លោក ហ៊ុន សែន៖ បើមានការផ្ទេរអំណាចគឺមិនផ្ទេរទៅអ្នកផ្សេងឡើយ
2017.06.02
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងជាថ្មីថា បើមានការផ្ទេរអំណាច ឬតំណែងមែន គឺជាការផ្ទេរទៅឲ្យកូនចៅរបស់គណបក្សប្រជាជនកម្ពុជា មិនមែនផ្ទេរទៅឲ្យអ្នកផ្សេងនោះទេ។ ការថ្លែងរបស់លោក ហ៊ុន សែន ធ្វើឡើងចំពោះមុខអ្នកចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នារាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមិថុនា។
នេះជាលើកទី១ហើយក្នុងអំឡុងពេលឃោសនាបោះឆ្នោតដែលលោក ហ៊ុន សែន បានចេញមុខឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា។
នៅថ្ងៃឃោសនាចុងក្រោយនេះ ក្នុងនាមជាប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន អំពាវនាវឲ្យសមាជិកបក្សត្រូវការពារបក្ស និងចាំបាច់ត្រូវបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ លោកថា "ការសម្រេចចិត្តខុសមួយថ្ងៃ ចង្រៃមួយជីវិត"។ លោក ហ៊ុន សែន ថែមទាំងថ្លែងឌឺដងឲ្យបក្សប្រឆាំងដែលលោកថា កន្លងទៅធ្លាប់តែមិនគាំទ្របក្សកាន់អំណាចក្នុងការទម្លាក់ថវិកាវិស័យយោធា តែបែរជាចង់បំពាក់អាវុធឲ្យយោធាទៅវិញ។ លោកថា នេះគ្រាន់តែជានយោបាយប្រជាភិថុតិដើម្បីទាក់ទាញសន្លឹកឆ្នោតប៉ុណ្ណោះ។
ក្រៅពីនេះ លោក ហ៊ុន សែន ក៏បានរម្លឹកឡើងវិញពីការតស៊ូ និងប្ដេជ្ញាការពារសន្តិភាពដែលលោកថា បាននាំមកឲ្យប្រទេសកម្ពុជា តាមរយៈនយោបាយឈ្នះ ឈ្នះ និងប្ដេជ្ញាការពារសន្តិភាពឲ្យបាន។ លោក ហ៊ុន សែន ក៏បានរិះគន់គោលនយោបាយគណបក្សប្រឆាំងទម្លាក់ថវិកា ៥០ម៉ឺនដុល្លារដល់ឃុំ-សង្កាត់ ពេលខ្លួនឈ្នះឆ្នោតឆ្នាំ២០១៨ ដែលលោក ហ៊ុន សែន ថាមិនអាចទៅរួចនោះទេ។
លោក ហ៊ុន សែន៖ «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តសន្តិភាព និងការរីកចម្រើន បោះឆ្នោតជូនគណបក្សប្រជាជន គឺដើម្បីរីកចម្រើនខ្លួនឯង ការសម្រេចចិត្តខុសមួយថ្ងៃចង្រៃមួយជីវិត ដែលយើងធ្លាប់បានជួបប្រទះរួចទៅហើយ លន់ នល់ បានសម្រេចចិត្តខុសនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ធ្វើឲ្យយើងក្លាយទៅជាជនរងគ្រោះរហូតដល់ពេលនេះ ដូច្នេះអ្វីដែលមានក្នុងដៃរួចហើយត្រូវបន្តកាន់អោយជាប់»។
លោក ហ៊ុន សែន ថ្លែងអួតដែរថា ក្នុងថ្ងៃឃោសនាចុងក្រោយនេះ គណបក្សលោកបានជួលប៉ុស្តិ៍ទូរទស្សន៍ចំនួន៨ ដើម្បីផ្សាយផ្ទាល់ ដោយចំណាយ ៣០០ដុល្លារក្នុង១នាទី។
នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតនៅរាជធានីភ្នំពេញ មានគណបក្សនយោបាយតែពីរគត់ដែលធ្វើយុទ្ធនាការ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ក្បួនគណបក្សប្រជាជនកម្ពុជា ហែចេញពីផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ នៅពេលព្រឹក ខណៈដែលក្បួនរបស់គណបក្សសង្គ្រោះជាតិ ហែចេញពីវត្តពោធិយារាម ហៅវត្តចាស់ នៅម៉ោង ៣រសៀល។
ថ្លែងនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួននៅមុខវត្តចាស់ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថាបក្សប្រឆាំងចង់ផ្លាស់ប្ដូរប្រទេសកម្ពុជា ជាវិជ្ជមាន គឺប្ដូរពីសន្តិភាពមួយជ្រុងទៅសន្តិភាពពេញលេញ ពីសន្តិភាពដោយអយុត្តិធម៌ទៅយុត្តិធម៌ ពីសន្តិភាពមានការគំរាមកំហែង ទៅសន្តិភាពគ្មានការគំរាមកំហែង ដែលមានន័យថា ជាសន្តិភាពសម្រាប់ខ្មែរទាំងអស់គ្នា៖ «បងប្អូនខ្មែរយើងធ្លាប់មានប្រវត្តិល្បីល្បាញតាំងពីសម័យអង្គរ គេគោរពកោតស្ញប់ស្ញែងពេញសកលលោក តែឥឡូវម៉េចក៏អន្តរជាតិគេគិតតែស្ដីអោយអ៊ីចឹង ព្រោះអីមកពីរំលោភសិទ្ធិមនុស្សបងប្អូនមកពីបំផ្លិចបំផ្លាញធម្មជាតិមែនទេ បងប្អូន មកពីពុករលួយមែនទេបងប្អូន បោះឲ្យសង្គ្រោះជាតិយើងនឹងលើកកិត្យានុភាព តម្លៃរបស់ជាតិខ្មែរយើងឲ្យថ្កុំថ្កើងឡើងវិញ»។
ចំណែកអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងនៅលើទំព័រហ្វេសប៊ុក ពីបរទេសអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួន ដោយមិនត្រូវភ័យខ្លាចតាមការគំរាមកំហែងរបស់អ្នកនយោបាយឡើយ៕