អ្នកវិភាគ​ថា របប​លោក ហ៊ុន សែន កំពុង​បរាជ័យ​ក្នុង​ការ​អូសទាញ​គណបក្ស​ប្រឆាំង

ដោយ ហេង រស្មី
2019-01-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយករដ្ឋមន្ត្រី ហ៊ុន សែន
នាយករដ្ឋមន្ត្រី ហ៊ុន សែន
រូប​ពី​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

ព្រះមហាក្សត្រ​បាន​ត្រាស់បង្គាប់​អោយ​អតីតមន្ត្រី​បក្ស​ប្រឆាំង ព្រមទាំង​កូនប្រុស​ជា​អតីត​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។ ប៉ុន្តែ​អ្នកវិភាគ​បាន​រិះគន់​ថា លោក ហ៊ុន សែន កំពុង​បរាជ័យ​លើ​សមរភូមិ​នយោបាយ។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ បាន​រិះគន់​ផែនការ​របស់​លោក ហ៊ុន សែន បាន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​មិន​អាច​អូសទាញ​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ​អោយ​បាន​ច្រើន​តាម​ការ​ចង់បាន​របស់​ខ្លួន​តាមរយៈ​ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ។

ការ​លើកឡើង​របស់​លោក គឹម សុខ នេះ​ស្រប​ពេល​ដែល​ព្រះមហាក្សត្រ​បាន​ត្រាស់បង្គាប់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១៥ ខែ​មករា ផ្ដល់​នីតិ​សម្បទា​ដល់​លោក គង់ គាំ និង លោក គង់ បូរ៉ា អាច​ធ្វើ​នយោបាយ​ឡើងវិញ​ក្រោយ​អ្នក​ទាំងពីរ បាន​ដាក់​ពាក្យ​ទៅ​ក្រសួងមហាផ្ទៃ៖ «យើង​ឃើញ​មាន​សញ្ញា​ចុងក្រោយ​របស់​គាត់ (ហ៊ុន សែន) ជា​សាធារណៈ​ទប់​កំហឹង​មិនបាន​ដោយសារតែ​ផែនការ​របស់​គាត់​មិនបាន​ជោគជ័យ​ដែល​មាន​មនុស្ស​ពីរ​នាក់​ទៅ​សុំ​សិទ្ធិ​ពី​គាត់ ដល់​អ៊ីចឹង​ទៅ​គាត់​ពិបាក​ទប់​បញ្ហា​ហើយ បញ្ហា​ដែល​សង្កត់​មក​លើ​គាត់​ហ្នឹង​វា​ធ្ងន់»

អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ថា កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក ហ៊ុន សែន គ្រាន់តែ​ចង់​បំពេញ​បន្ថែម​នូវ​ចំណុច​ខ្វះខាត និង​ស្វែងរក​វិធី​អោយ​គណបក្សប្រឆាំង​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ៖ «អ្នកវិភាគ​គាត់​មាន​និន្នាការ​ប្រឆាំង​នឹង​សន្តិភាព ប្រឆាំង​នឹង​ស្ថិរភាព​នយោបាយ​របស់​កម្ពុជា។ ហើយ​បាន​ឃើញ​ការ​កត់សំគាល់​របស់​គាត់​ហើយ​គាត់​ចង់​អោយ​កម្ពុជា​ហ្នឹង​ឈ្លោះ​ទាស់ទែង​គ្នា​ផ្ទុះ​សង្គ្រាម​សាជាថ្មី»

លោក គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង ព្រមទាំង​កូនប្រុស​របស់​លោក​ឈ្មោះ​គង់ បូរ៉ា នៅ​ថ្ងៃ​ពុធ​ទី​៩ មករា នេះ​បានសម្រេច​ព្រមៗ​គ្នា​ដាក់ពាក្យ​ជា​ផ្លូវការ​ទៅ​ក្រសួងមហាផ្ទៃ​ដើម្បី​បើកផ្លូវ​ឲ្យ​ពួកគេ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ។ ប៉ុន្តែ​កូនប្រុស​ម្នាក់ទៀត​ជា អតីត​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​គឺ​លោក គង់ សភា ប្រកាស​គាំទ្រ​គណបក្ស​ប្រឆាំង និង​បដិសេធ​ការ​អូសទាញ​របស់​លោក ហ៊ុន សែន។

អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី លោក គង់ គាំ និង​អតីត​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ បូរ៉ា មិន​អាច​ស្នើសុំ​ដើម្បី​សេចក្ដី​អត្ថាធិប្បាយ​បំភ្លឺ​បានទេ ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នកទទួល។

ព្រះមហាក្សត្រ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រម​កាល​បី​សប្ដាហ៍​មុន​ដាក់​ឲ្យ​ប្រើប្រាស់ ច្បាប់​ស្ដីពី​វិសោធនកម្ម​មាត្រា​៤៥ ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដើម្បី​បើកផ្លូវ​ឱ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ។

អ្វី​ដែល​ព្រះមហាក្សត្រ​មួយ​បាន​ឡាយព្រះហស្តលេខា​លើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​មាត្រា​៤៥ ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ឡាយព្រះហស្តលេខា​លើ​លិខិត​ម្តង​ម្នាក់ៗ​របស់​លោក គង់ គាំ និង​លោក គង់ បូរ៉ា ដើម្បី​ផ្ដល់​នីតិសម្បទា​អោយ​ធ្វើ​នយោបាយ​ឡើងវិញ​នេះ ត្រូវ​បាន​អ្នកវិភាគ​មើល​ឃើញ​ថា ព្រះរាជសារ​នេះ​វា​ហាក់បីដូចជា​ធ្វើឡើង​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន។

លោក ហ៊ុន សែន ធ្លាប់​បាន​លើក​ឡើង​ថា លោក​ចង់​អោយ​មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង ១១៨​នាក់​ដាក់ពាក្យ​ម្នាក់​ម្តងៗ​ទៅ​ក្រសួងមហាផ្ទៃ​ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ។ ក៏​ប៉ុន្តែ​មាន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​តែ​២​នាក់​ប៉ុណ្ណោះ ដែល​បាន​ដាក់​ពាក្យ​ក្នុង​ខណៈ​ដែល​មាន​មន្ត្រី​ជាន់ខ្ពស់​ភាគ​ច្រើន​ធ្វើ​ព្រងើយកន្តើយ​ជុំវិញ​វិវត្តន៍​នយោបាយ​ចុងក្រោយ​នេះ។

លោក ហ៊ុន សែន កាល​ពីដើម​សប្ដាហ៍​នេះ បាន​សំដែង​ការ​ខឹង​សម្បារ​នឹង​គណបក្សប្រឆាំង​កាន់តែ​ខ្លាំង​ឡើង ដោយ​ព្រមាន​តាម​កម្ទេច​គណបក្សប្រឆាំង​បន្ថែម​ទៀត ដោយ​មិន​ទុក​ឲ្យ​មានជីវិត​ជា​លើក​ទីពីរ​នោះ​ទេ ដោយសារតែ គណបក្ស​នេះ​មិន​ព្រម​ដើរ​តាម​បន្ទាត់​នយោបាយ​ដែល​លោក​បាន​គូស​ឲ្យ​ដើរ។ លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​បញ្ជាក់​ថា មន្ត្រី​បក្ស​សង្គ្រោះជាតិ​នឹង​មិន​សុំ​ធ្វើ​នយោបាយ​ទេ លុះត្រាតែ​លោក កឹម សុខា ត្រូវ​ដោះលែង​ហើយ​របប​លោក ហ៊ុន សែន ត្រូវ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ជា​មុន​សិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល