង (លោក សម រង្ស៊ី) ទៅ​ទស្សនៈ​នៅ​ហាណូយ និង​នៅ​តៃនិញ និយាយ​អី​ខ្លះ»

លោក ហ៊ុន សែន លើកឡើង​បែប​នេះ​ក្នុង​ពេល​លោក​ចុះ​សម្ពោធ​ស្ពាន ឆ្លងកាត់​ទន្លេ​ពី​ក្រុង​កំពង់ចាម​ទៅកាន់​កោះ​ប៉ែន ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៨។

កាលពីពេល​ថ្មីៗ​នេះ ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន បាន​ចុះផ្សាយ ពី​រូបថត​មួយ​សន្លឹក ដោយ​អះអាង​ថា ជា​ការ​បែក​ធ្លាយ​នៃ​ជំនួប​រវាង​លោក សម រង្ស៊ី ជាមួយ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស​វៀតណាម ព្រមទាំង​ជួប​ជាមួយ​មន្ត្រី​ការទូត​ជាន់ខ្ពស់​របស់​វៀតណាម នៅ​ទីក្រុង​ហាណូយ​ក្នុង​អំឡុង​ឆ្នាំ ២០០៣។

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​រូបថត​បែក​ធ្លាយ​នេះ​ពី​លោក សម រង្ស៊ី ដើម្បី​បក​ស្រាយ ថា​តើ​រូប​នោះ​ជា​រូប​ពិត ឬ​រូប​ក្លែងក្លាយ ឬ​ខ្លឹមសារ​នៃ​ជំនួប​នោះ បាន​នៅឡើយ​ទេ​នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង​លោក ហង្ស វិទូ យល់ថា ការ​លាប​ពណ៌​គ្នា ឬ​ការ​ចោទប្រកាន់ គ្នា​ទៅវិញទៅមក​រវាង​គណ​បក្ស​កាន់អំណាច និង​គណបក្ស ប្រឆាំង​ទាក់ទង​ទៅ​នឹង​ប្រទេស​វៀតណាម​នោះ មិន​ចំណេញ​អ្វី​ដល់​ជាតិ​ទេ ហើយ​អ្នក​ដែល​ចំណេញ​ពិតប្រាកដ​គឺ​វៀតណាម​ទៅវិញ​ទេ។

អ្នកវិភាគ​នយោបាយ​វ័យក្មេង​រូប​នេះ ស្នើ​ទៅ​អ្នកនយោបាយ​ខ្មែរ ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​បរទេស ព្រោះ​បរទេស​អាច​ប្រែ​ពី​មិត្ត​មក​ជា​សត្រូវ និង​អាច​ពី​សត្រូវ ទៅ​ជា​មិត្ត ដើម្បី​ផលប្រយោជន៍​ប្រទេស​របស់​គេ។៖ «គ្មាន​អ្នកណា​ស្មោះត្រង់​នឹង​ប្រទេស​ជាង​បងប្អូន​ឯង សាច់ឈាម​ឯង​ទេ សម្ដេច ហ៊ុន សែន ក្តី លោក សម រង្ស៊ី ក្តី សុទ្ធ​តែ​ជា​ខ្មែរ។ បើ​អ្នកនយោបាយ​ខ្មែរ​យើង​ធ្វើ​នយោបាយ​មិន​ប្រុងប្រយ័ត្ន​យើង​នឹង​អាច​ជាប់អន្ទាក់​គេ​ហើយ»

ប្រវត្តិ​នយោបាយ​កម្ពុជា​តាំង​ពី​ដើម​មក​អ្នកនយោបាយ​ខ្មែរ​តែងតែ​ពឹង​បរទេស​ឲ្យ​ជួយ​ដើម្បី​ខ្លួន​បាន​ដឹកនាំ​ប្រទេស តែ​នៅ​ទីបំផុត​កម្ពុជា​បាន​ធ្លាក់​ខ្លួន​ជា​ប្រទេស ក្រីក្រ​មួយ​នៅ​ក្នុង​តំបន់។

រីឯ​របប​លោក ហ៊ុន សែន សព្វថ្ងៃ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ប្រឹង​ងាក​ចេញពី​វៀតណាម​ហើយ​ឈោង​ទៅ​ចាប់​ចិន​វិញ​ម្ដង។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​លោក​បណ្ឌិត មាស នី យល់ថា បើ​ពិតជា​ធ្លាប់​មាន​ជំនួប​រវាង​លោក សម រង្ស៊ី ជាមួយ​រដ្ឋាភិបាល​វៀតណាម​មែន​នោះ វា​គឺជា​ការ​ឆ្លាត​វៃ​របស់​វៀតណាម​ក្នុង​ការ​ប្រើ​នយោបាយ​ការទូត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។