លោក ហ៊ុន សែន​ បារម្ភ​ខ្លាច​​ពលរដ្ឋ​រំលាយ​បក្ស​កាន់អំណាច​វិញ​ដោយ​អំណាច​សន្លឹកឆ្នោត

ដោយ ហេង សកល
2017-11-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បារម្ភ​ខ្លាច​ក្រែង​ពលរដ្ឋ​រំលាយ​គណបក្ស​កាន់​អំណាច​វិញ​ដោយ​អំណាច​សន្លឹក​ឆ្នោត។ លោក​បាន​ជំរុញ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ប្រឹងប្រែង​បម្រើ​ពលរដ្ឋ​ឲ្យ​បាន​ល្អ និង​លុបបំបាត់​ការ​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ និង​បទល្មើស​នេសាទ​ជាដើម។ ពលរដ្ឋ​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ហាក់​ពុំ​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​តម្រង់​ទិស​ពី​ភាព​អសកម្ម​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន​នោះ​ទេ។

ជនជាតិ​ដើម​ភាគ​តិច​នៅ​ខែត្រ​ភាគ​ឦសាន ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនង​ជា​កំពុង​ភ័យ​ព្រួយ​ខ្លាំង​ខ្លាច​ចាញ់​ឆ្នោត​នៅ​ពេល​បោះ​ឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដ៏​ធំ​មួយ ត្រូវ​បាន​លោក ហ៊ុន សែន ទាត់​ចេញ​ពី​ឆាក​នយោបាយ។ ពួកគាត់​អះអាង​ថា មហិច្ឆតា​រំលាយ​បក្ស​ប្រឆាំង ព្រោះ​លោក ហ៊ុន សែន ដឹង​មុន​ថា គណបក្ស​កាន់​អំណាច​មិន​អាច​យក​ឈ្នះ​បក្ស​ប្រឆាំង​បាន​នៅ​ពេល​បោះឆ្នោត​ជាតិ​ខាង​មុខ។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយករដ្ឋមន្ត្រី  ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មន្ត្រី​របស់​លោក​ខិតខំ​ធ្វើ​កិច្ចការ​ឲ្យ​ពលរដ្ឋ​ទទួល​ផល​ប្រយោជន៍ លុបបំបាត់​ភាព​អសកម្ម​ដែល​កើត​ចេញ​ពី​មន្ត្រី​របស់​លោក កុំ​ឲ្យ​មាន​ការ​កាប់​ឈើ​ខុស​ច្បាប់ និង​ឃុបឃិត​ប្រព្រឹត្ត​បទល្មើស​នានា ឬ​ការ​ផ្ដល់​សេវា​សាធារណៈ​ជា​ដើម។

លោក​បារម្ភ​ថា រដ្ឋាភិបាល​មាន​ឱកាស​រំលាយ​បក្ស​សង្គ្រោះ​ជាតិ ក៏​ប៉ុន្តែ​អំណាច​សន្លឹក​ឆ្នោត​របស់​ពលរដ្ឋ​អាច​នឹង​រំលាយ​គណបក្ស​កាន់​អំណាច​វិញ ប្រសិន​ពលរដ្ឋ​មិន​សប្បាយ​ចិត្ត៖ «ខិតខំ​បន្ត​ធ្វើ​កិច្ច​ការ​បន្ត​ទាំង​ឡាយ​ឲ្យ​ប្រជាជន​ទទួល​ផល​ប្រយោជន៍ ឲ្យ​ប្រជាជន​សប្បាយ​ចិត្ត​តាម​រយៈ​បំបាត់​ចោល​នូវ​ភាព​អសកម្ម​របស់​មន្ត្រី​របស់​យើង កុំ​ឲ្យ​មានការ​កាប់​ព្រៃឈើ​ខុស​ច្បាប់ កុំ​ឲ្យ​មាន​ការ​ឃុបឃិត​ប្រព្រឹត្ត​បទល្មើស​នានា។ យើង​មាន​ឱកាស​រំលាយ​គេ ក៏ប៉ុន្តែ​មិន​ត្រូវ​ភ្លេច​ថា ប្រជាជន​ក៏​អាច​រំលាយ​យើង​វិញ​ដែរ​តាម​រយៈ​ការ​បោះឆ្នោត​មួយ»

ជនជាតិ​ដើម​ភាគតិច​កួយ រស់​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង លោក ថាន់ វ៉ន យល់​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់​ភ័យ​ព្រួយ​រឿង​នយោបាយ​ជ្រុល​និយម​របស់​លោក​ដែល​រំលាយ​បក្ស​ប្រឆាំង បង្ក​ឲ្យ​ពលរដ្ឋ​ក្ដៅ​ក្រហល់ក្រហាយ និង​ខឹងសម្បា​យ៉ាង​ខ្លាំង។ លោក​គ្មាន​សង្ឃឹម​ថា ការ​សន្យា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​ជួយ​ជំរុញ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ  ព្រោះ​លោក​មើល​ឃើញ​ថា មន្ត្រី​រដ្ឋាភិបាល​មិន​បាន​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​គាំពារ​ព្រៃឈើ​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ បើ​ពលរដ្ឋ​ណា​ឈឺឆ្អាល​រឿង​កាប់​បំផ្លាញ​ព្រៃឈើ ត្រូវ​អាជ្ញាធរ​ចោទ​ថា ជា​ក្រុម​បក្ស​ប្រឆាំង​ទៅ​វិញ៖ «ពាក្យ​គាត់​ថា អំពាវនាវ​ឲ្យ​មន្ត្រី​គាត់​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​ខ្ញុំ​ជឿ​ទប់​មែន ក៏ប៉ុន្តែ​បើ​ទប់ស្កាត់​ឈើ​តាម​ម៉ូតូ និង​តាម​ឡាន​បាន​មួយ​ម៉ូតូ ១​ម៉ឺន និង​មួយ​ឡាន ១០​ម៉ឺន តែ​បើ​ទប់ស្កាត់​ដុះ​ពី​ដី​វិញ​គឺ​មិន​បាន​ទេ»

លោក ថាន់ វ៉ន បន្ថែម​ថា  លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនង​ជា​ស្ដាប់​មន្ត្រី​ថ្នាក់​ក្រោម​ច្រើន​ជាង​ស្ដាប់​ព័ត៌មាន​ឯករាជ្យ និង​ក្ដី​កង្វល់​របស់​ពលរដ្ឋ​ដែល​អំពាវនាវ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​រដ្ឋាភិបាល​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ។ លោក​ថា អំពើ​ពុករលួយ​ក្នុង​រឿង​បទល្មើស​ព្រៃឈើ គឺ​ជា​ធាតុ​ផ្សំ​សំខាន់ រួម​ចំណែក​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា ហើយ​អំពើ​ពុករលួយ​នេះ​ភាគ​ច្រើន​មាន​ប្រភព​ពី​មន្ត្រី​ធំៗ​របស់​រដ្ឋាភិបាល៖ «តាម​ពិត​គាត់​មិន​មែន​ភ័យ​ព្រួយ​រឿង​ព្រៃឈើ​ទេ គឺ​គាត់​ភ័យ​រឿង​នយោបាយ​គាត់​ជ្រុល​និយម​ទេ បើ​អ៊ីចឹង​ចង់​បន្ទោស​បក្ស​សង្គ្រោះ​ជាតិ​អី​ណា តែ​តាម​ការ​ពិត​គឺ​មន្ត្រី​ក្រោម​ឱវាទ​គាត់​មិន​ធ្វើ គឺ​ចង់​ទម្លាក់​នាយករដ្ឋមន្ត្រី»

​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ការ​ក្រើន​រំឭក​មន្ត្រី​របស់​ខ្លួន​ដែល​ផ្ដល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ទាំង​ឡាយ ចៀសវាង​កុំ​ឲ្យ​ពួកគេ​ទទួល​រង​ការ​ខឹងសម្បា​ពី​ពលរដ្ឋ។ លោក​ថា បើ​ទោះ​បី​ជា​បរិយាកាស​នយោបាយ​អាប់អួ​មែន ក៏ប៉ុន្តែ​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល​នៅ​តែ​មាន​កាតព្វកិច្ច​ធ្វើ​កិច្ច​ការងារ​របស់​ខ្លួន​តាម​ធម្មតា​ដដែល៖ «ការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រី គឺ​ដើម្បី​ដាស់តឿន​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​ពួកគេ​ទទួល​រង​ការ​ខឹងសម្បា​ពី​ពលរដ្ឋ»

​យ៉ាងណា​ពលរដ្ឋ​រិះគន់​រដ្ឋាភិបាល​ថា គ្មាន​ឆន្ទៈ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះ​ទេ បែរ​ជា​បណ្ដោយ​ឲ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទទួល​ប្រយោជន៍​ពី​ជនល្មើស​ដឹក​ជញ្ជូន​ឈើ​គ្មាន​ទី​បញ្ចប់ ដែល​ជា​ការ​រួម​ចំណែក​បំផ្លាញ​ធនធាន​ធម្មជាតិ​ជា​ប្រព័ន្ធ​នៅ​កម្ពុជា។ កន្លង​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​សន្យា​ថា លោក​សុខចិត្ត​សម្លាប់​ខ្លួន​បើ​លោក​ការពារ​ព្រៃឈើ​មិន​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

អ្នក​អាន​អនាមិក

ចោរ លក់ទ្រព្យសម្បត្តិជាតិ ហ៑ុន សែន ធ្វើចោរ ស្រែកចាប់ចោរ !

Nov 23, 2017 06:04 AM

អ្នក​អាន​អនាមិក

ខ្លួនលោក ហ៑ុន សែន ពុករលួយ ថាអោយថ្នាក់ក្រោម..
= មុនឡើងធ្វើ ចៅហ្វាយខេត្ត ស្នងការខេត្ត ប៉េអុឹមខេត្ត និង ក្រសួងផ្សេងទៀត ត្រូវបង់ទៅថ្នាក់លើ (ហ៑ុនសែន) 1ឆ្នាំ 1ឆ្នាំ សារុប រាប់រយលានដុល្លារ មិនចឹង ឬ លោកហ៑ុនសែន !
" ខ្លួនហ៑ុនសែន រលួយ ថាអោយគេ "

Nov 23, 2017 04:34 AM

អ្នក​អាន​អនាមិក

តាចាស់ ចិត្តខ្មៅ ហ៑ុន សែន នេះ មិនត្រឹមតែធ្វើអោយ ប្រជាពលរដ្ឋក្រីក្រ លំបាកប៉ុណោះទេ ថែមទាំងធ្វើអោយសមាជិកបក្សប្រជាជន គ្មានសេរីភាពទៀតផង !

Nov 23, 2017 02:23 AM

អ្នក​អាន​អនាមិក

- នេះជា ភាសាឌឺដង របស់តាកញ្ចាស់ ហ៑ុន សែន
- បើបក្សសង្គ្រោះជាតិ ត្រូវកញ្ចាស់ ហ៑ុន សែន ប្រើល្បិចមួលបង្កាច់រំលាយហើយ ហើយអីឡូវនេះមានបក្សតែមួយ ដូច្នេះគ្មានបក្សជំទាស់ធំណាមួយប្រកួតប្រជែងឡើយ
សារុបសេចក្តី ការបោះឆ្នោតឆ្នាំ2018 បើមិនមានបក្សសង្គ្រោះជាតិចូលរួមទេ គឺអ្នកទៅបោះឆ្នោតមានចំនួនតិច ហើយអន្តរជាតិមិនទទួលស្គាល់ ជំនួយអន្តរជាតិអត់មាន រួមទាំងជំនួយលុយបើកប្រាក់ខែអោយរដ្ឋសភា ក៏អត់មាន ជាដើម .....!

Nov 22, 2017 09:39 PM

អ្នក​អាន​អនាមិក

Tell Hun Sen not only saying for saying . Besides, this should be done 30 years ago. Now,everything is too late. He should die now to save Khmer country.

Nov 22, 2017 09:22 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល