បក្ស​ប្រឆាំង​មិន​អើពើ​ចំពោះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន រឿង​ញុះញង់​ឲ្យ​កម្មករ​ធ្វើ​បាតុកម្ម

ដោយ​ សុ ជីវី
2017.08.30
ហ៊ុន សែន ៨៥៥ ២០១៧ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ជួប​ជាមួយ​កម្មករ​រោងចក្រ​នៅ​សួនឧស្សាហកម្មវឌ្ឍនៈ២ នា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០១៧។
Photo courtesy of PM Hun Sen's Facebook page

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​មិន​ចាប់​អារម្មណ៍​ឆ្លើយ​តប​ចំពោះ​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា គណបក្ស​ប្រឆាំង​ជា​ថៅកែ​បាតុកម្ម និង​ជា​អ្នក​នៅ​ពី​ក្រោយ​ក្រុម​តាំង​ខ្លួន​ជា​បង​ធំ​នៅ​ក្នុង​រោងចក្រ និង​គំរាម​ក្រុម​កម្មករ​អោយ​ចូលរួម​បាតុកម្ម​របស់​ខ្លួន។ មន្ត្រី​បក្ស​ប្រឆាំង​ថា ពួកគេ​មាន​គោលនយោបាយ​សុចរិត និង​ផ្ដោត​ទៅ​លើ​តម្រូវការ​របស់​ពលរដ្ឋ។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ លើកឡើង​ថា គណបក្ស​ប្រឆាំង​មិន​ពាក់ព័ន្ធ នៅ​ពី​មុខ​ ឬ​ពីក្រោយ​ក្រុម​កម្មករ​ឡើយ ដ្បិត​កម្មករ​មាន​ក្រុម​សហជីព​របស់​ពួកគេ។

លោក យឹម សុវណ្ណ មាន​ប្រសាសន៍​បែប​នេះ នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​សីហា នៅ​ពេល​ចោទ​សួរ​ពី​ប្រតិកម្ម​របស់​គណបក្ស​ប្រឆាំង​តប​នឹង​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ដែល​បាន​ថ្លែង​ក្នុង​ពេល​លោក​ជួប​ជាមួយ​កម្មករ​កំពុង​បំពេញ​ការងារ​នៅ​រោងចក្រ​មាន​ទីតាំង​ក្នុង​សួន​ឧស្សាហកម្ម​វឌ្ឍនៈ២។

ក្រៅ​ពី​លើក​ឡើង​ពី​ក្រុម​បងធំ​ក្នុង​រោងចក្រ និង​ថា មាន​មនុស្ស​មួយ​ចំនួន​មាន​បក្ស​ប្រឆាំង​នៅ​ពី​ក្រោយ​ខ្នង ថែម​ទាំង​បាន​គំរាម​កម្មករ កម្មការិនី​មិន​អោយ​ចូល​ធ្វើការ​អោយ​ចូល​ធ្វើ​បាតុកម្ម​នោះ លោក​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ជា​ថ្មី​ទៀត​ពី​ក្រុម "បី​កុំ" ដែល​ទំនង​សំដៅ​ទៅ​ដល់​គណបក្ស​ប្រឆាំង​នេះ​ដែរ ដោយ​សំដៅ​ទៅ​ក្រុម​ដែល​លោក​នាយករដ្ឋមន្ត្រី ចោទ​ថា តែង​រារាំង​បរទេស​ថា កុំ​ផ្ដល់​ជំនួយ​កុំ​មក​វិនិយោគ និង​កុំ​ទិញ​ទំនិញ​ពី​កម្ពុជា។ លើស​ពី​នេះ​លោក​ថា ប្រាក់​បៀវត្សរ៍​របស់​កម្មករ​មិន​មែន​ជា​ការ​ខិតខំ​របស់​បក្ស​ប្រឆាំង​នោះ​ទេ តែ​វា​បាន​មក​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​រដ្ឋាភិបាល និង​កម្មករ កម្មការិនី​ខ្លួន​ឯង​ផ្ទាល់ ព្រម​ទាំង​ថៅកែ​រោងចក្រ«យើង​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​កូដកម្ម​តាម​ច្បាប់​ការងារ ប៉ុន្តែ​មិន​ត្រូវ​រារាំង​ចំពោះ​អ្នក​ដទៃ​ដែល​គេ​មិន​ចង់​ធ្វើ​បាតុកម្ម​ទេ។ ទាំងអស់​សូម​មេត្តា​កុំ​តាំង​ខ្លួន​ជា​បង​ធំ​នៅ​ក្នុង​តំបន់​រោងចក្រ។ មនុស្ស​ខូច​មួយ​ចំនួន​ដែល​មាន​បក្ស​ប្រឆាំង​នៅ​ពី​ក្រោយ​ខ្នង ខ្លួន​ឯង​មិន​ពេញ​ចិត្ត​ធ្វើ​កូដកម្ម ៥០​នាក់ ប៉ុន្តែ​ទៅ​គំរាម​កំហែង ៥០០​នាក់​មិន​ឲ្យ​ចូល​ធ្វើ​ការ នេះ​មិន​ត្រូវ​ឲ្យ​មាន​តទៅទៀត​ទេ»

លោក យឹម សុវណ្ណ បាន​លើក​ឡើង​ទៀត​ថា គណបក្ស​របស់​លោក​មិន​បាន​ខ្វាយខ្វល់​រឿង​ការ​អធិប្បាយ ឬ​ការ​ចោទ​ប្រកាន់​អ្វី​ទេ លោក​ថា បក្ស​ប្រឆាំង​ខ្វល់​តែ​នឹង​តម្រូវការ​របស់​ពលរដ្ឋ។ លោក​ថា ពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ ជាប់​រវល់​នឹង​ការងារ​ដែល​ត្រូវ​បំពេញ​តាម​តម្រូវការ​ពលរដ្ឋ​នៅ​ក្នុង​ឃុំ សង្កាត់​ទាំង​ជាង ៥០០ ដែល​គណបក្ស​នេះ​ឈ្នះ​ឆ្នោត«ខ្ញុំ​ខ្លាច​តែ​ប្រជាពលរដ្ឋ​ធ្វើ​អត្ថាធិប្បាយ​ទេ ពីព្រោះ​បើ​សិន​ជា​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ គាត់​ធ្វើ​អត្ថាធិប្បាយ គាត់​ចេញ​យោបល់​ល្អៗ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ការ​បម្រើ​ប្រទេស​ជាតិ បម្រើ​ប្រជាពលរដ្ឋ ហ្នឹង​គឺ​ខ្ញុំ​ចាប់​អារម្មណ៍​តែ​ទៅ​លើ​ប្រជាពលរដ្ឋ​ទេ ក្រៅ​ពី​ហ្នឹង​ចង់​អ្នក​ណា​គេ​ចង់​មាន​មតិ​អី​ក៏​ជា​រឿង​របស់​គេ​ទៅ​ចុះ»

នេះ​ជា​ការ​ចុះ​ជួប​ក្រុម​កម្មករ​ជា​លើក​ទី​៤​ហើយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​នៅ​ថ្ងៃ​នេះ លោក​បាន​ទទួលទាន​បាយ​កញ្ចប់​ជាមួយ​កម្មករ ដោយ​មាន​ការ​សន្យា និង​ផ្ដល់​អត្ថប្រយោជន៍​មួយ​ចំនួន​ដល់​កម្មករ ដែល​មិន​ខុស​ពី​ការ​ចុះ​ជួប​ជាមួយ​កម្មករ​នៅ​លើក​មុន​ៗ​ដែរ ក្នុង​នោះ​រួមមាន ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់ ១៦០​ដុល្លារ​នៅ​ឆ្នាំ​២០១៨ ការ​ធានា​បង់​ប្រាក់ ធានា​ថែទាំ​សុខភាព​ទៅ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដោយ​និយោជក ឬ​ភាគី​ថៅកែ​រោងចក្រ ការ​ផ្ដល់​សេវា​​ឡាន​ក្រុង​ដោយ​មិន​គិត​ថ្លៃ​ដល់​ក្រុម​កម្មករ ការ​សន្យា​ផ្ដល់​ប្រាក់​សោធន​និវត្តន៍ ការ​ណែ​នាំ​​អោយ​ម្ចាស់​ផ្ទះ​ជួល​ផ្អាក​ការ​ដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ និង​ការ​ផ្ដល់​អត្ថប្រយោជន៍​ដល់​កម្មករ​ដែល​មាន​ផ្ទៃពោះ​ជា​ដើម។

ទាំង​អ្នក​វិភាគ និង​តំណាង​សហជីព​ហៅ​យុទ្ធនាការ​ជួប​កម្មករ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នេះ​ជា​រឿង​ល្អ​មួយ ដើម្បី​ឲ្យ​មេ​ដឹកនាំ​ដឹង​សុខ​ទុក្ខ​កម្មករ​ដែល​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​លំបាក​នា​ពេល​បច្ចុប្បន្ន។ ពួក​គេ​លើក​ឡើង​ដែរ​ថា ប្រសិន​បើ​លោក​នាយករដ្ឋមន្ត្រី​ពិត​ជា​គិតគូរ​ដល់​កម្មករ​ជា​ធំ​មែន​នោះ លោក ហ៊ុន សែន ប្រាកដ​ជា​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ រួម​ទាំង​តុលាការ រក​យុត្តិធម៌​ជូន​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង ដែល​រង​ការ​បាញ់​ប្រហារ​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​កាល​ពី​ដើម​ឆ្នាំ​២០១៤។ បើ​ពុំ​នោះ​សោត ការ​ជួប​ក្រុម​កម្មករ​នៅ​ពេល​នេះ គឺ​អាច​ជា​នយោបាយ​ប្រជាភិថុតិ​ទៅ​វិញ​ទេ។ ម្យ៉ាង​ទៀត ចំពោះ​ការ​ធ្វើ​បាតុកម្ម​វិញ​អ្នក​វិភាគ​មើល​ឃើញ​ថា រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់​កម្មករ​ក្នុង​ការ​ធ្វើ​បាតុកម្ម​បាន​នោះ​ទេ បើ​សិន​ជា​អំពើ​អយុត្តិធម៌ ការ​គាប​សង្កត់​កម្មករ​នៅ​តែ​កើត​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។