លោក ហ៊ុន សែន ជំរុញ​សាជាថ្មី​ឲ្យ​ពលរដ្ឋ​ងើប​តតាំង​ជាមួយ​អាមេរិក

ដោយ អាស៊ីសេរី
2017.10.11
ហ៊ុន សែន វីល្លៀម ហៃដ្ដ៍ ២០១៧ ១៤៤០ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) ជួប​ពិភាក្សា​គ្នា​នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of U.S. Embassy Phnom Penh's facebook page
Photo courtesy of U.S. Embassy Phnom Penh's facebook page

នៅ​គ្រា​ដែល​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខិត​ជិត​ចូល​មក​ដល់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មេដឹកនាំ​ខ្មែរ​ដែល​កាន់អំណាច​ជាង ៣០​ឆ្នាំ​មកនេះ ប្រកាស​ឲ្យ​ពលរដ្ឋ ខ្មែរ​ទាំងអស់​ក្រោក​ឈរ​ឡើង ប្រឆាំង​ប្រទេស​លោក​សេរី​ទាំងឡាយ​ណា ដែល​មានបំណង​បំផ្លាញ​សន្តិភាព និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។ អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​និយាយ​ថា លោក ហ៊ុន សែន ដើរ​ផ្ទុយ​ការសន្យា​របស់​ខ្លួន ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​កំពុង​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស ខណៈ​ក្រុម​បក្ស​កាន់អំណាច​កំពុង​ហែក​បក្ស​ប្រឆាំង ជា​ចម្រៀក​ៗ​ចេញពី​ឆាក​នយោបាយ។

លោក ហ៊ុន សែន នៅ​ថ្ងៃ​ពុធ ទី​១១ ខែ​តុលា នេះ ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ក្រោកឈរ​ការពារ​សន្តិភាព និង​ការ​អភិវឌ្ឍ​របស់​ប្រទេសជាតិ ពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​មហាអំណាច។

នាយករដ្ឋមន្ត្រី​ដែល​ក្រាញ​អំណាច​យូរ​ឆ្នាំ​ជាងគេ​ក្នុង​តំបន់​អាស៊ី​រូប​នេះ អះអាង​ថា ពួក​ក្រុម​ប្រទេស​មហាអំណាច​បាន​ទម្លាក់​គ្រាប់បែក​មក​លើ​កម្ពុជា និង​បាន​រំលោភ​អធិបតេយ្យ​របស់​កម្ពុជា​ធ្ងន់ធ្ងរ ហើយ​នៅ​ពេល​នេះ ពួកគេ​នៅតែ​បន្ត​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ថែម​ទៀត។ លោក​បន្ត​ថា​ការ​ចោទប្រកាន់​នានា​ដែល​ថា​រដ្ឋាភិបាល​របស់​លោក រំលោភ​សិទ្ធិ​មនុស្ស​នោះ វា​គឺជា​រឿង​អយុត្តិធម៌៖ «តើ​នៅ​លើ​លោក​នេះ​មាន​ស្តង់ដារ​ប៉ុន្មាន​ទៅ អ្នក​មាន​លទ្ធភាព​ដើរ​ឈ្លានពាន​បាញ់​ប្រហារ​គេ ហើយ​ឯ​អ្នក​ប្រទេស​ក្រីក្រ​តូច​តាច មាន​លទ្ធភាព​ត្រឹមតែ​ការពារ​ខ្លួន អនុវត្តន៍​ច្បាប់​របស់​ប្រទេស​ដើម្បី​ធានា​នូវ​សន្តិភាព ស្ថិរភាព សម្រាប់​ការ​រស់រាន​របស់​ប្រជាជន។ តើ​យើង​មាន សិទ្ធិ​ដែរ​ទេ ឬមួយ​មាន​សិទ្ធិ​តែ​ពួក​នាក់ ហើយ​សិទ្ធិ​របស់​ពួក​ខ្ញុំ​មិន​មាន ខ្ញុំ​គ្មាន​អាវុធ​ប្រល័យ​លោក​ទេ។ ខ្ញុំ​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​របស់​យើង ក្រោកឈរ​ឡើង​រួមគ្នា​ដើម្បី​ការ​សន្តិភាព សន្តិភាព​នោះ​ហើយ ដែល​ធានា​ដល់​ការ​អភិវឌ្ឍ​របស់​យើង​ទៅ​ថ្ងៃ​អនាគត»

ការ​ប្រកាស​របស់​លោក ហ៊ុន សែន ធ្វើឡើង​នៅ​គ្រា​ដែល​លោក​ចុះ ជួប​ជាមួយ​កម្មករ​រោងចក្រ​ប្រមាណ​ជាង ២​ម៉ឺន​នាក់ មកពី​រោងចក្រ កាត់ដេរ​ចំនួន​១១ នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ។

វោហារសាស្ត្រ​រិះគន់​របស់​លោក ហ៊ុន សែន ទៅលើ​សហរដ្ឋអាមេរិក បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់​នេះ​នៅ​គ្រា​ដែល​លោក​កំពុង បោះជំហាន​ដ៏​ជ្រៅ​ទៅ​រក​ប្រទេស​ចិន និង​រុស្សី ហើយ​ព្យាយាម​ដោះ​ខ្លួន ចេញ​ពី​ប្រទេស​លោក​សេរី។

អ្នកវិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន មិន​ឲ្យ​សហរដ្ឋអាមេរិក​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា នៅ​ពេល​នេះ​គឺ​ដូចគ្នា​ទៅ​នឹង​ការ ប្រកាស​របស់​ក្រុម​ខ្មែរក្រហម​ដែល​ទាមទារ​មិន​អង្គការសហប្រជាជាតិ ជ្រៀតជ្រែក​អធិបតេយ្យភាព​របស់​ខ្លួន​កាលពី​អំឡុង​ឆ្នាំ​១៩៧៥​នោះ៖ «សម្ដេច​នាយក​រដ្ឋមន្ត្រី​យើង​ហ្នឹង​ព្យាយាម​គូរ​រូប​គាត់​ជា​អ្នក​រងគ្រោះ ហើយ​ប្រទេស​កម្ពុជា​ជា​អ្នករងគ្រោះ​ដែរ ពី​ការវាយប្រហារ និង​ការរិះគន់ ឬ​ពី​ការ​ចោទប្រកាន់។ អាហ្នឹង​អត់​ឆ្ងល់​ទេ​រឿង​ការ​លូកដៃ ចូល​នោះ​ហើយ​ជំនាន់​ខ្មែរក្រហម​ក៏​អញ្ចឹង​ដែរ អៀង សារី នេះ​បាន សរសេរ​ជា​ផ្លូវការ​ផង​ថា កុំ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​នៅ​ពេល​ដែល​គេ​​តិះ​ទាន​នឹង​ត្រួត​ពិនិត្យមើល​ការ​កាប់​សម្លាប់ និង​ការរំលោភ​សិទ្ធិមនុស្ស។ គេ​យក​បញ្ហា​អធិបតេយ្យភាព​ហ្នឹង មក​ធ្វើជា​ខែល​កុំ​ឲ្យ​គេ​លូកដៃ​ចូល»

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា​សហរដ្ឋអាមេរិក ក៏​ដូចជា​សហគមន៍​អឺរ៉ុប ពួកគេ​ជា​ប្រទេស​ដែល​ចូលរួម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស ដូច្នេះ​ពួកគេ​មាន​សិទ្ធិ​ឃ្លាំមើល​ដំណើរ​ការ​គោរព​សិទ្ធិមនុស្ស និង​ការ​អនុវត្ត​គោល​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ទោះជា​យ៉ាងណាក៏ដោយ​លោក ហ៊ុន សែន អះអាង​ថា កិច្ចព្រមព្រៀង សន្តិភាព ទីក្រុង​ប៉ារីស​បាន​ស្លាប់​បាត់បង់​ពី​ឆាក​នយោបាយ​កម្ពុជា ទៅ​ហើយ។ លោក​បន្ត​ថា គោលបំណង​ណាមួយ​ក្នុង​ការ​សើរើ​កិច្ចព្រមព្រៀង​នេះ គឺ​គ្រាន់តែ​ជា​ការ​ស្រមើស្រមៃ​ប៉ុណ្ណោះ៖ «២៣ តុលា ២០១៧ ជិត​មកដល់​ហើយ​ដែល​ជា​ខួប​លើក​ទី​២៦ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​យើង​បាន​អនុវត្ត ហើយ​ធាតុ​ផ្សំ ទាំងអស់​យើង​បាន​ប្រមូល​ផ្តុំ​មក​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អស់​ហើយ សូម​កុំ​ស្រមើស្រមៃ​ថា កោះ​ប្រជុំ​សន្និសីទ​ទីក្រុង​ប៉ារីស​ឡើងវិញ​នោះ ពីព្រោះ​សន្និសីទ​ក្រុង​ប៉ារីស​ខ្មោច​អី បើ​ប្រទេស​រុស្សី មួយ​ក្លាយ​ទៅ​ប្រទេស​រដ្ឋ​មិន​ដឹង​ប៉ុន្មាន​នោះ។ សូម្បី​ប្រទេស​ហត្ថលេខី ក៏​ប្រែប្រួល អស់​ទៅ​ដែរ។ វា​មាននៅ​សល់​អី​ទៀត»

ទោះជា​យ៉ាងណាក៏ដោយ សមាជិកសភា​របស់​សហរដ្ឋអាមេរិក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវែនថល (Alan Lowenthal) បាន​ប្រាប់​អាស៊ីសេរី កាលពី​សប្ដាហ៍​កន្លង​ទៅ​ថា មានតែ​កិច្ចព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស​ប៉ុណ្ណោះ ដែល​ជា​យន្តការ​ចាំបាច់​របស់​សហរដ្ឋអាមេរិក​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​កម្ពុជា។

នៅ​ខណៈ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខិត​ជិត​ចូល​មក​ដល់​លោក ហ៊ុន សែន បាន​បង្កើន​ការ​ធ្វើ​ទុក្ខបុកម្នេញ​អង្គការ​របស់​អាមេរិក​មួយ​ចំនួន បិទ​បណ្ដាញ​ផ្សព្វផ្សាយ ចោទ​រដ្ឋាភិបាល​អាមេរិក នៅ​ពីក្រោយ​គម្រោង​ធ្វើ​បដិវត្ត​ពណ៌ ចាប់​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ដាក់​ពន្ធនាគារ ហើយ​គំរាម​រំលាយ​បក្ស។ ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​បដិសេធ​ថា មិនមែន​ការពិត។

កាលពី​ថ្ងៃ​ទី​០៦ ខែ​តុលា ឆ្នាំ​២០១៧ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​បណ្ដឹង ផ្លូវច្បាប់​ដើម្បី​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បួន​ថ្ងៃ​ក្រោយមក តំណាងរាស្ត្រ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជូន​សេចក្ដី​ស្នើ​ច្បាប់​ចំនួន​៤ ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​សភា​ដើម្បី​ស្នើសុំ​វិសោធនកម្ម ក្នុង​ការ​ឆក់​យក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​តុលាការ​រំលាយ ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេង​ដែល​គ្មាន​សំឡេង​នៅ​ក្នុង​សភា​នោះ។

ក្រុម​អ្នកឃ្លាំមើល​ការបោះឆ្នោត​ចាត់​ទុក​វិធានការ​ចុងក្រោយ​របស់ លោក ហ៊ុន សែន ថា ជា​ការ​ប្លន់​សំឡេង​ឆ្នោត​ពី​ប្រជាពលរដ្ឋ​ទាំង​កំរោល និង​ថា​ជា​ការ​ធ្វើ​រដ្ឋប្រហារ​រដ្ឋ​ធម្មនុញ្ញ។ អង្គការ​អន្តជាតិ​ធំៗ​ដូចជា អង្គការ​ឃ្លាំមើល​ពិភពលោក គ្លូបបល វីនេស (Global Witness) អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃវច្ឆ (Human Rights Watch) អះអាង​ដូចៗ​គ្នា​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ស្ថិត​ក្នុង ចំណុច​ហានិភ័យ ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​សម្រាប់​ការ​ការដឹកនាំ​កម្ពុជា ហើយ​កំពុង​ប្រែក្លាយ ប្រទេស​នេះ ឲ្យ​ក្លាយទៅជា​ប្រទេស​ដែល​ប្រកាន់​របប​ផ្ដាច់ការ ដែល​ពិភពលោក​មិន​អាច​អត់ឱន​ឲ្យ​បាន ជាពិសេស​ចំណាត់​ការ​ចុងក្រោយ ដែល​ចង់​រំលាយ​គណបក្សប្រឆាំង។

កាលពីដើម​ខែ​តុលា ក្រុម​សមាជិក​ព្រឹទ្ធសភា​របស់​សហរដ្ឋអាមេរិក ដ៏​មាន​ឥទ្ធិពល​បាន​ចាត់​ទុក​វិធាន ដ៏​តានតឹង​ចុងក្រោយ​របស់​លោក ហ៊ុន សែន ថា​នឹង​នាំ​ឲ្យ​ប៉ះទង្គិច​ខ្លាំង​ដល់​ដំណើរការ​បោះឆ្នោត ជាតិ​នៅ​ពេល​ខាងមុខ។

ជាង​នេះ​ទៅ​ទៀត ពួកគេ​ក៏បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​បង្កក​ទ្រព្យ សម្បត្តិ​របស់​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​នៅ​ក្រៅ​ប្រទេស ប្រសិនបើ រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតែ​មិន​ព្រម​បញ្ចប់​វិបត្តិ​ស្ថានការណ៍​នយោបាយ​ចុង​ក្រោយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។