អ្នកវិភាគ​លើក​ឡើង​ថា លោក ហ៊ុន សែន គ្មាន​នយោបាយ​ច្បាស់លាស់​ក្នុង​ការ​ដឹកនាំ

ដោយ ហេង រស្មី
2019-03-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន  ពេល​ជួប​ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ ២០១៨។
លោក ហ៊ុន សែន ពេល​ជួប​ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ ២០១៨។
រូប៖ ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

អ្នកវិភាគ​នយោបាយ​បាន​ចោទ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្មាន​នយោបាយ​ច្បាស់លាស់​ក្នុង​ការ​ដឹកនាំ​ប្រទេស បន្ទាប់ពី​លោក ហ៊ុន សែន និយាយ​ថា បើ​នាយករដ្ឋមន្ត្រី​រលាយ នោះ​គណៈរដ្ឋមន្ត្រី​ក៏​រលំរលាយ​ដែរ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែល មេដឹកនាំ​គណបក្សប្រឆាំង​ថា លោក ហ៊ុន សែន កំពុង​ភ័យ​ស្លន់ស្លោ​នឹង​ស្ថានភាព​នយោបាយ​ចុងក្រោយ​នេះ។

អ្នកវិភាគ​នយោបាយ និង​សង្គម​លោក គឹម សុខ និយាយ​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​គ្មាន​នយោបាយ​ច្បាស់លាស់​ក្នុង​ការ​ដឹកនាំ​ប្រទេស ហើយ​អំណាច​កន្លងមក​គឺ​ប្រមូល​ផ្តុំ​ទៅលើ​បុគ្គល​តែ​ម្នាក់​ប៉ុណ្ណោះ៖ «បើ​លោក ហ៊ុន សែន ចេះតែ​ប្រតិកម្ម​របៀប​ហ្នឹង​បាន​ន័យ​ថា​លោក ហ៊ុន សែន ជា​មេដឹកនាំ​ម្នាក់​ដែល​មិន​មាន​នយោបាយ​ច្បាស់លាស់​ទេ។ ប្រសិនបើ​គាត់​បារម្ភ​ខ្លាំង​ពេក​នោះ​មានន័យថា​អំណាច​ដែល​ធ្លាប់​មាន​កន្លងមក​គឺ​គាត់​តែ​ម្នាក់​ឯង​គត់ នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​។​មិន​មាន​អំណាច​បែប​ក្រុម​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។ មានន័យថា​អ្វីៗ​បាត់​ពី​គាត់​ទៅ​អត់​មាន​ការ​រៀបចំ​ស្នឹង​ត្រឹមត្រូវ​តាមរបៀប​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​ឡើយ»

ការ​លើកឡើង​របស់​អ្នកវិភាគ​បាន​កើតមានឡើង ក្រោយពី​មេដឹកនាំ​របប​ក្រុងភ្នំពេញ​គឺ​លោក ហ៊ុន សែន បាន​បញ្ជាក់​ថា បើ​លោក​បាត់បង់​ដំណែង​ជា​នាយករដ្ឋមន្ត្រី​នោះ គណៈរដ្ឋមន្ត្រី​ទាំងមូល​ក៏​ត្រូវ​បាត់បង់​ដែរ។

លោក ហ៊ុន សែន បាន​បញ្ជាក់​នៅ​ក្នុង​ពិធី​ជួប​ប្រជុំ​ជាមួយ​ក្រុម​កម្មករ កម្មការិនី នៅ​ក្នុង​ខេត្ត​កោះកុង​កាលពី​ថ្ងៃ​ទី​១៣ មិនា ថា លោក​ត្រូវ​កែ​រដ្ឋធម្មនុញ្ញ ឬ​មិន​កែប្រែ​ដោយសារតែ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ចែងថា​នៅ​ពេល​ដែល​ដំណែង នាយករដ្ឋមន្ត្រី​ត្រូវ​ទំនេរ​ជា​ស្ថាពរ គណៈរដ្ឋមន្ត្រី​មួយ​ត្រូវ​រៀបចំ​ឡើងវិញ​ដូច្នេះ​រដ្ឋមន្ត្រី​ទាំងឡាយ​កុំ​បន់ស្រន់​ឱ្យ​លោក​ស្លាប់​ឱ្យ​សោះ៖ «មានន័យ​ថាបើ​នាយករដ្ឋមន្ត្រី​ស្លាប់​គឺ​រដ្ឋមន្ត្រី​ត្រូវ​រលាយ​តែម្ដង អត់​មាន​អ្នកណា​ធ្វើ​នាយករដ្ឋមន្ត្រី​ស្ដីទី​បានទេ អត់​មាន​ទេ។ អាហ្នឹង​ត្រូវ​ឱ្យ​ច្បាស់​កន្លែង​ហ្នឹង»

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​ថា លោក ហ៊ុន សែន កំពុង​ភ័យ​ស្លន់ស្លោ​ចំពោះ​ស្ថានភាព​នយោបាយ​ចុងក្រោយ​នេះ​ទើប​លោក​និយាយ​ផ្ដេសផ្ដាស។ លោក សម រង្ស៊ី មានប្រសាសន៍​ថា សូម​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រុងប្រយ័ត្ន​ចំពោះ​លោក ហ៊ុន សែន ដោយសារតែ​ស្ថានភាព​នយោបាយ​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ភ័យខ្លាច​ក្នុង​ការ​ល្បងប្រាជ្ញា​ជាមួយ​លោក៖ «គាត់​មិនមែន​ខ្លាច​តែ​ខ្ញុំ សម រង្ស៊ី ទេ ខ្លាច​តែ​រូប​ខ្ញុំ​ទេ។គាត់​ខ្លាច​ឈ្មោះ​ខ្ញុំ គាត់​ខ្លាច​ស្រមោល​ខ្ញុំ។ ដូច្នេះ​ឱ្យ​តែ​ស្អី​ពាក់ព័ន្ធ​នឹង​ខ្ញុំ​គឺ​គាត់​ស្លន់ស្លោ​ជាទីបំផុត ហៅ​គេ​ហៅ​ឯង​មក​ជួយ​គាត់។ មក​ជេរ​ខ្ញុំ​ដើម្បី​កាត់បន្ថយ​ឥទ្ធិពល របស់ខ្ញុំ​។ អ៊ីចឹង​ឥទ្ធិពល​របស់ខ្ញុំ គឺ​ឥទ្ធិពល​បញ្ញា​ទេ ឥទ្ធិពល​គំនិត ឥទ្ធិពល​នយោបាយ ឥទ្ធិពល​ឧត្ដមគតិ​ទេ»

លោក សម រង្ស៊ី បញ្ជាក់​ថា នយោបាយ​លោក ហ៊ុន សែន​កំពុង​ទាល់ច្រក​យ៉ាង​ខ្លាំង នឹង​គ្មាន​អ្វី​ក្រៅពី​គំរាម​គេឯង​ដើម្បី​ការពារ​អំណាច​របស់​លោក​តែប៉ុណ្ណោះ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មួយ​រយៈ​ចុងក្រោយ​នេះ ត្រូវ​បាន​អ្នកវិភាគ​នយោបាយ​មើល​ឃើញ​ថា កំពុង​ដើរ​ដល់​ផ្លូវ​ទាល់ច្រក​។​មាន​ពេល​ខ្លះ​ដើម្បី​ការពារ​អំណាច​របស់​លោក​បាន​យក​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​មក​គំរាម​មន្ត្រី​របស់​លោក​ឱ្យ​គោរព​តាម​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល