ជនជាតិ​ដើម​ភាគតិច​ថា​អំណាច​នីតិប្បញ្ញត្តិ​នៅ​តែ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​លោក ហ៊ុន សែន

ដោយ មាន ឫទ្ធិ
2018-02-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ដឹកនាំ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ កាល​ពី​​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៧។
ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ដឹកនាំ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ កាល​ពី​​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA

ជនជាតិ​ដើម​ភាគតិច​ខែត្រ​ភាគ​ឦសាន សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការបោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី៤ ក្នុង​របប​លោក ហ៊ុន សែន ដោយ​ពួកគាត់​យល់ថា ការបោះឆ្នោត​នេះ គ្មាន​គូប្រកួត ហើយ​ស្ថាប័ន​នីតិប្បញ្ញត្តិ​មួយ​នេះ បាន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​លោក ហ៊ុន សែន ដដែល​តែ​ម្នាក់​ឯង។ ពួកគាត់​បារម្ភ​ថា ស្ថាប័ន​ព្រឹទ្ធសភា​ដែល​មាន​ភារកិច្ច​អនុម័ត​ច្បាប់ អាច​នឹង​បង្កើត​ច្បាប់​ថ្មី និង​កែប្រែ​ច្បាប់​តាម​ទំនើងចិត្ត តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន ដើម្បី​ក្រាញ​អំណាច និង​បង្ក​គ្រោះថ្នាក់​ធំ​ដល់​ជោគវាសនា​ជាតិ និង​ពលរដ្ឋ។

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ខែត្រ​ស្ទឹងត្រែង និង​ខែត្រ​ក្រចេះ ចាត់​ទុក​ការ​បោះ​ឆ្នោះ​ព្រឹទ្ធសភា​នីតិកាល​ទី​៤​នេះ ធ្វើឡើង​មិន​ត្រឹមត្រូវ​តាម​ក្របខ័ណ្ឌ​ច្បាប់ និង​មិន​គោរព​ឆន្ទៈ​ពលរដ្ឋ​ជាង ៣​លាន​នាក់​ដែល​បាន​បោះឆ្នោត​គាំទ្រ​បក្ស​ជំទាស់។

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​នៅ​ថ្ងៃទី២៥ កុម្ភៈ​ថា គណបក្ស​កាន់អំណាច​ហាក់​មិន​ខ្វល់​ពី ការ​អំពាវនាវ​របស់​ពលរដ្ឋ​នោះ​ទេ ដែល​ចង់​ឲ្យ​ស្ថានភាព​នយោបាយ​ប្រក្រតី​ឡើងវិញ ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​ជាតិ តែ​ផ្ទុយទៅវិញ​របប​លោក ហ៊ុន សែន កាន់តែ​ល្មើសច្បាប់​ធ្ងន់ធ្ងរ​ឡើងៗ​។ ជាក់ស្ដែង​ការបោះឆ្នោត​ព្រឹទ្ធសភា​នេះ គឺជា​ឆាកល្ខោន តែ​ធាតុ​ពិត​លទ្ធផល​ឈ្នះ ឬ​ចាញ់ គឺ​ឋិត​ក្នុង​កណ្ដាប់​ដៃ​លោក​ហ៊ុន សែន៖ «រឿង​ច្បាប់​វា​អត់​មាន​ទេ បោះឆ្នោត​នេះ​(​បោះឆ្នោត​ព្រឹទ្ធសភា​) គ្រាន់តែ​ឲ្យ​អន្តរជាតិ​សើច​តែប៉ុណ្ណោះ​។ ការងារ​ដែល​ធ្វើ​នេះ ប្រៀប​បាន​នឹង​វង្វេង វង្វេង​ច្បាប់ វង្វេង​ប្រជាពលរដ្ឋ​ដែល​នឹកឃើញ​។ ការពិត​ដាក់​កំហុស​លើ​ខ្លួនឯង​ធ្វើ​នេះ ។ ជនជាតិ​ដើម​ភាគតិច​របស់ខ្ញុំ​ព្រួយចិត្ត​ត្រង់​ហ្នឹង»

បុរស​ដដែល​បន្ថែម​ថា មូលហេតុ​ចម្បង​ដែល គណបក្ស​ប្រជាជន​មិន​ហ៊ាន​ប្រកួត​ជាមួយ​បក្ស​ប្រឆាំង ព្រោះ​ខ្លាច​ចាញ់​ឆ្នោត ហើយ​លោក ហ៊ុន សែន ដឹង​មុន​ច្បាស់​ថា មិន​អាច​យកឈ្នះ​បក្ស​សង្គ្រោះជាតិ​បាន ទើប​កែប្រែ​ច្បាប់ ដើម្បី​ឲ្យ​តុលាការ​រំលាយ​បក្ស​ប្រឆាំង​ចោល ដោយ​មិន​ខ្វល់​ពី​សុខទុក្ខ​ប្រជាជន៖ «គាត់​រំលាយ​ចោល បើ​បោះឆ្នោត​ចាញ់​គេ​ហើយ ទោះបី​គណបក្ស​តូចៗ​ឈរ​ឈ្មោះ​ក៏​ឥតប្រយោជន៍​ដែរ ព្រោះ​គណបក្ស​កើត​ពី​ខ្យល់»

ជនជាតិ​ដើម​ភាគតិច​ម្នាក់ទៀត​រស់នៅ​ស្រុក​ស្នូល ខែត្រ​ក្រចេះ​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ ចាត់​ទុក​ការបោះឆ្នោត​ព្រឹទ្ធសភា គឺជា​កាន់អំណាច​ប្រមូល​ផ្តុំ របស់​បក្ស​កាន់អំណាច ជះឥទ្ធិពល​អាក្រក់ ដល់​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​សេដ្ឋកិច្ច។ លោក​ថា អំណាច​ប្រមូល​ផ្តុំ គឺជា​ប្រភព​នៃ​អំពើពុករលួយ និង​អយុត្តិធម៌​សង្គម ហើយ​ពលរដ្ឋ​នៅតែ​ទទួលរង​គ្រោះ ដោយសារ​ការជិះជាន់​ពី​អាជ្ញាធរ​រដ្ឋ​តែប៉ុណ្ណោះ។ លើស​ពី​នេះ​បទល្មើស​ព្រៃឈើ​នៅតែ​ជា​ប្រធានបទ​សំខាន់ ដែល​លោក ហ៊ុន សែន គ្មាន​សមត្ថភាព​បង្ក្រាប​នោះ​ទេ គឺ​គិតតែ​ដណ្ដើម​អំណាច​គ្នា​គ្រប់គ្រង​កេង​ប្រវ័ញ្ច​ជាតិ៖ «ខ្ញុំ​យល់ថា ទី​១ មិន​ប្រក្រតី និង​ពុំ​មាន​តម្លាភាព។ ប្រជាពលរដ្ឋ​រាល់ថ្ងៃ​នេះ គាត់​និយាយ​ថា បោះឆ្នោត​២០១៨ គាត់​មិន​ទៅ​បោះ​ដោយសារ​បើ​បោះ​ក៏​សម្ដេច​ជាប់ មិន​ទៅ​បោះ​ក៏​សម្ដេច​ជាប់ បើ​អ៊ីចឹង​កុំ​ទៅ​បោះ​ទាំងអស់​គ្នា»

មេឃុំ​សំបុក ស្រុក​ចិត្តបូរី ខែត្រ​ក្រចេះ មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ទុយ វណ្ណា ឲ្យ​ដឹង​ថា លោក​បាន​បោះឆ្នោត​ព្រឹទ្ធសភា​រួចហើយ នៅ​ព្រឹក​ថ្ងៃ​ទី២៥ កុម្ភៈ។ លោក​ថា មាន​គណបក្ស​នយោបាយ​ចំនួន ៤ ចូលរួម​ប្រកួតប្រជែង គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច។ លោក​រំឭក​ថា កាល​ពី​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សាឃុំ​/​សង្កាត់​អាណត្តិ​ទី​៤ នៅ​ឃុំ​សំបុក មាន​គណបក្ស​នយោបាយ​ធំៗ​ពីរ​ជាប់ឆ្នោត គឺ​គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន ៤​អាសនៈ និង​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន ៣ អាសនៈ ពោល គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ជាប់ឆ្នោត​ជា​មេឃុំ៖ «ទៅ​បោះ​ព្រឹក​មិញ ខ្ញុំ​ដូច​ឃើញ​ដែរ​តែ​ដូច​មិនបាន​មើល​ថា នរណាៗ មនុស្ស​ច្រើនពេក»

