"សារ​ជូនពរ​របស់​លោក ហ៊ុន សែន មិន​ចេញពី​ចិត្ត​និង​ផ្ទុយ​ពី​ទង្វើ"

ដោយ វ៉ែន សុមេធ
2017-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា គឺ​អ្នកស្រី ប៊ុន រ៉ានី ទស្សនា​ពិធី​បុណ្យ​អុំ​ទូក ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា គឺ​អ្នកស្រី ប៊ុន រ៉ានី ទស្សនា​ពិធី​បុណ្យ​អុំ​ទូក ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

ព្រះសង្ឃ អ្នកវិភាគ និង​មន្ត្រី​សង្គម​ស៊ីវិល មើល​ឃើញ​ថា សារ​ជូនពរ​ដល់​ជន​រួម​ជាតិ​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល​នេះ គឺ​មិនបាន​កើត​ចេញ​ពី​ចិត្ត និង​ផ្ទុយ​ពី​ទង្វើ​ជាក់ស្ដែង។ ការ​លើកឡើង​នេះ បន្ទាប់ពី​លោក ហ៊ុន សែន បាន​សរសេរ​សារ​ជូនពរ​បង្ហោះ លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០១៧។

ដូច​រាល់​ឆ្នាំ​ដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​ផ្ញើ​សារ​ជូនពរ​ប្រជាពលរដ្ឋ​គ្រប់​ខ្មែរ​រូប។ ក្នុង ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​សកល ឆ្នាំ​២០១៨​នេះ លោក​ហ៊ុន សែន បាន​បង្ហោះ​រូប លោក និង​ភរិយា ហើយ​សរសេរ​សារ​ជូនពរ​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ខ្លី​ថា សូម​ជូនពរ​ឲ្យ​ជនរួមជាតិ​ទូទាំង​ប្រទេស ជួប​តែ​សេចក្ដី​សុខ​ក្នុង​ក្រុម​គ្រួសារ រកស៊ី​ទទួលទាន​មានបាន និង​មាន​លាភ​សំណាង​គ្រប់ៗ​គ្នា ព្រមទាំង ពុទ្ធពរ​៥​ប្រការ​គឺ អាយុ វណ្ណ​: សុខៈ ពល​: និង​បដិភាណៈ​កុំបី​ខាន។

ព្រះតេជព្រះគុណ លូន សុវ៉ាត ដែល​ជា​សកម្មជន​សង្គម​មួយ​អង្គ មាន​ថេរ​ដីកា​ថា សារ​ជូនពរ​របស់ លោក ហ៊ុន សែន នេះ គឺ​មិនបាន​ផុស​ចេញពី​បេះដូង និង​ផ្ទុយ​ពី​ទង្វើ​ជាក់ស្ដែង​ដែល​កើត​ចេញ​ពី កាយ វិចារ ចិត្ត«គ្រាន់តែ​ការ​ជូន​ពរ​ដោយ​មាត់ ប៉ុន្តែ​ការអនុវត្ត​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​ធ្វើ​ដោយ​កាយ វាចា ចិត្ត មិនល្អ មិន​ប្រសើរ ដូច្នេះ​ជា​ដំណើរ​មួយ​ដែល​ផ្ទុយ​ពី​ការ​ជូនពរ អ៊ីចឹង​វា​អត់​មាន​កើត​មាន​នូវ​សិរី​សួស្ដី អត់​មាន​នូវ​សេចក្ដី​សម្រាប់​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ទេ។ រាល់ថ្ងៃ​នេះ ប្រជាពលរដ្ឋ​ព្រួយបារម្ភ ភ័យខ្លាច ជាពិសេស​កម្មករ​រោងចក្រ​ភ័យ​ព្រួយ​រឿង​អត់​ការងារ​ធ្វើ នៅ​ពេល​ដែល​អន្តរជាតិ ទីផ្សារ​អឺរ៉ុប ទីផ្សារ​អាមេរិក មិន​ទិញ​ផលិតផល​ពី​កម្ពុជា។ អ្នកខ្លះ​ព្រួយបារម្ភ​ពី​បញ្ហា​ប្រទេសជាតិ ពី​នយោបាយ ដោយសារ​ការបោះឆ្នោត​ខាងមុខ​គ្មាន​ន័យ​សម្រាប់​ប្រទេសជាតិ និង​ខ្លាច​អន្តរជាតិ​ផ្តាច់​ជំនួយ​សព្វគ្រប់​ប្រការ​មក​កម្ពុជា»។

រីឯ​អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍ថា សារ​ជូនពរ​របស់​លោក ហ៊ុន សែន នេះ គឺ​មិន​ខុស​ពី​សារ​ជូនពរ​របស់​មេដឹកនាំ​ប្រទេស​ផ្សេងៗ​នោះ​ទេ ដែល​ចង់​បង្ហាញ​ពី​ទឹក​ចិត្ត​របស់​ខ្លួន​ក្នុងនាម​ជា​អ្នកដឹកនាំ​ប្រទេស។ ប៉ុន្តែ​ការ​ជូនពរ​របស់​លោក ហ៊ុន សែន គឺ​នៅ​មិន​ទាន់ បង្ហាញ​ពី​កាយវិការ​ច្បាស់លាស់​ដែល​នាំ​ឲ្យ​មាន​ភាព​សុខដុមរមនា សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​នោះ​ទេ«ក្នុង​ឆ្នាំ​កន្លង​មក​នេះ​យើង​ឃើញ​ហើយ មាន​បញ្ហា​ជាច្រើន​ដែល​កើត​មាន​ឡើង​ចំពោះ​អ្នក​ធ្វើ​ការងារ​ផ្នែក​សង្គម អ្នកសារព័ត៌មាន អ្នកនយោបាយ សកម្មជន​ដីធ្លី អ្នកការពារ​បរិស្ថាន​  ដែល​ត្រូវ​អ្នក​សារព័ត៌មាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដើម្បី​អោយ​ដឹងឮ​ហើយ​យើង​ជឿជាក់​ថា លោក​ក៏​បាន​ឮ​នូវ​ព័ត៌មាន​នេះ​ដែរ ប៉ុន្តែ​បញ្ហា​ទាំងនេះ មិន​ទាន់​បាន​ដោះស្រាយ​ដើម្បី​អោយ​ពួកគាត់​ទទួល​បាន​នៅ​យុត្តិធម៌​នោះ​ទេ»។

មុន​ថ្ងៃ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល ចូល​មក​ដល់ គេ​ឃើញ​មាន​សារ​ជូនពរ​ឆ្លើយឆ្លង​គ្នា​ជា​បន្តបន្ទាប់ ត្រូវ​បាន​ផ្ញើ​ចេញ​ពី​មួយ​ទៅ​មួយ ជាពិសេស​ពី​មន្ត្រី​ថ្នាក់ក្រោម ទៅកាន់​ចៅហ្វាយនាយ​របស់​ខ្លួន នៅ​តាម​ស្ថាប័នរដ្ឋ​នានា ឬ​ពី​តំណាង​នៃ​ស្ថាប័ន​កំពូល​មួយ​ទៅ​តំណាង​ស្ថាប័ន​កំពូល​មួយ​ផ្សេងទៀត​ជាដើម។

នៅ​ក្នុង​សារ​ទាំងអស់​នោះ មន្ត្រី​ថ្នាក់ក្រោម​ភាគច្រើន​បាន​ជូនពរ​ចៅហ្វាយនាយ​របស់​ពួកគេ ទទួល​បាន​នូវ​សេចក្ដី​សុខ​ក្នុង​ឆ្នាំ​ខាងមុខ។ លោក ស៊ឹង សែនករុណា មើល​ឃើញ​ថា ការ​ជូន​ពរ​របស់​មន្ត្រី ថ្នាក់ក្រោម​ទៅដល់​ថ្នាក់លើ​នេះ គឺ​ខ្វះ​ភាព​ស្មោះត្រង់ និង​គ្រាន់តែ​ជា​ការ​យកចិត្តយកថ្លើម​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា មន្ត្រី​គ្រប់​ជាន់ថ្នាក់ គួរតែ​ប្ដេជ្ញា​ចិត្ត​បំពេញ​តួនាទី​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ​នៅ​ក្នុង​ឆ្នាំ​ថ្មី«ឃើញ​តែ​សារ​ជូនពរ បង្ហាញ​ថា​ខ្លួន​ជា​អ្នកគាំទ្រ​ស្មោះស្ម័គ្រ​ចំពោះ​ជាមួយ​អ្នកមាន​តួនាទី ឬក៏​ថ្នាក់លើ​របស់​ខ្លួន​ទៅវិញ។ ប៉ុន្តែ​ពួកគេ មិនសូវ​ជា បាន​យកចិត្តទុកដាក់​ប្រតិបត្តិ​ការងារ​របស់​ខ្លួន និង​ការ​ទទួលខុសត្រូវ​របស់​ខ្លួន​ជាមួយ​សង្គមជាតិ ជាមួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​បញ្ហា ហើយ​ត្រូវការ​ពួកគាត់​មក​ជួយ​ដោះស្រាយ​នោះ​ទេ»។

ក្តី​សុខ និង​ក្តី​ប្រាថ្នា​ដែល​ប្រជាពលរដ្ឋ​ចង់បាន​នោះ គឺ​ការពារ​ទឹកដី​ឲ្យ​បាន​គង់វង្ស បំបាត់​អំពើ​ពុក រលួយ ការពារ​ព្រៃឈើ ផ្ដល់​យុត្តិធម៌​ជូន​ប្រជារាស្ត្រ ជាពិសេស​អ្នករងគ្រោះ ដែល​បាត់បង់​ដីធ្លី ផ្ទះ សម្បែង ស្រែ​ចម្ការ រងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌​គ្រប់​បែបយ៉ាង។ លើស​ពី​នេះ រដ្ឋាភិបាល​ត្រូវ ដោះស្រាយ​បញ្ហា​គ្រប់​វិស័យ ដូចជា​បញ្ហា​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម ព្រមទាំង​ដោះស្រាយ បញ្ហា​នយោបាយ និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ស្មើភាព​គ្នា។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា លោក​ទទួល​ស្គាល់​ថា កម្ពុជា មាន​ការ​អភិវឌ្ឍ​គួរសម​មកដល់​បច្ចុប្បន្ន​នេះ ប៉ុន្តែ​ស្ថានការណ៍​នយោបាយ​ចុងក្រោយ​នេះ នឹង នាំ​ឲ្យ​កម្ពុជា​វិល​ទៅ​ក្រោយ​វិញ ហើយ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។ ក្រៅ តែ​ពី​ការ​ជូនពរ​នេះ លោក​បណ្ឌិត មាស នី ចង់​ឃើញ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ពលីកម្ម​ជាក់ស្ដែង​សម្រាប់​វាសនា​សង្គមជាតិ​រយៈពេល​វែង ជាជាង​ធ្វើ​ពលីកម្ម​ដើម្បី​អំណាច​ផ្ទាល់ខ្លួន និង​គណបក្ស«អំឡុង​ពេល​សម្ដេច​នាយក​កំពុង​កាន់​អំណាច គឺ​មាន​តួនាទី​គ្រប់គ្រាន់ ដូច្នេះ​យើង​អ៊ីចឹង​ឃើញ​លោក​ក្លាយ​ជា​ទៅជា​វីរជន​មេដឹកនាំ​មួយ​ដែល​នាំមក​ឲ្យ​ប្រទេសជាតិ​ដ៏​តូច​កម្សត់​មួយ​នេះ នូវ​ការ​ឯកភាព​ជាតិ មានការ​រួបរួម​គ្នា​ឡើងវិញ ព្រោះ​អី ឆ្នាំ​២០១៧ គឺជា​ឆ្នាំ​ដែល​អាក្រក់​បំផុត ដែល​ធ្វើ​ឲ្យ​ខ្មែរ​ប្រទាំង​ប្រទើស​បែកបាក់​គ្នា​ធ្ងន់ធ្ងរ​មែនទែន»។

មន​ខុសគ្នា​ប៉ុន្មាន​ឡើយ ព្រះ​តេជព្រះគុណ លូន សុវ៉ាត មាន​ថេរ​ដីកា​ថា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ក្តី សុខកាយ សប្បាយចិត្ត​នោះ គឺ​ត្រូវ​ឲ្យ​ពលរដ្ឋ​ទ​ទូល​បាន​នូវ​សិទ្ធិ​សេរីភាព និង​សុខដុមរមនា​គ្រប់ និន្នាការ​នយោបាយ​ស្មើៗ​គ្នា«សូម​អោយ​នាយករដ្ឋមន្ត្រី​មិន​ចាំ​បាច់​ជូនពរ​ទេ ប៉ុន្តែ​សូម​អោយ​ធ្វើ​នយោបាយ​គ្រប់គ្រង​ប្រទេស​នេះ សូម​អោយ​តែ​មាន​យុត្តិធម៌​សង្គម របប​ប្រជាធិបតេយ្យ​សេរី​ពិតប្រាកដ មាន​គណបក្ស​នយោបាយ​ចូលរួម​បោះឆ្នោត​ដោយសារ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​មាន​ការ​គោរព​សិទ្ធិមនុស្ស​ផ្សេងៗ​តែ​ប៉ុណ្ណឹង​គឺ​ប្រទេសជាតិ និង​ប្រជាជន​នឹង​ទទួល​បាន​សេចក្ដី​សុខ​ហើយ»។

អង្គការ​ជាតិ អន្តរជាតិ ស្ថានទូត​នានា សហរដ្ឋ​អាមេរិក និង​សហគមន៍​អ៊ឺរ៉ុប សុទ្ធតែ​មើល​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​របប​ផ្ដាច់ការ។ សហគមន៍​អន្តរជាតិ ស្នើ​ឲ្យ​រដ្ឋាភិបាល​ទទួលស្គាល់​ការពិត ហើយ​ដោះស្រាយ​ជាបន្ទាន់ បើ​ពុំ​នោះ​ទេ នឹង​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។

ក្រុម​អ្នក​ឃ្លាំង​មើល​បញ្ហា​សង្គម លើក​ឡើង​ថា ឆ្នាំ​ថ្មី​២០១៨​នេះ ជា​ឆ្នាំ​មួយ​ដែល​មាន​ការ​លំបាក​ច្រើន​ដែល​ត្រូវ​ពុះពារ​ទៅមុខ និង​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​បំផុត ព្រោះ​បញ្ហា​ស្មុគស្មាញ​ជាច្រើន​ក្នុង​ឆ្នាំ​ចាស់ ឆ្នាំ​២០១៧ នៅ​មិនទាន់​ដោះស្រាយ​បាន​នៅឡើយ។ ពួកគេ​ស្នើ​ឲ្យ​មេដឹកនាំ​ទាំងឡាយ ត្រូវ​គោរព និង​ឲ្យ​តម្លៃ​ទៅលើ​ប្រជាពលរដ្ឋ​ជាធំ ហើយ​ត្រូវ​ប្រើ​តួនាទី​ដ៏​សំខាន់​របស់​ខ្លួន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​នូវ​ក្តី​សុខ​ចម្រើន​រុងរឿង​ពិតប្រាកដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

កំពូល មេបោក ហ៑ុន សែន និយាយផ្សេង ធ្វើផ្សឹង
ល្បីពេញក្នុងប្រទេស និងក្រៅប្រទេស .......

Jan 01, 2018 10:22 PM

stupid head VS stupid bully and foully

If u stupid guy didn't know how to lead the country to a right direction why u stupid man try to hangup on the cliff for so long???because of your stupid head and don't blame game to other...stop bully and foully pple around town"shame assooo".

Jan 01, 2018 06:28 PM

KODAK

ពី P PENH

ការជូនពរ​នេះគ្រាន់តែជាពរប្រជាភិថុតិតែប៉ុណ្ណោះ ធ្វើបាបរាស្ដ្រស្ទើរតែមួយប្រទេស។ទេវតាមានភ្នែកគង់តែមានថ្ងៃណាមួយដាច់សរសៃឈាមទៅស្ថានយមរាជទេ៕

Dec 31, 2017 07:13 PM

គេហទំព័រ​ទាំងមូល