នាយក​រដ្ឋមន្ត្រី​កម្ពុជា​ចាប់​ផ្ដើម​ទស្សនកិច្ច​ផ្លូវ​ការ​ថ្ងៃ​ទី​១​នៅ​វៀតណាម

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​ចាប់​ផ្ដើម​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​ថ្ងៃ​ទី​១ នា​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​២៦ ធ្នូ ២០១៣។
ដោយ វោហារ ជាតិ
2013.12.26

ប្រទេស​វៀតណាម​គឺ​ជា​ប្រទេស​ទី​​២ បន្ទាប់​ពី​ប្រទេសជប៉ុន ដែល​លោក ហ៊ុន សែន ធ្វើ​ទស្សនកិច្ច​ក្រោយ​ពី​បាន​​​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី​បន្ត បន្ទាប់​ពី​ការ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣ ដែល​បក្ស​ប្រឆាំង​មិន​ទទួល​ស្គាល់​លទ្ធ​ផល​ឆ្នោត ហើយ​កំពុង​ធ្វើ​មហា​បាតុកម្ម​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ និង​សុំ​ឲ្យ​លោក​ចុះចេញ​ពី​តំណែង។

កាសែត​វៀតណាម ឈ្មោះ វៀតណាម ញីវ (Vietnam News) ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ធ្នូ ថា ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា រយៈ​ពេល​បី​ថ្ងៃ ដែល​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន តាន់ យុង (Nguyen Tan Dung) រំពឹង​ថា ប្រទេស​ទាំង​ពីរ​នឹង​ពង្រឹង​និង​ពង្រីក​ចំណង​ប្រពៃណី​មិត្តភាព​ដ៏​ស្អិត​ល្មួត​ទៅ​អនាគត​បន្ត​ទៅ​ទៀត។ ជាពិសេស ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​យូរ​អង្វែង​លើ​គ្រប់​វិស័យ ដែល​ប្រទេស​ទាំង​ពីរ​ធ្លាប់​បាន​សហការ​ល្អ​ជាមួយ​គ្នា​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។

កាសែត​ដដែល​បន្ត​ថា ទំនាក់​ទំនង​ចំណង​​មិត្តភាព​កម្ពុជា-​វៀតណាម ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ផ្លាស់ប្ដូរ​ទំនិញ​រវាង​គ្នា​និង​គ្នា គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១២ មក​ទល់​ពេល​នេះ បាន​កើន​ឡើង​ដល់​ទឹក​ប្រាក់ ៣.៣​លាន​លាន​ដុល្លារ។ ក្រៅ​ពី​នេះ វិនិយោគិន​វៀតណាម បាន​វិនិយោគ​នៅ​កម្ពុជា ក្នុង​ទឹក​ប្រាក់ ៣​លាន​លាន​ដុល្លារ វិនិយោគ​លើ​ផ្នែក​ធនធាន​រ៉ែ ប្រេង ឧស្ម័ន ទូរគមនាគមន៍ ធនាគារ និង​កសិ-ឧស្សាហកម្ម​ជាដើម។ ក៏​ប៉ុន្តែ​ជា​រឿយៗ បក្ស​ប្រឆាំង​បាន​រិះគន់​ថា ក្រុមហ៊ុន​វៀតណាម​ទាំង​នោះ​មក​បំផ្លាញ​ព្រៃ​ឈើ ធនធាន​ធម្មជាតិ និង​នាំ​ឲ្យ​មាន​ការ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ខ្មែរ និង​បណ្ដេញ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​ពី​លំនៅឋាន និង​បណ្ដេញ​ចេញ​ពី​ដី​ធ្លី​របស់​ពួកគាត់​ដែល​ធ្លាប់​រស់​នៅ​សុខសាន្ត។

កាសែត​វៀតណាម សរសេរ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈ​ពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៦ ធ្នូ ដល់​២៨ ធ្នូ ឆ្នាំ​២០១៣ នៃ​នាយករដ្ឋមន្ត្រី​កម្ពុជា​នេះ ភាគី​ទាំង​ពីរ​នឹង​ចុះ​ហត្ថលេខា​លើ​ឯកសារ និង​អនុស្សរណៈ​មួយ​ចំនួន ទាក់ទង​នឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និង​ព័ត៌មាន​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។