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ អង្កេត​ឃើញ​ថា ពលរដ្ឋ​ភាគច្រើន​មិន​ពេញចិត្ត​ចំពោះ​ការបោះឆ្នោត​ព្រឹទ្ធសភា​នោះ​ទេ។ លោក​ថា ការបោះឆ្នោត​ព្រឹទ្ធសភា​នេះ មិន​បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​នោះ​ទេ រីឯ​បក្ស​កាន់អំណាច​នៅតែ​មាន​ប្រៀប​ទាំងស្រុង។ លោក​យល់​ថា ស្ថាប័ន​ព្រឹទ្ធសភា​ជា​ស្ថាប័ន​អនុម័ត​ច្បាប់ តែ​បើ​ស្ថាប័ន​មួយ​នេះ​មិន​មាន​ឯករាជ្យភាព គណនេយ្យភាព និង តម្លាភាព​ទេ មានន័យថា ការ​អនុម័ត​ច្បាប់ និង​វិសោធនកម្ម​ច្បាប់​នានា​អាច​ធ្វើ​ឡើង​ស្រេច​តែ​ចិត្ត នឹង​នាំ​ឲ្យ​កើន​ឡើង​អយុត្តិធម៌​សង្គម ហើយ​ពលរដ្ឋ​នៅតែ​ទទួលរង​គ្រោះ៖ «ប្រជាពលរដ្ឋ​ដែល​គាត់​យល់ថា ការបោះឆ្នោត​ព្រឹទ្ធសភា​ជា​រឿង​សំខាន់ បើ​ធ្វើឡើង​មិនល្អ វា​អាច​ប៉ះពាល់​ទាំង​មន្ត្រីរាជការ និង​ពលរដ្ឋ​តាំងពី​ថ្នាក់ក្រោម​ដល់​ថ្នាក់លើ»

អាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង​មន្ត្រី គ​.​ជ​.​ប និង​មន្ត្រី​ជាន់ខ្ពស់ គណបក្ស​ប្រជាជន​កម្ពុជា ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បានទេ នៅ​ទី​២៥ កុម្ភៈ។

ការបោះឆ្នោត​ព្រឹទ្ធ​សភាព​នីតិកាល​ទី៤ នេះ ត្រូវ​បញ្ចប់​នៅ​រសៀល​ម៉ោង ៣ ថ្ងៃ​ដដែល ដោយមាន​អ្នកបោះឆ្នោត​ចំនួន​ជាង ១​ម៉ឺន​នាក់​( ១១ ៦៩៥​នាក់​) ទៅ​បោះឆ្នោត​នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​ចំនួន ៣៣កន្លែង​។ នៅ​រសៀល​ថ្ងៃ​ទី២៥ កុម្ភៈ គ​.​ជ​.​ប មិនទាន់​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​នៅឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

យុវជន យុវនារី

តាមសង្កេតមើល =
លោក ហ៑ុន សែន មិនមែនខ្លាំង ខាង ប្រជាធិបតេយ្យ .
លោក ហ៑ុន សែន ខ្លាំង ខាង គំរាម ចោទមួលបង្កាច់ ចាប់ដាក់គុក បាញ់សម្លាប់ ចុងក្រោយថែម ធ្វើចោរប្លន់សន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋមួយចំហៀងប្រទេស ទៀត .

Feb 25, 2018 09:37 PM

គេហទំព័រ​ទាំងមូល